សហភាពសហជីពពន្លឺកម្មករកម្ពុជា ដែលអះអាងថាតំណាងឱ្យកម្មករនិយោជិតចំនួន ៤ម៉ឺននាក់ បានដាក់ញត្តិនៅស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ស្នើសុំជួយអន្តរាគមន៍ទៅនាយកអង្គការ USAID ប្រចាំកម្ពុជា ពិនិត្យឡើងវិញលើការផ្តល់ជំនួយសម្រាប់ធ្វើសកម្មភាពទៅឱ្យអង្គការសង់ត្រាល់ និងណែនាំដល់អង្គការនេះឱ្យធ្វើសកម្មភាពប្រកបដោយតម្លាភាព។
គេសង្កេតឃើញថា ប្រតិកម្មជាហូរហែររបស់សហជីពដែលមាននិន្នាការគាំទ្ររដ្ឋាភិបាលនេះ ធ្វើឡើងបន្ទាប់ពី មជ្ឈមណ្ឌលសម្ពន្ធ័ភាពការងារនិងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ បានចេញនូវរបាយការណ៍មួយកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ដែលបញ្ជាក់ថា ការអនុវត្តសិទ្ធិសេរីភាពរបស់សហជីពឯករាជ្យកម្ពុជា នៅតែទទួលរងការរារាំង តាមរយៈការគំរាមកំហែងគ្រប់រូបភាព។
ក្នុងញត្តិរបស់សហភាពសហជីពពន្លឺកម្មករកម្ពុជា ដែលដាក់ជូននាយកអង្គការ USAID ប្រចាំនៅកម្ពុជា តាមរយៈស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះ បានលើកឡើងថា ខ្លឹមសារនៃរបាយការណ៍របស់អង្គការសង់ត្រាល់ មិនបានឆ្លុះបញ្ចាំងពីការពិត និងមិនមានមូលដ្ឋានច្បាស់លាស់ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសជាតិ ស្ថិរភាពការងារ និងផលប្រយោជន៍រួមរបស់កម្មករ និយោជិតនៅកម្ពុជាទាំងមូល។
ញត្តិដដែលបន្តថា ពួកគេមានក្តីបារម្ភជាខ្លាំងពីផលប៉ះពាល់ដល់ស្ថិរភាពការងារ និងផលប្រយោជន៍កម្មករនិយោជិត ដែលករណីនេះ សហជីពនេះ បានស្នើដល់នាយកអង្គការ USAID ពិចារណាឡើងវិញចំពោះការឧបត្ថម្ភកញ្ចប់ថវិកាសម្រាប់ធ្វើសកម្មភាពដល់អង្គការសង់ត្រាល់ និងណែនាំឱ្យអង្គការនេះ ធ្វើសកម្មភាពដោយតម្លាភាព និងស្របតាមលក្ខខន្តិកៈរបស់ខ្លួន ជាពិសេសឱ្យស្របតាមច្បាប់របស់កម្ពុជា។
អ្នកស្រី សៀ គន្ធា អគ្គលេខាធិការសហភាពសហជីពពន្លឺកម្មករកម្ពុជា មានប្រសាសន៍ថា ខាងតំណាងស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានទទួលយកញត្តិរបស់សហជីពរួចហើយ តែការឆ្លើយតបយ៉ាងណានោះ អ្នកស្រីនៅពុំទាន់ដឹងនៅឡើយទេ។
អ្នកស្រីបានបន្ថែមទៀតថា៖ «មកដល់ពេលនេះ យើងមិនទាន់បានឃើញនូវការឆ្លើយតបណាមួយ ពីការកែប្រែរបាយការណ៍ ឬយ៉ាងណា ពីខាងស្រង់ត្រាល់ទេ ចឹងនៅតែមិនមានការឆ្លើយតបទេ យើងនឹងត្រូវធ្វើសកម្មភាពបន្តទៀត»។
