ក្មេងទំនើង ជាកង្វល់ និងបញ្ហាក្នុងសង្គម ដែលបច្ចុប្បន្នអាជ្ញាធរកំពុងអនុវត្តនូវវិធានការជាបន្តបន្ទាប់ក្នុងការបង្រ្កាបក្មេងទំនើងតាមបណ្ដារាជធានីខេត្ត។ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ កន្លងមកនេះ Newsroom Cambodia បានសម្ភាសយុវជនចំនួន ៥រូបជុំវិញការយល់ឃើញរបស់ពួកគាត់ចំពោះបញ្ហាដែលបង្កឡើងដោយក្មេងទំនើង។
លោក រុន វិសាល អាយុ២៤ឆ្នាំ ជានិស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញអាជីវកម្មកំព្យូទ័រ (Business computer) មកពីសាកលវិទ្យាល័យប្រទេសថៃ Mahasarakham។ បច្ចុប្បន្នវិសាលកំពុងស្នាក់នៅរាជធានីភ្នំពេញ។ វិសាលមើលឃើញថាបញ្ហាក្មេងទំនើងជាបញ្ហានៅក្នុងសង្គមដែលកំពុងកើតឡើងដែលបង្កផលប៉ះពាល់ជាច្រើនដល់បុគ្គលផ្ទាល់ គ្រួសារ និងសង្គមជាតិ។
លោកបានថ្លែងថា៖ «វា[ក្មេងទំនើង]ប៉ះពាល់ច្រើនសម្រាប់ខ្លួនឯង គាត់អាចបាត់បង់អនាគតដោយសារតែភាពឈាមក្ដៅមួយឆាវរបស់គាត់ គាត់អាចបាត់បង់កិត្តិយស បាត់បង់ដល់អាយុជីវិតទៀត បើសិនជាគាត់ដើរលេងជាសេពគប់ជាមួយមិត្តភក្តិនៅក្នុងសង្គមអ៊ីចឹង ទោះចង់ឬមិនចង់គាត់ត្រូវធ្វើចឹង។ ម្យ៉ាងទៀតជាមួយគ្រួសារ ធ្វើឱ្យបាត់បង់ជំហរក្នុងគ្រួសារម្នាក់បាត់បង់អ្នកដែលជួយទ្រទ្រង់ជីវភាពសេដ្ឋកិច្ច ធ្វើឱ្យសមាជិកក្នុងគ្រួសារបាត់បង់សាមគ្គីភាព បាត់បង់ភាពកក់ក្ដៅ ហើយអាចកើតមានករណីអំពើហិង្សាក្នុងគ្រួសារ»។
វិសាលបន្ថែមថា បញ្ហាក្មេងទំនើងនេះក៏ប៉ះពាល់ដល់សន្ដិសុខសង្គមដែលពិបាកនឹងគ្រប់គ្រងផងដែរ។
កញ្ញា ឡៃ លាក់ អាយុ២៩ឆ្នាំ ជានិស្សិតឆ្នាំទី៤ បច្ចុប្បន្នរៀនជំនាញនីតិសាធារណៈ នៃវិទ្យាស្ថានក្រុងអង្គរខេត្តកំពង់ធំយល់ឃើញថា បញ្ហាក្មេងទំនើងបានបង្កអសន្តិសុខដល់សង្គម និងធ្វើឲ្យប្រជាពលរដ្ឋមិនមានសុវត្ថិភាពផ្លូវចិត្ត។
កញ្ញានិយាយថា៖ «បើពាក់ព័ន្ធនឹងស្ថានភាពជាក់ស្ដែងនៅកន្លែងដែលខ្ញុំរស់នៅ គឺនៅខេត្តកំពង់ធំ ស្រុកស្ទោង បើទាក់ទងទៅនឹងបញ្ហាក្មេងទំនើងឃើញថាពេលខ្លះពួកគាត់ធ្វើឡើងវា[ប្រព្រឹត្តិសកម្មភាព]បង្កជាការអសន្តិសុខដល់សង្គមភាគច្រើនបង្កឡើងដោយក្មេងៗមានវ័យជំទង់»។
