សមត្ថកិច្ចចម្រុះជាច្រើននាក់ បានចាប់ខ្លួនសកម្មជនចលនាមាតាធម្មជាតិចំនួន ៥នាក់ នៅមុខសាលាដំបូងរាជធានីភ្នំពេញ និងនៅខណ្ឌជ្រោយចង្វារ បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារភ្លាមៗ បន្ទាប់ពីតុលាការបានប្រកាសសាលក្រមផ្ដន្ទាទោសសកម្មជនចលនាមាតាធម្មជាតិចំនួន១០នាក់ ពីបទ «រួមគំនិតក្បត់» និង «ប្រមាថអង្គព្រះមហាក្សត្រ»។
នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤នេះ សមត្ថកិច្ចចម្រុះដែលមានកងរាជអាវុធហត្ថ នគរបាល និងកងសណ្ដាប់ធ្នាប់ខណ្ឌជ្រោយចង្វារប្រមាណ ៥០នាក់ បានចាប់ខ្លួនសកម្មជនចលនាមាតាធម្មជាតិចំនួន ៤នាក់ ដែលមានវត្តមាននៅមុខតុលាការ ក្នុងនោះមាន លោក លី ចាន់ដារ៉ាវុត អាយុ២៤ឆ្នាំ កញ្ញា ភួន កែវរស្មី អាយុ២៣ឆ្នាំ លោក ថុន រដ្ឋា អាយុ៣០ឆ្នាំ និងកញ្ញា ឡុង គន្ធា អាយុ២៦ឆ្នាំ នៅមុខសាលាដំបូងរាជធានីភ្នំពេញ។ ចំណែក សកម្មជនចលនាមាតាធម្មជាតិមួយរូបទៀត គឺលោក យឹម លាងហ៊ី ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅខណ្ឌជ្រោយចង្វារ មុនការជួបជុំរបស់ពួកគេនៅមុខតុលាការ។
សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារនេះ បានប្រកាសសាលក្រមដោយបានកាត់ទោសសកម្មជនចលនាមាតាធម្មជាតិចំនួន ១០នាក់ ក្រោមបទចោទចំនួន២ ក្នុងនោះ លោក លី ចាន់ដារ៉ាវុត កញ្ញា ភួន កែវរស្មី លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា លោក ម៉ិញ ពិសិដ្ឋ កញ្ញា រ៉ី រក្សា លោក ពក ខឿយ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន ៦ឆ្នាំ ក្នុងសំណុំរឿង«រួមគំនិតក្បត់»។ ចំណែកឯសំណុំរឿង«ប្រមាថអង្គព្រះមហាក្សត្រ» លោក យឹម លាងហ៊ី កញ្ញា ស៊ុន រដ្ឋា និងលោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន ៨ឆ្នាំ និងពិន័យជាប្រាក់ចំនួន១០លានរៀល។ នេះបើតាមការឱ្យដឹងរបស់ក្រុមយុវជនចលនាមាតាធម្មជាតិ។
ប្អូនស្រីរបស់កញ្ញា ឡុង គន្ធា គឺកញ្ញា ឡុង សុខលីន បានឱ្យដឹងថា សមត្ថកិច្ចបានចាប់ខ្លួនបងស្រីរបស់គាត់ ទាំងបង្ខំ ដោយមានការប្រើហិង្សាទៅរូបគាត់ និងអ្នកគាំទ្រផងដែរ ដែលកញ្ញាចាត់ទុកសកម្មភាពនេះថាជារូបភាពមួយដែលអាក្រក់។ កញ្ញាក៏បានចាត់ទុកការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលផ្ដន្ទាទោសទៅលើកញ្ញា ឡុង គន្ធា និងសកម្មជនផ្សេងទៀតនោះ ថាជារឿងយុវត្តិធម៌ ខណៈពួកគាត់មិនបានប្រព្រឹត្តដូចការចោទប្រកាន់។
កញ្ញានិយាយថា៖ «ការសម្រេចចាប់បងស្រីខ្ញុំ[ឡុង គន្ធា]ពីបទ រួមគំនិតក្បត់នេះ ក៏ជារឿងមួយដែលក្នុងនាមខ្ញុំជាប្អូន ជាគ្រួសារ ពិបាកនឹងទទួលយកខ្លាំងមែនទែន ដែលសកម្មភាពរបស់ពួកគាត់ធ្វើនីមួយៗ ដើម្បីការពារទៅលើបរិស្ថានទាំងមូល ដើម្បីជួយសង្គមជាតិ ដើម្បីរកបញ្ហាឱ្យរាជដ្ឋាភិបាលដោះស្រាយ ដោះស្រាយបញ្ហាដែលឃើញនោះឱ្យមានភាពប្រសើរឡើង ប៉ុន្តែបែរជាត្រូវបានទទួលរងពាក្យចោទពីប្រព័ន្ធតុលាការ ចោទថា គាត់រួមគំនិតក្បត់ ចង់ផ្ដួលរំលំស្ថាប័នរដ្ឋណាមួយ ទាំងដែលយើងមើលហើយថា គ្មានសកម្មភាពមួយណាដែលថាជំរុញឬក៏លើកឱ្យប្រជាពលរដ្ឋបះបោរ ដើម្បីផ្ដួលរំលំស្ថាប័នរដ្ឋណាមួយឡើយ។ ក្នុងនាមខ្ញុំជាប្អូន ខ្ញុំពិតជាមានការឈឺចាប់ អស់សង្ឃឹម ទៅលើប្រព័ន្ធតុលាការមែនទែន ដែលគាត់ចោទប្រកាន់ទៅលើបងស្រីខ្ញុំ ក៏ដូចជាសកម្មជនផ្សេងៗទៀតផងដែរ»។
កញ្ញា សុខលីន បានស្នើដល់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ពិនិត្យប្រព័ន្ធតុលាការឡើងវិញ ដោយកញ្ញាថា តុលាការនៅកម្ពុជាកំពុងអនុវត្តការងារដោយមិនមានភាពយុត្តិធម៌។
កញ្ញាថា៖ «ខ្ញុំសូមសំណូមពរទៅកាន់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឱ្យគាត់តាមដាន និងក្រឡេកមកមើលប្រព័ន្ធតុលាការ ព្រោះសព្វថ្ងៃប្រព័ន្ធតុលាការកំពុងតែអនុវត្តគ្មានភាពយុត្តិធម៌ទេចំពោះប្រជាពលរដ្ឋខ្មែរ ក៏ដូចជាអង្គការសង្គមស៊ីវិលអង្គការសិទ្ធិមនុស្សនានាសុំតាមដានទៅលើសកម្មភាពរឿងក្ដីរបស់បងស្រីខ្ញុំ ក៏ដូចសកម្មជនផ្សេងទៀតផងដែរ ឱ្យវាមានទទួលបាននូវភាពយុត្តិធម៌ជូនចំពោះពួកគាត់ឡើងវិញ ដើម្បីឆាប់មានសេរីភាពវិលត្រឡប់មកបំពេញកិច្ចការងារធម្មតាវិញ»។
ចំណែកឯម្ដាយរបស់លោក លី ចាន់ដារ៉ាវុត ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ថា អ្នកស្រីមានភាពកត់ស្លុតនៅពេលដែលសមត្ថកិច្ចបានចាប់ខ្លួនកូនប្រុសរបស់អ្នកស្រីដោយបង្ខំ។
អ្នកស្រីថា៖ «លើកទី១ហើយដែលឃើញភាពសាហាវឃោឃៅអញ្ចឹង មនុស្សត្រឹមតែ៥នាក់ ឯកសណ្ឋានមកចាប់ប្រឹបៗដូចសត្វធាតុ ដូចសត្វតិរិច្ឆាន សួរថាកូនខ្ញុំខុសអីរាល់ថ្ងៃហ្នឹង? កូនខ្ញុំទៅធ្វើប៉ះនរណាខ្លះ? ហេតុអីបានចាប់កូនខ្ញុំអញ្ចឹង? ឱ្យគ្នាស្ដាប់សាលក្រមត្រឹមត្រូវទៅ ថាសាលក្រមហ្នឹងពួកគាត់ខុសអី ហើយបើគាត់ខុសមែនចាប់គាត់ចុះ វ៉ៃខ្នោះពីមុខខ្ញុំ ក៏ខ្ញុំអត់តក់ស្លុតដែរ។ ហើយបើឱ្យឡើងតុលាការហើយ មកចាប់ដូចសត្វអញ្ចឹងគិតម៉េច? ភាពត្រឹមត្រូវនៅឯណា? ការអនុវត្តច្បាប់ត្រឹមត្រូវនៅឯណា?»។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា មានប្រសាសន៍ថា សមត្ថកិច្ចបានចាប់ខ្លួនលោក យឹម លាងហ៊ី សកម្មជនចលនាមាតាធម្មជាតិ បានធ្វើឡើងនៅខណ្ឌជ្រោយចង្វារ ខណៈសកម្មជន ៤នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ និងបញ្ជូនពួកគេទៅឃុំខ្លួននៅពន្ធនាគារ តាមអំណាចសាលដីការបស់សាលាដំបូងរាជធានីភ្នំពេញ។
