សមាជិកសហជីព និងជាអតីតកម្មការិនីធ្វើការនៅក្រុមហ៊ុនបូវឃើរ ហ្គាមេន ហ្វេកធើរី ខេមបូឌា (Boker Garment Factory–Cambodia) នៅតែមិនទាន់ទទួលបានដំណោះស្រាយនៅឡើយ ក្រោយថៅកែបញ្ឈប់ពីការងារ បន្ទាប់ពីមានជម្លោះជាមួយភាគីម្ខាងទៀតជាសមាជិកសហជីពខាងក្រុមហ៊ុន។
កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ក្រុមហ៊ុនបូវឃើរហ្គាមេន ដែលមានទីតាំងនៅភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល បានបញ្ឈប់កម្មការីនីម្នាក់ឈ្មោះ សុខ ចាន់ថា បន្ទាប់ពីរូបគាត់មានទំនាស់បន្តិចបន្តួចជាមួយនឹងប្រធានក្រុម រឿងការងារ។
អ្នកស្រី សុខ ចាន់ថា ជាសមាជិកសហជីពកម្ពុជា និងជាបុគ្គលិកធ្វើការក្នុងក្រុមហ៊ុនបូវឃើរហ្គាមេនហ្វេកធើរី (ខេមបូឌា) ប្រាប់ Newsroom Cambodia នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤នេះថា អ្នកស្រីធ្វើការក្នុងរោងចក្រនេះអស់រយៈពេល ១១ឆ្នាំមកហើយ ហើយត្រូវបានថៅកែបញ្ឈប់ពីការងារ ដោយសារតែអ្នកស្រីមានជម្លោះជាមួយប្រធានក្រុមកាត់ដេរជាមួយគ្នា។
ស្រ្តីវ័យ៤៧ឆ្នាំនោះ បានរៀបរាប់ថា មុនពេលកើតហេតុប្រធានក្រុមឈ្មោះ ផល្លី កល្យាណ បានតាមចាំឃ្លាំមើលអ្នកស្រីក្នុងកំឡុងពេលធ្វើការ បន្ទាប់មកក៏បានចោទរូបគាត់ថាមិនធ្វើការ ដោយគិតតែដើរទៅវិញទៅមក ហើយពេលនោះក៏កើតមានទំនាស់ពាក្យសម្តីជាមួយគ្នា រហូតឈានដល់ការប្រតាយប្រតប់លើគ្នាបន្តិចបន្តួច។
អ្នកស្រីបញ្ជាក់ថា៖ «ខ្ញុំមិនមានវាយគាត់ទេ ខ្ញុំគ្រវាសដៃទេ គាត់ដើរមកទាញកាតខ្ញុំយកទៅថត ថតឡើងអូសហ្វីស(office) អញ្ចឹងខ្ញុំមិនឱ្យកាតគាត់ ក៏ខ្ញុំគ្រវាសដៃទៅចំស្មារបស់គាត់ ហើយលើកទី២ ក៏គាត់មិនសុខចិត្ត គាត់លូកដៃមកចំមាត់ វាយមាត់ខ្ញុំ ហើយគាត់ទាញកាតខ្ញុំយកទៅ ក៏ខ្ញុំមិនឱ្យ ក៏ខ្ញុំគ្រវាសដៃទៅក៏ចំពោះរបស់គាត់បន្តិច អញ្ចឹងក៏គាត់មានពាក្យបណ្តឹងហ្នឹងគាត់ឡើងទៅអូសហ្វីស ឱ្យអូសហ្វីសមកហៅខ្ញុំទៅណែនាំ តែមិនមែនហៅខ្ញុំទៅណែនាំទេ[…]ហៅខ្ញុំទៅដកឈ្មោះតែម្តង»។
អ្នកស្រីបន្តថា៖ «បើ[ភាគីរោងចក្រ]ខឹង គួរបញ្ឈប់ទាំងពីរនាក់ មិនមែនតែម្នាក់ អញ្ចឹងខ្ញុំមិនសុខចិត្តទេ[…] និយាយយ៉ាងម៉េចជាមួយអូហ្វីស ក៏គាត់អត់នេះដែរ គាត់អត់មានឱ្យខ្ញុំចរចា២នាក់ហ្នឹង សម្រួលគ្នាថារឿងបន្តិចបន្តួចសម្រួលគ្នាធ្វើការវិញ អញ្ចឹងក៏គាត់អត់មានសម្រួលដែរ គាត់ដាក់ពាក្យបណ្តឹងខ្ញុំ គាត់ដេញខ្ញុំចេញទៅ»។
បើតាម អ្នកស្រី សុខ ចាន់ថា មកទល់នឹងពេលនេះ អ្នកស្រីនៅមិនទាន់ទទួលបានដំណោះស្រាយណាមួយនៅឡើយ។ អ្នកស្រីបានសំណូមពរឱ្យខាងរោងចក្រគួរតែពិចារណាទទួលយកខ្លួនចូលធ្វើការវិញ និងស្នើឱ្យក្រសួងការងារ ជួយអន្តរាគមន៍រកយុត្តិធម៌ចំពោះករណីនេះ។
