តុលាការខេត្តកំពង់ស្ពឺ នៅតែបន្តរក្សាសាលក្រមក្នុងសំណុំរឿងព្រហ្មទណ្ឌប្រឆាំងលោក ជា ចាន់ ដាក់ពន្ធនាគាររយៈពេល១ឆ្នាំដដែល បើទោះបីជាសហព័ន្ធសហជីពកម្ពុជា(CATU)បានចេញសេចក្តីថ្លែងការណ៍ ដោយស្នើសុំឱ្យតុលាការទម្លាក់បទចោទ និងដោះលែងលោក ជា ចាន់ ដោយឥតលក្ខខ័ណ្ឌក៏ដោយ។
កាលពីថ្ងៃទី២០ មិថុនា ឆ្នាំ២០២៤ សហព័ន្ធសហជីពកម្ពុជា (CATU) បានចេញសេចក្តីថ្លែងការណ៍មួយ ដោយស្នើឱ្យក្រសួងយុត្តិធម៌ សាលាដំបូងខេត្តកំពង់ស្ពឺ និងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រុមពិនិត្យ និងស៊ើបអង្កេត ឡើងវិញលើចំពោះសំណុំរឿងព្រហ្មទណ្ឌលោក ជា ចាន់ ឱ្យបានដិតដល់ និងទំលាក់បទចោទ ព្រមទាំងដោះលែងលោក ជា ចាន់ ប្រធានសហជីពកម្ពុជានៃក្រុមហ៊ុន វីងស្តារស៊ូ ដោយឥតលក្ខខណ្ឌ ដោយពួកគេលើកឡើងថា សំណុំរឿងនេះគ្មានអង្គហេតុ និងភស្តុតាងនៃបទល្មើសនោះទេ។
សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងបន្ទាប់ពីតុលាការបានចេញសាលក្រម ក្នុងថ្ងៃតែមួយដោយសម្រេចផ្តន្ទាទោសលោក ជា ចាន់ ដាក់ពន្ធនាគារចំនួន១២ខែ អនុវត្តទោសក្នុងពន្ធនាគារ៦ខែ ហើយទោសដែលនៅសល់ត្រូវព្យូរ។
សហជីពយល់ឃើញថា ការសម្រេចសាលក្រមនេះ គឺមានភាពអយុត្តិធម៌សម្រាប់លោក ជា ចាន់ ដោយពួកគេអះអាងថាប្រធានសហជីពមូលដ្ឋានរូបនេះ ពុំបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់ឡើយ។ផ្ទុយទៅវិញ ការចោទប្រកាន់ និងផ្តន្ទាទោសតាមអំណាចសាលក្រម ដែលចេញដោយសាលាដំបូងខេត្តកំពង់ស្ពឺនេះ គឺជាការបង្ហាញពីការគំរាមកំហែង ការបំភិតបំភ័យ ការរើសអើង និងជាការធ្វើទុក្ខបុកម្នេញមកលើសហជីព (CATU) ដែលជាការរំលោភសិទ្ធិក្នុងទម្រង់ធ្ងន់ធ្ងរ ផ្ទុយពីច្បាប់ជាតិ និងច្បាប់អន្តរជាតិដែលមានជាធរមានក្នុងវិស័យការងារនៅកម្ពុជា។
ប្រធានសហព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ ដែលបានចូលរួមស្តាប់ការប្រកាសសាលក្រម លោក ជា ចាន់ ប្រាប់ Newsroom Cambodia នៅថ្ងៃសុក្រ ទី២១ ខែ មិថុនា ឆ្នាំ២០២៤នេះថា អ្នកស្រីខកចិត្តចំពោះការប្រកាសសាលក្រមរបស់ តុលាការកាលពីម្សិលមិញ ជារឿងអយុត្តិធម៌ដោយអ្នកស្រីថា លោក ជា ចាន់ មិនបានប្រព្រឹត្តអំពើលួចដូចការចោទប្រកាន់ទេ។លើសពីនេះទៀត អ្នកស្រីចោទប្រកាន់ថា ជុំវិញការសម្រេចរបស់តុលាការនេះ ជាការរៀបចំទុកមុនរបស់ក្រុមហ៊ុន និងតុលាការ។
