កំពុងអង្គុយក្រោមដើមប័រ ដោយមានទេសភាពបៃតងជុំវិញផង លោក យ៉ាត ត៉ាយ មានអាយុ៥៣ឆ្នាំ ជាជនជាតិដើមភាគតិចរស់នៅភូមិពូឆប់ ឃុំដាក់ដាំ ស្រុកអូរាំង ខេត្តមណ្ឌលគិរី និយាយថា លោកព្រមទាំងជនជាតិដើមភាគតិចផ្សេងទៀតតែងចេញចូលព្រៃដើម្បីបោចវល្លិ៍ និងធ្វើចំការវិលជុំ។ ប៉ុន្តែលោកថា ចាប់តាំងពីមានក្រមបរិស្ថាន ការចូលពញរៃដើម្បីអាស្រ័យផល ត្រូវបានរិតត្បិត។
លោកនិយាយថា៖ «ពីមុនយើងធ្លាប់តែចេញចូលស្រេចតែចិត្ត ដល់ពេលក្រោយមកក្រមបរិស្ថានគេហ្នឹងគេមុននឹងធ្វើ ឱ្យយើងប្រាប់ឱ្យគេបើសិនជាធ្វើខុសអី ផាកពិន័យច្រើនទៀតលុយច្រើន» ។
ក្រមបរិស្ថានត្រូវបានសភាអនុម័តកាលពីខែឧសភា ឆ្នាំ២០២៣។ ក្រមនេះបានកំណត់អំពីវិធានទាំងឡាយដែលត្រូវគោរព និងប្រតិបត្តិតាមក្នុងការពង្រឹង ធ្វើទំនើបកម្ម ធ្វើឱ្យមានសង្គតិភាព និងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងលើកិច្ចគាំពារបរិស្ថាន ការអភិរក្ស និងស្តារឡើងវិញនូវធនធានធម្មជាតិ ជីវៈចម្រុះ មុខងារប្រព័ន្ធអេកូឡូស៊ី ដើម្បីការរស់នៅ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅប្រទេសកម្ពុជា។
ក្រោយការប្រកាសអនុម័ត ជនជាតិដើមភាគតិចដែលកំពុងអាស្រ័យផលដោយសារព្រៃឈើដូចជាលោក យ៉ាត ត៉ាយ អះអាងថា ក្រមនេះធ្វើឱ្យប៉ះពាល់ដល់ជនជាតិដើមភាគតិច ទាំងការរស់នៅ ការប្រកបរបរចិញ្ចឹមជីវិត លែងមានសិទ្ធិកាន់កាប់ដីធ្លី និងសិទ្ធិអាស្រ័យផលលើធម្មជាតិ និងព្រៃឈើ ដែលជាការព្រួយបារម្ភបាត់បង់អត្តសញ្ញាណតាំងពីដូនតារបស់ពួកគេ។
អ្នកស្រី ផ្លឹក ភីរំ តំណាងសហគមន៍ជនជាតិដើមភាគតិចបានលើកឡើងថា ក្រមបរិស្ថាន និងធនធានធម្មជាតិ ដាក់បញ្ចូលជនជាតិដើមភាគតិចជាសហគមន៍មូលដ្ឋាន ដែលធ្វើឱ្យជនជាតិដើមភាគតិចក្លាយជាជនរងគ្រោះផ្នែកដីធ្លី និងជាការរំលោភសិទ្ធិជនជាតិដើមភាគតិច។
អ្នកស្រីបន្ត៖ «ក្រមបរិស្ថានហ្នឹងកំពុងតែដកហូតសិទ្ធិជនជាតិដើមភាគតិច និងដកហូតដីធ្លីវប្បធម៌ប្រពៃណីជនជាតិដើមភាគតិច»។
