លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាងថាស្ថានភាពនៃទំនាក់ទំនងរវាងប្រទេកម្ពុជា និងវៀតណាមមានភាពល្អប្រសើរតាំងពីអតីតកាល ដោយហេតុថាប្រទេសទាំងពីរតែងបានជួយគ្នាទៅវិញទៅមក ប៉ុន្តែអ្នកតាមដានសង្គមវិញយល់ឃើញថាស្ថានភាពប្រជាជនទាំងពីរក្នុងពេលបច្ចុប្បន្នហាក់មិនទាន់ស្រុះស្រួលគ្នាពេញលេញនៅឡើយ។
ការលើកឡើងបែបនេះធ្វើឡើងចំពេលដែលនាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត បានចូលរួមក្នុងទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត លើកទី៤៧។
ថ្លែងពីទីតាំងបញ្ចុះបឋមសិលាសាងសង់អគារទទួលភ្ញៀវ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម (X16) នៅខេត្តត្បូងឃ្មុំនាព្រឹកថ្ងៃទី២០ មិថុនា ឆ្នាំ២០២៤ លោក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ទំនាក់ទនងកម្ពុជា-វៀតណាមមានភាពល្អប្រសើរតាំងពីដើមនៅក្នុងប្រវត្តិសាស្រ្តដោយវៀតណាមបានជួយជ្រោមជ្រែងរំដោះប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ឈានដល់ការបង្រួបបង្រួមជាតិ ហើយកម្ពុជាក៏បានជួយវៀតណាមដូចគ្នា។
លោកបញ្ជាក់ថា៖«ថ្នាក់ដឹកនាំនៃប្រទេសយើងទាំងពីរកម្ពុជានិងវៀតណាមតែងតែបានលើកជារឿយៗកម្ពុជា និងវៀតណាមធ្លាប់មានប្រវត្តិជួយគ្នាទៅវិញទៅមកនៅក្នុងការដណ្តើមឯករាជ្យពីរបបអាណានិគម ថ្នាក់ដឹកនាំនិងប្រជាជនកម្ពុជាធ្លាប់បានជួយវៀតណាមក្នុងបុព្វហេតុរំដោះប្រទេសដែលឈានដល់ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍន៍ »។
ដោយឡែក លោក មាជ សុវណ្ណរ៉ា ប្រធានគណបក្សជំនាន់ថ្មី លើកឡើងថា កម្ពុជាតែងតែជួយប្រទេសវៀតណាម តាំងតែពីដើមទីដោយកម្ពុជាបានជួយឱ្យវៀតណាម រំដោះវៀតណាមឱ្យផុតពីសង្រ្គាម ខណៈកម្ពុជាខ្លួនឯងសុខចិត្តជួយប្រទេសជិតខាង ដែលធ្វើឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសដែលកើតសង្រ្គាមដ៏រាំរៃក្នុងប្រទេសខ្លួនថែមទៀត។
លោកបញ្ជាក់ថា៖«ប្រទេសយួន [វៀតណាម] បានបង្រួបបង្រួមជាតិ បានសន្តិភាព ឯករាជ្យគឺថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ ខណៈដែលកម្ពុជារងៗនូវការជួយដល់ប្រទេសយួនរហូតដល់កើតសង្រ្គាមខ្លួនឯងនៅក្នុងសង្រ្គាមរបស់របបសាធារណរដ្ឋជាមួយនឹងកងទ័ពនៃកម្ពុជាប្រជាធិបតេយ្យ កងទ័ពខ្មែរក្រហម ហើយដែលកងទ័ពខ្មែរក្រហមហ្នឹងត្រូវបានគេមើលឃើញថាជាកងទ័ពមួយដែលមានការគាំទ្រពីប្រទេសយួន »។
