សហគមអន្តរជាតិបង្ហាញក្តីបារម្ភចំពោះការកើនឡើងនៃការធ្វើទុកមុកម្នេញ និងការចាប់ខ្លួនអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា ដែលជាប់ពាក់ព័ន្ធនឹងការផ្តន្ទាទោសសកម្មជនការពារបរិស្ថាននៅកម្ពុជាចំនួន១០នាក់កាលពីថ្ងៃអង្គារម្សិលមិញ។
ប្រតិកម្មចំៗបែបនេះធ្វើឡើងភ្លាមៗបន្ទាប់ពីសមត្ថកិច្ចចម្រុះជាច្រើននាក់ បានចាប់ខ្លួនសកម្មជនចលនាមាតាធម្មជាតិចំនួន៥នាក់ ក្នុងចំណោម១០នាក់ បន្ទាប់ពីតុលាការបានប្រកាសសាលក្រមក្រោមបទចោទ «រួមគំនិតក្បត់» និង «ប្រមាថអង្គព្រះមហាក្សត្រ» ដាក់ពន្ធនាគារចន្លោះពី៦ ទៅ៨ឆ្នាំ។
តាមរយៈសារមួយដែលបានចេញដោយសហភាពអ៊ឺរ៉ុប និងប្រទេសសមាជិករួមមានបែលហ្សិក ដាណឺម៉ាក បារាំង ហ្វាំងឡង់ អាល្លឺម៉ង់ អៀរឡង់ ហូឡង់ និងស៊ុយអែត ពួកគេបានលើកឡើងថា៖ «សាលក្រមលើសកម្មជនបរិស្ថានមាតាធម្មជាតិនៅថ្ងៃនេះ គឺជាបញ្ហាដែលគួរឲ្យព្រួយបារម្ភ »។
បន្ថែមពីលើការព្រួយបារម្ភ សហភាពអ៊ឺរ៉ុបក៏បានអំពាវនាវឲ្យកម្ពុជាប្រកាន់ខ្ជាប់នូវស្តង់សារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សរួមទាំងសិទ្ធិក្នុងការតវ៉ាប្រកបដោយសន្តិភាព។
ទន្ទឹមគ្នានេះដែរ អង្គការសហប្រជាជាតិក៏បានចេញនូវសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃម្សិលមិញ ដោយបានបង្ហាញនូវការព្រួយបារម្ភស្រដៀងគ្នាទាក់ទងនឹងការផ្តន្ទាទោស និងកាត់ទោសដ៏តឹងរ៉ឹងចំពោះក្រុមមាតាធម្មជាតិ។ អង្គការសហប្រជាជាតិបន្តថា ទិដ្ឋភាពជាច្រើននៃនីតិវិធីជំនុំជម្រះអាចនឹងមិនបានអនុលោមតាមស្តង់ដារសិទ្ធិមនុស្សអន្តរជាតិនោះទេ។
សេចក្តីថ្លែងការណ៍ដដែលបន្តថា៖ «ការកើនឡើងនៃការប្រើប្រាស់បទប្រមាថអង្គព្រះមហាក្សត្រ និងមាត្រាដទៃទៀតនៃក្រមព្រហ្មទណ្ឌរបស់កម្ពុជា នៅក្នុងការដាក់ទណ្ឌកម្មលើការអនុវត្តសិទ្ធិមនុស្ស គឺជារឿងដែលគួរឲ្យមានការព្រួយបារម្ភបំផុត »។
អង្គការសហប្រជាជាតិក៏បានអំពាវនាវឲ្យមានការពិនិត្យឡើងវិញចំពោះករណីនេះតាមបណ្តឹងឧទ្ឋរណ៍ ស្របតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ ជាពិសេសជំរុញឱ្យអាជ្ញាធរពិនិត្យមើលឡើងវិញនូវការចោទប្រកាន់ដែលបានធ្វើឡើងប្រឆាំងនឹងសកម្មជនបរិស្ថានទាំងនេះ ជាពិសេសទាក់ទងនឹងពួកគេប្រាំមួយនាក់ដែលជាអនីតិជននៅពេលអំពើត្រូវបានចោទប្រកាន់។
