សកម្មជនចលនាមាតាធម្មជាតិបានស្នើឱ្យប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃតុលាការក្រុងភ្នំពេញចាក់បញ្ចាំងវីដេអូ ឃ្លីបដែលជាភស្តុតាងនៅក្នុងអង្គសវនាការ ដោយពួកគេអះអាងថាអាចដោះបន្ទុកពីការចោទប្រកាន់ ក៏ប៉ុន្តែការទាមាររបស់ក្រុមចលនាមាតាធម្មជាតិនេះ ត្រូវច្រានចោលដោយប្រធានក្រុមប្រឹក្សាជំនុំជម្រះវិញ។
សម្រាប់សវនាការជុំទី៥ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៤ មិថុនា ឆ្នាំ២០២៤ នេះ តុលាការបន្តលើកយកបទចោទ «រួមគំនិតក្បត់ និងប្រមាថចំពោះអង្គព្រះមហាក្សត្រ » មកជំនុំជម្រះឡើងវិញ ដូចដែលសវនាការបានដំណើរក្តីរួចហើយកាលពី៤លើកកន្លងទៅ។
សកម្មជនចលនាមាតាធម្មជាតិកញ្ញា ភួន កែវរស្មី បានប្រាប់អ្នកសារព័ត៌មាន ក្រោយចេញពីសវនាការថា កញ្ញាបានស្នើឱ្យតុលាការចាក់បញ្ចាំង វីដេអូ ឃ្លីបដែលជាភស្តុតាងមានស្រាប់ក្នុងបញ្ជីភស្តុតាងដែលអះអាងថាមិនទាន់ទាញយកមកប្រើ ឬDownloadនោះ ប៉ុន្តែតុលាការមិនឯកភាពតាមសំណើរ។
កញ្ញាបន្តថា៖ «នាងខ្ញុំស្នើហ្នឹង បើសិនបើប៉ូលីសនគរបាលមិនបានដាក់[វីដេអូភស្ដុតាង]មក តើខ្ញុំអាចអត់ក្នុងនាមជាជនជាប់ចោទ Download វីដេអូហ្នឹងដើម្បីដាក់ជាភស្តុតាងដើម្បីដោះបន្ទុកខ្លួនឯងទាំងតែវីដេអូហ្នឹងគឺត្រូវមាន ប៉ុន្តែជាកង្វះខាតរបស់តំណាងអយ្យការជាមួយនិងមន្ត្រីនគរបាលដែលមិនបាន Download យកមកចាក់ទេ តែខ្ញុំចង់ Download យកមកចាក់ ព្រោះអីវាជាប្រយោជន៍របស់ខ្ញុំនូវការបង្ហាញភាពស្អាតស្អំរបស់ខ្ញុំ ប៉ុន្តែខ្ញុំមិនត្រូវបានលោកស្រីចៅក្រម និងអង្គជំនុំជម្រះអនុញ្ញាតឱ្យ Download យកមកចាក់ទេ គឺគាត់ប្រញាប់ក្នុងការចប់សវនាការខ្លាំងមែនទែន»។
សកម្មជនចលនាមាតាធម្មជាតិរូបនេះថា នេះជាបង្ហាញពីភាពមិនយុត្តិធម៌ និងជាការរើសអើងជនជាប់ចោទពីសំណាក់ចៅក្រម និងជាការជួយការពារតំណាងអយ្យការ។
កញ្ញាបន្តថា៖ «ខ្ញុំឃើញថាចៅក្រមគាត់បង្ហាញពីការរើសអើងពីការប្រើប្រាស់អំណាចដើម្បីគាបសង្កត់មកលើខ្ញុំដែលជាជនជាប់ចោទដែលខ្ញុំមិនដឹងថាគាត់មានអារម្មណ៍ខឹង គុំកួនអារម្មណ៍មួយណាទេប៉ុន្តែវាជាអារម្មណ៍ដែលខ្ញុំទទួលបាននៅក្នុងសវនាការ គឺខ្ញុំត្រូវបានគេគាបសង្កត់ដោយចៅក្រម ដែលគាត់ប្រើប្រាស់អំណាចរបស់គាត់មកគាបសង្កត់ឲ្យយើងមិនអាចអនុវត្តសិទ្ធិក្នុងនាមជាជនជាប់ចោទបានពេញលេញ មួយទៀតគាត់មិនបង្ហាញថាការពារយើងក៏ហីទៅ តែគាត់ជាចៅក្រមមានតួនាទី ស្វែងរកការពិតនៅក្នុងរឿងហ្នឹង តែគាត់បង្ហាញអាកប្បកិរិយាការពារតំណាងអយ្យការដែលជាអ្នកចោទប្រកាន់យើង»។