ទន្ទឹមនឹងនោះលោកថា វៀតណាមគួរតែដឹងគុណ និងសងគុណមកកម្ពុជាវិញមិនគួរមានប្រតិកម្ម ឬលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាដូចរឿងសាងសង់ព្រែកជីកហ្វូណនកាលពីពេលថ្មីៗនេះជាដើម។លោកបន្តថារដ្ឋាភិបាលខ្លួនឯងក៏ត្រូវមានគោលជំហរច្បាស់លាស់ត្រៀមខ្លួនដើម្បីការជ្រៀតជ្រែកណាមួយកើតឡើងដែរ។
លោកបន្តថា៖«រដ្ឋាភិបាលត្រូវហ៊ានអារកាត់ ត្រូវបង្ហាញនូវគោលជំហរច្បាស់លាស់ណាដែលជាតម្លាភាពហើយរួបរួមឯកភាពផ្ទែក្នុងជាតិខ្មែរឯងដើម្បីប្រឈមការពារទប់ទល់ទៅនឹងរដ្ឋបរទេសដែលចង់ជ្រៀតជ្រែកអធិបតេយ្យភាពរបស់កម្ពុជា នោះជាបញ្ហាដែលកម្ពុជាត្រូវមានភាពឆ្លាតវៃក្នុងដំណោះស្រាយនយោបាយ »។
ដូចគ្នានេះដែរ អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណរ៉ា យល់ឃើញថាទំនាក់ទំនងរវាងកម្ពុជា-វៀតណាមនាពេលអតីតកាលហាក់មិនមានភាពល្អប្រសើរនោះទេព្រោះកម្ពុជាដូចជាអ្នកទទួលរងគ្រោះពីវៀតណាមក្នុងសម័យសង្គ្រាមនាពេលនោះ។យ៉ាងណាលោកថាចំពោះទំនាក់ទំនងកាទូតរវាងប្រទេសទាំងពីរក្នុងពេលបច្ចុប្បន្ននេះក៏មានភាពល្អប្រសើរខ្លះដែរ លើកលែងបញ្ហាខ្លះភាគីទាំងពីរនៅមិនទាន់យល់ច្បាស់ពីគ្នានៅឡើយ។
បើតាមលោក ឯម សុវណ្ណរ៉ា ស្ថានភាពប្រជាជនរវាងប្រទេសទាំងពីរក្នុងដំណាក់កាលចុងក្រោយនេះហាក់ដូចជាមានភាពរកាំរកូស ភាពមិនចុះសម្រុងគ្នាទាក់ទងទៅនឹងការមិនពេញចិត្តរបស់ប្រជាជនវៀតណាមួយចំនួនមកលើការគម្រោងព្រែកជីកហ្វូណនតេជោរបស់កម្ពុជាដែលបង្ហាញថាភាគីទាំងសង្ខាងនៅមិនទាន់មានភាពជឿជាក់លើគ្នាពេញលេញក្នុងកិច្ចការនយោបាយជាដើម។
លោកបញ្ជាក់ថា៖«ផ្នែកនយោបាយសហការគ្នា[…]ដោយសារតែភាគីម្ខាងៗមិនទាន់ជឿជាក់គ្នាទាំងស្រុងទេនៅក្នុងផ្លូវច្បាប់ យើងឃើញថាវាល្អប្រសើរហើយប៉ុន្តែក្នុងជាក់ស្តែងហាក់ដូចជាមិនសូវទាន់ទុកចិត្តគ្នាទាំងស្រុង ដូចជាកាលពីពេលថ្មីៗយើងឃើញដូចការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រធានព្រឹទ្ធសភា[លោក ហ៊ុន សែន] លោកលើកឡើងពាក់ព័ន្ធទៅនឹងការរិះគន់ ការជ្រៀតជ្រែកទៅលើការជីកប្រឡាយហ្វូណនតេជោ »។
