មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់«សង់ត្រាល់»ច្រានចោលចំពោះការចោទប្រកាន់របស់សហជីពមួយចំនួនដែលថារបាយការណ៍ខ្លួនមិនឆ្លុះបញ្ចាំងពីស្ថានភាពពិតដែលសហជីពបានជួបប្រទេះដោយបង្ហាញតែចំណុចមួយជ្រុង ហើយអនុវត្តការងារក្រោមការកាន់កាប់ និងបង្គាប់ពីបរទេស។
ប្រតិកម្មនេះកើតឡើងក្រោយពីសហជីព និងសមាគមសហជីពមួយចំនួន កាលពីថ្ងៃទី១៤ មិថុនា ឆ្នាំ២០២៤ ចេញសេចក្តីថ្លែងការណ៍ដោយចោទប្រកាន់របាយការណ៍អង្គការសង់ត្រាល់ដែលរកឃើញថា«ឧបសគ្គរារាំងភាពជាតំណាង ស្ដីពីសេរីភាពសហជីពក្នុងប្រទេសកម្ពុជា » គឺមិនបានឆ្លុះបញ្ចាំងពីស្ថានភាពសេរីភាពសហជីពនៅក្នុងប្រទេសកម្ពុជា និងបញ្ហាប្រឈមនានាដែលសហជីពបានជួបប្រទេះ។
អ្នកគ្រប់គ្រងកម្មវិធីការងារ នៃអង្គការសង់ត្រាល់លោក ឃុន ថារ៉ូ ថ្លែងប្រាប់ Newsroom Cambodia នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នេះថារបាយការណ៍ស្តីពី«ឧបសគ្គរារាំងភាពជាតំណាង ស្ដីពីសេរីភាពសហជីពក្នុងប្រទេសកម្ពុជា» ជារបាយការណ៍មួយដែលមានការសិក្សា និងស្រាវជ្រាវច្បាស់លាល់រវាងអង្គការសសង់ត្រាល់ សហព័ន្ធសហជីពកម្ពុជា(CATU) និងកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា(BFC) នៃអង្គការពលកម្មអន្តរជាតិ (ILO) ដែលមានការអង្កេត និងធ្វើការងារផ្ទាល់ជាមួយសហជីព។
លោកបន្ថែមថា របាយការណ៍នោះដែរមិនមែនឆ្លុះបញ្ចាំងពីស្ថានភាព ឬឧបសគ្គរបស់សហជីពទាំងអស់នៅក្នុងប្រទេសកម្ពុជានោះទេ វាគឺជាការសិក្សាស្រាវជ្រាវនៅក្នុងរោងចក្រចំនួន ១៥នៅក្នុងប្រទេស ហើយការស្រង់ទិន្នន័យគឺបានប្រើប្រាស់ជាមួយឧបករណ៍អង្កេតការណ៍ដែលមានស្តង់ដាររួមជាមួយនឹងការផ្ទៀងផ្ទាត់ខ្ពស់។
លោកបញ្ជាក់ថា៖«នៅក្នុងរបាយការណ៍យើងបានបញ្ជាក់ច្បាស់ថាទិន្នន័យដែលបានរកឃើញនៅក្នុងរោងចក្រសរុប១៥ ដែលជាសមាជិកមូលដ្ឋានរបស់(CCAWDU) និង (CATU) គឺវាមិនមែនតំណាងឱ្យរោងចក្រសរុបជាង ៧០០រោងចក្រ ក៏ដូចជារោងចក្រផ្សេងៗទៀតដែលមិនស្ថិតក្រោមសមាជិករបស់ BFC គឺយើងបានឆ្លុះបញ្ចាំងពីអ្វីដែលយើងបានរកឃើញហើយធ្វើការផ្ទៀងផ្ទាត់ទៅនឹងឧបករណ៍ដែលខាងគម្រោងរោងចក្រកាន់តែប្រសើរ (BFC) ប្រើប្រាស់នៅក្នុងការកត់ត្រាទុកនៅភាពអនុឡោមទៅតាមគោលការណ៍ច្បាប់ »។
