កាកសំណល់ ឬសំរាមជាបញ្ហាចំបងមួយនៅក្នុងទីក្រុងភ្នំពេញ។ កាកសំណល់ មានច្រើនប្រភេទ ដូចជាកាកសំណល់សរីរាង្គ កាកសំណល់ប្លាស្ទីក កាកសំណល់ក្រដាស កាកសំណល់អេឡិចត្រូនិច និងកាកសំណល់សម្លៀកបំពាក់ជាដើម។ កាកសំណល់សម្លៀកបំពាក់ ជាកាកសំណល់ទាំងឡាយណាដែលកើតចេញមកពីសម្លៀកបំពាក់ដែលឈប់ប្រើប្រាស់ និងឈប់ជាតម្រូវការរបស់បុគ្គលម្នាក់។
Newsroom Cambodia បានសម្ភាសប្រជាពលរដ្ឋដែលរស់នៅទីក្រុងភ្នំពេញចំនួន៨នាក់ចំពោះការយល់ឃើញលើសម្លៀកបំពាក់ដែលឈប់ប្រើប្រាស់។
លោក អ៊ី ឡូញ អាយុ៣៣ឆ្នាំជាអ្នករស់នៅខេត្តព្រៃវែង។ បច្ចុប្បន្នលោកជាអ្នករត់តុកតុកមួយរូបនៅរាជធានីភ្នំពេញបានលើកឡើងថា គ្រួសាររបស់លោកបានយកខោអាវចាស់ៗដែលឈប់ប្រើមកច្នៃជាក្រណាត់ប្រើប្រាស់ក្នុងផ្ទះ រួចពេលប្រើលែងកើតទើបដុតវាចោល។ លោកបន្តថា ការដុតជាវិធីមួយដ៏ល្អជាជាងការបោះចោលដោយយើងពុំចាំបាច់ព្រួយបារម្ភពីការពុកផុយរបស់សាច់ក្រណាត់។
លោកបញ្ជាក់ថា៖«បើបោះចោលខ្លាចថាខោអាវវាមិនងាយផុយមិនងាយរលួយចឹង យើងបោះទៅដី[…] មិនងាយផុយទេពេលយើងត្រូវការដាំដុះអីចឹង(អញ្ជឹង)ទៅក្រែងពិបាក វាមិនងាយ រលាយដូចជាស្លឹកឈើទេ»។
លោកបន្ថែមទៀតថា បើសិនជាមានអ្នកចាំប្រមូលខោអាវចាស់ៗដែលនៅអាចប្រើប្រាស់បានយកទៅចែកអ្នកខ្សត់ខ្សោយ ឬមានអ្នកទិញយកទៅកែច្នៃចេញជាវត្ថុប្រើប្រាស់ផ្សេងៗក៏ជារឿងល្អដែរ។
កញ្ញា ឆុំ សុវណ្ណម៉ានីនាថ អាយុ១៨ឆ្នាំ ជានិស្សិតឆ្នាំទី១ រៀនជំនាញបសុពេទ្យ ឬវេជ្ជសាស្ត្រសត្វ នៅវិទ្យាស្ថានកសិកម្មព្រែកលាប រស់នៅរាជធានីភ្នំពេញ បានលើកឡើងថាជារៀងរាល់ខែ កញ្ញាទិញសម្លៀកបំពាក់ប្រហែលជាប្រាំឈុត ព្រោះកញ្ញាជាអ្នកចូលចិត្តលេងស្ទាយហ្វេសសិន(Fashion)។កញ្ញា តែងតែច្នៃរាល់ខោអាវដែលប្រើរួច ឱ្យអស់លទ្ធភាពដូចជា លក់ខោអាវមួយទឹកតាមអនឡាញ ឬបរិច្ចាគជាដើម។
កញ្ញាបន្ថែមថាខោអាវចាស់ៗក៏ប៉ះពាល់ដល់បរិស្ថានផងដែរជាពិសេសនោះ គឺធ្វើឱ្យមានការរាយប៉ាយ បង្កើនសម្រាម ធ្វើឱ្យទឹកមានសារធាតុពុល និងកខ្វក់ជាដើម។ កញ្ញាបន្តថា បើសិនជាអាចយើងគួរតែមានកន្លែងស្តុកឥវ៉ាន់សម្រាប់ដាក់របស់ដែលយើងឈប់ប្រើប្រាស់ ហើយបើអាចកែច្នៃវាឡើងវិញបានយើងគួរតែកែច្នៃ។
