សកម្មជនចលនាមាតាធម្មជាតិ ស្នើក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធ ចាត់វិធានការជាបន្ទាន់ទប់ស្កាត់ករណីបង្ហូរសារធាតុគីមីចូលតំបន់អភិរក្សជលផលព្រែកកំពង់សិលា ក្នុងខេត្តព្រះសីហនុ ក្រោយពួកគេអះអាងថា រោងចក្រចំរាញ់ប្រេងដូងរបស់ឧកញ៉ា ម៉ុង ឬទ្ធី បានបង្ហូរសារធាតុគីមី និងកាកសំណល់ផ្សេងៗ ចូលព្រែកនេះ ដែលជះឥទ្ធិពលអវិជ្ជមានជាច្រើនដល់ពលរដ្ឋរស់នៅតំបន់នោះ។
កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ទំព័រហ្វេសប៊ុករបស់ចលនាមាតាធម្មជាតិ (Mother Nature Cambodia Page) បានផ្សព្វផ្សាយនូវវីដេអូខ្លីមួយរយៈពេល ១:៤៨នាទី អមជាមួយនឹងសារជាអក្សរនៅលើវីដេអូឃ្លីបនោះថា ចាប់តាំងពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤មក ចំការដូងប្រេងរបស់ឧកញ៉ា ម៉ុង ឬទ្ធី បានបង្ហូរសារធាតុគីមីចូលតំបន់អភិរក្សជលផលព្រែកកំពង់សីលា បណ្តាលឱ្យត្រីជាច្រើនក្បាលបានងាប់ ហើយប្រជាពលរដ្ឋដែលបានយកត្រីងាប់ទាំងនោះទៅបរិភោគ ក៏មានអាការៈពុលអាហារផងដែរ។
សកម្មជនចលនាមាតាធម្មជាតិ កញ្ញា លាង សុវណ្ណា ដែលបានចុះទៅពិនិត្យ និងសិក្សាពីផល់ប៉ះពាល់ទឹក និងមច្ឆានៅតំបន់នោះផ្ទាល់ មានប្រសាសន៍នៅថ្ងៃទី១៩ ខែមិថុនានេះថា ទឹកនៅតំបន់អភិរក្សជលផលព្រែកកំពង់សិលា មានក្លិនស្អុយ និងបានប្រែពណ៌ទៅជាក្រម៉ៅ និងមានត្រីជាច្រើនម៉ឺនក្បាលបានងាប់ ដោយសារការបង្ហូរនូវសារធាតុគីមី ចេញពីចម្ការដូងប្រេងរបស់ឧកញ៉ា ម៉ុង ឬទ្ធី។ កញ្ញាបន្តថា ការបង្ហូរនូវសារធាតុគីមីនេះចូលព្រែកនេះ បានប៉ះពាល់ខ្លាំងដល់ជីវៈចម្រុះ បរិស្ថាន និងធនធានធម្មជាតិ ព្រមទាំងប្រជានេសាទដែលរស់នៅតំបន់ផងដែរ។
កញ្ញាថ្លែងថា៖ «ពេលដែលយើងទៅយើងទទួលបានព័ត៌មាន មានអ្នកភូមិដែលគាត់រងផលប៉ះពាល់ហ្នឹងគាត់ថា គេបង្ហូរកាកសំណល់រោងចក្រចម្រាញ់ដូងប្រេងរបស់លោកឧកញ៉ា ម៉ុង ឬទ្ធី បង្ហូរចូលទឹកស្ទឹង ហើយទឹកស្ទឹងហ្នឹងវាហូរចុះមកពីជ្រោះ ហើយវាកាត់ទឹកហ្នឹងដែរ ហើយទឹកហ្នឹងក៏បន្តហូរចូលមកព្រែកសមុទ្រ ទើបវាប៉ះពាល់ខ្លាំងមែនទែន»។