លោកមានប្រសាសន៍ថា៖ «កិច្ចការងារនេះ គឺសមត្ថកិច្ចយើងអនុវត្តតាមដីកាឱ្យចាប់ខ្លួន និងឃុំខ្លួនចំពោះឧក្រិដ្ឋជន ទាំង ៥នាក់[…] យើងឃាត់ខ្លួនគាត់[យឹម លាងហ៊ី] នៅខណ្ឌជ្រោយចង្វារ តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់តុលាការ មានក្រុមប្រឹក្សាជំនុំជម្រះមាន លោកស្រី អ៊ុក រ៉េតគន្ធា។ យើងបានបញ្ជូនពួកគាត់ទៅដល់ពន្ធាគារហើយនៅថ្ងៃ[ទី០២ ខែកក្កដា ឆ្នាំ២០២៤]នេះ»។
ចំណែក លោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ មានប្រសាសន៍ថា តាមរយៈការសួរដេញដោលនៅសវនាការជំនុំជម្រះក្ដីជាច្រើនលើក ក្នុងសំណុំរឿងរបស់សកម្មជនចលនាមាតាធម្មជាតិនេះ ចៅក្រមបានសម្រេចផ្ដន្ទាទោសពួកគាត់។ លោកបានបន្តថា ក្នុងករណីសកម្មជនចលនាមាតាធម្មជាតិ មិនសុខចិត្តចំពោះការសម្រេចនេះ ពួកគេអាចបន្តនីតិវិធីដោយប្ដឹងទៅសាលាឧទ្ធរណ៍បាន។
លោកថា៖ «ខ្ញុំបញ្ជាក់ជូនជារួមតែម្ដងទៅ ឆ្លងកាត់សវនាការច្រើនលើកមកហ្នឹង ហើយចៅក្រមក៏បានសម្រេចផ្ដន្ទាទោស ហើយនិងសម្រេចចាប់ខ្លួន ហើយបើជនជាប់ចោទ គាត់កើតទុក្ខមិនសុខចិត្តទៅនឹងសាលក្រមហ្នឹង គាត់មានសិទ្ធិប្ដឹងទៅឧទ្ធរណ៍ទៅ»។
មន្ត្រីអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា អាដហុក (ADHOC) លោក យី សុខសាន្ត យល់ថា ការចាប់ខ្លួនសកម្មជនចលនាមាតាធម្មជាតិដែលជាក្រុមការពារបរិស្ថាននោះ ជាការបំភ័យដល់អ្នកការពារធនធានធម្មជាតិផ្សេងទៀត។
លោកបានថ្លែងថា៖ «ការចាប់ខ្លួន ហាក់ដូចជាធ្វើដើម្បីគំរាមកំហែងដល់យុវជនជំនាន់ក្រោយ ដែលមិនហ៊ានងើបទាមទារតវ៉ានៅពេលដែលឃើញការបំភ្លេចបំផ្លាញធនធានធម្មជាតិ»។
ករណីនេះ លោកស្នើដល់តុលាការ ពិចារណាក្នុងការដោះលែងពួកគេឱ្យមានសេរីភាពវិញ ខណៈលោកថា ការផ្ទន្ទាទោស និងចាប់ខ្លួនពួកគេ ជារឿងអយុត្តិធម៌សម្រាប់ពួកគេ និងជារូបភាពមិនល្អសម្រាប់កម្ពុជា។
លោកថា៖«នៅពេលដែលតុលាការផ្តន្ទាទោសឱ្យគាត់ជាប់ពន្ធនាគាររយៈពេល ៦ឆ្នាំទៅ៨ឆ្នាំ យើងមើលទៅឃើញអយុត្តិធម៌សម្រាប់ពួកគាត់ ដែលជួយធ្វើការងារផ្នែកបរិស្ថាន ហើយយើងសំណូមពរដោយទទូចឱ្យមានការដោះលែងពួកគាត់វិញទៅ។ ហើយរដ្ឋាភិបាលគួរតែលើកទឹកចិត្តដល់ពួកគាត់ ដើម្បីជួយធ្វើម៉េចឱ្យគាត់ចេះការពារផលប្រយោជន៍បរិស្ថាន។ ហើយទី២ យើងមើលឃើញការចាប់ខ្លួនពួកគាត់ ដូចស្ថានភាពព្រឹកមិញនេះ វាមើលទៅឃើញជារូបភាពមួយដែលអាក្រក់ដែលធ្វើឱ្យមតិជាតិ និងអន្តរជាតិ គេថ្កោលទោសយើងបន្ថែមទៅទៀតហើយ ដោយសារគាត់ជាអ្នកការពារបរិស្ថាន យើងទៅចាប់គាត់ទៅផ្តន្ទាទោសគាត់ ហើយសូម្បីតែប្រទេសដទៃគេឱ្យពានរង្វាន់សរសើរដល់ពួកគាត់ចេះការពារឈឺឆ្អើល»។
