ប្រជាពលរដ្ឋមួយចំនួននៅឃុំកោះស្នែង ដែលជាតំបន់ដាច់ស្រយ៉ាលមួយនៅខេត្តស្ទឹងត្រែង ស្នើដល់អាជ្ញាធរ ពន្លឿនការតភ្ជាប់បណ្តាញអគ្គិសនី និងទឹកស្អាត ដល់តំបន់របស់ពួកគាត់ ដើម្បីប្រើប្រាស់ជាប្រយោជន៍ក្នុងជីវភាពប្រចាំថ្ងៃ និងបម្រើការដល់វិស័យទេសចរណ៍ក្នុងតំបន់។
អ្នកស្រី កន សំដន អះអាងជាប្រជាពលរដ្ឋរស់នៅភូមិកោះស្នែង ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ បានឱ្យដឹងនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះថា នៅក្នុងឃុំកោះស្នែង នៅមិនទាន់មានអគ្គិសនីប្រើប្រាស់នៅឡើយទេ ដែលធ្វើឱ្យប្រជាពលរដ្ឋជួបការលំបាកក្នុងជីវភាពរស់នៅ។ អ្នកស្រីបន្តថា បច្ចុប្បន្ន ប្រជាពលរដ្ឋប្រើប្រាស់បន្ទះសូឡា ដើម្បីទាញយកអគ្គិសនីពីព្រះអាទិត្យមកប្រើប្រាស់ ប៉ុន្តែនៅរដូវវស្សាម្តងៗ ការប្រើប្រាស់សូឡានេះជួបប្រទះនឹងកង្វះខាត។
អ្នកស្រីត្អូញត្អែរថា៖ «សូឡា វាផ្តោតទៅលើថ្ងៃ [ព្រះអាទិត្យ] រដូវភ្លៀងចឹងវាផ្តល់អត់គ្រប់គ្រាន់នោះទេប្រើបានតែអំពូលមួយទៅពីរ បើកង្ហារវិញ វាអត់បានដល់មួយយប់ទេ ពាក់កណ្តាលម៉ោងមួយ ឬពីរអី រលត់ហើយ»។
ករណីនេះ អ្នកស្រី កន សំដន ស្នើដល់អាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធ ពន្លឿនការតភ្ជាប់បណ្តាញអគ្គិសនី និងទឹកស្អាត សម្រាប់ឱ្យពលរដ្ឋប្រើប្រាស់ជាប្រយោជន៍ក្នុងជីវភាពប្រចាំថ្ងៃ និងសម្រាប់ទាក់ទាញផ្នែកទេសចរណ៍ផងដែរ ខណៈតំបន់នោះ ក៏មានសក្តានុពលផ្នែកអេកូទេសចរណ៍ ឬទេសចរណ៍បែបធម្មជាតិផងដែរ។
ស្រដៀងគ្នានេះដែរ លោក លឹម សៃ តំណាងសហគមន៍អេកូទេសចរណ៍សម្រស់កោះហាន បានឱ្យដឹងដែរថា កន្លងមក លោកធ្លាប់លឺថា មានការដាក់បង្គោលអគ្គិសនីជាបណ្តើរៗ ទៅកាន់តំបន់នោះ ប៉ុន្តែដោយសារដល់រដូវវស្សា ទើបមានការផ្អាកការបោះបង្គោលជាបណ្តោះអាសន្នសិន។ លោកបន្តថា នៅពេលដែលមិនមានអគ្គិសនី និងទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ វាក៏បានជះឥទ្ធិពលមិនល្អដល់វិស័យទេសចរណ៍នៅតំបន់នោះផងដែរ ហើយប្រជាពលរដ្ឋ ក៏ជួបការលំបាកក្នុងការរស់នៅ។