ករណីនេះ កញ្ញា លាង សុវណ្ណា ស្នើឱ្យក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធ ចុះទៅពិនិត្យស្ថានភាពទឹកនៅតំបន់នោះ និងចាត់វិធានការដោះស្រាយបញ្ហានេះឱ្យបានឆាប់រហ័ស ដើម្បីស្តារប្រព័ន្ធអេកូឡូស៊ីនៅតំបន់អភិរក្សព្រែកជលផលកំពង់សិឡាឡើងវិញ ព្រមទាំងផ្តល់ពូជត្រីចម្រុះដល់ប្រជានេសាទនៅតំបន់នោះ ដើម្បីស្តារសេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់ឡើងវិញ។
កញ្ញាមានប្រសាសន៍ថា៖ «យើងស្នើឱ្យក្រសួងនានាពាក់ព័ន្ធ ពិនិត្យមើលថាទឹកនេះមានសារធាតុអ្វីបានពុលខ្លាំងមែនទែន សូម្បីតែកូនត្រី កូនបង្កង មេត្រី និងសត្វកំពុងតែពងកូន វាវៀរឡើងលើគោកហើយវាប្រកាច់ងាប់ពេញទឹកតែម្តង […]ហើយពួកយើងមិនមានអ្វីក្រៅពីស្នើសុំឱ្យពួកគាត់ ចុះទៅកែលម្អក៏ដូចជាប្រព័ន្ធអេកូឡូស៊ី ដែលបានខូចខាតហ្នឹងមកដូចដើម ដើម្បីឱ្យមានតុល្យភាពនៃការរស់នៅ ទាំងមនុស្ស សត្វ និងធម្មជាតិឱ្យមានភាពល្អប្រសើរ ព្រោះយើងដឹងហើយថាមនុស្សអត់អាចខ្វះធម្មជាតិបាន សូម្បីតែសត្វហើយបរិស្ថានក៏អត់ត្រូវការបំពុលដែរ ព្រមទាំងមានចំណាត់ការទៅលើអ្នកដែលធ្វើឱ្យមានរឿងនេះកើតឡើង»។
គេហទំព័រ Newsroom Cambodia បានព្យាយាមទាក់ទងសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីឧកញ៉ា ម៉ុង ឬទ្ធី ដែរប៉ុន្តែពុំមានការឆ្លើយតប។
អភិបាលរងខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ មានប្រសាសន៍ថា កិច្ចការងារនេះ រដ្ឋបាលខេត្តបានដឹងរួចហើយកាលពីសប្តាហ៍មុន ហើយរដ្ឋបាលស្រុក និងមន្ទីរពាក់ព័ន្ធ បានចុះទៅយកសំណាក និងពិនិត្យផងដែរ តែមិនទាន់ទទួលបានលទ្ធផលនៅឡើយ។
លោកថា៖ «យើងសង្កេតឃើញថា មានត្រីស្លាប់ច្រើនក្បាលពិតមែន ប៉ុន្តែបើពាក់ព័ន្ធថាមានមនុស្ស ពលរដ្ឋធ្លាក់ខ្លួនឈឺដោយសារហូបត្រី យើងខ្ញុំមិនមានព័ត៌មានបែបនេះទេ ដោយឡែកពាក់ព័ន្ធទៅនឹងការបំពុលត្រីនេះ មន្ទីរជំនាញគាត់បានចុះទៅពិនិត្យអស់ហើយ យើងបានស្រង់យកសំណាកទាំងអស់នោះ យកទៅពិនិត្យមើលថាតើសារធាតុនោះជាសារធាតុអ្វី ដែលបណ្តាលឱ្យមានការបំពុលត្រី ហើយបើថាឱ្យនិយាយថាតើរឿងនេះកើតចេញពីក្រុមហ៊ុន រោងចក្រឧកញ៉ា ម៉ុង ឬទ្ធី ខ្ញុំមិនអាចទាញការសន្និដ្ឋានលឿនដូចក្រុមយុវជននោះទេ»។