ចំណែកឯកញ្ញា ឡុង គន្ធា ជាសកម្មជនមួយរូបទៀត លើកឡើងថាកញ្ញាមិនរំពឹងថាកញ្ញានឹងទទួលបានការជុំរុំជម្រះប្រកបដោយយុត្តិធម៌នោះទេ ដោយសារការស្នើសុំឱ្យចាក់បញ្ចាំង វីដេអូ ឃ្លីប ដែលជាភស្តុតាងក៏ចៅក្រមមិនព្រមចាក់ ហើយអង្គចៅក្រមបង្ហាញគោលជំហរការពារតំណាងអយ្យការ និងមានការច្រើពាក្យពេចន៍មួយចំនួនដូចជាថា តុលាការសង្ខេបៗ ទាំងនោះធ្វើឱ្យកញ្ញាអស់សង្ឃឹមចំពោះតុលាការ។
កញ្ញាបន្តថា៖ «ខ្ញុំភ្ញាក់ផ្អើលមែនទែននៅពេលដែលចាក់វីដេអូចប់ហើយ គ្នាយើងសូមនិយាយដើម្បីចាក់វីដេអូភស្តុតាង វាមិនមែនជាភស្តុតាងដែលបន្ថែមថ្មីទេ តែជាភ័ស្តុតាងដែលសមត្ថកិច្ចយកមកកសាងសំណុំរឿងចោទប្រកាន់ពួកយើង ខណៈពេលដែលទៅហ្នឹងវាជាភ័ស្តុតាងដែលមានប្រយោជន៍ ដល់ពួកយើងនៅជាមួយកូនក្ដី តែបែរជាធ្វើទៅបានមិនអនុញ្ញាតឱ្យចាក់[…]យើងមិនរំពឹងថាយើងនឹងទទួលបានយុត្តិធម៌ទេ នៅក្នុងដំណើរការនៃការជំនុំជម្រះក្ដីនេះហើយ អារម្មណ៍ពួកយើងពេលនេះវាដូចគ្នាយើងអត់ច្បាស់លាស់ យើងអត់ដឹងថាយើងនឹងមានសេរីភាពដល់ពេលណា រឿងក្ដីក៏យើងអាចជាប់ពន្ធនាគាររហូតទៅដល់១០ឆ្នាំពេលវេលាចាក់វីដេអូភស្តុតាងត្រឹមតែ២នាទីក៏ចៅក្រមពុំអនុញ្ញាតហើយគាត់ក៏និយាយថាធ្វើបែបសង្ខេបៗ តើពេលជាប់ពន្ធនាគារសង្ខែបដែរមែន? នៅពេលយើងបាត់បង់សិទ្ធសេរីភាព ខ្ញុំទទួលយកអត់បាន» ។
លោក សំ ចំរើន មេធាវីការពារក្ដីឱ្យក្រុមសកម្មជនចលនាមាតាធម្មជាតិបានប្រាប់ Newsroom Cambodia ថា លោកមិនមានវិធីតវ៉ាឱ្យចាក់វីដេអូ ឃ្លីប ដែលជាភស្តុតាងទាំងនោះតាមសំណើកូនក្ដីលោកទេ ដោយសារចៅក្រមបានបដិសេធសំណើនោះដោយថាវាមិនមានភាពចាំបាច់។
លោកមានប្រសាសន៍ថា៖ «ចៅក្រមគាត់សម្រេចអត់ទទួលយកទេ គាត់សម្រេចថាមិនមានភាពចាំបាច់ហើយគាត់ក៏បន្តនីតីវិធីទៀត[…]បើគាត់[ចៅក្រម]សម្រេចថាអត់ធ្វើហើយយើងធ្វើអីតវ៉ាទៀត គាត់ជាអធិបតីក្នុងសវនាការ»។