លោកថា៖ «[ការប្រើប្រាស់អគ្គិសនី]អត់គ្រប់ទេ ខ្លះគ្រប់ ខ្លះអត់ទៅ បើយើងប្រើទ្រង់ទ្រាយធំទៅ ក៏អត់បានដែរ ទោះបីអាគុយហ្នឹងរកខូចប្រើប្រាស់បានតែពេលថ្ងៃទៅ ពេលយប់ម៉ោង៧ទៅក៏អស់ភ្លើង[អគ្គិសនី]ចឹងទៅណា […] អគ្គិសនីវាអត់តាំងពីដើមមក វាប៉ះពាល់ ក៏ដូចជាចង់ប្រើប្រាស់ដូចគេដូចឯង ក៏ប៉ុន្តែដូចយើងកន្លែងហ្នឹងអត់បាន យើងគិតតាមអត់ បើវាខ្វះខាតតាំងពីយូរមកហើយ ក៏ទ្រាំរស់នៅតាមហ្នឹងទៅ»។
អភិបាលស្រុកបូរីអូស្វាយសែនជ័យ លោក លី មីនា មានប្រសាសន៍ថា ឃុំកោះស្នែងនេះ ជាតំបន់កោះ ហើយអាជ្ញាធរអគ្គិសនី ក៏បានចុះសិក្សា និងរៀបចំផែនការរួចហើយថា នឹងមានការតភ្ជាប់បណ្តាញអគ្គិសនីទៅកាន់តំបន់ទាំងនេះ នៅក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥ខាងមុខនេះ។ លោកបន្តថា ភូមិកោះកី និងភូមិជាំធំ ដែលជាភូមិ២ ក្នុងចំណោមភូមិចំនួន៤ ក្នុងឃុំនេះ គឺមានការដាក់បង្គោល និងតខ្សែចរន្តអគ្គិសនីរួចហើយ នៅចាំតែប្រជាពលរដ្ឋសហការគ្នាក្នុងការដាក់ពាក្យស្នើទៅអាជ្ញាធរអគ្គិសនី ដើម្បីតបណ្តាញទៅកាន់ផ្ទះរបស់ពួកគាត់តែប៉ុណ្ណោះ។
លោកថ្លែងថា៖ «ឥលូវនេះ អាជ្ញាធរអគ្គិសនីក្នុងឆ្នាំ២០២៤ បានរៀបចំតភ្ជាប់ទៅឱ្យហើយ ក៏ប៉ុន្តែត្រូវឆ្លងទន្លេទៅ ហើយគេសិក្សារួចហើយថាគេនឹងដាក់បង្គោលឡើងទៅលើកោះហ្នឹងហើយ»។
ប្រធានក្រុម Hotline អង្គភាពអគ្គិសនីកម្ពុជានៅខេត្តស្ទឹងត្រែង លោក នន សំណាង បានឱ្យដឹងដែរថា ការយឺតយ៉ាវក្នុងការតបណ្តាញអគ្គិសនីនៅតំបន់នោះ ដោយសារតែឃុំកោះស្នែង ជាតំបន់កោះ ដែលពិបាកក្នុងការតភ្ជាប់បណ្តាញ។ តែយ៉ាងណា លោកថា ក្រុមហ៊ុនម៉ៅការតបណ្តាញអគ្គិសនីដែលទើបតែដេញថ្លៃបានក្នុងឆ្នាំ២០២៤នេះ បានចុះទៅចាក់គ្រឹះសម្រាប់ដាក់បង្គោលអគ្គិសនីហើយ។
លោកថ្លែងថា៖«មូលហេតុដែលមិនមានភ្លើងនៅតំបន់ហ្នឹង គឺសំខាន់លើកញ្ចប់ថវិកា ហើយមួយរយៈចុងក្រោយនេះក៏មានវិបត្តិសេដ្ឋកិច្ចខ្លាំងផងដែរ ហើយវាធ្វើឱ្យប៉ះពាល់គម្រោងទាំងអស់ក្នុងការសាងសង់បណ្តាញអគ្គិសនី បណ្តាញបញ្ជូនអីអស់ហ្នឹង»។
បើតាម លោក នន សំណាង នៅក្នុងខេត្តស្ទឹងត្រែងនេះ មានការតភ្ជាប់បណ្តាញអគ្គិសនីទៅកាន់លំនៅឋានប្រជាពលរដ្ឋប្រមាណ ៦១ភាគរយហើយ ហើយតំបន់ដែលនៅសល់ នឹងមានការតភ្ជាប់ជាបន្តបន្ទាប់ក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥ខាងមុខ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តស្ទឹងត្រែង លោក ចឹក ចិត្រា មានប្រសាសន៍ថា នៅតំបន់មួយចំនួនក្នុងខេត្តនេះ ពិតជានៅមានកង្វះខាតនូវអគ្គិសនី និងទឹកស្អាតប្រើប្រាស់ពិតមែន ដែលករណីនេះ លោកជំរុញឱ្យអាជ្ញាធរពន្លឿនការដោះស្រាយ។ លោកថា នៅពេលដែលមានអគ្គិសនី និងទឹកស្អាតប្រើប្រាស់ នោះនឹងអាចជួយលើកស្ទួលជីវភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិតាមរយៈការទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនទៅកាន់តំបន់ទេសចរណ៍បែបធម្មជាតិនេះ។
លោកថា៖ «ជាទូទៅខាងអគ្គិសនីកម្ពុជា គឺជាអង្គភាពមួយក្នុងការស្វយ័តទទួលខុសត្រូវ និងជាអ្នកស្វែងរកប្រាក់ចំនេញ ចឹងជានិយ័តករពាក់កណ្តាលរដ្ឋ ឯកជនក៏ពួកយើងសំណូមពរថា ឱ្យពួកគាត់សិក្សាស្វែងយល់ទៅលើតម្រូវការបស់ប្រជាពលរដ្ឋ ជាពិសេសអគ្គិសនីសម្រាប់ប្រជាពលរដ្ឋហ្នឹង ធ្វើយ៉ាងណាឱ្យមានតម្លាភាព ជាជាងការប្រើប្រាស់ផ្គត់ផ្គង់អគ្គិសនីទៅតែតំបន់ដែលមានការវិនិយោគ ក៏ដូចជាដីសម្បទាន និងមិនការអើពើដល់ប្រជាពលរដ្ឋនៅក្បែរតំបន់ទាំងអស់នោះ»។
ចំណែក នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី សង្កេតឃើញថា សម្រាប់ថវិកាជាតិដែលបញ្ចេញទៅថ្នាក់ក្រោមជាតិ មានការកើនឡើង ប៉ុន្តែក្រោយមករដ្ឋាភិបាល បានចេញសារាចរមួយ ដោយណែនាំឱ្យមានការប្រើប្រាស់ថវិកានៅថ្នាក់ក្រោមជាតិ ឱ្យមានកម្រិត និងមានប្រសិទ្ធភាពខ្ពស់ ដែលនេះអាចជាការរិតត្បិតមួយ ស្របពេលដែលកំណើនសេដ្ឋកិច្ច និងការប្រមូលពន្ធមានការថយចុះ។ ករណីនេះ លោកថា អាចជាការជះឥទ្ធិពលដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅថ្នាក់ក្រោម និងថមថយនូវការពង្រីកគម្រោងអភិវឌ្ឍន៍ធំៗ។
លោកថ្លែងថា៖ «ជាទូទៅ នៅតាមទីជនបទ មិនទាន់ភ្លើងរដ្ឋ ទឹករដ្ឋនោះទេ ប៉ុន្តែមានក្រុមហ៊ុនឯកជនដែលគេវិនិយោគ ក្រុមហ៊ុនខ្លះពួកគាត់មិនមានថវិកាសម្រាប់ពង្រីកច្រើននោះទេ ជាពិសេសទីជនបទហ្នឹង ការពង្រីកហេដ្ឋារចនាសម្ពន្ធ័ហ្នឹងថ្លៃ ដែលក្រុមហ៊ុនឯកជនខ្លះ គាត់មានថវិកាវិនិយោគច្រើន ទាមទារឱ្យមានកិច្ចសហការជាមួយរដ្ឋពង្រីកនឹងខ្សែរ បណ្តាញអគ្គិសនីទឹកនឹងទៅតាមភូមិដាច់ស្រយាលបាន»។
បើតាម មេឃុំកោះស្នែង លោក វ៉ាន់ សុំផន ក្នុងឃុំនេះមានភូមិចំនួន៤ ក្នុងនោះមាន ភូមិកោះកី ភូមិជាំធំ ភូមិកោះស្នែង និងភូមិកោះស្រឡៅ ដែលមានប្រជាពលរដ្ឋរស់នៅសរុបជាង ៣ ២០០នាក់ ឬស្មើជាង ៥៧០គ្រួសារ៕