បច្ចុប្បន្ននេះ យើងសង្កេតឃើញថា អ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនដូចជាហ្វេសប៊ុក (FACEBOOK) និងតិកតុ (TIK TOK)ជាដើម បានប្រើគណនីផ្ទាល់ខ្លួនសម្រាប់បង្ហោះរូបភាព និងរឿងរ៉ាវមួយចំនួន។ ប៉ុន្ដែពេលខ្លះ អ្នកប្រើប្រាស់បណ្ដាញសង្គមទាំងនោះ មិនបានដឹងទេថារាល់ការផុស ឬចែករំលែកទាក់ទងនឹងបញ្ហាគ្រួសារ ជម្លោះវែកញែកដោយពាក្យសម្ដីមិនសមរម្យនៅលើបណ្ដាញសង្គម អាចបង្កផលប៉ះពាល់ដល់អ្នកប្រើប្រាស់ដទៃទៀត ជាពិសេសនោះគឺក្មេងជំទង់ ដែលជាវ័យងាយរងឥទ្ធិពលពីពាក្យសម្ដីមិនសមរម្យ អសុរោះ គំរោះគំរើយ និងមិនគោរពចាស់ទុំទាំងនោះ។
Newsroom Cambodia បានសម្ភាសប្រជាពលរដ្ឋដែលជាសិស្សនិស្សិត គ្រូបង្រៀន និងអាជីវករលក់ដូរដែលរស់នៅក្នុងរាជធានីភ្នំពេញ និងខេត្ត ចំនួន៧នាក់ ជុំវិញការយល់ឃើញចំពោះក្រមសីលធម៌ក្នុងការប្រើប្រាស់បណ្ដាញសង្គម ជាពិសេសការប្រើប្រាស់យុទ្ធសាស្ត្រទីផ្សារដោយការឈ្លោះគ្នា ឬប្រើពាក្យសម្ដីមិនសមរម្យជាដើម។
លោកស្រី ម៉ែន សុគន្ធា វ័យ២៦ឆ្នាំ មានមុខរបរជាគ្រូបង្រៀនថ្នាក់មតេយ្យសិក្សា នៅខេត្តព្រៃវែង លើកឡើងថា សម្រាប់ក្មេងដែលបើកទូរសព្ទមកឃើញមានរូបភាព ដូចជាការនិយាយស្ដីមិនល្អនឹងធ្វើឱ្យមានផលប៉ះពាល់ដល់កុមារជាខ្លាំង ព្រោះក្មេងនឹងយកពាក្យសម្ដីដែលខ្លួនបានឮ យកមកប្រើប្រាស់ជាមួយមិត្តភក្តខ្លួន ទុកដូចជាការលេងសើចបែបធម្មតា។ ភាគច្រើនលោកស្រីឱ្យកូនមើលតែតុកត្តាណាដែលទាក់ទងនឹងជំនួយក្នុងការរៀនភាសាតែប៉ុណ្ណោះ។
លោកស្រីម៉ែន សុគន្ធា បញ្ជាក់ថា៖ «ក្នុងនាមជាម្ដាយមួយរូប លោកស្រីមិនដែលឱ្យកូនរបស់ខ្លួនប្រើទូរសព្ទក្នុងលក្ខខណ្ឌមិនចាំបាច់ណាមួយឡើយក្រៅតែពីការសិក្សារៀនសូត្រដែលទទួលបានចំណេះដឹង»។
លោកស្រីសំណូមពរថា៖ «សូមអ្នកដែលប្រើប្រាស់បណ្ដាញសង្គមគ្រប់រូប កុំចូលទៅចុចតាមដានផេកដែលផុសនូវព័ត៌មានមិនល្អដែលនាំឱ្យខ្ជះខ្ជាយពេលវេលាតែប៉ុណ្ណោះ បើយើងកាត់បន្ថយបាននោះបុគ្គលដែលធ្លាប់តែចែករំលែកនូវរឿងរ៉ាវមិនល្អនោះក៏នឹងមានកាន់តែតិចៗទៅផងដែរ»។