កញ្ញាបានបន្ថែមទៀតថា៖«ប្រសិនបើបញ្ហាក្មេងទំនើងចេះតែរីករាលដាលឡើងទីមួយគឺយើងនិយាយពីខ្លួនគាត់ផ្ទាល់គឺខ្លួនគាត់ផ្ទាល់អត់មានអនាគតទេអនាគតគាត់គឺត្រូវបាត់តែម្ដង[…]។ ទីពីរពាក់ព័ន្ធនឹងគ្រួសារឪពុកម្ដាយមិនថាគេមិនថាខ្ញុំ បើសិនជាមានកូនកូនប្រព្រឹត្តឬក៏បង្កពាក់ព័ន្ធនឹងអំពើជាក្មេងទំនើងបញ្ហាផ្លូវចិត្តក៏វាពិបាក ពិបាកចិត្តធ្វើឲ្យឈឺពាក់ព័ន្ធនឹងកិត្តិយសសេចក្ដីថ្លៃថ្នូររបស់ក្រុមគ្រួសារ តែបើពាក់ព័ន្ធជាមួយសង្គមបើមានក្មេងទំនើងចេះតែកើនឡើងគឺមិនមានការរីកចម្រើនទេព្រោះសង្គមជាតិរីកចម្រើនក៏ដោយសារធនធានមនុស្សដែរ»។
ព្រះតេជគុណ សំ ដារ៉ូ ព្រះជន្ម២៧វស្សា ជាអតីតនិស្សិតនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ លើកឡើងថាបញ្ហាក្មេងទំនើងមានការកើនឡើង ដោយសារការមិនយកចិត្ដទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ខណៈបច្ចុប្បន្នយុវជនចូលចិត្តសប្បាយមិនគិតពីអនាគតខ្លួន និងប្រទេសជាតិ។
ព្រះតេជគុណថា៖ «ថ្មីៗនៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើងឃើញថាកាន់តែកើនឡើងច្រើនទៅៗដោយសារតែនៅក្នុងសង្គមនេះ។ ទស្សនៈមួយគេថាសង្គមបែបណាមនុស្សបែបហ្នឹងដូចយើងបានឃើញហើយសង្គមយើងបច្ចុប្បន្នវាកាន់តែទៅៗហើយ តើយើងត្រូវទប់ស្កាត់ដោយរបៀបណាឃើញថារដ្ឋាភិបាលរបស់យើងមិនសូវបានខ្វាយខ្វល់ពាក់ព័ន្ធនឹងក្មេងទំនើង[….] បច្ចុប្បន្ននេះដូចយើងឃើញថាយុវជនរបស់យើងងប់នឹងស្រី ងប់នឹងស្រា ងប់នឹងល្បែង»។
ព្រះអង្គបានបន្តថា ការបណ្ដុះបណ្តាលធនធានមនុស្ស ឬទំពាំងស្នងឬស្សី ត្រូវការចំណាយពេលវេលាយូរ។
ព្រះអង្គបញ្ជាក់បន្ថែមថា៖ «ចង់បង្កើតចង់បណ្ដុះបណ្ឌិតត្រូវប្រើពេល៥០ឆ្នាំ ប៉ុន្តែបើចង់បណ្ដុះពាលប្រើពេលតែមួយថ្ងៃទេឬប្រើប្រើពេលតែ៤ទៅ៥ថ្ងៃទេ អញ្ចឹងសភាវៈល្អមិនងាយទាញមកបានទេ តែសភាវៈអាក្រក់ទាញទៅបានដោយងាយ»។