មន្ត្រីកិច្ចការសាធារណៈរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក Wesley Holzer បានលើកឡើងតាមរយៈសារអ៊ីម៉ែល នៅថ្ងៃចន្ទនេះថា បុគ្គលគ្រប់រូបមានសិទ្ធិសម្តែងមតិ និងអង្គការទាំងអស់មានសិទ្ធិក្នុងការប្រមូលផ្តុំដោយសន្តិវិធី និងអនុវត្តសេរីភាពក្នុងការបង្កើតសមាគម ដែលសិទិ្ធទាំងនេះគឺជាអាទិភាពចម្បងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក សម្រាប់ក្នុងប្រទេស និងក្រៅប្រទេស ហើយសិទ្ធិទាំងនេះក៏មានចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជាផងដែរ។
លោកបន្តថា៖ «សេរីភាពនៃការបញ្ចេញមតិ ត្រូវតែរួមបញ្ចូលផងដែរនូវសិទ្ធិផ្សព្វផ្សាយរបាយការណ៍ឯករាជ្យជាសាធារណៈ ដោយមិនមានការភ័យខ្លាចពីការសងសឹក ឬការយាយីណាមួយ»។
គេហរទំព័រ Newsroom Cambodia មិនអាចសាកសុំអធិប្បាយជុំវិញករណីនេះ ពីនាយកអង្គការ USAID ប្រចាំនៅកម្ពុជា និងលោក ឃុន ថារ៉ូ មន្ត្រីសម្របសម្រួលការងារនៃអង្គការសង់ត្រាល់បានទេ នៅថ្ងៃនេះ។
ចំណែក ប្រធានសហជីពកម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ មានប្រសាសន៍ថា របាយការណ៍របស់សង់ត្រាល់ ជារបាយការណ៍មួយដែលមានការសិក្សា និងស្រាវជ្រាវច្បាស់លាស់ ក្នុងនោះក៏មានការសម្ភាសន៍សមាជិករបស់សហព័ន្ធសហជីព(CATU) និងសម្ភាសន៍សមាជិករបស់ សម្ព័ន្ធសហជីពប្រជាធិបតេយ្យ (CCAWDU) ដែលលើកឡើងពីស្ថានភាពជាក់ស្តែងនៅក្នុងក្រុមហ៊ុនរបស់ពួកគេ។
អ្នកស្រីបានគូសបញ្ជាក់ថា៖ «របាយការណ៍មួយនេះ គ្រាន់តែជារបាយការណ៍មួយជ្រុងតូចនៃការរកឃើញក្នុងការសម្ភាសន៍កម្មករនិយោជិកចំនួនជាង១០ក្រុមហ៊ុន ហើយកម្មករនិយោជិកពួកគាត់ឆ្លើយតបតាមសភាពជាក់ស្តែងដែលកើតមាននៅក្នុងក្រុមហ៊ុនរបស់ពួកគាត់។
តែយ៉ាងណា អ្នកស្រីថា ការដាក់ញត្តិរបស់សហជីពណាមួយ គឺជាការយល់ឃើញរបស់ពួកគាត់ ខណៈអ្នកស្រីយល់ថា របាយការណ៍របស់សង់ត្រាល់ មិនមានការប៉ះទង្គិចអ្វីធ្ងន់ធ្ងរនោះទេ ដោយសារតែរដ្ឋាភិបាលក៏មានរបាយការណ៍មួយផ្សេងទៀត ហើយខាងអង្គការ ILO ក៏មានរបាយការណ៍របស់គេមួយទៀតដែរ។
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក កត្តា អ៊ន មានប្រសាសន៍ថា ការដាក់ញត្តិរបស់សហជីពណាមួយនោះ ជាការសម្តែងមតិក្នុងសង្គមប្រជាធិបតេយ្យ និងបង្ហាញពីលំហរសេរីភាពសហជីពនៅកម្ពុជាមានភាពទូលំទូលាយ។