លោក តុប ដា អាយុ២២ឆ្នាំ ជានិស្សិតឆ្នាំទី៤ សិក្សាជំនាញគិលានុបដ្ឋាយិកាយល់ឃើញថា ការប្រើប្រាស់បណ្ដាញសង្គមជារឿងធម្មតា តែបើប្រើប្រាស់ជាមួយនឹងពាក្យសម្ដីមិនសមរម្យ អាចបង្កផលប៉ះពាល់ច្រើនដល់ក្មេងជំទង់ដែលកំពុងប្រើប្រាស់ប្រើប្រាស់បណ្ដាញសង្គមនេះផងដែរ។
លោកតុប ដា ថ្លែងថា៖ «ក្មេងងាយចាប់បាននូវអ្វីដែលគាត់បានឃើញនិងឮ ហើយក្មេងរៀនតាមដោយប្រើពាក្យទាំងអស់នោះទៅកាន់មិត្តភក្តិរបស់គាត់។ បើសិនជាមានបញ្ហាអី មិនគួរបង្ហោះ ឬហែកហួរគ្នានៅក្នុងបណ្ដាញសង្គមនោះទេ យើងគួរតែមានការដោះស្រាយបញ្ហានោះទល់មុខគ្នា ជៀសវាងកុំប្រើពាក្យអសុរោះនៅមុខក្មេង»។
កញ្ញា រេត ពៅ អាយុ២២ឆ្នាំ បច្ចុប្បន្នជាបុគ្គលិកគណនេយ្យ យល់ឃើញថា បច្ចុប្បន្នក្មេងៗមានការប្រើប្រាស់បណ្ដាញសង្គមច្រើន ហើយពួកគេងាយចាប់បាន និងយកត្រាប់តាមពាក្យអសុរោះរបស់មនុស្សធំ ដែលការណ៍នេះអាចប៉ះពាល់ទៅដល់ការសិក្សា និងសីលធម៌របស់ក្មេងៗ។
កញ្ញាថ្លែងថា៖ «ការប្រើប្រាស់ពាក្យសំដីអសុរោះអាចបង្កឲ្យមានអំពើហិង្សា និងភាពអសន្តិសុខនៅក្នុងសង្គម ហើយមានការប្រើប្រាស់ពាក្យមិនសមរម្យទៅមនុស្សចាស់ជាដើម»។
កញ្ញា រ៉ុម ផាន់នី អាយុ១៩ឆ្នាំ ជានិស្សិតឱសថសាស្រ្តឆ្នាំទី១ រស់នៅខណ្ឌសែនសុខ រាជាធានីភ្នំពេញ ផ្តោតការយល់ថាទៅលើការធ្វើទីផ្សារដោយការឈ្លោះគ្នា ប្រើពាក្យសម្ដីមិនសមរម្យលើហ្វេសប៊ុក និងតិក តុកជាដើម ដើម្បីទាក់ទាញអ្នកអាន ឬទស្សនា។ សម្រាប់កញ្ញា ផាន់នី ការធ្វើទីផ្សារបែបនេះ គឺជាទង្វើមិនសមរម្យនោះឡើយ ដែលបានបង្កផលអវិជ្ជមានទៅដល់អ្នកប្រើប្រាស់ទាំងចាស់ទាំងក្មេង ជាពិសេសគឺក្មេងៗអាយុក្រោម១៥ឆ្នាំ ដែលងាយនឹងយកតម្រាប់តាមគម្រូមិនល្អ។
កញ្ញាក៏បានស្នើឱ្យអាជ្ញាធរ និងក្រសួងមានសមត្ថកិច្ចពាក់ព័ន្ធ ណែនាំ អប់រំ និងកែតម្រូវដល់អ្នកបង្ហោះ និងចែករំលែករូបភាព និងវីដេអូមិនសមរម្យដើម្បីកុំឱ្យអ្នកដទៃយកគម្រូតាម។
