ក្រុមនិស្សិតវ័យក្មេងដែលមានឆន្ទៈក្នុងការថែរក្សាបរិស្ថាន និងបានសម្អាតសំរាមក្នុងរាជធានីភ្នំពេញ អស់រយៈពេល២ឆ្នាំមកហើយនោះ ប្តេជ្ញាបន្តបេសសកម្មរបស់ខ្លួន ខណៈពួកគេមើលឃើញថា បញ្ហាសំរាមរាយប៉ាយនៅប្រជុំជន នៅតែបញ្ហាប្រឈមដែលត្រូវរួមគ្នាបន្តដោះស្រាយ។
ស្ថាបនិកក្រុមនិស្សិតប្លាស្ទិក លោក ហែម សុភេម បានឱ្យដឹងនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមនិស្សិតប្លាស្ទិក បានបង្កើតឡើងក្នុងខែមិថុនា ឆ្នាំ២០២៣ ដោយផ្តើមចេញពីការដើរប្រមូលសំរាមដោយរូបលោកម្នាក់ឯងនៅក្នុងសកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ។ លោកបន្តថា ជាបន្តបន្ទាប់ក៏មានការចូលរួមដោយស្ម័គ្រចិត្តពីនិស្សិតផ្សេងៗ រួមទាំងជនបរទេសផងនោះ ដែលរហូតមកដល់ពេលនេះ មានប្រមាណជាង១០០នាក់ បានរួមគ្នាបន្តធ្វើសកម្មភាពសំខាន់ៗ ក្នុងនោះមានការប្រមូលសំរាមតាមទីសាធារណៈ និងប្រឡាយនានាក្នុងរាជធានីភ្នំពេញ និងចែករំលែកសកម្មភាពទាំងនោះលើបណ្តាញសង្គម។
ក្នុងបេសកកម្មសម្អាតទីក្រុង ក្នុងរយៈពេល២ឆ្នាំមកនេះ លោក ហែម សុភេម សង្កេតឃើញមានផលវិជ្ជមានច្រើនជាងមុន ជុំវិញឥរិយាបទរបស់ប្រជាពលរដ្ឋ ក្នុងចោលសំរាម ដោយប្រជាពលរដ្ឋមួយចំនួន មិនបានបោះចោលសំរាមផ្តេសផ្តាសដូចពីមុន ខណៈអាជ្ញាធរក៏មានការរៀបចំដាក់ធុងសំរាមនៅតាមទីសាធារណៈច្រើនជាងមុនផងដែរ។
លោកថា៖ «[ពលរដ្ឋ]អ្នកខ្លះគាត់ធ្លាប់ចោលពីមុន ធ្លាប់ប្រព្រឹត្តការចោលសំរាម ហើយពេលនេះក៏គាត់ប្តូរ បើសិនជាយើងទៅកន្លែងធំៗ ដូចជា កីឡាដ្ឋានបាល់ទាត់ ពេលទាត់បាល់ម្តងៗពីមុនយើងអាចឃើញហើយថានឹងមានសំរាមច្រើន តែមកដល់ពេលនេះមិនដូចមុនទៀតទេ ប្រសើរជាងមុន»។
តែយ៉ាងណា យុវជនវ័យ២៣ឆ្នាំរូបនេះ បង្ហាញជំហររឹងមាំក្នុងការបន្តធ្វើសកម្មភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីបរិស្ថានស្អាតក្នុងទីក្រុងភ្នំពេញ និងមានគម្រោងសម្អាតសំរាមតាមខេត្តនានាក្នុងប្រទេសកម្ពុជា នាពេលអនាគត ខណៈរូបគាត់នៅសង្កេតឃើញថា បញ្ហាសំរាមរាយប៉ាយនៅក្នុងទីប្រជុំជន និងនៅតាមប្រឡាយ នៅតែជាបញ្ហាប្រឈម ដែលត្រូវបន្តដោះស្រាយ។ លោកបន្តថា ការសម្អាតទីក្រុងនេះ ជារឿងសំខាន់ណាស់ ព្រោះបើកាលណាទីក្រុងមិនមានសណ្តាប់ធ្នាប់ទេ វាជះឥទ្ធិពលអាក្រក់លើមុខមាត់ប្រទេស។