លោកយល់ឃើញថា អ្វីដែលសហជីពដ៏ច្រើនលើសលុប កំពុងតវ៉ាចំពោះរបាយការណ៍របស់អង្គការសង់ត្រាល់នេះ ព្រោះពួកគេយល់ថា របាយការណ៍សង់ត្រាល់ មានលក្ខណៈបំភ្លើសពីការពិត ដែលប៉ះពាល់ដល់សហជីព បង្កឱ្យមានការរើសអើងសហជីព និងប៉ៈពាល់ដល់ការបញ្ជាទិញពីកម្ពុជា និងកម្មករនិយោជិត។
លោកមានប្រសាសន៍ថា៖ «[យោងតាម]ILO បានវាយតម្លៃពីភាពល្អប្រសើរនៃសេរីភាពសហជីព លក្ខខណ្ឌការងារ ប្រាក់ឈ្នួល បសស និងការនាំចេញ តែសង់ត្រាល់បែរជាជំទាស់របាយការណ៍ ILO ទៅវិញ។ តើចំណេញដល់កម្ពុជាឬទេ? ដូច្នេះសង់ត្រាល់ត្រូវដោះស្រាយជាមួយសហជីពដែលកំពុងតវ៉ា»។
កាលពីថ្ងៃទីថ្ងៃទី១៤ ខែមិថុនា សហជីពសហភាពសហជីពរក្សាសិទ្ធកម្មករកម្ពុជាប្រមាណ ១០០នាក់ ប្រមូលផ្ដុំគ្នាតវ៉ាប្រឆាំងមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស ឬហៅកាត់ថា សង់ត្រាល់ (Central) ចំពោះការចេញផ្សាយរបាយការណ៍មួយស្តីអំពីការរារាំងសេរីភាពរបស់សហជីពនៅក្នុងប្រទេសកម្ពុជាថាមានចរិតអុជអាល និងធ្វើឲ្យប៉ះពាល់ដល់ស្ថានភាពសេដ្ឋកិច្ចរបស់កម្មករនិយោជិត។
ដោយឡែក សហភាពសហជីពកម្ពុជា-អាស៊ាន(CACU) កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ បានចេញសេចក្តីថ្លែងការណ៍មួយថ្កោលទោសចំពោះបាយការណ៍របស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទិ្ធមនុស្ស ហៅកាត់ថា សង់ត្រាល់ នេះដែរ ដោយចោទប្រកាន់ថាជារបាយការណ៍បំប៉ោងបញ្ហា បំភ្លៃការពិត និងខុសពីស្ថានភាពសហជីពនៅកម្ពុជា។
សេចក្តីថ្លែងការណ៍នោះបន្ថែមថា របាយការណ៍របស់សង់ត្រាល់មានខ្លឹមសារពាក់ព័ន្ធនឹងរបាយការណ៍របស់អង្គការ ILO BFC និងបញ្ហាដែលកើតឡើងរវាងសហជីព និង សហជីពនៅក្នុងក្រុមហ៊ុនមួយ ដោយពុំអាចចាត់ទុកថាជាឧបសគ្គ រារាំងភាពជាតំណាង សេរីភាពសហជីពទាំងអស់នៅកម្ពុជាឡើយ ប៉ុន្តែគឺជារបាយការណ៍ចោទប្រកាន់ និងបំប៉ោងបញ្ហាបំភ្លៃការពិត។
គួរបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ «សង់ត្រាល់» នេះគឺជាអង្គការមួយក្នុងស្រុកដែលបង្កើតឡើងដើម្បីផ្តល់អំណាចដល់ប្រជាពលរដ្ឋ និងជាស្ថាប័នឯករាជ្យ មិនរកប្រាក់កម្រៃ ហើយបំពេញការងារដោយគាំទ្រ និងចងក្រងក្រុមអ្នកធ្វើការតាមរយៈការផ្តល់ជំនួយផ្នែកច្បាប់ និងមធ្យោបាយផ្សេងៗ ដើម្បីទទួលបានអភិបាលកិច្ចប្រកបដោយតម្លាភាព ការគោរពសិទ្ធិការងារ និងសិទ្ធិមនុស្ស៕