ពលរដ្ឋដែលបណ្តាក់ទុនរកស៊ីជាមួយក្រុមហ៊ុន ប្រ៊ីនលាន ស៊ីធី ទទូចឱ្យតុលាការពន្លឿននីតិវិធីនៅក្នុងសំណុំរឿង ឡេង ចាន់ណា ទាក់ទងនឹងការរឹបអូសទ្រព្យសម្បត្តិ ដើម្បីឱ្យពួកគេអាចមានថវិកាយទៅទូទាត់ថ្លៃបំណុលធនាគារ ដែលបានខ្ចីបុលសម្រាប់បណ្តាក់ទុនចំណេញការប្រាក់។
លោក នួន នឿន មកពីខេត្តបាត់ដំបង ដែលអះអាងថាជាជនរងគ្រោះ និយាយថា មកដល់ពេលនេះដំណឹងដែលដាក់ក្តីសង្ឃឹមថានឹងបានសំណងវិញប្រែជាស្ងាត់ដំណឹង។ទន្ទឹមនឹងនេះ លោកក៏ទទូចសុំឱ្យតុលាការជួយពន្លឿនធ្វើយ៉ាងណាឱ្យខ្លួនបានប្រាក់ខ្លះ ដើម្បីបង់ធនាគារ ពីព្រោះបច្ចប្បន្នលោកជំពាក់ធនាគារដោយសារខ្ចីប្រាក់មកវិនិយោគជាមួយក្រុមហ៊ុន។លើសពីនេះទៀតលោកមិនទាមទារឱ្យមានការសងប្រាក់ទាំងអស់នោះទេ ប៉ុន្តែសូមឱ្យពន្លឿននីតិវិធីដើម្បីបានប្រាក់ដោះស្រាយជីវភាពបានខ្លះ។
លោកបន្តថា៖ « អត់មានលឺដំណឹងអ្វីទេ ស្ងាត់ឈឹងម៉ង ខាងតុលាការ ខាងក្រុមហ៊ុននឹង អត់មានលឺដំណឹងអ្វីសោះ ដូចជាស្ងាត់ ដូចជាគេដោះស្រាយយ៉ាងមិចៗ ស្ងាត់ឈឹងបណ្តោយម៉ងខ្ញុំ […] ខ្ញុំចង់សំណូមពរ តុលាការ ជាពិសេសមេធាវី និងនាយករដ្ឋមន្ត្រី ជួយពន្លឿនដល់ពួកខ្ញុំ ព្រោះពួកខ្ញុំរាល់ថ្ងៃ មិនថាតែរូបខ្ញុំទេ អ្នកដែលមានបញ្ហាជាមួយក្រុមហ៊ុនឡេង ចាន់ណា នេះច្រើនណាស់ ខ្ញុំអង្វរហើយអង្វរទៀតមិនមានអ្វីទេ មានតែលោកមេធាវីហ្នឹងឯងអាចជួយពន្លឿនយ៉ាងមិចឱ្យបានខ្លះៗ ដល់ពួកខ្ញុំនេះ បានខ្លះមក ព្រោះកំពុងពិបាកមែនទែន មិនដឹងថាទៅខាងណារួចទេ ឥលូវពួកខ្ញុំមានតែសំណូមពរហ្នឹងឯង ជួយពន្លឿនឱ្យខ្ញុំ ខ្ញុំចង់បានតែចំណុចហ្នឹងទេ » ។
ស្រដៀងគ្នានេះដែរ ពលរដ្ឋដែលបានបែកបាក់គ្រួសារដោយសារការបណ្តាក់ទុនជាមួយក្រុមហ៊ុន ឡេង ចាន់ណា ព្រមទាំងជំពាក់ធនាគារជាង ៥ម៉ឺនដុល្លារ ដោយសារខ្ចីប្រាក់ដើម្បីយកទៅរកស៊ីជាមួយក្រុមហ៊ុន ប្រ៊ីលាននេះដែរ និងមានទីលំនៅឯខេត្តកំពង់ធំ សុំមិនបញ្ចេញឈ្មោះ ឱ្យដឹងថា លោកបានចាញ់បោកក្រុមហ៊ុន ឡេង ចាន់ណា នេះតាំងពីខែតុលា ឆ្នាំ២០២៣ ដោយសារការបញ្ចុះបញ្ជូលរបស់អ្នកដទៃ ឱ្យខ្ចីធនាគារ មកបណ្តាក់ទុន យកការប្រាក់ ដើម្បីមានជីវភាពធូរធារ។
លោកបន្តថា៖ « ក្រុមហ៊ុនគេហ្នឹង មានបក្សពួកគេ ដែលបោកប្រាស់ជាបណ្តាញហើយ គេមកបញ្ចុះបញ្ជូលខ្ញុំឱ្យខ្ចីលុយធនាគារដើម្បីធ្វើការវិនិយោគបានការប្រាក់ ១ ម៉ឺន ដុល្លារ បានការប្រាក់ ៥០០$ ក្នុង១ខែ ខ្ញុំថាអត់ចង់យកលុយធនាគារដាក់ទេ តែគេថាដាក់ទៅ ឱ្យធូរ [ជីវភាពល្អប្រសើរ] បានការប្រាក់ស៊ីអីចឹងទៅ គេឱ្យការប្រាក់ ហើយក៏ខ្ញុំយកលុយធនាគារមកដាក់មក » ។
លើសពីនេះទៅទៀត ប្រភពដដែលបន្តថា រូបគេគ្មានលទ្ធភាពរកលុយបង្វិលសងធនាគារវិញទេ។លោកក៏ស្នើឱ្យតុលាការជួយពន្លឿននីតិវិធីដើម្បីស្វែងរកមធ្យោបាយ ដកហូតទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន យកទៅលក់ឱ្យបានឆាប់ ដើម្បីបង្វិលប្រាក់ទាំងនោះឱ្យពលរដ្ឋដែលចាញ់បោកក្រុមហ៊ុននេះវិញផង។