កញ្ញានិយាយថា៖«បើសិនជាខោអាវចាស់ៗរបស់ខ្ញុំហ្នឹង ខ្ញុំគិតថាយើងមានជម្រើសពីរ។ ទីមួយយើងអាច[…] បើកជាលក្ខណៈអនឡាញស្សប(Online Shop)របៀបសេឃិនហ៊ែន(Second hand)របស់ដែលមួយទឹក ហើយមួយទៀតយើងអាចទៅបរិច្ចាគទៅខាងកុមារកំព្រា ឬអ្នកខ្វះខាតក៏បានដែរ»។
ចំណែកលោក វេត ផូល អាយុ២០ឆ្នាំ ជានិស្សិតស្ថាបត្យកម្មឆ្នាំទី២ រៀននៅសាកលវិទ្យាល័យភូមិន្ទវិចត្រសិល្បៈ ជាអ្នកខេត្តកំពត។ បច្ចុប្បន្នលោកកំពុងរស់នៅ និងបន្តការសិក្សាក្នុងរាជធានីភ្នំពេញ។ចំពោះបញ្ហាទាក់ទងនឹងកាកសំណល់សម្លៀកបំពាក់ លោកយល់ឃើញថា សម្លៀកបំពាក់គួរកុំប្រើឱ្យលើសពីតម្រូវការ ដើម្បីកាត់បន្ថយការចំណាយ និងការប៉ះពាល់ទៅដល់បរិស្ថាន។
លោកលើកឡើងថា៖ «បើសិនជាយើងខ្លួនមួយយើង(មិនបាច់)ប្រើប្រាស់សម្លៀកបំពាក់ច្រើនវាក៏ល្អដែរ វាកាត់បន្ថយការ(ប្រើ)បាក់តេរីក្នុងការធ្វើសម្លៀកបំពាក់ច្រើន[…] (អ៊ីចឹងខ្ញុំ)គិតថាខោអាវបើយើងមិនចាំបាច់វាប្រើប្រាស់ច្រើនទេ យើងមិនចាំបាច់ទិញវាក៏បានដែរ ដើម្បីកាត់បន្ថយជួយដល់បរិស្ថាននិងធម្មជាតិ»។
លោកបន្ថែមថា សម្លៀកបំពាក់ដែលឈប់ប្រើតែនៅល្អ ម្តាយរបស់លោកតែងតែចែកឱ្យទៅអ្នកខ្សត់ខ្សោយ តែបើមិននៅល្អទេគាត់ច្នៃវាជាក្រណាត់សម្អាតផ្ទះ។
លោកនិយាយថា៖ «ភាគច្រើនខោអាវចាស់ៗបើកាលនៅខេត្តបើ(ខ្ញុំ)ទុកចោលម៉ាក់គាត់ប្រមូលយកឱ្យចែកអ្នកអត់មាន[…] បើសិនខោអាវហ្នឹងចាស់ខ្លាំងគាត់យកទៅធ្វើជា(ក្រណាត់)សម្អាតក្នុងផ្ទះ»។
អ្នកស្រី វ៉ង ម៉ាច អាយុ៣៥ឆ្នាំ ជាអាជីវករលក់ផ្កានៅតាមសួន មុខព្រះបរមរាជវាំង មានទីកន្លែងកំណើតនៅខេត្តតាកែវ សព្វថ្ងៃកំពុងរស់នៅភ្នំពេញ។ អ្នកស្រីយល់ឃើញថាសម្លៀកបំពាក់ដែលឈប់ប្រើប្រាស់ បើសិនជាមិនបានយកទៅបរិច្ចាគ ឬក៏ពេលបោះចោលមិនមានកន្លែងទុកដាក់ឱ្យបានត្រឹមត្រូវនោះ វាអាចប៉ះពាល់ដល់បរិស្ថាន និងបង្កភាពគ្មានសណ្តាប់ធ្នាប់ក្នុងទីក្រុងថែមទៀត។ លើសពីនេះ អ្នកស្រីចង់ឱ្យមានកន្លែងសម្រាប់ទុកដាក់ផងដែរ។
អ្នកស្រីបញ្ជាក់ថា៖ «សម្លៀកបំពាក់ដែលយើងបោះចោល បើសិនយើងមានគំនិតចង់ឱ្យគេរៀបចំមានកន្លែងណាមួយដែលយើងអាចទុកសម្លៀកបំពាក់ហ្នឹងកុំឱ្យញ៉េញ៉ៃ ណាមួយវាទុកយូរទៅ វាស្អុយ វារលួយពេញទីក្រុងយើងចឹង វាអាចអត់មានអនាម័យចឹង ព្រោះអីយើងឃើញហើយតាមផ្សារ តាមអីរញ៉េរញ៉ៃពេញទឹកពេញដី ហើយក្នុងទឹកឡូ ជួនកាលអ្នកខ្លះបោះសំរាមចូលក្នុងឡូក្នុងអី»។