ក្រុមចលនាមាតាធម្មជាតិ ប្រាប់ក្រុមអ្នកសារព័ត៌មាន មុនចាប់ខ្លួនថា សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃអង្គារ បានប្រកាសសាលក្រមដោយបានកាត់ទោសសកម្មជនចលនាមាតាធម្មជាតិចំនួន ១០នាក់ ក្រោមបទចោទចំនួន២ ក្នុងនោះ លោក លី ចាន់ដារ៉ាវុត កញ្ញា ភួន កែវរស្មី លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា លោក ម៉ិញ ពិសិដ្ឋ កញ្ញា រ៉ី រក្សា លោក ពក ខឺយ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន ៦ឆ្នាំ ក្នុងសំណុំរឿង«រួមគំនិតក្បត់»។ ចំណែកឯសំណុំរឿង«ប្រមាថអង្គព្រះមហាក្សត្រ» លោក យឹម លាងហ៊ី កញ្ញា ស៊ុន រដ្ឋា និងលោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន ត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន ៨ឆ្នាំ និងពិន័យជាប្រាក់ចំនួន១០លានរៀល។
កញ្ញា រៀម ស្រីពេជ្ររតនា អគ្គលេខាធិកា នៃសមាគមសម្ព័ន្ធនិស្សិតខ្មែរ KSILA បានថ្លែងប្រាប់គេហទំព័រ Newsroom Cambodia នៅថ្ងៃនេះថាការចាប់ខ្លួនសកម្មជន ដោយប្រើប្រាស់កងកម្លាំងច្រើនលើសលប់នេះហាក់ដូចជាមិនមែនជាការចាំបាច់។កញ្ញាបន្តថា នេះគឺជារឿងដ៏គួរឲ្យអាម៉ាស់មួយសម្រាប់រដ្ឋាភិបាលកម្ពុជា។
កញ្ញាបន្តថា៖«ខ្ញុំហ៊ាននិយាយថាវាជារឿងដ៏អាម៉ាស់មុខបំផុតរបស់រដ្ឋាភិបាលដែលទើបតែឡើងថ្មី ប្រៀបដូចជាអង្គុយស្រាតខោអាវឲ្យគេឃើញអ៊ីចឹង។ […] នៅពេលដែលពួកគាត់ (ក្រុមសកម្មជន) មកតុលាការ គាត់មកដោយស្ងៀមស្ងាត់ មិនមានការឡូឡា មកអង្គុយចាំស្តាប់សាលក្រម ពួកគាត់អង្គុយឲ្យចាប់ស្រួលបួល តែពួកគេរត់ចូលមកចាប់ហាក់បីដូចជាក្រុមសកម្មជនគឺជាឧក្រិដ្ឋជន ដែលប្រព្រឹត្តិបទល្មើសអីធំអ៊ីចឹង »។
ពាក់ព័ន្ធនឹងរឿងនេះ លោក សាន់ ម៉ាឡា ប្រធានកម្មវិធីបណ្តាញ និងតស៊ូមតិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍន៍ លើកឡើងស្រដៀងគ្នាថានេះជារូបភាពមួយដែលឃោរឃៅ បើប្រៀបធៀបទៅនឹងការអនុវត្តច្បាប់ជាមួយអ្នកមានលុយមានអំណាច។
លោកបន្តថា៖«ការដែលអាជ្ញាធរប្រើកម្លាំងទាំងកំរោលទៅសន្ធប់ចាប់អូសកពួកគាត់បែបនេះជារូបភាពដ៏អាក្រក់មួយ។ […] បើធៀបជាមួយឧក្រឹដ្ឋជនដែលមានលុយ មានអំណាច យើងឃើញថាឥរិយាបទរបស់អាជ្ញាធរបែរជាមានសភាពទន់ភ្លន់ទៅវិញ »។