លោកបន្តថា៖ « ឥលូវអត់មានលទ្ធភាពសងធនាគារទេ ធនាគារគេគំរាមកំហែងរឹបអូសផ្ទះសម្បែងខ្ញុំ ខ្ញុំស្នើសុំសំណូមពរដាក់ទៅស្ងាត់ ដាក់ទៅស្ងាត់ របៀបថាគេមិនចង់ដោះស្រាយឱ្យយើង លឺតែរឿងក្រុមហ៊ុន ប្រ៊ីនលាន ស៊ីធី របស់ឡេង ចាន់ណា គេមិនចង់ធ្វើការឱ្យ ដាក់ទៅ៣ ទៅ៤ខែហើយ មិនទាន់ឃើញតុលាការកោះហៅឱ្យទៅបំភ្លឺទេ […] តុលាការសូមពន្លឿននៃការចាប់ខ្លួនបក្សពួកទាំងអស់ ហើយស៊ើបសួររកទ្រព្យសម្បត្តិដើម្បីលក់ឡៃឡុងចែកប្រជាពលរដ្ឋដែលរងគ្រោះដូចពួកខ្ញុំដែរ តាមតិចតាមច្រើនតាមជាក់ស្តែង » ។
គេហទំព័រ Newsroom Cambodia មិនអាចស្នើសុំការបំភ្លឺពីលោក យិន ស្រាង អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាបបានទេ នៅថ្ងៃទី២០ មិថុនា នេះ ដោយទូរស័ព្ទចូលជាច្រើនដង តែពុំមានអ្នកទទួល។
ចំណែកនាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត យល់ឃើញថាករណីនេះតុលាការគួរតែអនុវត្តនីតិវិធីឱ្យបានលឿនដើម្បីផ្តល់ដំណោះស្រាយជូនពលរដ្ឋព្រមទាំងជួយសម្រួលពួកគេកុំឱ្យប្រឈមផ្នែកផ្នែកហិរញ្ញវត្ថុធ្ងន់ជាងនេះបន្ថែមទៀត។
លោកបន្តថា៖«ប្រជាពលរដ្ឋដែលរងគ្រោះដោយសារក្រុមហ៊ុនប្រ៊ីលានស៊ីធីគឺពួកគាត់កំពុងប្រឈមជាមួយវិបត្តិសេដ្ឋកិច្ចគ្រួសារ និងបំណុលធ្ងន់ធ្ងរដោយសារការចាញ់បោកក្រុមហ៊ុនព្រោះពួកគាត់បានលក់ទ្រព្យសម្បតិ្ត និងខ្ចីលុយពីធនាគារ និងឯកជន ដើម្បីវិនិយោគជាមួយក្រុមហ៊ុននេះ ។ ដូច្នេះពួកគាត់ត្រូវការសំណងពីក្រុមហ៊ុនមកវិញដើម្បីធ្វើការដោះស្រាយបំណុល និងជីវភាព ទើបពួកគាត់ស្នើសុំពន្លឿននីតិវិធីឱ្យបានលឿន » ។
លោកបន្ថែមថា៖«នៅពេលដែលពួកគាត់ជំពាក់បំណុលធ្ងន់ធ្ងរទៅៗ និងខ្វះខាតក្នុងជីវភាពរស់នៅដូច្នេះគឺពួកគាត់ត្រូវការសំណងពីក្រុមហ៊ុនទោះពាក់កណ្តាលក្តីព្រោះជាតម្រូវការចាំបាច់សំប្រាប់ពួកគាត់ក្នុងការយកទៅដោះស្រាយជាមួយម្ចាស់បំណាក់ បើមិនអញ្ចឹងពួកគាត់ប្រឈមការបាត់បង់ដី និងផ្ទះបន្ថែមទៀតលក់ដើម្បីសងបំណុល ត្រង់ចំណុចនេះហើយទើបពួកគាត់ចង់បានដំណើរការរឿងក្តីរបស់គាត់នៅតុលាការឱ្យបានលឿនបំផុត »។
កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា សមត្ថកិច្ចបានបើកការស៊ើបអង្កេត និងស្រាវជ្រាវករណីនេះ ហើយបានរកឃើញថា គំរោងវិនិយោគរបស់ក្រុមហ៊ុន ប្រ៊ីលានសីធី ពុំមានលក្ខណៈដូចជាគម្រោងវិនិយោគអចលនទ្រព្យផ្សេងទៀត ដែលជាគម្រោងវិនិយោគពិតប្រាកដ ហើយជួបប្រឈមឧបសគ្គជាមួយនឹងបញ្ហានៃការធ្លាក់ចុះទីផ្សារនោះទេ។
ផ្ទុយទៅវិញគម្រោងរបស់ក្រុម ឡេង ចាន់ណា នេះមានលក្ខណៈជាប្រព័ន្ធឆបោកតាមរូបមន្ត Ponzi Scheme ។នគរបាលយុត្តិធម៌ កាលពីខែមីនា ឆ្នាំ ២០២៤ ចាប់ខ្លួនអ្នកស្រី ឡេង ចាន់ណា និងបក្ខពួកមួយចំនួន ហើយបានបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប។ តុលាការចោទប្រកាន់ប្រធានក្រុមហ៊ុនរូបនេះ និងគូកនពីបទ«ឆបោកមានស្ថានទម្ងន់ទោស» «មិនបំពេញកាតព្វកិច្ចឧបករណ៍អាចជួញដូរបាន» និងពីបទ«សម្អាតប្រាក់»៕