រីឯកញ្ញា យីម កនិកា អាយុ២០ឆ្នាំ ជានិស្សិតឆ្នាំទី៣ សិក្សាជំនាញតុបតែងលម្អនៃស្ថាបត្យកម្ម នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ មកពីខេត្តកំពង់ចាម សព្វថ្ងៃរស់នៅរាជធានីភ្នំពេញ។ កញ្ញាលើកឡើងថា តាមធម្មតាកញ្ញាមិនសូវទិញសម្លៀកបំពាក់នោះទេ ទាល់តែមានតម្រូវការ ឬចង់ដូរម៉ូដទើបទិញសម្លៀកបំពាក់ថ្មី។ ហើយសម្លៀកបំពាក់របស់កញ្ញាដែលឈប់ប្រើប្រាស់មួយចំនួន គឺកញ្ញាបរិច្ចាគទៅអ្នកដទៃ និងឱ្យប្អូនប្រើប្រាស់បន្ត។
កញ្ញានិយាយ៖ «ខោអាវចាស់ៗ ខោអាវចាស់ ភាគច្រើនខ្ញុំពាក់…. បើពាក់ដូចថាពាក់មួយភ្លែតដូចថាពាក់តែប៉ុន្មានដង អីចឹងឈប់ពាក់ទុកសិន ដល់ពេលទៅភាគច្រើនប្រមូលឱ្យអ្នកនៅខាងស្រុកម៉ាក់ ខ្ញុំនៅជនបទ ឬក៏ឱ្យទៅប្អូន»។
កញ្ញា យល់ថាសម្លៀកបំពាក់ដែលឈប់ប្រើប្រាស់ ពេលដែលបោះចោលទៅក្លាយជាសំរាម នឹងអាចបង្កផលប៉ះពាល់ដល់បរិស្ថានផងដែរ ដូច្នេះកញ្ញាចង់ឱ្យមានការទុកដាក់កាកសំណល់សម្លៀកបំពាក់ ដែលឈប់ប្រើឱ្យបានត្រឹមត្រូវ។ កញ្ញា ក៏គាំទ្រឱ្យមានការបរិច្ចាគសម្លៀកបំពាក់ដែលឈប់ប្រើ ទៅកាន់អ្នកដែលគាត់មានជីវភាពខ្សត់ខ្សោយផងដែរ បើសិនជាសម្លៀកបំពាក់នោះមានសភាពល្អអាចប្រើប្រាស់បន្តទៀតបាន។ កញ្ញានិយាយ៖ «បើសិនជាយើងឈប់ពាក់ ឬឈប់ស្លៀក យើងអាចប្រមូលទុកមួយដុំ ឬក៏សម្លៀកបំពាក់ណាមើលទៅរាងសមគួរយើងអាចចែកឱ្យទៅអ្នកគេខ្វះខាតបាន ព្រោះភាពច្រើនគាត់អត់ប្រកាន់ទេ»។
លោក ឱ សុថ អាយុ៧៩ឆ្នាំ ជាអតីតមន្ត្រីនៅមន្ទីរឧស្សាហកម្មខេត្តបាត់ដំបង សព្វថ្ងៃរស់នៅរាជធានីភ្នំពេញ។ លោកលើកឡើងថាកាកសំណល់សម្លៀកបំពាក់ដែលយើងបោះចោល មិនសូវជាប៉ះពាល់ដល់បរិស្ថាន ដូចប្លាស្ទិកនោះទេ ព្រោះថាសម្លៀកបំពាក់ភាគច្រើនធ្វើឡើងពីសរសៃ កម្បាស អំបោះដែលអាចរលាយក្លាយជាធូលី ឬដីបាន។
លោកប្រៀបធៀបរវាងកាកសំណល់សម្លៀកបំពាក់ និងប្លាស្ទិកយ៉ាងដូច្នេះ៖ «សម្លៀកបំពាក់ហ្នឹងវាផ្សំដោយវត្ថុធាតុដើមជាកម្បាស ឬក៏ជាសរសៃអំបោះ ហើយបើយើងបោះចោល វានឹងរលាយទៅជាធូលី វាទៅរលាយ ទៅជាដី វាអត់ដូចប្លាស្ទិកទេ»។
