ប្រជាពលរដ្ឋចំនួន២៥0គ្រួសារនៅស្រុកស្វាយលើបានស្នើជាថ្មីទៀតដោយទាមទារឱ្យរដ្ឋបាលខេត្តសៀមរាបជួយចេញប្លង់កម្មសិទ្ធិឱ្យបានឆាប់ ដើម្បីអាចឱ្យពួកគេមានចិត្តស្ងប់ និងយកប្លង់នេះទៅប្រើប្រាស់តាមតម្រូវជាក់ស្តែង ខណៈបញ្ហាដីដែលពលរដ្ឋកំពុងស្នើសុំប្លង់កម្មសិទ្ធិក្នុងទំហំជាង២ពាន់ហិកតានេះ កំពុងប្រឈមមុខគ្នាជាមួយយោធាភូមិភាគ៤។
ទីតាំងដីដែលកំពុងមានភាពប្រទងប្រទាញគ្នារវាងពលរដ្ឋ និងយោធាភូមិភាគ៤នេះស្ថិតនៅក្នុងភូមិសាស្រ្តភូមិភូមិសែនជ័យ ស្រុកស្វាយលើ ខេត្តសៀមរាប។
ថ្លៃងប្រាប់គេហទំព័រ Newsroom Cambodia នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ នេះលោក យ៉ង់ វ៉ិត ដែលអះអាងថាជាជនរងគ្រោះ លើកឡើងថាទីតាំងដីដែលកំពុងទំនាស់នេះ ពលរដ្ឋចូលមកអាស្រ័យផលប្រមាណជាង២០ឆ្នាំមកហើយ។ហើយការកាន់កាប់នេះ អាជ្ញាធរមូលដ្ឋានទទួលស្គាល់ថា ពលរដ្ឋទាំងជាង២៥០គ្រួសារ ពិតជាបានរស់ និងអាស្រ័យដោយស្របច្បាប់ប្រាកដមែន។លោកបន្តថា ហេតុដូច្នេះហើយ ទើបពលរដ្ឋជាម្ចាស់ដីស្នើសុំឱ្យរដ្ឋបាលខេត្តសៀមរាប ជួយពន្លឿនចេញប្លង់កម្មសិទ្ធិដីធ្លីនេះ ឱ្យពលរដ្ឋឱ្យឆាប់ផង។
លោកបន្តថា៖ «បាទខ្ញុំបញ្ជាក់ថាការចូលកាន់កាប់អាស្រ័យផលរបស់ប្រជាជនគាត់នៅចំណុចហ្នឹង មានតាំងពីឆ្នាំ២០០០ អ្នកខ្លះក៏មកឆ្នាំ២០០២ រហូតមកដល់បច្ចុប្បន្នហើយនៅអំឡុងឆ្នាំ២០១៦ ប្រជាពលរដ្ឋបានធើ្វលិខិតកាន់កាប់ដី ឬក៏សវតាបញ្ជាក់កាប់កាន់ដីហ្នឹងដោយទទួលស្គាល់ពីលោក មេភូមិ លោក មេឃុំ ផងដែរ» ។
មិនមែនមានតែលោក យ៉ង់ វ៉ិត ម្នាក់ទេដែលយល់ឃើញថាពលរដ្ឋគួរទទួលបានប្លង់កាន់កាប់ដោយស្របច្បាប់។លោក សាន ទិត្យ ជាកសិករម្នាក់ក្នុងចំណោមពលរដ្ឋទាំងជាង២៥០គ្រួសារ រស់នៅភូមិសែនជ័យ ឃុំកន្តួត ស្រុកស្វាយលើ ក៏យល់ស្របដូចគ្នានេះដែរ។លោកបន្តថាហេតុផលដែលពលរដ្ឋចេះតែបន្តទាមទារចង់បានប្លង់កម្មសិទ្ធិមកកាន់កាប់នេះ ដោយសារដីនេះធ្លាប់ត្រូវកងយោធាធ្លាប់ទន្រ្ទានយកទៅគ្រប់គ្រងធ្វើជាកម្មសិទ្ធិនៅអំឡុងឆ្នាំ២០១៥-២០១៦ ដល់ពេលបច្ចុប្បន្ននេះ។
លោកបន្តថា៖«ពួកខ្ញុំនៅកាន់កាប់តាំងពីឆ្នាំ២០០០ ខាងអាជ្ញាធរគាត់ទៅយកខាងទាហានអំឡុងឆ្នាំ២០១២ នឹង២០១៥ ខាងភូមិភាគ៤ គេយកបានជាស្ថាពរគេធើ្វទំនប់ចឹងមួយភាគ ក្រោយទន្រ្ទាមសហគមន៍ ប្រធានសហគមន៍សព្វថ្ងៃជាចៅហ្វាយស្រុកស្វាយលើបាទដីខ្ញុំគឺ៩ហិចតាវាប៉ះពាល់ច្រើនប្រជាពលរដ្ឋធើ្វស្រែចំការអត់បាន»។
ឆ្លើយតបរឿងនេះ នាយករងរដ្ឋបាលសាលាខេត្តសៀមរាប លោក លី វណ្ណ: អះអាងថាអាជ្ញាធរដែលពាក់ព័ន្ធកំពុងសិក្សាលម្អិតជុំវិញសំណើររបស់ពលរដ្ឋ និងបញ្ហាកំពុងកើតឡើងលើដីទំនាស់នេះ។លោកបន្ថែមថា នៅពេលអនុវត្តកិច្ចការនេះចប់សបគ្រប់ និងបញ្ជូនរបាយការណ៍បន្តទៅថ្នាក់ជាតិ ដើម្បីសម្រេច។
