អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ឱ្យដឹងថា បុគ្គលឈ្មោះ ស្រី ស៊ីណា ដែលជាអតីតឧកញ៉ា និងជនសង្ស័យចំនួន ២រូបទៀត ក្នុងសំណុំរឿងប្រើប្រាស់អាវុធបាញ់ទៅលើជនរងគ្រោះ បណ្តាលឱ្យមនុស្ស ២នាក់ស្លាប់ និងមនុស្ស ២នាក់ទៀតរងរបួសនោះ កំពុងស្ថិតក្នុងនីតិវិធីស៊ើបសួរ។
កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ មានករណីផ្ទុះអាវុធមួយ បានកើតឡើងនៅចំណុចបុរីប៉េងហួតបឹងស្នោ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលបង្កឡើងដោយលោក ស្រី ស៊ីណា អតីតឧកញ៉ា បណ្តាលឱ្យបុរសម្នាក់ និងស្រី្តម្នាក់ ដែលជាគូដណ្តឹងនឹងគ្នា បានស្លាប់ និងបុគ្គលិករបស់ពួកគេ២នាក់ទៀតរងរបួស។
លោក អេង ម៉េងគ័ង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានប្រសាសន៍នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ថា បុគ្គលឈ្មោះ ស្រី ស៊ីណា និងជនសង្ស័យពីរនាក់ទៀតក្នុងសំណុំរឿងនេះ កំពុងស្ថិតក្នុងដំណាក់កាលស៊ើបសួរនៅសាលាដំបូងរាជធានីភ្នំពេញ។ តែយ៉ាងណា លោកមិនទាន់អាចបញ្ជាក់បានលម្អិតជុំវិញករណីនេះនៅឡើយទេ។
លោកថា៖«ឥឡូវនេះ ដោយសារឿងនេះ កំពុងស្ថិតនៅក្នុងនីតិវិធីសួរចម្លើយរបស់អយ្យការ ហើយចាំមើលគាត់សាកសួរហើយ នៅពេលគាត់សម្រេចបែបណា គាត់នឹងចេញសេចក្តីប្រកាសព័ត៌មាន»។
នាយកការិយាល័យរដ្ឋបាលសរុបនៃនាយកដ្ឋានព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោក មុំ ចេក បានឱ្យដឹងថា ក្រោយពីបានសាកសួរនៅ ជនសង្ស័យទាំង៣រូបនោះ ត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមិថុនា ម្សិលមិញ។
បើតាមការផ្សព្វផ្សាយក្នុងទំព័រហ្វេសប៊ុកផ្លូវការនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ បង្ហាញថា ក្រោយបញ្ចប់ការសួរនាំ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង៣នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ក្នុងនោះមាន លោក ស្រី ស៊ីណា ភេទប្រុស អាយុ ៥០ឆ្នាំ ជាជនដៃដល់ ឈ្មោះ សាន សុខចំរើន ភេទប្រុស អាយុ ២៦ឆ្នាំ និងឈ្មោះ ទិន ទូច ភេទប្រុស អាយុ២៦ឆ្នាំ ជាអ្នកឌុបជនដៃដល់ទៅធ្វើសកម្មភាព។
ប្រភពដដែលបន្ថែមថា៖«សម្ភារៈដកហូតបាន រួមមាន អាវុធខ្លីម៉ាក STOEGER COUGAR 8000 លេខT942907-A008684 គ្រាប់ចំនួន១៨គ្រាប់ បង់ចំនួន០២ (សម្រាប់ធ្វើសកម្មភាព), រថយន្ត១គ្រឿងម៉ាកSSANG YONG REXTON ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2BL-9923, ទូរស័ព្ទចំនួន៤គ្រឿង, រថយន្ត១គ្រឿង ម៉ាកTOYOTA RAIZE ពណ៌ខៀវ ពាក់ផ្លាកលេខ2BQ-3654 និងម៉ូតូ១គ្រឿង ម៉ាកHONDA ZOOMER X ពណ៌ក្រហមលាយខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1GX-9541»។
កញ្ញា ឡុង លីហ័រ ត្រូវជាប្អូនស្រីបង្កើតរបស់ជនរងគ្រោះដែលស្លាប់ ឈ្មោះ ឡុង លីសុង សុំមិនអត្ថាធិប្បាយជុំវិញករណីនេះ ដោយប្រាប់ថាកំពុងជាប់រៀបចំពិធីបុណ្យសពឱ្យបងប្រុសរបស់ខ្លួន។