កញ្ញាបញ្ជាក់ថា៖ «ក្នុងសង្គមកាន់តែមានភាពវឹកវរជាមួយការធ្វើទីផ្សារតាមបែបជេរបញ្ចោរដែលជារូបភាពមួយដែលមិនគួរកើតឡើងសម្រាប់អ្នកប្រើប្រាស់បណ្ដាញសង្គមគ្រប់រូប»។
លោក សែម សីលា អាយុ ១៨ឆ្នាំ ជានិស្សិតផ្នែកវិទ្យាសាស្ត្រកំព្យូទ័រឆ្នាំទី១ រស់នៅសង្កាត់ទឹកថ្លា រាជធានីភ្នំពេញ បានលើកឡើងថា ការប្រើប្រាស់បណ្តាញសង្គមដែលមិនមានក្រមសីលធម៌នមួយចំនួន បានបង្ហោះរូបភាពមិនសមរម្យ នាំឲ្យក្មេងៗ ដែលមិនគ្រប់អាយុងាយរងផលប៉ះពាល់ដល់ការគិតពិចារណា។
លោក សែម សីលា ចង់ឃើញគ្រូបង្រៀនជួយអប់រំណែនាំបន្ថែម ព្រមទាំងរាយការណ៍ទៅអាណាព្យាបាល ក្នុងករណីដែលក្មេងមិនចូលសាលា និងណែនាំឲ្យចុចរីផត(report) រឺប្លុក(block)ផេក ដែលតែងតែផុសតែរឿងមិនល្អនាំឱ្យប៉ះពាល់ដល់ស្មារតីផ្ចង់អារម្មណ៍របស់ក្មេងជំទង់។
លោកលើកទៀតថា៖ «សម្រាប់អ្នកដែលដឹងហើយថាជាវីដេអូដែលខ្លួនបានមើលមិនល្អហើយក៏នៅតែចែករំលែកបន្តទៀត លោកថាជាការឆ្លៀតឱកាសដើម្បីតែផលប្រយោជន៍របស់ខ្លួន ជាក់ស្តែងអ្នកដែលថតរូប ឬវីដេអូដែលមិនសមរម្យហើយផុស ដើម្បីឲ្យមានមនុស្សចូលមើលច្រើនគឺរិតតែបង្កផលប៉ះពាល់យ៉ាងខ្លាំងទៅដល់ក្មេង។ គ្រប់អាណាព្យាបាលដែលមានកូនតូចៗក្រោមអាយុ១៥ឆ្នាំ គួរតែព្យាយាមតាមដានសកម្មភាពរបស់កូនឱ្យបានញឹកញាប់ដូចជាពេលណាកូនទៅរៀន ពេលណាកូនទំនេរ»។
កញ្ញា ទ្រី សុផានី អាយុ១៩ឆ្នាំ ជានិស្សិតផ្នែកអក្សរសាស្រ្តអង់គ្លេសនៅវិទ្យាស្ថានភាសាបរទេស លើកឡើងថា ផលប៉ះពាល់ និងរូបភាពជេរប្រមាថក្នុងចំណោមអ្នកប្រើប្រាស់បណ្តាញសង្គមនេះ មានទាំងនៅកម្ពុជា និងបណ្តាប្រទេសដទៃ។ កញ្ញាយល់ថាក្មេងៗ ងាយរងឥទ្ធិពលអវិជ្ជមាន ក៏ព្រោះតែពួកគេមិនអាចវាយតម្លៃថាជារឿងល្អឬអាក្រក់ឡើយ ដូច្នេះពួកគេនឹងងាយធ្វើតម្រាប់តាម។
កញ្ញាថ្លែងថា៖ «បើជនបរទេសបានឃើញនូវវីដេអូដែលមានជម្លោះជេរបញ្ចោរគ្នាតាមបណ្ដាញសង្គម តើគេនឹងមើលមកប្រទេសយើងបែបណា? គេអាចវាយតម្លៃពីសីលធម៌របស់ប្រជាជនយើងថាមានភាពអនាធិបតេយ្យមិនចេះគោរពឱ្យតម្លៃគ្នាទៅវិញទៅមក»។