បើតាមលោក ឃុន ថារ៉ូ អត្ថន័យ និងខ្លឹមសារទាំងអស់ដែលមាននៅក្នុងរបាយការណ៍គឺជាការពិត ជាឧបសគ្គ និងបញ្ហាប្រឈមនានាដែលសហជីពទាំងនោះបានជួបប្រទេះផ្ទាល់កំឡុងពេលបំពេញការងារ ដោយផ្សារភ្ជាប់ជាមួយអនុសាសន៍ពីគ្រប់ភាគីពាក់ព័ន្ធដើម្បីសុក្រឹត្យភាព។លោកបន្តថា ការធ្វើនេះគឺមានបំណងនាំយកពីទុក្ខលំបាករបស់សហជីពទៅភាគឺពាក់ព័ន្ធ និងរដ្ឋាភិបាលជួយរកដំណោះស្រាយដោយមិនមានបំណងធ្វើឱ្យប៉ះពាល់ទៅភាគីណានោះទេ។
លោកបន្តថា៖«អញ្ចឹងរបាយការណ៍យើងនេះគឺបានបង្ហាញច្រើនណាស់ទាក់ទងទៅនឹងតួអង្គដែលពាក់ព័ន្ធដើម្បីធ្វើឱ្យប្រសើរឡើងនូវឧបសគ្គរារាំងក្នុងការអនុវត្តន៍សិទ្ធិសេរីភាពសហជីពនេះរួមទាំងអនុសាសន៍ទៅកាន់ក្រុមហ៊ុនអ្នកបញ្ជាទិញ រួមទាំងអនុសាសន៍ទៅកាន់រាជរដ្ឋាភិបាល […] ដើម្បីចូលរួមធ្វើឱ្យស្ថានភាពប្រសើរឡើងដោយសារយើងមើលឃើញថាទិន្នន័យដែលយើងប្រមូលបានទាំង ១៥រោងចក្រនេះគឺវាបង្ហាញអំពីបញ្ហាប្រឈមទាំងអស់ ហើយសហជីពដែលគាត់ចូលរួមផ្តល់បទសម្ភាសន៍គឺគាត់មានបទពិសោធន៍ផ្ទាល់»។
យ៉ាងណាលោកថា ការចោទប្រកាន់ និងប្រតិកម្មរបស់សហជីពទាំងនោះជាសេរីភាពក្នុងការបញ្ចេញមតិទៅលើអ្វីដែលពួកគេមើលឃើញ ពេញចិត្ត ឬមិនពេញចិត្ត។ទន្ទឹមនឹងនោះលោកក៏ទាមទារឱ្យរដ្ឋាភិបាល សាធារណជន និងសហជីពទាំងអស់គួរតែពិនិត្យមើលឡើងវិញលើខ្លឹមសារទាំងមូលក្នុងរបាយការណ៍នោះ ដោយកុំពិនិត្យតែមួយជ្រុងធ្វើឱ្យមានការភ័នច្រឡំបន្តទៅទៀត។
ចំណែកអ្នកស្រី សាយ សុខនី អនុប្រធានសហព័ន្ធសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា លើកឡើងថា អ្នកស្រីយល់ស្របទៅនឹងចំណុចខ្លះរបស់របាយការណ៍«ឧបសគ្គរារាំងភាពជាតំណាង ស្ដីពីសេរីភាពសហជីពក្នុងប្រទេសកម្ពុជា»របស់អង្គការសង់ត្រាល់ ប៉ុន្តែមិនគ្រប់ចំណុចនោះទេ។ អ្នកស្រីបន្តថា សហជីពឯករាជ្យដែលមិនស្ថិតក្រោមការគ្រប់គ្រងរបស់នរណាម្នាក់តែងតែទទួលរងនៅឧបសគ្គរួមទាំងសហព័ន្ធសហជីពសេរីកម្មកររបស់អ្នកស្រីផ្ទាល់។
អ្នកស្រីបញ្ជាក់ថា៖«សហជីពយើងខ្ញុំពិតជាបានជួបឧបសគ្គដូចរបាយការណ៏សង់ត្រាល់នេះផងដែរ ហើយនៅកម្ពុជា អ្នកជួបឧបសគ្គនេះគឺសហជីពធ្វើឯករាជ្យ ឯករាជ្យនៅទីនេះ មានន័យថា មិនប្រឆាំង មិនរណប តែស្របនឹងតថភាព »។
