ក្រុមយុវជនចលនាមាតាធម្មជាតិ ស្នើក្រសួងបរិស្ថានគោរពសន្យារបស់ខ្លួន​ក្នុង​​ការ​​ដាក់តំបន់កោះកុងក្រៅ ជាឧទ្យានជាតិសមុទ្រ ខណៈពួកគេបារម្ភខ្លាចរដ្ឋាភិបាល​ផ្តល់​សិទ្ធិអភិវឌ្ឍន៍តំបន់នោះ ទៅ​​ឱ្យ​ក្រុមហ៊ុន​ឯកជន ដែលនឹងបង្ក​ផល​ប៉ះ​ពាល់​ទៅ​ដល់​ធនធានធម្មជាតិ និង​ការ​រស់នៅ​របស់ប្រជាពលរដ្ឋ។

ការស្នើនេះ បានធ្វើឡើងតាមរយៈការដើរ​​ហែក្បួនដាក់ញត្តិ​របស់​ក្រុមយុវជនចលនាមាតាធម្មជាតិ និងព្រះសង្ឃ​ប្រមាណ ២០អង្គ/​នាក់ ដោយផ្តើមចេញដំណើរមុខមន្ទីរពេទ្យកុមារជាតិ ក្នុងខណ្ឌទួលគោក ​ទៅកាន់ក្រសួងបរិស្ថាន ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ​២០២៤នេះ។

ក្នុងញត្តិនោះ ក្រុមយុវជនចលនាមាតាធម្មជាតិ បានលើកឡើង​ថា កាលពីឆ្នាំ​២០២១ ក្រសួងបរិស្ថាន បាន​សន្យាថានឹងដាក់តំបន់កោះកុងក្រៅជាឧទ្យានជាតិ​សមុទ្រ និងបង្ហាញពីការយកចិត្ត​ទុកដាក់ខ្ពស់​លើ​ការ​ងារ​ការពារ និងអភិរក្សតំបន់កោះកុងក្រៅនេះ។ ញត្តិដដែលបន្តថា កន្លងមក ក្រសួង​ក៏បានបង្ហាញពីកា​រពិចារណាក្នុងការ​ដកអាជ្ញាបណ្ណ​ពីក្រុមហ៊ុនកោះកុង អេស អ៊ី ហ្សិត​ ខូអិលធីឌី ក្រោម​អនុភាពនៃការ​​អនុវត្ត​ច្បាប់ភូមិបាលផងដែរ ប៉ុន្តែ​រយៈពេល ៤ឆ្នាំមក​នេះ ដំណើរការនៃការដាក់កោះកុងក្រៅជាឧទ្យានជាតិនេះ នៅមិនទាន់លេចចេញជារូបរាងនៅឡើយ។​

ញត្តិដដែលបន្តទៀត​​ថា៖ «ក្នុងនាមជាយុវជន ជាប្រជាពលរដ្ឋខ្មែរ ពួកយើងពិតជាត្រូវការដឹងអំពី​បច្ចុប្បន្នភាព​នៃការ​ដាក់​កោះ​ដ៏ធំនេះ​ជាឧទ្យានជាតិសមុទ្រយ៉ាងឆាប់រហ័សបំផុត ក៏ព្រោះថាតំបន់ នេះជាតំបន់ដែលសម្បូរទៅដោយសត្វកម្រ និងជីវចម្រុះជាច្រើនប្រភេទដែលមិនអាចកាត់ថ្លៃបាននោះទេ»។

តាមរយៈញត្តិដដែល ក្រុមយុវជនទាំងនោះ ក៏បានបង្ហាញពីក្តីបារម្ភ​អំពីគុណភាពនៃជីវិត​របស់​ប្រជាពលរដ្ឋ​ដែលកំពុងរស់នៅតំបន់នោះផងដែរ ដោយសារ​បច្ចុប្បន្ននៅតំបន់នោះ មានភ្ញៀវទេស​ចរ​ទៅទស្សនាច្រើន បណ្តាលឱ្យ​មានបញ្ហាសំរាម​ច្រើន ហើយពលរដ្ឋនៅតំបន់​នោះ​នៅមិន​ទាន់​យល់ដឹងបានទូលំទូលាយជុំវិញផលវិបាកនៃសំណល់ប្លាស្ទិក ដែលនាំឱ្យ​បំពុល​តាម​ឆ្នេរ និងបំផ្លាញសោភណ្ឌភាព​នៅតាមភូមិទេសចរណ៍នៅតំបន់នោះ។

ករណីនេះ ក្រុមយុវជនទាំងនោះ បានស្នើឱ្យក្រសួង​បរិស្ថានបំភ្លឺជុំវិញ​បញ្ហាទាំងនេះ និង​ដាក់តំបន់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រ ដើម្បីរក្សាបាននូសម្បត្តិធនធានធម្មជាតិ ជីវចម្រុះ និងការ​ធានាបាននូវប្រព័ន្ធអេកូឡូស៊ីនៅតំបន់កោះកុងក្រៅទាំងមូល។​