អ្នកស្រីបន្តថា៖«ការសម្រេចនេះ មិនបានផ្អែកលើភស្តុតាងដែលថ្លឹងថ្លែងទៅនឹងរឿងដែលបានកើតឡើងរហូតមានសវនាកាចុងក្រោយនេះ គ្មានបានបង្ហាញចេញបទល្មើសមកបង្ហាញនោះទេ…ហេតុអីបានតុលាការសម្រេចឱ្យ ចាន់ ជាប់ពន្ធនាគារដោយអយុត្តិធម៌…ខ្ញុំគិតថា រឿងនេះគឺជា រឿងអត់ត្រឹមត្រូវ អត់យុត្តិធម៌ ដែលខ្ញុំមើលឃើញថា ការសម្រេចនេះមិនផ្អែកលើភស្តុតាងច្បាប់ ជាការយល់ឃើញរបស់ខ្ញុំ »។
ឆ្លើយតបរឿងនេះ ប្រធានលេខាធិការដ្ឋាន និងជាអ្នកនាំពាក្យរបស់តុលាការខេត្តកំពង់ស្ពឺលោក ផេង ស៊ីភ័ណ អះអាងដោយខ្លីថា តុលាការនៅតែរក្សាសាលក្រមដែលបានសម្រេចរួចហើយ ប្រឆាំងលោក ជា ចាន់ ដោយផ្តន្ទាទោសទោស ដាក់ពន្ធនាគាររយៈពេល១ឆ្នាំ ដដែល។
លោកបន្តថា៖«បាទ! សម្រេចតាមសាលក្រម»។
សម្រាប់អ្នកស្រី យ៉ាង សុភ័ណ្ឌ ចាត់ទុកជំហររបស់តុលាការដែលច្រានចោលចំពោះសេចក្តីថ្លែងការណ៍របស់សហព័ន្ធសហជីពកម្ពុជាថា ជាការសម្រេចដែលមិនផ្អែកលើមូលដ្ឋានច្បាប់ និងភស្តុតាងនោះទេ។
គេហទំព័រ Newsroom Cambodia មិនទាន់អាចសុំការអត្ថាធិប្បាយពី អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បាននៅឡើយទេ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នេះ។
លោក ជា ចាន់ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់មានបណ្តឹងពីភាគីរោងចក្រ ដែលប្តឹងពីបទ«សមគំនិតក្នុងអំពើលួច»។
បើទោះបែបណា ក្រុមសហជីព អះអាងថាការអនុវត្តនីតិវិធីដោយនគរបាលយុត្តិធម៌នេះ គឺការចាប់ខ្លួនលោក ជា ចាន់ ធ្វើឡើងដោយគ្មានដីការត្រឹមត្រូវនោះទេ។ហើយការចាប់ខ្លូននេះទៀតសោត ធ្វើឡើងនៅក្រោយកម្មករប្រចាំនៅរោងចក្រ វីងស្តារស៊ូ បោះឆ្នោតផ្តល់សេចក្តីទុកចិត្តឱ្យលោក ជា ចាន់ ធ្វើជាតំណាងសហជីពមូលដ្ឋាន ប្រចាំនៅរោងចក្រមួយនេះ។រោងចក្រ វីងស្តារស៊ូ ដែលមានទីតាំងនៅក្នុងស្រុកគង់ពិសី ខេត្តកំពង់ស្ពឺ គឺជារោងចក្រដែលផលិត និងផ្គត់ផ្គង់ស្បែកជើងដែលក្រុមហ៊ុន ASICS របស់ប្រទេសជប៉ុន គឺជាអ្នកបញ្ជាទិញ៕