អ្នកស្រីថា គោលបំណងនៃក្រមបរិស្ថានិងធនធានធម្មជាតិមិនមែនដើម្បីស្តារ និងអភិវឌ្ឍព្រៃឈើប្រកបដោយចីរភាពនោះទេ ផ្ទុយទៅវិញគឺជាការដកហូតសិទ្ធិជនជាតិដើមភាគតិច។ អ្នកស្រីបន្ថែមថា អាជ្ញាធរដែនដីកំពុងតែរិតត្បិតមិនឱ្យជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរីស្រុកកែវសីម៉ា ស្រុកអូរាំង និងស្រុកពេជ្រាដា ប្រកបរបរធ្វើស្រែលើដីស្រែចំការរបស់ពួកគេផ្ទាល់។
អ្នកស្រីបន្ថែមថា៖ «គេមិនឱ្យយើងកាប់ចំការថ្មី ហេតុអ្វីបានគេមិនឱ្យយើងកាប់ចំការថ្មី អាហ្នឹងការគិតរបស់គេថាយើងជនជាតិដើមភាគតិចជាអ្នកបំផ្លាញ គេមិនបានគិតទៅលើក្រុមហ៊ុនធំៗទេដែលកំពុងតែបំផ្លាញ ឬជាជនជាតិផ្សេងទៀតដែលគេមករស់នៅ ដែលគេមិនមែនជាជនជាតិដើមភាគតិច គេកំពុងតែបំផ្លាញតែគេមើលមិនឃើញ ឧកញ៉ាធំៗដែលកំពុងតែហ៊ុំព័ទ្ធដីរបស់រដ្ឋ រដ្ឋាភិបាលគេមើលមិនឃើញទេ គេមើលឃើញជនជាតិដើមភាគតិចជាម្ចាស់ស្រុក កាប់ចំការតែមួយហិចតា ពីរហិចតាទេ»។
កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ តំណាងសហគមន៍ជនជាតិដើមភាគតិចប្រមាណ១៨៩នាក់ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយលើកឡើងថា ជនជាតិដើមភាគតិចទទួលរងអំពើអយុត្តិធម៌ជាប្រវត្តិសាស្រ្តដែលបណ្ដាលមកពីការធ្វើ ឬការបង្កើតក្រមបរិស្ថាន និងធនធានធម្មជាតិ ច្បាប់ផ្សេងៗ និងលិខិតបទដ្ឋានគតិយុត្តដែលនឹងដកហូតសិទ្ធិដីធ្លី តំបន់ប្រពៃណី វប្បធម៌ ជំនឿសាសនា តំបន់អាស្រ័យផល អនុផល និងធនធានរបស់ខ្លួនស្ថិតនៅជុំវិញសហគមន៍ខ្លួន ដែលរារាំង ឬកាត់បន្ថយសិទ្ធិប្រើប្រាស់ ជាពិសេសសិទ្ធិអភិវឌ្ឍន៍ អភិរក្សមរតកវប្បធម៌ និងផលប្រយោជន៍ក្នុងធនធានធម្មជាតិតាមតម្រូវការ។
ចំណែកលោក ស្រូន ចាន់ រស់នៅភូមិជាមួយគ្នានេះលើកឡើងថា ក្រមបរិស្ថាន និងធនធានធម្មជាតិធ្វើឱ្យប៉ះពាល់ដល់សិទ្ធិដីធ្លី និងជាការលុបបំបាត់ការធ្វើចំការវិលជុំ និងការអាស្រ័យផលទៅលើធនធានធម្មជាតិរបស់ជនជាតិដើមភាគតិច និងធ្វើឱ្យជនជាតិដើមភាគតិចប្រឈមការចំណាកស្រុក និងជំពាក់បំណុលដោយសារគ្មានការងារធ្វើប្រសិនបើពួកគាត់មិនបានធ្វើចំការវិលជុំ។
លោកបន្តថា៖ «បញ្ហាដូចជាយើងបាត់បង់ដីធ្លី យើងបាត់បង់ស្រែចំការរបស់យើង និងធ្វើឱ្យបងប្អូនយើងរស់នៅពិបាក អាចនឹងប្រឈមមុខទៅថ្ងៃអនាគតខ្លាំងមែនទេន» ។