ជាងនេះទៀត អ្នកជំនាញវិទ្យាសាស្រ្តនយោបាយរូបនេះ លើកឡើងថាការលើកឡើងរបស់លោក ហ៊ុន សែន ចំពោះអ្នកការរិះគន់វៀតណាមអំពីរឿងកសាងព្រែកជីកហ្វូណននេះ ទំនាក់ទំនងប្រទេសទាំងពីរនៅមិនទាន់យល់គ្នាច្បាស់នៅឡើយ ខណៈប្រជាជនកម្ពុជាដូចជាមិនមានបញ្ហាអ្វីទេ ប៉ុន្តែប្រជាជនវៀតណាមមួយចំនួនដូចជាព្យាយាមរិះគន់ និងជ្រៀតជ្រែកចំពោះគម្រោងនេះ។លោកបន្តថារដ្ឋាភិបាលនៃប្រទេសទាំងពីរគួរមានការពន្យល់ណែនាំទៅប្រជាជនរៀងៗខ្លួនឱ្យបានច្បាស់ចៀសវាងការយល់ច្រឡំនៅពេលក្រោយបន្តទៀត។
ចំណែកអ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា ថ្លែងថា ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត អំពីទំនាក់ទំនងរវាងកម្ពុជា-វៀតណាម គឺជារឿងត្រឹមត្រូវមួយព្រោះជាប្រពៃណីប្រទេសទាំងពីរតែងតែជួយជ្រោមជ្រែងគ្នាទៅវិញទៅ ហើយរហូតមកទល់នឹងពេលបច្ចុប្បន្នទំនាក់ទំនងនេះនៅតែរក្សាបាននូវកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាដោយមិនមានបញ្ហាណាមួយកើតឡើងនោឡើយ។
លោកបន្តទៀតថា រឿងព្រែកជីកហ្វូណនតេជោដែលកម្ពុជាគ្រោងនឹងសាងសង់នាពេលខាងមុខនេះមិនមែនជាបញ្ហា ឬឧបសគ្គក្នុងការបំផ្លាញទំនាក់ទំនងរវាងប្រទេសទាំងពីរនោះទេ។លើសពីនេះទៀត ប្រទេសនីមួយៗតែងមានការអភិវឌ្ឍន៍រៀងៗខ្លួន ជាកិច្ចការដែលត្រូវតែធ្វើដើម្បីប្រទេសមិនពាក់ព័ន្ធជាមួយប្រទេសណាឡើយ។
លោកបញ្ជាក់ថា៖«ចំណែករឿងហ្វូណនតេជោគ្រាន់តែជាការយល់ឃើញខុសគ្នា វាធម្មតាទេប្រទេសនីមួយៗតែងតែមានចំណុចខ្លះមានការជជែកគ្នា មានការយល់មិនស្របគ្នាប៉ុន្តែមិនមានបញ្ហាអ្វីផង ជារឿងធម្មតាបាទ អ្វីដែលយើងធ្វើក្នុងប្រទេសយើង អ្វីដែលគាត់ព្រួយបារម្ភជារឿងរបស់គាត់ »។
បើតាមលោក ប៉ែន បូណា ទោះជាមានចំណុចមិនល្អណាមួយកើតឡើង ក៏ប្រទេសទាំងពីរនឹងរួបរួមគ្នាពិភាក្សាស្វែងរកដំណោះស្រាយដើម្បីរក្សានូវទំនាក់ទំនងមួយនេះ។
កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ លោក ហ៊ុន សែន បានបង្ហោះសារលើគណនីហ្វេសប៊ុករបស់ខ្លួនដោយអំពាវនាវឱ្យអាជ្ញាធររវាងប្រទេសកម្ពុជា និងវៀតណាមសហការគ្នាស្វែងរកជនជាតិវៀតណាមមួយចំនួនដែលរិះគន់លោកក្នុង វីដេអូ ឃ្លីបដែលបានបង្ហោះនៅលើបណ្តាញសង្គម តិកតុក ចំពោះការសម្រេចរបស់កម្ពុជាដែលសាងសង់ព្រែកជីកហ្វូណនតេជោ។
ករណីនេះ ត្រូវបានរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ បានស្នើឱ្យរដ្ឋាភិបាលវៀតណាមផ្តល់កិច្ចសហការស្រាវជ្រាវ ដើម្បីកំណត់សមាសភាព និងអត្តសញ្ញាណចំពោះអ្នកដែលរិះគន់ និងវាយប្រហារលោកលើបណ្តាញសង្គម៕