ក្រសួងសុខាភិបាលប្រាប់​ឱ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្នបន្ទាប់ពីមាន​ក្មេងប្រុស​អាយុ៣ឆ្នាំ​ម្នាក់​បាន​ឆ្លង​ជំងឺផ្តាសាយបក្សី​ប្រភេទហាស់៥អ៊ីន១ (H5N1) កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ​២០២៤ ​នៅ​ស្រុក​គីវីវង្ស ​ខេត្តតាកែវ។

បើ​តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញនៅ​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២៤​នេះ​បញ្ជាក់ថា ក្មេងប្រុស​អាយុ៣ឆ្នាំ​ម្នាក់ រស់​នៅក្នុងភូមិពោធិ៍ ឃុំប្រាសាទជាន់ជុំ ស្រុកគីរីវង្ស ខេត្ត​តាកែវ ​មានផ្ទុក​វីរុស​​​​​​ជំងឺ​ផ្តាសាយបក្សី ប្រភេទហាស់៥អ៊ីន១ ​(H5N1) ដែល​ត្រូវបាន​បញ្ជាក់ដោយ​​​​​​​​​​​​​​​វិ​​ទ្យាស្ថាន​ជាតិ​សុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រនៅថ្ងៃទី​៥ ខែកក្កដា ឆ្នាំ២០២៤​។​ ​​

សេចក្តីប្រកាសព័ត៌មានដដែលបន្ថែមថា កេ្មងប្រុស​​នោះ​បានបរិភោគ​ម្ហូបដែល​ធ្វើ​ពី​មាន់ទាងាប់ និងប៉ះពាល់​មាន់ងាប់មុនពេលអ្នកជំងឺឈឺ១០ថ្ងៃ។

សេចក្តីប្រកាសព័ត៌មានបញ្ជាក់៖ «បច្ចុប្បន្នស្ថានភាពអ្នកជំងឺបានធូរស្រាល និង​កំពុង​ទទួល​បានការ​ថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។ តាមការសាកសួរបង្ហាញថា ប្រហែល១០ថ្ងៃ​មុនចាប់ផ្តើមឈឺនៅភូមិមានមាន់ទាងាប់ ហើយនៅផ្ទះអ្នកជំងឺបានយកមកធ្វើម្ហូបបរិភោគ ក្មេងប្រុស​បានប៉ះពាក់ និងកាន់មានងាប់»។​

ក្រសួងសុខាភិបាលបានចាត់​​ក្រុម​ឆ្លើយតប​បន្ទាន់​គ្រប់​ជាន់​ថ្នាក់​ដែល​សហការណ៍​ជា​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន និង​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​ដើម្បី​ស្រាវជ្រាវលើ​ជំងឺ​ផ្តាសាយបក្សី​ ឆ្លើយតបជា​បន្ទាន់ ចែកជូនឱសថតាមីហ្លូ (Tamiflu) ដល់អ្នកប៉ះពាល់​ជិតស្និទ្ធ និង​យុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុ។

ក្រសួងសុខាភិបាល​ក៏​បាន​ក្រើនរំឮកដល់ប្រជាពលរដ្ឋ​ទាំងអស់​​ឱ្យ​យកចិត្តទុក​ដាក់​ប្រុងប្រយ័ត្ន​លើ​ជំងឺ​ផ្តាសាយ​បក្សីជានិច្ច និងអំពាវនាវដល់ដល់ប្រជាជនឱ្យពិគ្រោះយោបល់ និងពិនិត្យ​ជាមួយ​ក្រុម​គ្រូពេទ្យ​ដែ​​លនៅជិតបំផុត។

ជំងឺផ្តាសាយបក្សីជាជំងឺដែល​មាន​ឆ្លង​ពីសត្វ​បក្សី​ឈឺទៅ​សត្វ​ផ្សេងទៀត ប៉ុន្តែ​វា​មានការឆ្លង​ពី​បក្សី​ទៅ​មនុស្ស​ផងដែរ តាមរយៈការប៉ះពាល់ជាមួយបក្សីងាប់ ឬ​ឈឺ។ ​ផ្តាសាយបក្សីកើត​លើ​មនុស្ស​ជា​ជំងឺ​ធ្ងន់ធ្ងរ​ដែល​ត្រូវ​មាន​ការព្យាបាលទាន់ពេលវេលា។​ ការឆ្លងជំងឺផ្តាសាយបក្សីពីមនុស្សម្នាក់​ទៅ​ម្នាក់​ជាករណី​កម្រ ប៉ុន្តែបើមានអាចជាករណីបំប្លែងខ្លួន និងឆ្លងដូចជំងឺផ្តាសាយតាមរដូវកាល។

គួរបញ្ជាក់ថាបើករណីឆ្លងចុងក្រោយក្នុងខែ កក្កដាឆ្នាំ២០២៤ មានករណី​ឆ្លង​ជំងឺ​ផ្តាសាយ​បក្សី​ចំនួន​៦១​ករណី​ដែលក្នុង​នោះស្លាប់​៤០នាក់ បើគិតចាប់ពីឆ្នាំ២០០៥ ដែល​រាយការណ៍​ករណី​ឆ្លងជំងឺ​ផ្តាសាយ​បក្សី​ដំបូង​នៅ​ប្រទសកម្ពុជា​៕​