សកម្មជនចលនាមាតាធម្មជាតិ កញ្ញា មាន លីសា អាយុ២១ឆ្នាំ ដែលបាន​ចូលរួមដាក់ញត្តិ​នៅ​ក្រសួងបរិស្ថាន បានលើកឡើងថា កន្លងមក ក្រសួងធ្លាប់បានសន្យាថានឹងដាក់តំបន់កោះកុង​ក្រៅជាឧទ្យានជាតិសមុទ្រ ប៉ុន្តែមកដល់បច្ចុប្បន្ន ក្រសួងនៅមិនទាន់​ធ្វើតាមការ​សន្យា​នៅឡើយ។​

កញ្ញានិយាយថា៖«យើងចង់រំលឹកដល់ក្រសួងបរិស្ថាន ព្រោះមានតែក្រសួងបរិស្ថានទេដែលសន្យាជាមួយយើង ហើយអ្នកក្បត់ពាក្យសន្យាហ្នឹង អញ្ចឹងសូមឱ្យរដ្ឋមន្ត្រីថ្មី ដែល​ឡើងតំណែង​នេះ លាងនូវការកុហក​រយៈពេល៤ឆ្នាំហ្នឹង លាងនូវពាក្យសន្យាហ្នឹងឡើង​វិញ ហើយធ្វើវា បំពេញ​សន្យាឡើងវិញ ព្រោះរដ្ឋមន្ត្រីចាស់ បានសន្យា»។

សកម្មជនចលនាមាតាធម្មជាតិមួយរូបទៀត កញ្ញា លាង សុវណ្ណា អាយុ ២៣ឆ្នាំ បានលើកឡើង​ថា កាលដែលពួកគេ​​ធ្វើ​​យុទ្ធនាការ​ដើរ​ដង្ហែក្បួនដាក់​​ញត្តិ​នេះ ព្រោះចង់ឱ្យក្រសួង​​ដាក់តំបន់​កោះកុងក្រៅជាឧទ្យានជាតិសមុទ្រ ប៉ុន្តែ​បើក្រសួងនៅតែ​មិន​ឆ្លើយ​តប ឬ​ដោះ​ស្រាយបញ្ហា​នេះទេ ពួកគេនៅតែ​បន្តទាមទារ​រហូត​មាន​ដំណោះស្រាយ។

កញ្ញានិយាយ​ថា៖ «ការមិនដាក់កោះកុងក្រៅជាតំបន់ឧទ្យានជាតិសមុទ្រ វាប៉ះពាល់ដល់សេដ្ឋកិច្ចជាតិទាំងមូល ជាក់​ស្តែង​យើង​ឃើញ​កោះរ៉ុង​ នៅពេលផ្តល់សិទ្ធដល់ក្រុមហ៊ុនឯកជន គឺយើងត្រូវចំណាយលុយច្រើន​មែនទែន​សម្រាប់ការ​ទៅ​លេង​កោះ អញ្ចឹងបើសិនជាដាក់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រ អ្នកនៅក្នុងសហគមន៍នោះ​ គាត់​អាច​រកចំណូល​បាន ហើយ​យើង​ទៅ​ដើរលេង​មិនចាំបាច់អស់លុយ ចំណាយថវិការច្រើនលើសលុបក្នុងការដើរលេង ទស្សនាកោះ​ប្រទេសរបស់យើង»។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា មានប្រសាសន៍ថា​ ក្រសួងទទួលញត្តិ​របស់​ក្រុម​យុវជនទាំងនោះហើយ ហើយនឹងដាក់ជូនថ្នាក់ដឹកនាំក្រសួងដើម្បីពិនិត្យ។

លោកមានប្រសាសន៍ថា៖ «ក្រសួងបាននឹងកំពុងពិនិត្យ»។

អភិបាលខេត្តកោះកុង លោកស្រី​ មិថុនា ភូថង មានប្រសាសន៍​ថា អាជ្ញាធរបាននិងកំពុង​ដំណើរ​​​ការ​​រៀបចំ​តំបន់​កោះ​កុងក្រៅ​ ​ទៅ​ជា​ឧទ្យានជាតិ​សមុទ្រ ខណៈការ​​​សិក្សាអំពីជីវចម្រុះដែលមាននៅតំបន់នោះ គឺ​នៅមិនទាន់ដឹងលទ្ធផលនៅឡើយ។