លោកថ្លែងថា៖ «យើងមិនទាន់បានសម្រេចឱ្យពេញលេញតែម្តងទេនូវអ្វីដែលយើងចង់បាន គឺការផ្លាស់ប្តូរដ៏ធំមួយទៅកាន់អ្នកដែលតែងតែមានទម្លាប់ចោលសំរាម និងការទទួលបានសោភណ្ឌភាព និងទីក្រុងស្អាត[…] បើសិនជាកាលណាទីក្រុងមួយ មិនមានសណ្តាប់ធ្នាប់ មិនមានអនាម័យ មិនមានបរិស្ថានសោភណ្ឌភាពស្អាតទេ គេអាចវាយតម្លៃបានថាប្រជាពលរដ្ឋ អត្តចរិតរបស់ប្រជាពលរដ្ឋនៅក្នុងក្រុងនោះ គឺមិនល្អទេ ពួកគាត់តែងតែចោលសំរាម […] ហើយទី២នោះគឺមុខមាត់ប្រទេសជាតិយើង គេនឹងមើលងាយថា សាសន៍នេះសុទ្ធតែសំរាម»។
យុវជន ខុម សាក់ អាយុ២១ឆ្នាំ ដែលជាចូលជាសមាជិកក្រុមនិស្សិតប្លាស្ទិកចាប់តាំងពីដើមឆាំ្ន២០២៣មកនោះ បានលើកឡើងថា ក្នុងរយៈពេលជាងមួយឆ្នាំដែលលោកបានចូលរួមសកម្មភាពសម្អាតសំរាមតាមទីសាធារណៈ និងប្រឡាយនៅក្នុងទីក្រុងនេះ រូបលោក និងនិសិ្សតផ្សេងទៀត ក៏ជួបនូវផលលំបាកមួយចំនួនដែរ ដូចជា ផលប៉ះពាល់ទៅលើផ្លូវដង្ហើម ដោយសារតែក្លិននិងមេរោគក្នុងសំរាម ខណៈសំរាមមួយចំនួនអាចមានគ្រោះថ្នាក់ និងពេលខ្លះជួបប្រទះសត្វពស់ក្នុងគំនរសំរាមជាដើម។
លោកថា៖ «ជាក់ស្តែងខ្ញុំចូលរួមដំបូងនៅប្រឡាយស្ទឹងមានជ័យហ្នឹងតែម្តង […] កាលហ្នឹងវាធ្វើឱ្យស្បែកខ្ញុំរមាស់ ពេលខ្លះយើងជួបសត្វអសិរពិស មានពស់ថ្លាន់ពស់អី ដូចនៅប្រឡាយទួលសង្កែអីពស់ថ្លាន់ធំៗណាស់»។
តែយ៉ាងណា យុវជន ខុម សាក់ បានបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការបន្តបេសកកម្មសម្អាតទីក្រុង ជាមួយក្រុមនិស្សិតប្លាស្ទិក ដើម្បីបរិស្ថានស្អាត ក្នុងនោះលោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមសម្អាត និងថែរក្សាបរិស្ថាន ដោយត្រូវរៀបចំទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងឈប់ចោលសំរាមនៅតាមទីសាធារណៈ និងទីប្រជុំជននានា។
លោកបន្តថា៖ «ជាពិសេសហ្នឹងគឺរដ្ឋបាលរាជធានីភ្នំពេញ ដែលជាដែនសមត្ថកិច្ចគ្រប់គ្រងរាជធានីភ្នំពេញ សូមថា បើសិនជាអាច តាមទីសាធារណៈផ្សេងៗ ជាពិសេសក្រសួងបរិស្ថានហ្នឹង គឺបន្ថែមធុងសំរាមថែមទៀត ព្រោះខ្ញុំមើលជាក់ស្តែងគឺតំបន់ កន្លែងដែលមានទីប្រជុំជន និងដាច់ស្រយាលអីមួយចំនួនក្នុងរាជធានីភ្នំពេញ គឺមិនមានធុងសំរាមទេ»។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បង្ហាញការគាំទ្រចំពោះសកម្មភាពរបស់ក្រុមនិស្សិតប្លាស្ទិក ដែលបានចំណាយពេលវេលា និងកម្លាំងកាយកម្លាំងចិត្ត ក្នុងការចូលរួមសម្អាតទីក្រុងនៅតាមមូលដ្ឋានរបស់ខ្លួន ហើយសង្ឃឹមថាពួកគេនឹងបន្តសកម្មភាពនេះបន្ថែមទៀត ដើម្បីកម្ពុជាស្អាត។