អ្នកស្រីបានឱ្យដឹងទៀតថា កន្លងមកសហព័ន្ធសហជីពសេរីកម្មករក៏តែងតែជួបប្រទេះនៅផលលំបាក ការយាយីតាមផ្លូវច្បាប់ជារឿយៗតាំងពីអតីតកាល ដល់ពេលបច្ចុប្បន្នដោយនៅមិនទាន់អាចរកដំណោះស្រាយបាន ហើយសមាជិកសហជីពមួយចំនួនធំត្រូវដួលរលំជាបន្តបន្ទាប់។
អ្នកស្រីបន្តថា៖«សហជីពខ្ញុំជាអ្នករងគ្រោះមុនគេ ឬដំបូងបង្អស់នៅក្នុងវិស័យឧស្សាហកម្មនៅកម្ពុជាតាំងពីដើមឆ្នាំ២០០០ រហូតមកដល់បច្ចុប្បន្ននេះ ជាង២០ឆ្នាំកន្លងមកនេះ អ្វីដែលបានបន្សល់នៅការិយាល័យប្រតិបត្តិសហជីពយើងខ្ញុំគឺជាសនុំរឿងឃាតកម្មចំនួន៣ឃាតកម្ម [..] សំនុំរឿងការដាក់ចូលបញ្ជីរខ្មៅនៃថ្នាក់ដឹកនាំតាមមូលដ្ឋានរបស់យើងព្រោះតែពួកគេជាមេដឹកនាំ និងសកម្មជនសហជីព »។
អ្នកស្រី សាយ សុខនី បដិសេធក្នុងការផ្តល់ព័ត៌មានលម្អិត ចំពោះការអះអាងរបស់សហជីពផ្សេងៗដែលថារបាយការណ៍នោះមិនពិតព្រោះថាសេរីភាពបញ្ចេញមតិ ដែលពលរដ្ឋខ្មែរគ្រប់រូបកំពុងរីករាយបញ្ចេញទស្សនះយល់ឃើញរបស់ខ្លួនរៀងៗខ្លួន។ អ្នកស្រីថារបាយការណ៏ត្រឹមត្រូវ និងមិនលំអៀងគឺពិតជាសំខាន់សម្រាប់ស្ថានភាពរបស់កម្មករ និងអាយុជីវិតសង្គម សហជីព។
កាលពីថ្ងៃទីថ្ងៃទី១៤ ខែមិថុនា សហជីពសហភាពសហជីពរក្សាសិទ្ធកម្មករកម្ពុជាប្រមាណ ១០០នាក់ ប្រមូលផ្ដុំគ្នាតវ៉ាប្រឆាំងមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស ឬហៅកាត់ថា សង់ត្រាល់ (Central) ចំពោះការចេញផ្សាយរបាយការណ៍មួយស្តីអំពីការរារាំងសេរីភាពរបស់សហជីពនៅក្នុងប្រទេសកម្ពុជាថាមានចរិតអុជអាល និងធ្វើឲ្យប៉ះពាល់ដល់ស្ថានភាពសេដ្ឋកិច្ចរបស់កម្មករនិយោជិត។
ដោយឡែក សហភាពសហជីពកម្ពុជា-អាស៊ាន(CACU) កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ បានចេញសេចក្តីថ្លែងការណ៍មួយថ្កោលទោសចំពោះបាយការណ៍របស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទិ្ធមនុស្ស ហៅកាត់ថា សង់ត្រាល់ នេះដែរ ដោយចោទប្រកាន់ថាជារបាយការណ៍បំប៉ោងបញ្ហា បំភ្លៃការពិត និងខុសពីស្ថានភាពសហជីពនៅកម្ពុជា។