រីឯលោក ហេង គឹមហុង នាយកប្រតិបត្តិនៃសមាគមបណ្តាញយុវជនកម្ពុជា(CYN) បានបង្ហាញការព្រួយបារម្ភពីការរឹតត្បិតសិទ្ធិសេរីភាពកាន់តែខ្លាំង និងធ្វើឱ្យសកម្មជនការពារសិទ្ធិ និងធនធានធម្មជាតិផ្សេងទៀត អាចមានការភ័យព្រួយពីសុវត្ថិភាពក្នុងការប្រើសិទ្ធិរបស់ខ្លួន។
ជាមួយគ្នានេះ លោកក៏បានស្នើឱ្យតុលាការពិចារណាក្នុងការទម្លាក់បទចោទ ឬអនុញ្ញាតឱ្យសកម្មជនចលនាមាតាធម្មជាតិទាំងនោះ បាននៅក្រៅឃុំបណ្តោះអាសន្ន ដើម្បីតតាំងក្ដីបន្ដទៀត ខណៈលោកសង្កេតឃើញថា ពួកគេមិនមានចេតនាគេចខ្លួននោះទេ។
លោកបន្តថា៖ «ខ្ញុំសូមអំពាវនាវឱ្យមានការពិចារណាក្នុងការទម្លាក់ចោលបទចោទនេះ ឬក៏អាចឱ្យពួកគេនៅក្រៅឃុំ បើសិនជាមានការសម្រេចណាមួយក៏ដោយ ដើម្បីរកលទ្ធភាពក្នុងការតតាំងតាមផ្លូវតុលាការ ទៅកាន់សាលាឧទ្ធរណ៍ជាបន្តបន្ទាប់ទៀតទៅតាមនីតិវិធីនៃច្បាប់ ពីព្រោះអីយើងឃើញថាបើសិនជាពួកគេមានចេតនាក្នុងការគេចខ្លួនពីទោសកំហុស ឬក៏ពីអ្វីដែលតុលាការបានចោទនេះ ប្រហែលជាពួកគេភៀសខ្លួនទៅនៅក្រៅប្រទេសបាត់ទៅហើយ»។
គួរជម្រាបជូនថា សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះក្ដីលើសំណុំរឿងរបស់សកម្មជនចលនាមាតាធម្មជាតិនេះ ចំនួន ៥លើករួចមកហើយ។ សវនាការលើកទី១ បានធ្វើឡើងកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ដោយមានការចូលរួមសវនាការពីសកម្មជនចលនាមាតាធម្មជាតិចំនួន៥នាក់ រួមមានលោក លី ចាន់ដារ៉ាវុត កញ្ញា ភួន កែវរស្មី លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងលោក យឹម លាងហ៊ី។
ក្រោយមក នៅក្នុងសវនាការលើកទី២ដែលធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា សកម្មជនទាំង ៥នាក់ បានធ្វើពហិការមិនចូលរួម ដោយពួកគេថា សវនាការនោះមិនសេរី ព្រោះមានការដាក់ប៉ារ៉ាសមិនឱ្យអ្នកគាំទ្រ និងអ្នកសារព័ត៌មានមួយចំនួនទៅមុខតុលាការ។ ចំណែកឯសវនាការលើកទី៣ នៅថ្ងៃទី១១ ខែមិថុនា សវនាការលើកទី៤ នៅថ្ងៃទី១៧ ខែមិថុនា និងសវនាការលើកទី៥ នៅថ្ងៃទី២៤ ខែមិថុនា សកម្មជនទាំង ៥នាក់ បានចូលរួម ទោះជាមានការប៉ារ៉ាស់រារាំងមិនឱ្យអ្នកគាំទ្រពួកគេចូលអង្កេតក៏ដោយ។ បើតាមអង្គការសិទ្ធិមនុស្សលីកាដូ សកម្មជនចលនាមាតាធម្មជាតិ តែងតែប្រឈមមុខនឹងការយាយី ការគំរាមកំហែង និងការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ ទៅលើភាពសកម្មនិយមផ្នែកបរិស្ថានរបស់ពួកគេ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ប្រភពដដែលបន្តថា សកម្មភាពលើកិច្ចការពារបរិស្ថានដែលអ្នកទាំងនោះបានធ្វើ រួមមាន ការតស៊ូមតិដើម្បីបញ្ឈប់ការជីកយកខ្សាច់នៅខេត្តកោះកុង ការការពារកោះកុងក្រៅ និងការទប់ស្កាត់លំហូរទឹកស្អុយ និងទឹកកខ្វក់ចូលទៅក្នុងអាងទឹក ក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុជាដើម៕