លោកថា៖ «[យើងគាំទ្រចំពោះ]សកម្មភាពរបស់ក្រុមយុវជន ដើម្បីជំរុញការអប់រំ និងផ្សព្វផ្សាយ ពីបញ្ហាបរិស្ថានឱ្យបានច្រើនឡើងថែមទៀត ជាពិសេសយុទ្ធនាការ កុំឱ្យមានការបោះសំរាមផ្តេសផ្តាស ជាពិសេសរួមចំណែកលុបបំបាត់សំណល់ប្លាស្ទិកនៅតាមសហគមន៍ ផ្ទះសម្បែង សាលារៀន និងវត្តអារាម ជាដើម»។
អ្នកនាំពាក្យរូបនេះ បន្តថា នាពេលថ្មីៗនេះ ក្រសួងបរិស្ថាន ក៏បានដាក់ចេញយុទ្ធនាការមួយចំនួនផងដែរ ក្នុងនោះមានយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» និង «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលកំពុងតែជំរុញឱ្យមានការគាំទ្រពីសិស្សានុសិស្ស និស្សិត គ្រូបង្រៀន ព្រះសង្ឃ និងប្រជាពលរដ្ឋទូទាំងប្រទេស។
លោកបន្តថា៖ «ខ្ញុំស្នើសុំឱ្យសាធារណជន មេត្តាអនុវត្តន៍ការងារ ស្របតាមយុទ្ធសាស្រ្តចក្រា វិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ ដែលផ្តោតលើមុំយុទ្ធសាស្រ្ត៣ គឺស្អាត បៃតង និងចីរភាព ដើម្បីឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ បង្កើនគម្របព្រៃឈើ ៦០% នៅទូទាំងប្រទេស និងជាប្រទេសអាព្យាក្រឹតកាបូន»។
លោក ហេង គឹមហុង នាយកប្រតិបត្តិនៃសមាគមបណ្តាញយុវជនកម្ពុជា យល់ថា ការចូលរួមរបស់យុវជន និងប្រជាពលរដ្ឋ ក្នុងការសម្អាតបរិស្ថាន គឺជារឿងល្អ ដែលជួយឱ្យសង្គមមានបរិស្ថានស្អាត ហើយក៏គួរតែត្រូវបានលើកទឹកចិត្ត និងគាំទ្រដោយក្រសួងពាក់ព័ន្ធ។
លោកថា៖ «ការចូលរួមរបស់យុវជន ការចូលរួមរបស់ប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងការសម្អាតបរិស្ថាន សម្អាតសំរាម គឺជារឿងល្អ បង្ហាញពីឆន្ទៈ និងការប្តេជ្ញាចិត្តរបស់ខ្លួនឯងក្នុងការចូលរួម […] អាជ្ញាធរក្រសួងបរិស្ថាន សាធារណជនគាំទ្រគាត់ទៅមិនខុសទេ ជារឿងប្រសើរដែលគ្រប់គ្នាត្រូវតែចូលរួម»។