តាមអំណាចសាលក្រមដែលបានប្រកាសកាលពីព្រឹកម្សិលមិញនេះ សកម្មជនបរិស្ថានទាំង៥រូបនេះត្រូវយកទៅឃុំខ្លួននៅពន្ធធនាគារដាច់ដោយឡែកពីគ្នា ដោយលោក ថុន រដ្ឋា ត្រូវយកទៅពន្ធធនាគារត្រពាំងផ្លុង កញ្ញា ភួន កែវរស្មី នៅពន្ធធនាគារខេត្តពោធិ៍សាត់ លោក លី ចាន់ ដារ៉ាវុត នៅពន្ធធនាគារខេត្តកណ្តាល កញ្ញា ឡុង គន្ធា នៅពន្ធធនាគារខេត្តព្រះវិហារ និងលោក យឹម លាងហ៊ី នៅពន្ធធនាគារកំពង់ស្ពី។
លោក សាន់ ម៉ាឡា បានថ្លែងថា ការដែលសកម្មជនត្រូវយកទៅឃុំឃាំងនៅក្នុងពន្ធនាគារដាច់ដោយឡែកពីគ្នាបែបនេះ គឺជាទណ្ឌកម្មផ្លូវចិត្តមួយដើម្បីបំបាក់ស្មារតីរបស់ពួកគេ។
លោកបន្តថា៖ «វាជាទណ្ឌកម្មផ្នែកស្មារតីដ៏ធ្ងន់ធ្ងរមួយ ត្បិតពួកគាត់ធ្លាប់ស្រឡាញ់រាប់អានគ្នា ហើយគាត់ត្រូវរស់នៅឆ្ងាយពីគ្នារហូតដល់ទៅ៦ឆ្នាំ។ […] វាក៏ជាឧបសគ្គមួយសម្រាប់ក្រុមគ្រួសារនៅក្នុងការចំណាយពេលវេលា និងថវិការនៅក្នុងការទៅជួបផងដែរ »។
ផ្ទុយទៅវិញ លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការរាជធានីភ្នំពេញ បានឆ្លើយតបនៅរសៀលនេះថា សមត្ថកិច្ចអនុវត្តតែតាមសេចក្តីសម្រេចសាលក្រមរបស់តុលាការទេ មិនមែនជាការដាក់ទណ្ឌកម្មផ្លូវចិត្តដូចដែលបានលើកឡើងនោះឡើយ។
លោកបន្តថា៖«សមត្ថកិច្ចអនុវត្តតែតាមសេចក្តីសម្រេចសាលក្រមរបស់តុលាការ អ៊ីចឹងតុលាការសម្រេចឲ្យគាត់ទៅដាក់ពន្ធធនាគារណាគឺពួកយើងអនុវត្តតាមសេចក្តីសម្រេចហ្នឹង»។
ទាក់ទងនឹងរឿងនេះ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ មានប្រសាសន៍ថា ការចាប់ខ្លួនសកម្មជនបរិស្ថាននេះគឺជារឿងដែលគួរឲ្យសោកស្តាយ និងមានការប៉ះពាល់ទៅដល់ការអនុវត្តសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ។
លោកបន្តថា៖ «នេះគឺជារឿងមួយដែលគួរឲ្យសោកស្តាយ ហើយវាប៉ះពាល់ទៅដល់សិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ ក៏ដូចជាប៉ះពាល់ទៅដល់ការចួលរួមយ៉ាងសកម្មរបស់យុវជននៅក្នុងការការពារបរិស្ថាន និងធនធានធម្មជាតិ។ […] វារារាំងយុវជននៅក្នុងការអនុវត្តសិទ្ធិរបស់ខ្លួនដែលធានាដោយរដ្ឋធម្មនុញ្ញ និងបទដ្ឋានអន្តរជាតិស្តីពីសិទ្ធិមនុស្ស អ៊ីចឹងហើយបានជាយើងឃើញមានការប្រតិកម្មពីសំណាក់អន្តរជាតិ »៕