កញ្ញា វ៉ន លីហួ អាយុ១៨ឆ្នាំ ជានិស្សិតឆ្នាំទី៣ នៃវិទ្យាស្ថានវ៉ាន់ដាលើកឡើងថា បញ្ហាក្មេងទំនើងនៅក្នុងសង្គមតែងតែកើតមាន គ្រាន់តែច្រើន ឬតិចប៉ុណ្ណោះ។ កញ្ញាយល់ថាបញ្ហានេះកើតឡើងដោយសារកង្វះការអប់រំពីឪពុកម្ដាយ សាលារៀន និងការរាប់អានមិត្ដភក្ដិមិនល្អ។ កញ្ញាបន្តថា បញ្ហានេះគួរតែមានដំណោះស្រាយតាមរយៈការចូលរួមអប់រំណែនាំពីអាណាព្យាបាលរបស់ពួកគេ។
កញ្ញាថា៖ « ខ្ញុំគិតថាដំណោះស្រាយតែមួយគឺផ្ដល់ដំបូន្មានដល់គាត់ ហើយរៀបរាប់ពីបញ្ហាថាគាត់ដើរផ្លូវអញ្ចឹងអត់ត្រូវ។ យើងអាចកែតម្រូវមកបានដោយសារតែយើងនៅមានពេលវេលាច្រើនទៀតដែលត្រូវកែខ្លួន។ អញ្ចឹងយើងត្រូវប្រាប់ពីចំណុចល្អៗ និងចំណុចវិជ្ជមានដល់គាត់ ហើយឲ្យគាត់ឈប់ធ្វើនៅអំពើណាដែលមិនល្អ និងប៉ះពាល់ដល់សង្គម»។
កញ្ញា រ៉ុម ជីវ័ន្ត អាយុ១៩ឆ្នាំ ជានិស្សិតឆ្នាំទី៣ ជំនាញរដ្ឋបាលអប់រំនៃពុទ្ធិកសាកលវិទ្យាល័យសីហនុរាជយល់ឃើញមិនខុសពីកញ្ញា វ៉ន លីហួនោះទេ។ កញ្ញា លើកឡើងថាបញ្ហាក្មេងទំនើងមានការកើនឡើងជាងឆ្នាំមុនៗដែលបណ្ដាលមកពីកង្វះការអប់រំពីអាណាព្យាបាល និងការអប់រំនៅសាលារៀន។
កញ្ញាថ្លែងថា៖ «ចំពោះបញ្ហាទាំងអស់ហ្នឹងមូលហេតុសម្រាប់ខ្ញុំគិតអាចមកពីកត្តាគម្លាតគ្នាកត្តាឪពុកម្ដាយនិងសាលារៀន[…]បច្ចុប្បន្នបើគ្រូបង្រៀនរាងរឹតបន្តឹងសិស្សតិចតួចអាណាព្យាបាលចាប់ផ្ដើមមានបញ្ហាមកចម្រូងចម្រាស់ជាមួយសាលាអ៊ីចឹងវាមានគម្លាតរវាងឪពុកម្ដាយជាមួយនឹងសាលារៀនជាមូលហេតុធ្វើឲ្យខាងគ្រូគាត់អស់កម្លាំងចិត្តក្នុងការអប់រំសិស្សលត់ដំសិស្សធ្វើឲ្យសិស្សឆ្លៀតយកម៉ោងរៀនទៅដើរលេងហើយឪពុកម្ដាយខ្លះទៀតអត់បានអប់រំកូន»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីខែឧសភា ឆ្នាំ២០២៤កន្លងទៅ បានដាក់បញ្ជា និងសមត្ថកិច្ចពាក់ព័ន្ធទូទាំងប្រទេស រឹតបន្តឹងវិធានការចំពោះក្រុមក្មេងទំនើងដែលប្រព្រឹត្ត បង្កចលាចលសង្គមនានា។ ក្រោយការប្រកាសរបស់នាយករដ្ឋមន្ត្រីមក ក្រសួងមហាផ្ទៃអះអាងថា កម្លាំងសមត្ថកិច្ចបន្តពង្រឹងការត្រួតពិនិត្យ និងចុះបង្ក្រាបក្រុមក្មេងទំនើងកាន់តែសកម្ម និងតឹងតែងជាងមុន៕