យោងតាមរបាយការណ៍របស់ក្រសួងបរិស្ថានចុះផ្សាយក្នុងឆ្នាំ២០១៩ ឱ្យដឹងថា ការកើនឡើងសំណល់ប្លាស្ទិកក្នុងប្រទេសកម្ពុជា គឺបណ្តាលមកពីកំណើនប្រជាពលរដ្ឋ កំណើនជីវភាពនិងសេដ្ឋកិច្ច ការផ្លាស់ប្តូរឥរិយាបទក្នុងការប្រើប្រាស់ និងការប្រើប្រាស់ប្លាស្ទិកសម្រាប់វេចខ្ចប់ម្ហូបអាហារ ឬសម្ភារៈផ្សេងៗ និងកង្វះខាតនូវចំណេះដឹងក្នុងការញែកសំរាម។
របាយការណ៍ដដែល បន្តថា ដើម្បីកាត់បន្ថយបញ្ហាប្លាស្ទិក ក្រសួងបានណែនាំឱ្យអនុវត្តនូវវិធីសាស្ត្រចំនួន៤ ក្នុងនោះមានដូចជា ការបដិសេដមិនប្រើប្រាស់ប្លាស្ទិក កាត់បន្ថយការប្រើប្លាស្ទិក ប្រើប្រាស់ឡើងវិញនូវប្លាស្ទិកចាស់ៗ និងកែច្នៃប្លាស្ទិកចាស់ឱ្យទៅជារបស់ថ្មីដែលអាចប្រើបាន។ លើសពីនេះក្រសួង បានជំរុញឱ្យប្រជាពលរដ្ឋចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក តាមរយៈការយកដបទឹកដែលអាចប្រើប្រាស់ឡើងវិញតាមខ្លួនជានិច្ច ប្រើប្រាស់បំពង់បឺត ឬកំបិត ស្លាបព្រា សម ធ្វើពីសារធាតុដែលអាចរលាយក្នុងបរិស្ថាន ចៀសវាងទិញអាហារ ឬម្ហូបដែលវេចខ្ចប់ថង់ប្លាស្ទិកច្រើន និងបំពេញម្សៅសាប៊ូឡើងវិញដោយមិនបាច់ទិញដបសាប៊ូថ្មីជាដើម។
ចំណែក របាយការណ៍របស់អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (Fauna & Flora International) ឆ្នាំ ២០១៩ បង្ហាញថា ក្នុងរាជធានីភ្នំពេញ ថង់ប្លាស្ទិកប្រមាណ ១០លានថង់ ត្រូវបានប្រើប្រាស់ជារៀងរាល់ថ្ងៃ ខណៈប្រជាជនពលរដ្ឋកម្ពុជាម្នាក់ៗដែលរស់នៅក្នុងទីក្រុងនានា ប្រើប្រាស់ថង់ប្លាស្ទិកជាង ២ ០០០ ថង់ក្នុងមួយឆ្នាំ។ តែយ៉ាងណា បើតាមរបាយការណ៍របស់នាយកដ្ឋានគ្រប់គ្រងសំណល់រឹង នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន បង្ហាញថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ ការនាំចូលថង់ប្លាស្ទិកបានថយចុះដល់ទៅ៧៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ពោលគឺនៅឆ្នាំនេះ ការនាំចូលថង់ប្លាស្ទិកសម្រាប់សង្វាក់ផលិតកម្ម មានបរិមាណសរុបត្រឹម ៩ ១៥២,៤៤គីឡូក្រាម ខណៈកាលពីឆ្នាំ២០២៣ ក្នុងត្រីមាសទី១ដូចគ្នា ការនាំចូលថង់ប្លាស្ទិកមានបរិមាណដល់ទៅ ៣៥ ៥៨០,០៩គីឡូក្រាម។ ប្រភពដដែលបន្តថា ការនាំចូលថង់ប្លាស្ទិកសម្រាប់បម្រើក្នុងសង្វាក់ផលិតកម្មថយចុះ ដោយសារតម្រូវការធ្លាក់ចុះ និងបន្ទាប់ពីមានការរឹតបន្តឹងរបស់ក្រសួង ដែលបានផ្តល់ការអនុញ្ញាតទៅឱ្យក្រុមហ៊ុនតែ២ប៉ុណ្ណោះសម្រាប់ការនាំចូលថង់ប្លាស្ទិក៕