ចំណែក លោក យី សុខសាន្ត មន្រ្តីអង្កេតជាន់ខ្ពស់ នៃសមាគមន៍ការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា អាដហុក (Adhoc) ប្រាប់អ្នកសាព័ត៌មានថា សវនាការលើកទីប្រាំដែលក្រុមប្រឹក្សាជំនុំជម្រះបានអនុញ្ញាតឱ្យយក វីដេអូ ឃ្លីបដែលជាភស្តុតាងដាក់បន្ទុកទៅលើជនជាប់ចោទគឺមាន២៣ឃ្លីប ប៉ុន្តែមានតែដប់ពីរឃ្លីបទេ ដែលបានចាក់នៅ១១ វីដេអូ ឃ្លីបទៀតអត់ទាន់បានបង្ហាញ។
លោកបន្តថា៖ «លោកដារ៉ាវុធ និងភួន កែរស្មី បញ្ជាក់ថាហេតុអីបានជាចោទគាត់ពីពីបទរួមគំនិតក្បត់ហើយជេរប្រមាថព្រះមហាក្សត្រ ហេតុអីបានជាអត់មានភស្តុតាងដាក់បន្ទុកគាត់? អញ្ជឹងប្រធានក្រុមប្រឹក្សាបានបញ្ជាក់ថា បើសិនជាគេចោទប្រកាន់មានភស្តុតាងច្រើនហើយពេលដែលសវនាការសួរដេញដោលវាអត់មានភស្តុតាងដាក់បន្ទុកមានន័យថា ជាប្រយោជន៍របស់កូនក្ដី»។
បើតាមលោក យី សុខសាន្ត សម្រាប់សវនាការលើកទី៥នេះ ការចោទប្រកាន់ពាក់ព័ន្ធនឹងជេរប្រមាថដល់អង្គព្រះមហាក្សត្រ គឺភាសាអាឡិចនិយាយតែម្នាក់មឯង និងសកម្មជនការពារបរិស្ថានដែលមាននៅក្នុងអង្គសវនាការ មិនជាប់ពាក់ព័ន្ធនឹងបទចោទរឿងប្រមាថអង្គមហាក្សត្រទេ។មួយវិញទៀយពួកគេបានជជែកគ្នាតែរឿងពាក់ព័ន្ធនឹងបរិស្ថាន ដែលជាសកម្មភាពនេះវាស្របនឹងច្បាប់ថែមទៀត ប៉ុន្តែបែរជាត្រូវនគរបាលមានលិខិត និងចេញដីការចោទប្រកាន់ទៅវិញ។
លោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានប្រាប់ Newsroom Cambodia ថា ការបដិសេធសំណើរបស់សកម្មជនចលនាមាតាធម្មជាតិក្នុងការចាក់បញ្ចាំងវីដេអូ ឃ្លីប ដែលជាភស្ដុតាងនោះ វាជាសិទ្ធិរបស់ចៅក្រមជំនុំជម្រះក្ដីនៅក្នុងសវនាការ។
លោកបន្តថា៖ «អាហ្នឹងនៅដំណាក់កាលជំនុំជម្រះជាឆន្ទានុសិទ្ធិរបស់ចៅក្រមជំនុំាំម្រះ»។ នៅក្នុងសំណុំរឿង«រួមគំនិតក្បត់» មានមនុស្ស១០នាក់ ត្រូវរង់បណ្តឹងតាមផ្លូវតុលាការរួមមាន លោក លី ចាន់ដារ៉ាវុត កញ្ញា ភួន កែវរស្មី លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា លោក យឹម លាងហ៊ី លោក ម៉ិញ ពិសិដ្ឋ កញ្ញា រ៉ី រក្សា លោក ពក ខឿយ កញ្ញា ស៊ុន រដ្ឋា និងលោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន។ ចំណែកឯសំណុំរឿង«ប្រមាថព្រះមហាក្សត្រ» មានមនុស្ស៣នាក់ដែលត្រូវចោទប្រកាន់រួមមានលោក យឹម លាងហ៊ី កញ្ញា ស៊ុន រដ្ឋា និងលោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន៕