អ្នកជំនាញសេដ្ឋកិច្ច និងកិច្ចការបរទេសនៅកម្ពុជា​ លើក​ឡើង​ស្រដៀង​គ្នា​ថា កម្ពុជា​អាចទាញ​យក​ប្រយោជន៍​សេដ្ឋកិច្ច​ពីប្រទេស​សិង្ហបុរី បន្ថែមលើការ​ពង្រឹងផ្នែកទំនាក់​ទំនង​ការ​ទូត​ និង​នយោបាយ​​ តាមរយៈការផ្លាស់ប្តូរដំណើរទស្សនៈកិច្ចផ្លូវការ​របស់ថ្នាក់ដឹកនាំនៃប្រទេស​ទាំងពីរ​។

ការលើកឡើងបែបនេះ ធ្វើឡើងចំពេលដែល នាយករដ្ឋមន្ត្រីកម្ពុជា គឺលោក ហ៊ុន ម៉ាណែត បាន​ធ្វើ​ទស្សនកិច្ចផ្លូវការ​​រយៈពេល ២ថ្ងៃ នៅ​សាធារណៈរដ្ឋសិង្ហបុរី នៅថ្ងៃទី១៨ និងថ្ងៃទី​១៩ ខែ​មិថុនា ឆ្នាំ២០២៤នេះ។ ក្នុងដំណើរទស្សនៈកិច្ចនោះ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត បាន​អញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាគន្លឹះនៅក្នុង «វេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី​» ដែលរៀបចំឡើងនៅក្នុងប្រទេសសិង្ហបុរី នៅព្រឹកថ្ងៃទី១៩ ខែមិថុនា​​នេះ ដែលមានការចូល​រួ​ម​ពីអ្នកវិនិយោគប្រមាណ ៤៨០នាក់ មកពីបណ្តាក្រុមហ៊ុនចំនួន៣៤៧។

ថ្លែងនៅក្នុងវេទិកានោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ​បានគូសបញ្ជាក់ថា កម្ពុជា និង​​សិង្ហបុរី មានកិច្ចសហការលើសពីពាណិជ្ជកម្ម និងការវិនិយោគទៅទៀត ខណៈ​ប្រទេស​ទាំង​ពីរ កំពុងសហការគ្នាក្នុងការជំរុញវិស័យទសចរណ៍ កសាង​ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និង​ចាប់​យក​កាលានុវត្តភាពនានា​នៃបរិវត្ត​កម្ម​ឌីជីថល។ លោកបន្តថា ប្រទេស​ទាំងពីរ ក៏​​បាន​​នឹង​កំពុងធ្វើការរួមគ្នាយ៉ាងសកម្មក្នុងការបង្កើនការអភិវឌ្ឍធនធានមនុស្ស ដើម្បីធានាថាកម្លាំងពលកម្មរបស់ប្រទេសទាំងពីរមានជំនាញ និងចំណេះដឹង ស្រប​តាមតម្រូវ​ការ​សេដ្ឋកិច្ចក្នុងសម័យទំនើប។

ពាក់ព័ន្ធនឹងរឿងនេះ លោក តិច ជ័យ អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច យល់​ឃើញ​ថា កម្ពុជាអាចនឹងទាញយកប្រយោជន៍ផ្នែកសេដ្ឋកិច្ចធំធេង​ពី​ប្រទេស​សិង្ហបុរី ក្នុងនាម​ជា​ប្រទេស​សមាជិកអាស៊ានដូចគ្នា ខណៈ​សិង្ហបុរីជាប្រទេសដែលមានឥទ្ធិពលសេដ្ឋកិច្ច​ខ្លាំង​នៅ​ក្នុង​តំបន់។

លោកថា៖ «ផលចំណេញមួយក្នុងចំណោមផលចំណេញផ្សេងៗទៀតនោះ គឺការភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មកាន់​តែប្រសើរឡើងរវាងប្រទេសទាំងពីរ ហើយមួយវិញទៀតហ្នឹងគឺការភ្ជាប់នូវរបៀងហិរញ្ញវត្ថុ។ […] យើងឃើញហើយមាន​ការចុះហត្ថលេខាលើ​កិច្ចព្រមព្រៀងរវាង NBC ជាមួយធនាគារជាតិកម្ពុជា ហើយនិងភាគីខាងសិង្ហបុរី​ក្នុងការធ្វើឱ្យ​​ប្រសើរឡើងនៃលំហូហិរញ្ញវត្ថុនៃប្រទេសទាំងពីរ ជាពិសេសគឺរវាងសហគ្រាសធនតូចនិងមធ្យម»។

លោកបន្តថា ការផ្លាស់ប្តូរដំណើរទស្សនៈកិច្ចនេះ​ ក៏​នឹងក្លាយជាឱកាស​មួយ​សម្រាប់​កម្ពុជា ក្នុងការ​​សិក្សារៀនសូត្រពីសិង្ហបុរីដែលជាប្រទេសមានការរីកចម្រើនខ្លាំងនៅក្នុងតំបន់ ដើម្បីយកមកអនុវត្ត និង​​ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ។

លោកមានប្រសាសន៍ថា៖ «ផ្នែកជំនួញ ការទាក់ទាញវិនិយោគដោយផ្ទាល់ពីបរទេសមកកាន់កម្ពុជា គឹ​កម្ពុជាអាចរៀនសូត្របន្ថែមទៀតផងដែរពីសំណាក់សិង្ហបុរី។ […] យើង​នឹង​បាន​ទទួល​បន្ថែម​ទៀតទាក់​ទង​ទៅ​នឹង​ភស្តុភារកម្ម ឬការដឹក​ជញ្ជូន ដូចដែលយើងដឹងហើយ សិង្ហបុរីជាប្រទេសមួយដែលមានផែ និងប្រព័ន្ធភស្តុភារកម្មដែលរីកចម្រើនបំផុតនៅក្នុងតំបន់»។