សេចក្តីថ្លែងការណ៍នោះបន្ថែមថា របាយការណ៍របស់សង់ត្រាល់មានខ្លឹមសារពាក់ព័ន្ធនឹងរបាយការណ៍របស់អង្គការ ILO BFC និងបញ្ហាដែលកើតឡើងរវាងសហជីព និង សហជីពនៅក្នុងក្រុមហ៊ុនមួយ ដោយពុំអាចចាត់ទុកថាជាឧបសគ្គ រារាំងភាពជាតំណាង សេរីភាពសហជីពទាំងអស់នៅកម្ពុជាឡើយ ប៉ុន្តែគឺជារបាយការណ៍ចោទប្រកាន់ និងបំប៉ោងបញ្ហាបំភ្លៃការពិត។
គេហទំព័រ Newsroom Cambodia មិនទាន់អាចសុំការអត្ថាធិប្បាយពីលោក សាត់ ឈាងហួ ប្រធានសហភាពសហជីពកម្ពុជា- អាស៊ាន បានទេនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នេះ។
រីឯអ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា ថ្លែងថារបាយការណ៍របស់អង្គការសង់ត្រាល់ស្តីពីឧបសគ្គ និងការរារាំងសេរីភាពរបស់សហជីពនៅកម្ពុជាមិនមែនជាការពិតដោយបានបង្ហាញតែបញ្ហានៅក្នុងរោងចក្រមួយចំនួនតូច ខណៈសហជីពកម្មករនៅក្នុងប្រទេសកម្ពុជាមានសរុបដល់ទៅជាង ៦០០០សហជីព។ លោកបន្តថា ការវាយតម្លៃបែបនេះគឺបង្ហាញពីភាពលម្អៀង មិនមានវិជ្ជាជិវៈ និងមិនត្រឹមត្រូវ។
លោកបញ្ជាក់ថា៖«ការវាយតម្លៃថាកម្ពុជាមានការរារាំងសិទ្ធិសហជីពគឺជាការវាយតម្លៃមួយដោយមិនឆ្លុះបញ្ជាំងការពិតទាល់តែសោះបាទ សូម្បីតែបន្តិច ពីព្រោះសហជីពទាំងអស់ជាង ៦០០០ គេធ្វើការងារដោយរលូន គេមិនមានបញ្ហាអ្វីផងហើយបើមានសហជីពមួយឬក៏ពីរគាត់មានបញ្ហាផ្លូវច្បាប់ គាត់មានបញ្ហាផ្សេងៗ គាត់ក៏មិនមែនជាតំណាងយកមកវាយតម្លៃធ្វើអញ្ជឹងដែរ គឺសហជីព ៦០០០ ជាងផ្សេងទៀតមិនអាចក្លាយជាចំណាប់ខ្មាំងរបស់សហជីពមួយ ពីរដែលមានបញ្ហាហ្នឹងទេ»។
យ៉ាងណាលោកថា បញ្ហាសហជីពនៅកម្ពុជាក្នុងពេលបច្ចុប្បន្ននេះគឺមានភាពល្អប្រសើរច្រើន មានទាំងសេរីភាពសហជីព ហើយសិទ្ធិការងារក៏មានការយល់ដឹងច្រើនជាងមុនដែរ។
មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ «សង់ត្រាល់» នេះគឺជាអង្គការមួយក្នុងស្រុកដែលបង្កើតឡើងដើម្បីផ្តល់អំណាចដល់ប្រជាពលរដ្ឋ និងជាស្ថាប័នឯរាជ្យ មិនរកប្រាក់កម្រៃ ហើយបំពេញការងារដោយគាំទ្រ និងចងក្រងក្រុមអ្នកធ្វើការតាមរយះការផ្តល់ជំនួយផ្នែកច្បាប់ និងមធ្យោបាយបាយផ្សេងៗដើម្បីទទួលបានអភិបាលកិច្ចប្រកបដោយតម្លាភាពការគោរពសិទ្ធិការងារ និងសិទ្ធិមនុស្ស៕