‌‍លោកស្រីថ្លែង​ថា៖ «គេបានរៀបហើយៗ បានរៀបហើយៗ ឧទ្យានជាតិ​សមុទ្រ»។

លោកអ្នកឧកញ៉ា​ លី យ៉ុងផាត់ ម្ចាស់ក្រុមហ៊ុនកោះកុង អេស អ៊ី ហ្សិត​ ខូអិលធីឌី មានប្រសាសន៍​ថា កន្លង​មក ក្រុមហ៊ុន​របស់​លោក ធ្លាប់​បាន​ស្នើទៅរាជ​រដ្ឋាភិបាល ដើម្បី​​​​​អភិវឌ្ឍន៍នៅ​តំបន់កោះកុងក្រៅនោះដែរ​ ប៉ុន្តែបានបញ្ឈប់ការស្នើ​វិញ ដោយសារមានបញ្ហាច្រើននៅតំបន់នោះ។

លោកបន្ត​ថា៖ «ខ្ញុំដូចអត់មានអ្វីឆ្លើយតបផង ទី១ អត់ដឹងរឿង ទី២​មានធ្វើអី អត់មានធ្វើអីទាំងអស់ ហើយខ្ញុំទៅដឹងរឿង​នាំ​ឈឺក្បាល​ធ្វើអី។ ខ្ញុំអត់ធ្វើទេ និយាយមួយមាត់​ដោយ​ខ្លីថាខ្ញុំអត់ធ្វើ​ទេ ពាក្យថាមិនធ្វើមានន័យថា វាចប់អស់ហើយ ដាក់​ញត្តិ​ មិន​ដាក់​ញត្តិ​រឿង​គេ​ទេ ខ្ញុំអត់ដឹងរឿង។[…] ពីមុនខ្ញុំ និយាយរួមគឺសុំដីសម្បទាន ការវិនិយោគសម្បទាន ប៉ុន្តែឥឡូវអត់បានធ្វើទេ សព្វថ្ងៃ​អត់មានធ្វើអីទាំងអស់ អត់បានសម្បទាន ហើយក៏អត់បានធ្វើអីទាំងអស់»។

នាយក​ប្រតិបត្តិនៃសមាគមបណ្តាញយុវជនកម្ពុជា(CYN) លោក ហេង គឹមហុង មានប្រសាសន៍ថា ការពន្លឿនការដាក់បញ្ចូលតំបន់​កោះកុងក្រៅជាឧទ្យាជាតិសមុទ្រ ជារឿងមួយសំខាន់ ខណៈដំណើរការនៃ​ការ​ដាក់បញ្ចូលនេះ ហាក់មិនមានដំណឹងនៅឡើយតាំងពីរដ្ឋាភិបាល​​អាណត្តិមុន​។ ករណីនេះ លោកស្នើឱ្យក្រសួងបរិស្ថាន បញ្ចាក់​ពី​ដំណើរការ​ដាក់​បញ្ចូលតំបន់​កោះ​កុង​ក្រៅជាឧទ្យាជាតិសមុទ្រនេះ ដោយតម្លាភាព ដើម្បីចៀសវាងការរិះគន់ពីភាពអសកម្មរបស់ក្រសួង។

លោកថា៖ «រដ្ឋមន្ត្រីថ្មី ក៏ដូចជាក្រសួងបរិស្ថានហ្នឹង គួរតែមានការបំភ្លឺឱ្យពួកគេ[យុវជនចលនាមាតាធម្មជាតិ]បានដឹងថាតើឥឡូវ តើមកដល់បច្ចុប្បន្នដល់ណាហើយ? ដំណើរការយ៉ាងម៉េច? ឬ​ក៏អាចធ្វើយ៉ាងម៉េច ដើម្បីឱ្យពួកគេហ្នឹងទទួលបានព័ត៌មានអំពីនីតិវិធីនេះ ដើម្បីកុំឱ្យពួកគេយល់ថា​ក្រសួងមិនបានធ្វើការសោះចំពោះករណីនេះ អញ្ចឹងជារឿងមួយដែល​ក្រសួងត្រូវមានតម្លាភាព​ចំពោះមុខប្រជាពលរដ្ឋ ក្នុងនាមជាសេនាធិការរបស់រដ្ឋាភិបាល​ដែលកើតឡើងពីការបោះឆ្នោត»។

គួរជម្រាបជូនថា កោះកុងក្រៅមានផ្ទៃដីសរុប ១០៣គីឡូម៉ែត្រការ៉េ ស្ថិតក្នុង​ឃុំ​ជ្រោយប្រស់ ស្រុក​កោះ​កុង ខេត្តកោះ​កុង ដែល​មានចម្ងាយប្រមាណ ៣០​គីឡូម៉ែត្រពីក្រុង​ខេមរភូមិន្ទ។ បើតាមក្រសួងទេសចរណ៍ ​តំបន់នេះមានឆ្នេរដ៏ស្រស់ស្អាតចំនួន ៦កន្លែង ដែលមាន​​សក្តានុពលផ្នែកធនធានធម្មជាតិ និង​ជីវៈចម្រុះ៕