សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានបដិសេធលើបណ្តឹងសុំនៅក្រៅឃុំជាបណ្តោះអាសន្នរបស់លោក កើត សារ៉ាយ ខណៈសាច់ញាតិរបស់ប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែររូបនេះ បន្តស្នើឱ្យទម្លាក់ចោលការចោទប្រកាន់ទៅលើរូបលោក។
នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះលើបណ្តឹងសុំនៅក្រៅឃុំរបស់មេធាវីការពារសិទ្ធិឱ្យ លោក កើត សារ៉ាយ។
អ្នកនាំពាក្យសាលាឧទ្ធរណ៍រាជធានីភ្នំពេញ លោក ឃុន លាងម៉េង បានឱ្យដឹងនៅក្រោយសវនាការនោះថា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក ភូ ពៅស៊ុន បានសម្រេចបដិសេធបណ្តឹងសុំនៅក្រៅឃុំរបស់មេធាវីការពារក្តីឱ្យលោក កើត សារ៉ាយ។ លោកបន្តថា ការសម្រេចមិនឱ្យជនជាប់ចោទនៅក្រៅឃុំនេះ ក្រុមប្រឹក្សាជំនុំជម្រះបានលើកហេតុផលថា ដោយសារនីតិវិធីស៊ើបអង្កេតក្នុងសំណុំរឿងនេះនៅមិនទាន់បញ្ចប់ និងខ្លាចជនជាប់ចោទរត់គេចខ្លួន។
លោកបានគូសបញ្ជាក់ថា៖ «តាមការបញ្ជាក់របស់ក្រុមប្រឹក្សា បានន័យថា ការស៊ើបអង្កេតនោះមិនទាន់បានចប់សព្វគ្រប់ ត្រូវការសួរជនពាក់ព័ន្ធផ្សេងទៀត។ ចំណុចមួយទៀត ដោយសារគាត់អត់មានទីលំនៅច្បាស់លាស់ បើសិនជាដោះលែងគាត់អាចគេចខ្លួន អញ្ចឹងតុលាការមិនអាចសម្រេចដោះលែងនៅពេលនេះបានទេ»។
គេហទំព័រ Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពី លោក សំ ទិត្យសីហា មេធាវីការពារក្តីឱ្យ លោក កើត សារ៉ាយ បានទេនៅរសៀលថ្ងៃទី២០ ខែមិថុនានេះ។
ប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ ត្រូវបានអាជ្ញាធរចាប់ខ្លួននៅទីស្នាក់ការសមាគម ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងបាននាំខ្លួនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយ និងបញ្ចេញមតិអំពីវិវាទដីធ្លីនៅឃុំស្រយង់ និងឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមនេះ។
ក្រោយការចាប់ខ្លួន លោក កើត សារ៉ាយ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារ ដោយចោទប្រកាន់ពីបទ «មិនរាងចាល និងញុះញង់»។
កញ្ញា នឿន ស្រីណែត អាយុ២០ឆ្នាំ ដែលជាគូដណ្តឹងរបស់លោក កើត សារ៉ាយ បានលើកឡើងថា លោក កើត សារ៉ាយ ពុំបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ប៉ុន្តែតុលាការនៅតែសម្រេចបន្តឃុំខ្លួនគាត់ ក្រោមហេតុផលថា សំណុំរឿងស៊ើបសួរមិនទាន់បញ្ចប់។ តែយ៉ាងណា កញ្ញានៅតែស្នើយ៉ាងទទូចឱ្យតុលាការពិចារណា ក្នុងការទម្លាក់ចោលបទចោទ និងដោះលែងលោក កើត សារ៉ាយ ឱ្យមានសេរីភាពវិញ។
កញ្ញាបន្តថា៖ «យល់ថា ជារឿងមួយដែលមិនសមរម្យ ព្រោះវាអត់មានយុត្តិធម៌សម្រាប់គាត់[លោក កើត សរ៉ាយ]ដោយសារតែគាត់ជាបុគ្គលដែលស្អាតស្អំ មិនមានប្រព្រឹត្តនូវទង្វើខុសឆ្គងណាមួយទេ តែតុលាការនៅតែសម្រេចឃុំខ្លួន ខ្ញុំគិតថា វាជារឿងមួយដែលមិនត្រឹមត្រូវ»។