តែយ៉ាងណា កញ្ញាថា៖ «ពាក់ព័ន្ធរឿងនេះ ខ្ញុំនឹងធ្វើតាមនីតិវិធីច្បាប់គឺឱ្យមេធាវី និងតុលាការជាអ្នកសម្រេច»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ករណីអតីតឧកញ៉ា ស្រី ស៊ីណា បាញ់សម្លាប់ទៅលើយុវជនដែលជាគូដណ្តឹងនឹងគ្នា ដោយសារជម្លោះបន្តិចបន្តួចនេះ ជារឿងឃោរឃៅ និងអមនុស្សធម៌មួយ ដែលបង្កឱ្យប៉ះពាល់ដល់គោរមងារជាឧកញ៉ា និងធ្វើឱ្យពលរដ្ឋមានការព្រួយបារម្ភ។
ករណីនេះ លោកស្នើដល់តុលាការ ពិចារណា និងពិនិត្យទៅលើស្ថានទម្ងន់ទោសបន្ថែមទៀត សម្រាប់ធ្វើការផ្តន្ទាទោស ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ។
លោកបន្ថែមថា៖ «អាជ្ញាធរ និងតុលាការ ត្រូវអនុវត្តច្បាប់ឱ្យបានតឹងរឹង តម្លាភាព និងយុត្តិធម៌។ ជនណាដែលរកឃើញថាប្រព្រឹត្តបទល្មើសត្រូវទទួលទោសតាមច្បាប់ ជាពិសេសអ្នកដែលមានអំណាច មានទ្រព្យ ហើយប្រព្រឹត្តបទល្មើសឧក្រិដ្ឋដ៏ឃោរឃៅអមនុស្សធម៌ត្រូវមានស្ថានទម្ងន់ទោស។ ព្រោះការអនុវត្តច្បាប់ និងការផ្តន្ទាទោសតឹងរឹងតាមច្បាប់ជាការផ្តល់យុត្តិធម៌ និងជាគំរូមិនឱ្យអ្នកដ៏ទៅយកគំរូក្នុងការប្រព្រឹត្តបទល្មើស […] អាជ្ញាធរពាក់ព័ន្ធត្រូវពង្រឹងការត្រួតពិនិត្យ និងការគ្រប់គ្រងអាវុធឱ្យមានប្រសិទ្ធភាព និងបង្កើនការបង្រ្កាបការជួញដូរអាវុធ ការកាន់កាប់ និងការប្រើប្រាស់អាវុធខុសច្បាប់ឱ្យមានប្រសិទ្ធភាព»។
លោកបញ្ជាក់ថា ការត្រួតពិនិត្យ និងគ្រប់គ្រងអាវុធរបស់អាជ្ញាធរពាក់ព័ន្ធ ហាក់នៅមានភាពខ្វះចន្លោះ និងធូររលុងនៅឡើយ ទើបបណ្តាលឱ្យមានការប្រើប្រាស់អាវុធខុសច្បាប់ ការជួញដូរអាវុធ ជាពិសេសការប្រើប្រាស់អាវុធក្នុងការប្រព្រឹត្តបទល្មើសឧក្រិដ្ឋ ដូចជាការបាញ់សម្លាប់ ប្លន់ បង្ករបួសស្នាម និងការគំរាមកំហែងផ្សេងៗទៀត ដែលបង្កនូវអសន្តិសុខសង្គម អសុវត្ថិភាពដល់ប្រជាពលរដ្ឋ និងបង្កឱ្យពលរដ្ឋមានភាពភ័យខ្លាច ។
គួរបញ្ជាក់ថា ក្នុងសំណុំរឿងនេះ ជនសង្ស័យបានសារភាពប្រាប់សមត្ថកិច្ចកាលពីថ្ងៃ១៧ ខែមិថុនា ឆ្នាំ២០២៤ ក្រោយការចាប់ខ្លួនថា ខ្លួនពិតជាបានបាញ់សម្លាប់ជនរងគ្រោះទាំង ២នាក់ និងអ្នកធ្វើការជាមួយជនរងគ្រោះ ដោយសារតែខឹងនឹងពាក្យសម្ដីជេរប្រមាថរបស់ជនរងគ្រោះ។ បញ្ហានេះ បណ្តាលមកពីទំនាស់រវាងអ្នកជួលផ្ទះរបស់ខ្លួន និងជនរងគ្រោះ លើការដាក់ស្នួរហាលខោអាវលើព្រំដីនៅផ្ទះជាប់គ្នា។
បើតាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី៤ ខែមករា ឆ្នាំ២០១០ បញ្ញាត្តិថា «បទឃាតកម្មគិតទុកជាមុន» គឺជាអំពើសម្លាប់មនុស្សដោយគិតទុកជាមុន ឬដោយការពួនស្ទាក់។ ការគិតទុកជាមុន គឺជាគម្រោងដែលបង្កើតឡើងមុន អំពើបៀតបៀននៅលើរូបបុគ្គលនៃជនរងគ្រោះ។ ការពួនស្ទាក់ គឺជាអំពើឃ្លាំចាំបុគ្គលណាម្នាក់ក្នុងរយៈពេលខ្លី ដើម្បីប្រព្រឹត្ត អំពើបៀតបៀនទៅលើរូបបុគ្គលនៃជនរងគ្រោះ។ ឃាតកម្មគិតទុកជាមុន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត៕