លោកបន្តថា៖ «បាទករណីហ្នឹងដោយសារតែកំពុងធើ្វការសម្របសម្រួលពាក់ព័ន្ធករណីទាំងអស់នេះយើង រៀបចំចូលប្រជុំពិនិត្យមើលនឹងរៀបចំរបាយការណ៍ប្រមុខរាជរដ្ឋាភិបាល»។
លោក ផាន ផល មេភូមិសែនជ័យ ស្រុកស្វាយលើ ខេត្តសៀមរាប ទទួលស្គាល់ថាទីតាំងដីដែលពលរដ្ឋស្នើសុំនេះ ពិតជាមានភាពស្មុគស្មាញ។ក្នុងនាមលោកជាអាជ្ញាធរមូលដ្ឋាន លោកក៏ចង់បានការដោះស្រាយមួយដែលសមស្រប ដើម្បីឱ្យពលរដ្ឋទទួលបានសេចក្តីសុខដែរ ជាពិសេសទទួលបានសិទ្ធិកាប់កាប់លើដីធ្លី ដែលពួកគេធ្លាប់បានអាស្រ័យអស់ពេលជាច្រើនឆ្នាំមកហើយ។
លោកបន្តថា៖«រៀងរាល់ថ្ងៃវាប្រទាញប្រទង់អ្នកធើ្វក្នុងដីសហគមន៍គេអត់ឲ្យធើ្វ ប្រជាពលរដ្ឋធើ្វលើដីរដ្ឋ ដែនជម្រកជាដែនជម្រករបស់បរិស្ថានបាទសូមសំណូមពរឲ្យជួយដោះស្រាយជូនប្រជាពលរដ្ឋទាំងអស់ឲ្យបានប្រើប្រាស់នៅលើដីឆ្លីតែប៉ុណ្ណឹងបាទ» ។
មេបញ្ជាការរងយោធភូមិភាគ៤ លោកវរសេនីយ៍ត្រី មី ស៊ីជាន់ បដិសេធក្នុងការផ្តល់ព័ត៌មានលម្អិត ដោយអះអាងថាខ្លួនពុំមានលទ្ធភាពក្នុងការផ្តល់ព័ត៌មាន ទាក់ទិនបញ្ហាទំនាស់ដីនេះបានដែរ។លោកបន្តថា ការសម្រេចបែបណាចំពោះបញ្ហានេះ គឺមានតែក្បាលម៉ាស៊ីនដឹកនាំរបស់អង្គភាពយោធភូមិភាគទេ ទើបមានសិទ្ធិអាកាត់បាន។
លោកបន្តថា៖«ខ្ញុំអត់បំភ្លឺបានដោយសារខ្ញុំមិនច្បាស់ការរឿងវិវាទដីធ្លី ព្រោះខ្ញុំទើបមកនៅរយះពេលក្រោយដែលសុំទោសផងម៉េចៗស្រាវជ្រាវទៅខាងថ្នាក់លើៗទៅ ខាងមេភូមិភាគបានគាត់អាចបំភ្លឺបាន សំរាប់ខ្ញុំមិនអាចបំភ្លឺបានព្រោះការវិវាទដីធ្លីនេះខ្ញុំអត់ដឹងសវតាពីមុនមកដែលពាក់ព័ន្ធនឹងដីធ្លី ដោះដូរអីផ្សេងៗសុំទោសផងណា »។
មន្រ្តីអង្គការការពារសិទ្ធិមនុស្ស លីកាដូ (Licadho) ប្រចាំខេត្តបន្ទាយមានជ័យ លោក ភុន ឈិន សង្កេតឃើញថា ទីតាំងដែលមានមានបញ្ហានេះ មែនទែនទៅពលរដ្ឋពិតជាបានចូលទៅអាស្រ័យផល ដែលទទួលស្គាល់ដោយអាជ្ញាធរពិតប្រាកដមែន។
លោកបន្តថា៖ «ខ្ញុំឃើញភាគីប្រជាពលរដ្ឋគាត់បានចូលទៅកាន់កាប់ប្រើប្រាស់អាស្រ័យផលលើដីហ្នឹងយូរឆ្នាំមកហើយដែល ហើយក៏មានប្រជាពលរដ្ឋមួយចំនួនត្រូវបានខាងអាជ្ញាធរមូលដ្ឋាន ចេញលិខិតសំគាល់បញ្ជាក់អំពីប្រវត្តិនៃការកាន់កាប់ដីធ្លីរបស់ពួកគាត់រួចមកហើយដែលបាទ»។
ទាក់ទិនទីតាំងដីដែលមានភាពប្រទងប្រទាញគ្នានេះ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ពលរដ្ឋ៥នាក់តំណាងឱ្យ ២៥០គ្រួសារ ធ្លាប់បានដាក់សំណើរសុំកិច្ចអន្តរាគមន៍ម្តងរួចហើយដែរពីក្រសួងរៀបចំដែន នគររូបនីយកម្ម និងសំណង់។នៅក្នុងសំណើរកាលណោះ ពលរដ្ឋស្នើសុំឱ្យរដ្ឋបាលខេត្តទទួលបន្ទុកដោះស្រាយដីធ្លីដកហូតដីក្នុងទំហំ២.៨១៩ ហិកតាពីកងយោធពលភូមិភាគ៤ មកឱ្យពលរដ្ឋកាន់កាប់ និងអាស្រ័យផលវិញ៕