លោកបានគូសបញ្ជាក់បន្ថែមថា៖ «សម្រាប់កម្ពុជា ដើម្បីប្រកួតប្រជែងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសឱ្យ​បានកាន់តែច្រើន ពង្រីកពាណិជ្ជកម្មនិងការនាំចេញទៅអន្តរជាតិ គឺតម្រូវឲ្យមានការកែលម្អរនូវប្រព័ន្ធភស្តុភារកម្ម ជាពិសេសគឺនៅកំពង់ផែ ក្នុងការលើកដាក់ទំនិញ​ ក្នុងការនាំទំនិញចេញចូលជាដើម»។

ចំណែក​ លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា យល់ឃើញស្រដៀងគ្នានេះដែរ​ថា៖ «ជាផលប្រយោជន៍សេដ្ឋកិច្ច យើងអាចរំពឹងទុកថាតាមរយៈដំណើរទស្សនៈកិច្ចរបស់សម្តេចធិបតីនេះអាចនឹងធ្វើឱ្យ​ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសិង្ហបុរី កាន់តែមានសន្ទុះទ្វេឡើងថែមទៀត ការវិនិយោគពីសិង្ហ​បុរីមកកាន់មកកាន់កម្ពុជា។ […] ជាពិសេសអ្វីដែលយើងកត់សម្គាល់ឃើញក្របខណ្ឌនៃអនុស្សារណៈយោគយល់គ្នាមួយចំនួន ក៏មានការចុះហត្ថលេខាផងដែរ អ៊ីចឹងនេះជាផលប្រយោជន៍ជាក់ស្តែងដែលកើតចេញពីដំណើរទស្សនៈកិច្ចរបស់សម្តេចទៅកាន់សិង្ហបុរីនេះ»។

លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ​បានថ្លែងប្រាប់គេហទំព័រ Newsroom Cambodia នារសៀលនេះថា ការចូលរួមនៅក្នុងវេទិកាធុរកិច្ចរបស់លោកនាយករដ្ឋមន្ត្រីនៅក្នុងប្រទេសសិង្ហបុរី គឺជាឱកាសដែលកម្ពុជា​​​បង្ហាញ​​សក្តា​នុពល​ និង​​​ជា​កាតាលីករ​​ក្នុង​ការ​​ទាក់​​ទាញ​​វិនិយោគិន​បរទេស និង​រួមចំណែកដ៏សំខាន់​ក្នុងការ​វិវឌ្ឍន៍​​នៃសេដ្ឋកិច្ចជាតិ។

លោក​មានប្រសាសន៍ថា៖ «អាណត្តិដឹកនាំរបស់សម្តេចធិបតី គឺផ្តោតសំខាន់ទៅលើសេដ្ឋកិច្ច អ៊ីចឹងនៅគ្រប់ទិសទីដែលសម្តេចធិបតីអញ្ជើញទៅដល់ គឺតែងតែមានវេទិកាធុរកិច្ច ដើម្បីបង្ហាញពីសក្តានុពលរបស់កម្ពុជានៅក្នុងការទាក់ទាញអ្នកវិនិយោគទុនបរទេសឱ្យ​មកវិនិយោគនៅកម្ពុជា និងលើកទឹកចិត្តអ្នកដែលកំពុងវិនិយោគស្រាប់ហើយ​ឱ្យ​​បន្តវិនិយោគ។ […] គោលនយោបាយនេះ គឹបានលទ្ធផលជាបន្តបន្ទាប់មកហើយ​ ដែលយើងបានឃើញគឺ គម្រោងវិនិយោគកើនឡើង ហើយការបង្កើតការងារក៏កើនឡើងសម្រាប់ប្រជាជនកម្ពុជាយើង»។

អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ ក៏បានគូសបញ្ជាក់ផងដែរ​អំពីសារសំខាន់នៃដំណើរទស្សនៈកិច្ចមួ​យនេះរបស់នាយករដ្ឋមន្ត្រីកម្ពុជា ថាជាការរឹតចំណងកិច្ចសហប្រតិបត្តិការនានាដែលមានស្រាប់ និងដើម្បីស្វែងរកកិច្ចសហការថ្មីផងដែរ។

លោកបន្តថា៖ «កម្ពុជាយើង ហើយនិង​សិង្ហបុរី គឺជាសមាជិកអាស៊ានដូចគ្នា អ៊ីចឹងយើងត្រូវការរឹតចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការផ្នែកការទូតឱ្យ​កាន់​តែ​ប្រសើរ​ឡើង​​បន្ថែមទៀត សម្តេចធិបតីលោកជានាយករដ្ឋមន្ត្រីថ្មីបន្តវេន លោក​ត្រូវធ្វើដំណើរទស្សនៈកិច្ចគ្រប់បណ្តាប្រទេសសមាជិកអាស៊ាន និងបណ្តាប្រទេសផ្សេងៗទៀត ដើម្បីបញ្ជាក់​ជំហរ​នៃកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងរិះរកធ្វើយ៉ាងណាឱ្យ​កិច្ចសហប្រតិបត្តិការហ្នឹងកាន់តែល្អប្រសើរឡើង​​ទៀត»។

គួរបញ្ជាក់ផងដែរ​ថា កាល​ពីឆ្នាំ២០២៣ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា (CDC) បានអនុវត្តគម្រោង​វិនិយោគ​ចំនួន ២៦៨​គម្រោង ក្នុង​ទំហំ​ទឹក​ប្រាក់ជិត ៤,៩ ពាន់លានដុល្លារអាមេរិក ជាមួយភាគីសិង្ហបុរី៕​