ដូចគ្នានេះដែរលោក ច្រូត ផ្លើត ជនជាតិដើមភាគតិចពូនង អាយុ៤៣ឆ្នាំ ក៏បានយល់ស្របដែរថា សេចក្តីព្រាងច្បាប់ថ្មីស្តីពីក្រមបរិស្ថាន និងធនធានធម្មជាតិ ធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅ ការប្រកបមុខរបរ អត្តសញ្ញាណ ប្រពៃណីទំនៀមទម្លាប់ជនជាតិដើមភាគតិច និងការអាស្រ័យផលពីធនធានធម្មជាតិ។
លោក ថាញ់ ហ៊ីម អាយុ៥០ឆ្នាំ ជាប្រធានភូមិពូលុ ស្ថិតក្នុងខេត្តមណ្ឌលគិរី បានបា្រប់ Newsroom Cambodia ថា នៅតំបន់របស់លោក ឃើញមានគេអនុវត្តក្រមបរិស្ថាននេះបណ្ដើរៗ ដោយពលរដ្ឋមិនអាចផ្លាស់ប្ដូរទំនៀមទម្លាប់ទៅស៊ីឈ្នួល ឬចំណាកស្រុករកការងារធ្វើបានទេ។ លោកបន្តថា ពលរដ្ឋជាជនជាតិដើមភាគតិចចូលចិត្តរបៀបរស់នៅសព្វថ្ងៃនេះ មិនចង់កែប្រែនោះទេ បើទោះបីជាអាជ្ញាធរថា មុខរបរនេះហួសសម័យក៏ដោយ។
លោកថ្លែងថា៖ «ក្រមនេះវាហួសហេតុពេក ពលរដ្ឋយល់ស្របដែលខាងបរិស្ថានមិនដកហូតចម្ការចាស់ ប៉ុន្តែពលរដ្ឋបារម្ភខ្លាចមិនមែនយកទៅអភិរក្ស យកទៅដាក់នៅក្រុមហ៊ុនវិញ។ បើយកទៅអភិរក្ស ពលរដ្ឋឯកភាព ប៉ុន្តែបើយកទៅដាក់នៅក្រុមហ៊ុន ពលរដ្ឋនឹងក្រោកឡើងតវ៉ាទាំងអស់គ្នា »។
សម្រាប់លោក ក្លាង ផូល អាយុ៤៧ឆ្នាំ ជាគណៈកម្មការភូមិពូលុ ស្ថិតក្នុងខេត្តមណ្ឌលគិរី ទទូចឱ្យមានការបែងចែកដីឱ្យបានច្បាស់ និងចេញបញ្ជីដីសមូហភាព ដីអភិរក្សផ្សេងៗឱ្យបានឆាប់។
លោកថ្លែងថា៖ «ឥឡូវនេះ ដីយើងធ្លាប់អាស្រ័យផល ដាំស្រូវដាំដំឡូង ដីបងប្អូនធ្លាប់ដាំកាហ្វេដាំកៅស៊ូដើម្បីលក់អស់ហើយ គេឈប់ឱ្យដាំហើយ។ គេឱ្យយើងទៅស៊ីឈ្នួលគេ ស៊ីឈ្នួលក្រុមហ៊ុនវិញ គេថាឱ្យយើងរស់ឱ្យដូចគេដូចឯង »។
ចំណែកលោក ងេះ ណាំ ជាពលរដ្ឋក្នុងភូមិពូលុ ស្ថិតក្នុងខេត្តមណ្ឌលគិរីលើកឡើងថា លោកធ្លាប់ឮពីក្រមបរិស្ថាន និងធនធានធម្មជាតិ ប៉ុន្តែលោកមិនយល់ពីខ្លឹមសារនោះឡើយ។ លោកស្នើសុំឱ្យអ្នកពាក់ព័ន្ធ ស្វែងរកទីផ្សារជូនកសិករជាជនជាតិដើមភាគតិច ជាជាងបង្កើតលក្ខខណ្ឌជាច្រើនមករារាំងពួកគាត់។
លោករៀបរាប់ថា៖ «គាត់កៀបសិទ្ធិជនជាតិដើមភាគតិច យើងរស់នៅមិនមែននៅភពក្រៅផ្សេងឯណា។ រស់នៅក្រោមរដ្ឋទាំងអស់។ យើងមិនដឹងច្បាប់យ៉ាងម៉េចៗទេ ប៉ុន្តែមានរាស្ត្របានមានរដ្ឋ។ បើឳពុកធ្វើអ៊ីចឹង កូននឹងស្លាប់។ បើគាត់ចង់អភិវឌ្ឍទៅមុខ តែអត់មានរីកទៅមុខផងហ្នឹង។ កៀបយើង ជាន់យើងរហូត សូមរាជរដ្ឋាភិបាលជួយគិតផង»។