សមាជិកគណៈកម្មការប្រតិបត្តិនៃសមាគមសម្ពន្ធនិសិត្សិតបញ្ញាវន្តខ្មែរ កញ្ញា រៀម ស្រីពេជ្ររតនា បានលើកឡើងដែរថា សកម្មភាពរបស់ លោក កើត សារ៉ាយ នាពេលកន្លងមក គឺមិនមានចេតនាណាមួយទៅញុះញង់ប្រជាពលរដ្ឋនោះទេ។
ជាមួយគ្នានេះដែរ កញ្ញាថា ក្នុងកំឡុងពេលដែលលោក កើត សារ៉ាយ បានជាប់ពន្ធនាគារជាបណ្តោះអាសន្ន រយៈពេលជិត ៨០ថ្ងៃមកនេះ តុលាការក៏នៅមិនទាន់បង្ហាញភស្តុតាង និងរកឃើញអ្នកពាក់ព័ន្ធបន្ថែមដែរ ដែលករណីនេះ តុលាការគួរតែដោះលែងលោក កើត សារ៉ាយ ឱ្យនៅក្រៅឃុំ។
កញ្ញាបន្តថា៖ «និយាយរួម តាំងពីថ្ងៃដែលលោកបង[កើត សារ៉ាយ]ជាប់[ពន្ធនាគារ]គឺ ៧៦ថ្ងៃ អញ្ចឹងយើងមើលឃើញថា អត់មានធ្វើសកម្មភាពអីទាំងអស់ សូម្បីតែបញ្ជាក់ថាអ្នកណាជាគូកន ឬក៏ជាប់បណ្ដឹងអី ក៏អត់មានឃើញ ខាងតុលាការ ឬក៏ខាងណាចេញមកដែរ គឺស្ងាត់ឈឹងទាល់តែលើកនេះ គាត់ស្នើសុំនៅក្រៅឃុំ ទើបគេកោះហៅមកសវនាការ»។
លោកអំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ បង្ហាញការសោកស្តាយដែលតុលាការមិនអនុញ្ញាតឱ្យលោក កើត សារ៉ាយ បាននៅក្រៅឃុំ ដែលករណីនេះ លោកយល់ថាជាការរឹតត្បិតសេរីភាពក្នុងការបញ្ចេញមតិ របស់លោក កើត សារ៉ាយ ក្នុងនាមជាប្រធានសមាគមមួយរូប។
លោកថា៖ «លោក កើត សារ៉ាយ គឺជាសកម្មជនការពារសិទ្ធិមនុស្ស ការពារបរិស្ថាន ដែលតែងតែឈឺឆ្ងាលជាមួយបញ្ហារបស់ប្រជាពលរដ្ឋរបស់សហគមន៍[…] ចឹងការផ្តល់បទសម្ភាសន៍ការបញ្ចេញមតិផ្សេងៗហ្នឹង គឺគោលបំណងដើម្បីស្វែងរកយុត្តិធម៌ ចឹងយើងមើលទៅហាក់ដូចជាមិនមែនបទល្មើសទេ»។
លោកបន្ថែមថា៖ «ចឹងករណីនេះ វាគួរតែមានការដោះលែង លោក កើត សារ៉ាយ ហ្នឹងឱ្យមានសេរីភាព ជាពិសេសការស្នើសុំឱ្យនៅក្រៅឃុំរបស់លោក ដែលមានលក្ខខណ្ឌគ្រប់គ្រាន់ហើយនោះ តុលាការគួរតែពិចារណាក្នុងការអនុញ្ញាតឱ្យនៅក្រៅឃុំ ពីព្រោះជាគោលការណ៍នៃច្បាប់ គឺគេជ្រើសរើសយកសេរីភាពជាធំ។ ការឃុំខ្លួនបណ្តោះអាសន្ន គឺជាជម្រើសចុងក្រោយ ហើយជាជម្រើសក្នុងលក្ខខណ្ឌចាំបាច់បំផុត ហើយដូចករណីលោក កើត សារ៉ាយ គឺជាសកម្មជនសិទ្ធមនុស្ស ជាប្រធានសមាគមមួយ ហើយជាអ្នកការពារបរិស្ថាន និងធនធានធម្មជាតិ ហើយសកម្មក្នុងការងារសង្គម ចឹងគួរណាតែត្រូវបានដោះលែង»។ គួបញ្ជាក់ដែរថា កាលពីឆ្នាំ២០២១ លោក កើត សារ៉ាយ ត្រូវបានតុលាការនៃសាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ២០ខែ និងពិន័យជាប្រាក់២លានរៀល ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ម្តងរួចមកហើយ ពាក់ព័ន្ធនឹងការទាមទារឱ្យដោះលែងលោក រ៉ុង ឈុន អតីតមេដឹកនាំសហជីពមួយរូបនាពេលនោះ ក្រោយពីលោក រ៉ុង ឈុន បានអត្ថាធិប្បាយជុំវិញការបោះបង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាម៕