ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋប្រើប្រាស់កម្មវិធី Cool app ដែលជាបណ្តាញទំនាក់ទំនងសង្គម បង្កើតឡើងដោយជនជាតិខ្មែរ ដើម្បីសុវត្ថិភាព និងធានាបាននូវទំនាក់ទំនងក្នុងប្រទេស នៅពេលដែល App ឬបណ្តាញទំនាក់ទំនងសង្គមបរទេស មិនដំណើរការ ឬរអាក់រអួល។
CoolApp ជាបណ្តាញទំនាក់ទំនងសង្គម Chat លើកដំបូងរបស់កម្ពុជា ដែលមានលក្ខណៈស្តង់ដារបរទេសដូច Telegram និង WhatsApp ហើយបច្ចុប្បន្នបានដាក់ដំណើរការនៅលើ App Store និង Play Store ហើយ។
ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានលើកឡើងនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោក កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ថា រយៈពេលប៉ុន្មានថ្ងៃមកនេះ រូបលោកបានសាកល្បងប្រើប្រាស់កម្មវិធី Cool App ដែលផលិតដោយពលរដ្ឋខ្មែរ ដោយកម្មវិធីនេះ ប្រើប្រព័ន្ធរក្សាការសម្ងាត់បំផុត គឺប្រព័ន្ធ Encryption ដែលពុំអាចមើល ឬអានសាររបស់អ្នកប្រើប្រាស់ទេ សូម្បីតែក្រុមហ៊ុន CoolApp ផ្ទាល់ក៏ដោយ។
លោកបន្តថា នៅប្រទេសដទៃ មានប្រព័ន្ធទំនាក់ទំនងផ្សេងៗគ្នា ដូចជា Wechat របស់ចិន, Zalo របស់វៀតណាម, Kakao Talk របស់កូរ៉េខាងត្បូង និង Telegram របស់រុស្ស៉ី ខណៈបច្ចុប្បន្នកម្ពុជាមាន Cool App។
ករណីនេះ លោកបានលើកទឹកចិត្ត និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស រួមទាំងមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម Cool App នេះ ដើម្បីសុវត្ថិភាព និងធានាដល់ការទំនាក់ទំនងក្នុងប្រទេស នៅពេលដែលបណ្តាញទំនាក់ទំនងសង្គមបរទេស រអាក់រអួល និងមិនដំណើរការ។
លោកថា៖ «រឿងសំខាន់មួយទៀត គឺការធានាដល់ទំនាក់ទំនងក្នុងប្រទេសរបស់យើង ក្នុងករណីបណ្តាញទំនាក់ទំនងរបស់បរទេស ជួបការរអាក់រអួលដោយប្រការណាមួយ។ ដូចនេះមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធគួរបង្កើតឱ្យមាន CoolApp ដើម្បីធានាម្ចាស់ការលើរក្សាការសម្ងាត់ផង និងការដាច់ទំនាក់ទំនងពីប្រព័ន្ធបរទេសផង»។
លោក ហ៊ុន សែន បានគូសបញ្ជាក់ដែរថា កម្ពុជា មិនបានហាមឃាត់ឱ្យពលរដ្ឋឈប់ប្រើប្រាស់ប្រព័ន្ធដែលធ្លាប់ប្រើនោះឡើយ ប៉ុន្តែលោកចង់ឱ្យពលរដ្ឋសាកល្បងប្រើប្រាស់ប្រព័ន្ធថ្មីនេះ ខណៈការប្រើប្រាស់ Cool App មានភាពងាយស្រួល ៣ចំណុច ក្នុងនោះគឺងាយស្រួលបង្កើតដោយមិនពិបាករកលេខកូដពីកន្លែងផ្សេង ឬរងចាំយូរ និងបញ្ជូនសារជាអក្សរ រូបថត វីដេអូ និងសារជាសំឡេងបានលឿន ព្រមទាំងខលឆ្លើយឆ្លង និងវីដេអូខលបានយ៉ាងច្បាប់ល្អ ហើយប្រព័ន្ធនេះប្រើអ៊ីនធឺណែត តិចជាងប្រព័ន្ធផ្សេងទៀត។
លោកបានបន្ថែមថា៖ «គោលដៅរបស់ខ្ញុំក្រៅពីលើកទឹកចិត្តឱ្យកូនខ្មែរចេះស្រាវជ្រាវបច្ចេកទេសវិទ្យាសាស្ត្រ ក្លាយជាផលិតផលខ្មែរ អ្វីដែលខ្ញុំត្រូវគិតគឺសុវត្ថិភាពសម្រាប់សន្តិសុខជាតិ ដែលបរទេសពិបាកជ្រៀតជ្រែកយកព័ត៌មានពីយើងបាន»។
អ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ហេង សុខគង់ មានប្រសាសន៍យ៉ាងខ្លីនៅថ្ងៃទី២៤ ខែមិថុនានេះថា លោកកំពុងតែសិក្សាទៅលើកម្មវិធីនេះ និងសាកល្បងប្រើប្រាស់ដែរ។
ចំណែក អគ្គនាយករងនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំនៃក្រសួងមហាផ្ទៃ លោក អ៊ីវ វាសនា មានប្រសាសន៍ថា ការប្រើប្រាស់កម្មវិធីនេះ នឹងបង្កភាពងាយស្រួលនៅក្នុងការស្វែងរកជនបង្ក ឬក្លែងបន្លំណាមួយ ក្នុងន័យទុច្ចរិតមកដាក់ទោសតាមច្បាប់ផងដែរ។