តែទោះជាយ៉ាងណា អតីតមន្ត្រីរូបនេះ ក៏គាំទ្រឱ្យមានការបរិច្ចាគសម្លៀកបំពាក់ដែលឈប់ប្រើប្រាស់ ទៅកាន់អ្នកដែលមានជីវភាពខ្វះខាត ជាជាងយកទៅបោះចោល ឬក៏ទុកដាក់មិនបានត្រឹមត្រូវផងដែរ។
លោកស៊ី ចាន់ អាយុ២៤ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនឯកជនមួយកន្លែងនៅទីក្រុងភ្នំពេញ មកពីខេត្តកំពង់ស្ពឺ ថ្លែងថាសម្លៀកបំពាក់ដែលបានប្រើប្រាស់អាចប៉ះពាល់ដល់បរិស្ថានដោយសារតែកាដុតដែលបង្កអោយមានក្លិនមិនល្អ។ ជាទូទៅ លោកបានយកសម្លៀកបំពាក់ដែលបានប្រើប្រាស់ហើយទៅបោះចោល។
លោកលើកឡើងថា៖ «សម្លៀកបំពាក់ជាកាកសំណល់ដែរដូចសម្រាមដែរ។ ប្រសិនយើងដុតមានក្លិនផ្សែងទៅលើ និយាយទៅវាអាចប៉ះពាល់ដូចសម្រាមដែរ ធម្មតាតែយើងដុតទៅមានផ្សែងហុយ មានក្លិន ធម្មតាក្រណាត់តែងមានក្លិនដូចសម្រាមទូទៅ វាមានក្លិនអាក្រក់ ចឹងវាអាចប៉ះពាល់ដល់សុខភាពយើងដែរ»។
លោកបញ្ជាក់បន្ថែមថា៖« ភាគច្រើនយកបោះចោល បោះក្រោយផ្ទះហើយដុតចោលនៅស្រុក […] និងបោះចោលសម្រាម(គំនរសម្រាម)ហើយតាមឡានគេមកដឹកយកទៅ»។
កញ្ញា សែម ម៉ាលី អាយុ២០ឆ្នាំ មានស្រុកកំណើតមកពីខេត្តកំពង់ស្ពី កំពុងស្នាក់នៅទីក្រុងភ្នំពេញ ជានិសិ្សតឆ្នាំទី១ ជំនាញគណនេយ្យនៃវិទ្យាស្ថានវ៉ាន់ដា។ ជាធម្មតាកញ្ញាទិញខោអាវរៀងរាល់សប្តាហ៍ ព្រោះថាកញ្ញាចូលចិត្តដូរម៉ូតសម្លៀកបំពាក់ និងមិនចូលចិត្តស្លៀកពាក់ដដែលៗ។ កញ្ញា ឲ្យដឹងថា សំណល់សម្លៀកបំពាក់អាចប៉ះពាល់ដល់បរិស្ថានដែរព្រោះវាមិនងាយរលាយ។ បើទោះបីជាកញ្ញាចូលចិត្តទិញសម្លៀកបំពាក់យ៉ាងណាក៏ដោយ ប៉ុន្តែខោអាវទាំងនោះភាគច្រើនត្រូវបានយកទៅចែកបន្តដល់ប្អូនៗ និងអ្នកដែលត្រូវការ ឬទុកចោលក្នុងទូ។
កញ្ញាលើកឡើងថា៖ «ខ្ញុំយល់ថាវាប៉ះពាល់ដែរបងព្រោះអីវាអត់ងាយនឹងរលាយ វា[សម្លៀកបំពាក់ដែលឈប់ប្រើប្រាស់] នៅរយៈពេលយូរទម្រាំតែបាត់ទៅ ខោអាវខ្លះវារយៈពេលយូរដែលវាអាចនឹងពុកផុយទៅវិញ វានៅស្អិតនៅនឹងដីប្រសិនបើយើងអត់ទុកនៅកន្លែងស្រួលបួល»។
កញ្ញាបន្ថែមថា៖ «ពេលខ្លះយកអោយបងប្អូនយកចែករំលែកគ្នាដល់អ្នកខ្វះខាត ឬក៏ប្អូនៗនៅអាយុក្រោមខ្ញុំដូចប្អូនបង្កើតខ្ញុំអីអញ្ចឹងទៅស្លៀកបន្តៗគ្នា […]ក្រៅពីហ្នឹងមានតែយកទុកក្នុងទូចោល»។