កញ្ញាលើកទឹកចិត្តទៅដល់សិស្សនិស្សិត អាជីវករលក់ដូរ ពលរដ្ឋទូទៅក្នុងសង្គមដែលជាអ្នកចែករំលែក បញ្ចេញមតិយោបល់ផ្សេងៗលើការផុសនានា គប្បីធ្វើជាគម្រូមួយដ៏ល្អ មិនគួរចែករំលែកនូវរឿងរ៉ាវដែលមិនល្អដែលនាំឱ្យអាប់ឱនដល់ខ្លួនឯង និងសង្គមជាតិ ជាពិសេសចៀសវាងចេតនាដើម្បីទទួលបានការចែករំលែកច្រើនហើយចេះតែយកបណ្ដាញសង្គមជាឈ្នាន់ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនដូចជាការលក់ដូរចំណេញប្រាក់ជាដើម។
កញ្ញបន្ថែមថា៖ «ក្នុងនាមជាពលរដ្ឋទូទៅ ជាអ្នកប្រើប្រាស់គួរតែងាកមកចាប់អារម្មណ៍ និងចែករំលែកមាតិកាអប់រំល្អបណ្ដុះស្មារតី កុំយកបណ្ដាញសង្គមជាវេទិកាឈ្លោះហែកហួរគ្នា ព្រោះសង្គមយើងត្រូវការធនធានមនុស្សដែលល្អៗជាច្រើនដើម្បីអភិវឌ្ឍប្រទេសជាតិ»។
លោក ទុយ វណ្ណារ៉ា អាយុ៥២ឆ្នាំ មានមុខរបរជាអ្នករត់កង់បី បច្ចុប្បន្នរស់នៅទីក្រុងភ្នំពេញ យល់ឃើញថា ការឈ្លោះគ្នាលើបណ្តាញសង្គមមិនមែនជារឿងសមហេតុផលទេព្រោះ អ្នកប្រើប្រាស់ត្រូវចេះរក្សាសិទ្ធិឱ្យគ្នាដោះស្រាយដោយខ្លួនឯង [ជារឿងផ្ទៃក្នុងគ្រួសារ]។
លោកបន្តថា៖ «ការឈ្លោះគ្នាជារឿងមិនល្អដល់ក្មេងៗជំនាន់ក្រោយនោះទេ ជួនកាលក្មេងៗក្រោមអាយុ១៥ឆ្នាំគ្នាមានខួរក្បាលគិតមិនជ្រៅជ្រះអំពីបញ្ហានៅក្នុងសង្គមអីចឹងក្មេងមានអារម្មណ៍មួយដោយចេះតែយកតម្រាប់តាម»។
លោកបន្ថែមទៀតថា៖ «គេមិនហាមឃាត់ទេក្នុងការផ្សព្វផ្សាយ ប៉ុន្តែថាតើព័ត៌មានណាខ្លះដែលល្អចាំផ្សព្វផ្សាយតាមបណ្តាញហេ្វសប៊ុកអ្វីដែលមិនល្អមិនចាំបាច់ផ្សព្វផ្សាយទេ នាំឱ្យមានផលប៉ះពាល់ដល់សង្គម ហើយក៏ត្រូវរិះគន់ដើម្បីកែលម្អទៅលើការផ្សព្វផ្សាយលើបណ្តាញសង្គមមួយចំនួនដែរ»។
គួរបញ្ជាក់ផងដែរថា គិតត្រឹមដើមឆ្នាំ២០២៤ ប្រទេសកម្ពុជាមានអ្នកប្រើប្រាស់បណ្ដាញសង្គមចំនួន ១១.៦៥ លាននាក់ ឬស្មើនឹង៦៨.៤ ភាគរយនៃចំនួនប្រជាជនសរុប ហើយភាគច្រើនមានអាយុចាប់ពី១៣ឆ្នាំដល់៦៤ឆ្នាំ។ នេះបើយើងតាមគេហទំព័រ Datareportal៕