លោក ឡឹក សុភ័ក្រ ប្រធានសហជីពកម្ពុជាប្រចាំរោងចក្រ បូវឃើរ ហ្គាមេន យល់ថា ការបញ្ឈប់អ្នកស្រី សុខ ចាន់ថា គឺជារឿងមួយដែលមិនសមស្របទាល់តែសោះ ព្រោះរឿងនេះគ្រាន់តែជាការទាស់ទែងពាក្យសម្តីគ្នារវាងបុគ្គលិក និងបុគ្គលិកតែប៉ុណ្ណោះ មិនគួរណាឈានដល់មានការបណ្តេញចេញពីការងារដូច្នេះទេ។ លោកបន្តថា ទង្វើនេះ ហាក់បង្ហាញពីសិទ្ធិសេរីភាពរបស់សហជីព នៅតែទទួលរងការរើសអើងព្រោះភាគីម្ខាងទៀតដែលមានជម្លោះនោះ ជាសហជីពខាងក្រុមហ៊ុនផ្ទាល់។
លោកបញ្ជាក់ថា៖ «ពាក់ព័ន្ធនឹងការបញ្ឈប់ហ្នឹង ខ្ញុំគិតថា វាមិនស្របនឹងផ្លូវច្បាប់ទី១ ទី២ បញ្ហាហ្នឹងជារឿងធម្មតា លក្ខណៈធម្មតាជាមួយបុគ្គលិកម្នាក់និងបុគ្គលិកម្នាក់ ដូចរបៀបនិយាយគ្នាលេងសើចសោះ អញ្ចឹងប៉ះពាល់គ្នាបន្តិចបន្តួចបែរជាយករឿងហ្នឹង យកហ្នឹងមកបញ្ឈប់បងស្រី ឈ្មោះ ចាន់ថា គិតមើលទៅដូចវាមិនតម្លាភាពសម្រាប់កម្មករដូចគ្នាទេ អញ្ចឹងក្រុមហ៊ុននៅតែរើសអើងសម្រាប់សហជីពមួយ និងសហជីពមួយទៀតអញ្ចឹង»។
បើតាម លោក ឡឹក សុភ័ក្រ ពេលដែលមានបញ្ហានេះកើតឡើង រូបលោកក៏បានព្យាយាមជជែកជាមួយខាងក្រុមហ៊ុន ដូចជាប្រធានរដ្ឋបាល ដើម្បីឱ្យភាគីទាំងសងខាងជជែកគ្នាដើម្បីបញ្ចប់រឿងដែរ ប៉ុន្តែត្រូវបានប្រធានរដ្ឋបាលបដិសេធ ដោយអះអាងថា អ្នកស្រីសុខ ចាន់ថា មានកំហុសធ្ងន់មិនអាចលើកលែងបាន។ ករណីនេះ លោកស្នើទៅភាគីរោងចក្រ កុំឱ្យមានការរើសអើង ជាពិសេសសហជីពឯករាជ្យនៅក្នុងរោងចក្រនេះ ព្រមទាំងត្រូវបើកលំហរសេរីភាពបញ្ចេញមតិ និងគោរពច្បាប់ការងារ។
Newsroom Cambodia នៅមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក សៀង រដ្ឋថា ប្រធានរដ្ឋបាលក្រុមហ៊ុនបូវឃើរ ហ្គាមេន ហ្វេកធើរី ខេមបូឌា (Boker Garment Factory – Cambodia) បានទេ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤នេះ ដោយថាជាប់ប្រជុំ។
ចំណែក អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក កត្តា អ៊ន ថ្លែងថា ក្រសួងបានទទួលពាក្យបណ្តឹងទាក់ទងនឹងករណីនេះហើយ ហើយនាយកដ្ឋានដោះស្រាយវិវាទការងារ កំពុងតែតាមដាន និងសិក្សាស្រាវជ្រាវ ដើម្បីសម្របសម្រួលដោះស្រាយតាមនីតិវិធី និងច្បាប់ការងារ។
លោកបញ្ជាក់ថា៖ «បើក្រុមហ៊ុនខុស តម្រូវឱ្យកម្មករចូលធ្វើការវិញ និងផ្តល់អត្ថប្រយោជន៍ផ្សេងៗ។ បើកម្មករនិយោជិតខុស ត្រូវអនុវត្តន៍តាមការរសម្រេចរំលាយកិច្ចសន្យាការងារ»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ កម្មករម្នាក់ឈ្មោះ មាប់ បូណា ក៏ត្រូវបានថៅកែក្រុមហ៊ុនបូវឃើរហ្គាមេន បញ្ឈប់ពីការងារ ក្រោយលោកបានចូលជាសមាជិកសហជីពកម្ពុជា ដោយក្រុមហ៊ុនយកលេសថាត្រូវព្យួរការងារសិន ប៉ុន្តែជាក់ស្តែងក្រោយរូបគាត់ដាក់ពាក្យបណ្តឹងនៅក្រសួងការងារ ទើបដឹងថា ត្រូវបានភាគីក្រុមហ៊ុនបញ្ឈប់ ដោយចោទថាកេងប្រវ័ញ្ចការងារ។ នេះបើតាម លោក ឡឹក សុភ័ក្រ ប្រធានសហជីពកម្ពុជា៕