លោក ឡុង ឌីម៉ង់ បន្តថា៖ « យើងនៅចាំលទ្ធផលថាតើសារធាតុដែលពុលហ្នឹងជាសារធាតុអីគេ ដែលបណ្តាលឱ្យត្រីស្លាប់ ហើយសារធាតុហ្នឹង យើងនឹងធ្វើការស្រាវជ្រាវបន្ថែមទៀត ថាតើក្រុមហ៊ុនរោងចក្រណាខ្លះដែលប្រើសារធាតុនោះ ពីព្រោះខ្ញុំមិនហ៊ានអះអាងថាយ៉ាងម៉េចទេ ពីព្រោះតែដូចក្រុមហ៊ុនឧកញ៉ា ម៉ុង ឬទ្ធី នេះដូចជាបានប្រតិបត្តិការអាជីវកម្មរបស់គេ ២០ទៅ៣០ឆ្នាំទៅហើយ មិនដែលមានបញ្ហាអីទេ ចុះលើកនេះហេតុអ្វីមានបញ្ហា មិនទាន់ថាយ៉ាងម៉េចទេ ខ្ញុំមិនហ៊ានអះអាងថាយ៉ាងម៉េចទេ ពីព្រោះតែវាមានក្រុមហ៊ុន រោងចក្រជាច្រើន នៅតាមបណ្តោយស្ទឹងទាំងអស់ហ្នឹង ព្រែកទាំងអស់ហ្នឹង»។
ចំណែក អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា មានប្រសាសន៍យ៉ាងខ្លីថា ក្រសួងបាននិងកំពុងពិនិត្យលើបញ្ហានេះហើយ។
លោកមានប្រសាសន៍ថា៖ «យើងបាននឹងកំពុងអនុវត្តការងារ»។
នាយកប្រតិបត្តិសមាគមបណ្តាញយុវជនកម្ពុជា លោក ហេង គឹមហុង មានប្រសាសន៍ថា បើសិនជាមានករណីនេះកើតឡើងមែន ក្រសួង និងស្ថាប័នពាក់ព័ន្ធ គួរតែមានការចុះទៅត្រួតពិនិត្យជាបន្ទាន់ ទៅលើគុណភាពទឹកនៅទីនោះ ដើម្បីធានាសុវត្ថិភាព និងសុខមាលភាពជូនប្រជាពលរដ្ឋ ព្រមទាំងទប់ស្កាត់ការបំពុលបរិស្ថាន។
លោកថ្លែងថា៖ «ខ្ញុំយល់ថា នេះជារឿងមួយគួរតែធ្វើការត្រួតពិនិត្យជាបន្ទាន់ ព្រោះអីយើងមើលឃើញថាមានត្រីងាប់ ហើយទំនងជាអាចមានការបង្ហាញសញ្ញានៃការបំពុលទឹក។ ដើម្បីធានាឱ្យបាននៅសុក្រឹត្យភាពនៃភាពល្អប្រសើរនៃទឹក ក៏ដូចជាសុខមាលភាពប្រជាពលរដ្ឋ អាជ្ញាធរជំនាញត្រូវបញ្ជូនមន្ត្រីរបស់ខ្លួនជាបន្ទាន់ ទៅធ្វើការពិនិត្យគុណភាពទឹកនៅទីនោះ ហើយអាជ្ញាធរពាក់ព័ន្ធគួរតែបញ្ចូនភាគីពាក់ព័ន្ធ ឱ្យបានត្រៀមខ្លួនទប់ស្កាត់ កុំឱ្យមានការបង្ហូរសកម្មភាពណាមួយជាបណ្តោះអាសន្ន ដើម្បីធានាឱ្យបានថាអាចស្វែងរកប្រភពមូលហេតុ ភាពពាក់ព័ន្ធដែលធ្វើឱ្យមានការបំពុលគុណភាពទឺក ធ្វើដូច្នេះដើម្បីធានាឱ្យបាននៅសុវត្ថិភាពរបស់ប្រជាពលរដ្ឋផង ជាការលើកកម្ពស់ការចូលរួមការការពារសុខមាលភាពសាធារណៈ ហើយនឹងធានាថាភាគីពាក់ព័ន្ធមិនធ្វើសកម្មភាពដែលរំលោភបរិស្ថានកម្ពុជា»។
មន្ត្រីសង្គមស៊ីវិលរូបនេះបន្ថែមថា ប្រសិនបើរកឃើញថាមានអ្នកពាក់ព័ន្ធករណីបំពុលទឹកព្រែកនេះពិតមែន អាជ្ញាធរមានសមត្ថកិច្ចគួរតែមានការទទួលខុសត្រូវចំពោះមុខច្បាប់ និងផ្តល់សំណងជូនប្រជាពលរដ្ឋនៅតំបន់នោះ៕