លោកបន្តថា នៅក្នុងក្របខ័ណ្ឌបច្ចេកទេសអនុវត្តន៍ច្បាប់ កម្មវិធីថ្មីរបស់ខ្មែរ ព្រមទាំងមានការចុះបញ្ជីក្រោមច្បាប់កម្ពុជានេះ នឹងមានភាពកាន់តែងាយស្រួលក្នុងការពិនិត្យ ការពារសុវត្ថិភាពជូនអ្នកប្រើប្រាស់ ជាពិសេសគឺការអនុវត្តនីតិវិធីច្បាប់ជូនជនរងគ្រោះដែលកើតចេញពីអំពើឆបោកនានាដែលប្រើប្រាស់កម្មវិធីនេះ ព្រមទាំងអាចធានាបានប្រសិទ្ធភាពក្នុងការស្រាវជ្រាវស៊ើបអង្កេតកាន់តែលឿនជាងមុន ខណៈលោកថា កម្មវិធីបរទេសមួយចំនួន មិនសូវសហការជាមួយសមត្ថកិច្ចនោះទេ។
លោកថ្លែងថា៖ «ក្នុងក្របខណ្ឌបច្ចេកទេស ការបង្កើតឱ្យមានកម្មវិធីទំនាក់ទំនងសង្គមដោយខ្លួនឯង គឺជាការល្អប្រសើរមួយ ដែលជួយឱ្យយើងជៀសវាងបានពីការពឹងពាក់ទាំងស្រុងលើកម្មវិធីរបស់បរទេស ដែលជានិច្ចកាលយើងពិបាកនឹងទំនាក់ទំនង ដើម្បីសុំការសហការគាំទ្រនៅពេលដែលមានបញ្ហាផ្សេងៗ ជាពិសេសនៅពេលមានការក្លែងបន្លំគណនី ឬការឆបោក»។
ជាមួយគ្នានេះ តាមលក្ខខណ្ឌបច្ចេកវិទ្យា លោក អ៊ីវ វាសនា ចាត់ទុកកម្មវិធីថ្មីនេះថាអាចមានសុវត្ថិភាពផងដែរ។
លោកថ្លែងថា៖ «ក្នុងក្របខ័ណ្ឌបច្ចេកទេស ការបង្កើតឱ្យមានកម្មវិធីទំនាក់ទំនងសង្គមដោយខ្លួនឯង គឺជាការល្អប្រសើរមួយ ដែលជួយឱ្យយើងជៀសវាងបានពីការពឹងពាក់ទាំងស្រុងលើកម្មវិធីរបស់បរទេស ដែលម្តងម្កាលយើងមានភាពយឺតយ៉ាវក្នុងការទំនាក់ទំនង ដើម្បីសុំការសហការគាំទ្រនៅពេលដែលមានបញ្ហាផ្សេងៗ ជាពិសេសនៅពេលមានការក្លែងបន្លំគណនី ឬការឆបោក»។
នាយកប្រតិបត្តិអង្គការក្រុមប្រឹក្សាយុវជនកម្ពុជា លោក អ៊ឹម សុធី សាទរចំពោះការដាក់ឱ្យប្រើប្រាស់នូវកម្មវិធីបណ្តាញសង្គម Cool App ដែលបង្កើតឡើងដោយពលរដ្ឋខ្មែរនេះ។ លោកថា កម្មវិធីនេះ អាចធានាអំពីសុវត្ថិភាពអ្នកប្រើប្រាស់បានផងដែរ។
លោកថ្លែងថា៖ «App នេះវាល្អសម្រាប់យុវជន ឬក៏ប្រជាជនខ្មែរ យើងគួរតែងាកមកប្រើ App ដែលជាសេវារបស់កូនខ្មែរយើង […] សុវត្ថិភាពវាល្អ ប៉ុន្តែសម្រាប់ប្រជាជនដទៃទៀតដែលមិនទាន់ប្រើប្រាស់ ខ្ញុំមិនដឹងថាគិតយ៉ាងណា ឬយ៉ាងម៉េចនោះទេ តែសម្រាប់ខ្ញុំប្រើ Cool App នេះ ខ្ញុំគិតថា មានសុវត្ថិភាពខ្ពស់ហើយ វាល្អ ហើយគិតថាប្រព័ន្ធដែលបង្កើតនេះមិនអាចបែកធ្លាយ ឬមិនអាចលាតត្រដាងភាពសម្ងាត់ នៃទំនាក់ទំនងរវាងគ្នានិងគ្នា»។
គួរបញ្ជាក់ថា កម្មវិធី Cool App បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នេះ។
បើយោងតាមការបព្ជាក់របស់ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន CoolApp នេះមានលក្ខណៈស្តង់ដារដូចអន្តរជាតិ ធ្វើឡើងដោយក្រុមជំនួញបច្ចេកទេសខ្មែរជាច្រើននាក់ ដែលជាអ្នកជំនាញផ្នែកបច្ចេកវិទ្យា IT។ កម្មវិធីទំនាក់ទំនងឆាត CoolApp នេះបានចំណាយពេលជាង៣ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ២០២១ មកដល់ឆ្នាំ២០២៤នេះ ដែលទើបចេញរូបរាងនៅពេលនេះ។
ប្រភពដដែលបន្តថា CoolApp មានមុខងារជាច្រើន រួមមាន Chat និង Call និង Video Call ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ហើយទិន្នន័យ(Data) និង Call ស្ថិតក្នុងលក្ខណៈ Encryption និងសុវត្ថិភាពទាំងអស់ ដោយប្រើប្រាស់ប្រព័ន្ធ Internet Local (Dix) ដែលធ្វើឱ្យការ Call ស្តាប់លឺសំឡេងច្បាស់ និង Chat ផ្ញើរូបភាព វីដេអូ មានភាពរហ័ស ព្រោះ Internet មិនចេញទៅក្រៅប្រទេស៕