បើតាមជំរឿនក្នុងឆ្នាំ២០១៣ ចំនួនជនជាតិដើមភាគតិចមានប្រមាណ ១៨៣.៨៣១នាក់ ស្មើនឹង ១.២៥% ក្នុងនោះមានស្ត្រីជាជនជាតិដើមភាគតិចប្រមាណ ៥១.១% ដោយមាន ២០ខេត្ត/ក្រុង និង ២២អំបូរ។
លោក រស់ សុដ្ឋា នាយក ប្រតិបត្តិ នៃ អង្គការសម្ព័ន្ធភាពការពារ សិទ្ធិមនុស្ស ហៅកាត់ថា CHRAC លើកឡើងថា បើតាមដែលលោកធ្លាប់ដឹងកន្លងមកក្រមបរិស្ថានជាទិសដៅមួយរបស់រដ្ឋាភិបាលដើម្បីធានាឱ្យមាននិរន្តភាពព្រៃឈើ និងលើកកម្ពស់គោលនយោបាយបៃតង។
លោកថ្លែងថា៖ «ប៉ុន្តែយើងត្រូវមើលច្បាប់ហ្នឹង រដ្ឋបង្កើតច្បាប់ឡើងគឺត្រូវអនុលោមទៅតាមច្បាប់អន្តរជាតិក៏ជាកាតព្វកិច្ចរបស់រដ្ឋភាគី ដែលរដ្ឋភាគីគឺត្រូវទទួលបានគេហៅថាសច្ចាប័នទៅលើច្បាប់អស់ទាំងហ្នឹងហើយ» ។
លោកបានលើកឡើងបន្ថែមពីសិទ្ធិរបស់បងប្អូនជនជាតិដើមភាគតិចថា ពួកគាត់មានសិទ្ធិកំណត់អនាគតរបស់ខ្លួន ការគ្រប់គ្រងសហគមន៍របស់គាត់ និងមិនត្រូវមើលរំលងពួកគាត់ឡើយ។
លោកថ្លែងទៀតថា៖ «ជនជាតិដើមភាគតិចពេលមានទាន់មានក្រមនេះវាមានបញ្ហារួចទៅហើយ ដូចថាក្រុមហ៊ុនមានអំណាចគាត់ចេះតែរំខានដល់ជីវភាពសហគមន៍វប្បធម៌របស់គាត់ ប្រពៃណី ទំនៀមទម្លាប់» ។
ក្រមបរិស្ថាន និងធនធានធម្មជាតិ ក៏មានចែងអំពីការទទួលខុសត្រូវលើការគ្រប់គ្រងគ្រោះមហន្តរាយ ការបង្កការខូចខាតដល់បរិស្ថាន ការបង់ថ្លៃបំពុលបរិស្ថាន ការហាមឃាត់ការបោះចោល និងការដុតសំរាម សំណល់រឹងនៅទីប្រជុំជន ការលើកទឹកចិត្តការកាត់បន្ថយការប្រើប្រាស់ថង់បា្លស្ទិក ការបំពុលក្នុងដែនទឹក ការបំពុលខ្យល់ សំឡេង និង រំញ័រ និងការគ្រប់គ្រងវត្ថុប្រើប្រាស់ដែលបង្កផលប៉ះពាល់ដល់បរិស្ថានផ្សេងទៀត ដូចជាសំណល់អាគុយ និងសំណល់ថ្មពិល។
Newsroom Cambodia បានទៅដល់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរីកាលពីថ្ងៃទី៦មិថុនា ២០២៤ ដើម្បីសុំសម្ភាសន៍ លោក ឆៅ ប៊ុនធឿន ប្រធានមន្ទីរបរិសា្ថនខេត្ត ប៉ុន្តែដោយលោកមានការរវល់មិនបានជួប។ នៅថ្ងៃដដែលលោក បានឆ្លើយប្រាប់ Newsroom Cambodia ថា ដោយសារតែលោកមិនទាន់បានមើលក្រមនេះអស់លោកមិនអាចឆ្លើយបាន។
លោកថា៖ «ក្រមចេញហើយវាមិនអាចបកស្រាយបានទេតាមក្រមមាត្រាគេថាម៉េចគឺអញ្ចឹង មិនអាចបកស្រាយមិនអាចពន្យល់បានទេ ព្រោះអីអាចផ្ទុយនឹងក្រមសម្រាប់ការឆ្លើយរបស់ខ្ញុំ»។
លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថានបានឆ្លើយតបកិច្ចសម្ភាសន៍មកកាន់ Newsroom Cambodia ថាក្រមបរិស្ថានគឺជាសមិទ្ធផលរួមកើតចេញពីការប្តេជ្ញាចិត្ត ទាំងរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធ ដើម្បីឧត្តមប្រយោជន៍របស់ប្រជាជនកម្ពុជាជាធំ និងជាពិសេសបានពិគ្រោះយោបល់កម្រិតជំនាញបច្ចេកទេស និងកម្រិតនយោបាយជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ វិស័យឯកជន និងប្រជាពលរដ្ឋ។
លោកបានលើកឡើងថា៖ «ក្រមបរិស្ថាន យើងបើកទូលាយចំពោះមនុស្សគ្រប់។ នៅមាត្រា១២ នៃក្រមបរិស្ថានបានលើកឡើងពីសិទ្ធិទទួលបានព័ត៌មានបរិស្ថាន និងធនធានធម្មជាតិ ដែលបានលើកឡើងពីសិទ្ធិមនុស្សទូទៅ រាប់ទាំងបងប្អូនជនជាតិដើមភាគតិច»។
លោកលើកឡើងទៀតថា៖ «ត្រង់ជំពូកទី៦ មាត្រា៣៦៨ ដល់៣៧៤ បានលើកឡើងផងដែរពីការចូលរួមរបស់ប្រជាពលរដ្ឋ។ ត្រង់មាត្រាទាំងអស់នេះ បានលើកឡើងពីសិទ្ធិប្រជាពលរដ្ឋ ដែលបានចូលរួម សិទ្ធិការប្រើប្រាស់ធនធានធម្មជាតិ ការប្រើប្រាស់ធនធានធម្មជាតិ ការបង្កើតសហគមន៍តំបន់ការពារធម្មជាតិជាដើម» ។
បើតាមលោក ខ្វៃ អាទិត្យា សហគមន៍មូលដ្ឋានសំដៅដល់សហគមន៍ដែលជាជនជាតិដើមភាគតិច ឬមិនមែនជា ដែលរស់នៅលើទីតាំងណាមួយជាក់លាក់ ហើយបានបង្កើត ឬចងក្រង ឬមិនបានចងក្រងជាសហគមន៍តំបន់ការពារធម្មជាតិ សហគមន៍ព្រៃឈើ ឬសហគមន៍ផ្សេងទៀតដែលកំណត់ដោយច្បាប់។ ក្រមបរិស្ថាននៅទីនេះ មិនប៉ះពាល់ដល់សិទ្ធិ ឬបាត់បង់ការទទួលស្គាល់បុគ្គលណាមួយឡើយ គឺរក្សានៅដដែល។
ត្រឡប់មកកាន់អ្នកស្រី ប្លង់ ញ៉េន ជាជនជាតិដើមភាគតិចពូនង រស់នៅភូមិពូឆប់ ខេត្តមណ្ឌលគិរីវិញ អ្នកស្រីនៅតែមានក្ដីព្រួយបារម្ភទៅលើដីសហគមន៍របស់គាត់ ដោយខ្លាចមានក្រុមហ៊ុនមានអំណាចមកបំពាន។ អ្នកស្រីក៏បានសំណូមពរឲថ្នាក់ដឹកនាំជួយចាត់ចែងដីណាសម្រាប់ការពារ ដីណាសម្រាប់ឱ្យពួកគាត់រស់នៅឱ្យបានត្រឹមត្រូវផងដែរ។
អ្នកស្រីថ្លែងថា៖ «ចឹងទៅសូមថ្នាក់ដឹកនាំសម្ដេច ហ៊ុន ម៉ាណែត ឱ្យគាត់ដោះស្រាយឱ្យពួកខ្ញុំជាជាតិដើមភាគតិចហ្នឹង កន្លែងណាដីតំបន់ការពារ ចឹងកន្លែងណាឱ្យដីពួកខ្ញុំរស់នៅ»៕