គណៈកម្មការរៀបចំ​ព្រឹត្តិការណ៍បាល់ទាត់បណ្ឌិត កែម ឡី បាន​សម្រេចរំសាយ​ព្រឹត្តិការណ៍​បាល់​ទាល់​ដែល​គ្រោងធ្វើ​ឡើង​នៅ​ថ្ងៃទី៧ ខែកក្កដា បន្ទាប់ពីម្ចាស់ទីតាំង​ដែល​បាន​ជួល​សុំ​បញ្ឈប់​​ដោយ​​​​ជូនដំណឹង​ថា ព្រឹត្តិការណ៍​នេះ​មិនមានការ​អនុញ្ញាត​ពី​អាជ្ញាធរ។

យោងតាមសេចក្តីជូនដំណឹងស្ដីពីការរំសាយព្រឹត្តិការណ៍ប្រកួតបាល់ទាត់បណ្ឌិតកែម ឡី លើកទី៣ ចេញកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ​២០២៤ បញ្ជាក់ថា គណៈកម្មការរៀបចំសម្រេច​រំសាយព្រឹត្តិការណ៍ប្រកួតបាល់ទាត់លើកទី៣ ក្រោមប្រធានបទ «កីឡាបង្ហាញពីការរួបរួម និងស្មារតី កែម ឡី» ដោយសារម្ចាស់ទីតាំងឈប់​ជួលឱ្យ។​

សេចក្តីជូនដំណឹងដដែលបញ្ជាក់ថា៖ «ទីតាំង​ដែល​គណៈកម្មការ​រៀបចំ​បាន​កក់​រួចនោះក៏​បាន​ជូន​ដំណឹងពី​ការបញ្ចប់​នៃការ​ជួល​ទី​តាំង​មក​គណៈកម្មការ​រៀបចំ​វិញ ក្រោម​ហេតុផល គណៈកម្មការ​មិនមាន​លិខិតអនុញ្ញាតពីអាជ្ញាធរ»។

លោក ម៉ើ ចាន់ដារ៉ា តំណាងគណៈកម្មការរៀបចំប្រាប់ ​Newsroom Cambodia នៅ​ថ្ងៃចន្ទ​នេះ​ថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់នេះត្រូវបានរំសាយ ដោយសារម្ចាស់តារាងមិនព្រមជួលឲ្យ ព្រោះ​ខ្លាច​មាន​បញ្ហាជាមួយអាជ្ញាធរ​នៅពេល​ពួកលោក​ថ្លែងសារ​ទាក់ទង​នឹង​ការស្វែង​រក​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី។ 

លោកថ្លែងថា៖ «យើងមានការបញ្ជាក់​ពីម្ចាស់តារាងមកវិញថា មិនអាចជួល​តារា​ង​ឱ្យ​ពួកយើង​បាន​ទេ ដោយសារតែគាត់ខ្លាច នៅពេលគាត់ជួលតារាងជួលអី ឱ្យយើងប្រកួត នៅពេល​ដែល​យើង​ថ្លែង​សារ​ផ្សេងៗ ថ្លែងសុន្ទរកថា​នូវ​ការទាមទារ សារផ្សេងៗទា​ក់​ទង​នឹង​ការស្វែង​រកយុត្តិធម៌​ជូន​បណ្ឌិត កែម ឡី នឹងមានអាជ្ញាធរផ្សេងៗមកធ្វើការសួរនាំ»។

លោកបន្ថែមថា តាមច្បាប់ស្ដីពីការធ្វើបាតុកម្មដោយសន្តិវិធី ការជួបជុំនៅ​កន្លែង​ឯកជន​បិទជិត មិន​តម្រូវ​ឱ្យ​មាន​ការអនុញ្ញាតពីអាជ្ញាធរទេ។

លោកនិយាយថា៖ «ទូទៅយើងសង្កេតឃើញថាការធ្វើសកម្មភាពនៅកន្លែង​ឯកជនដែល​មាន​ការបិទជិត យើង​មានជួលសេវាផ្សេងៗ យើងមិនតម្រូវឲ្យមានច្បាប់ ការអនុញ្ញាត​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​ណាមួយ​ទេ។ ណាមួយសកម្មភាពរបស់យើងបើយើងគិតពីច្បាប់ស្ដីពីការធ្វើបាតុកម្ម​ដោយ​សន្តិវិធី យើងមិនដល់ចំនួនមនុស្សដែលយើងត្រូវធ្វើការសុំច្បាប់នោះឡើយ ដោយសារ​តែ​យើង​គ្រោង​ជួបជុំគ្នាតែ​១២០​នាក់»។

លោកបន្ថែមថា ការរៀបចំព្រឹត្តិការណ៍នេះឡើងក្នុងគោលបំណងដើម្បីរំឭកខួប៨ឆ្នាំនៃឃាតកម្ម​លើ​លោក​បណ្ឌិត​ កែម ឡី និង​បន្តវីរភាពបណ្ឌិត កែម ឡី ពង្រឹង​សាមគ្គីភាព​រវាង​អង្គការ​សង្គម​ស៊ីវិល សារព័ត៌មាន សហគមន៍ សាធារណជន និងយុវជន និងលើកកម្ពស់ការយល់ដឹងអំពី អំពើ​និទណ្ឌភាពទៅកាន់សាធារណជន។

លោកបញ្ជាក់ថា៖ «គោលបំណងនៃការប្រព្រឹត្តបាល់ទាត់នេះ ​ទីមួយ​យើង​ចង់​រំឭក​ពី​វីរភាព​របស់​លោក​បណ្ឌិត កែម ឡី ផ្សារភ្ជាប់ទៅនឹងការទាត់បាល់ ដោយសារឆ្នាំមុ​នយើង​ក៏​បាន​ធ្វើការ​ទាត់បាល់​រំឭក​ខួប​លោក​បណ្ឌិត​ផងដែរ។ ហើយទីពីរយើងចង់ផ្ញើសារ​ទៅ​ភាគី​ពាក់ព័ន្ធ​ដើម្បី​ឱ្យ​ពួកគាត់​អាច​បន្តការ​ស្វែងរក​យុត្តិធម៌​ជូន​បណ្ឌិត​ កែម ឡី […] ឱ្យយើង​អស់ចិត្ត​បាន​ថា ​ឃាតករ​ត្រូវ​ទទួលទោសពីការ​បាញ់សម្លាប់លោកបណ្ឌិតកែម ឡី អស់មួយជីវិតហ្នឹង ពិតជា​ឃាតករ​ពិត​ដែល​បាន​បាញ់​សម្លាប់លោកមែន»។

គួរបញ្ជាក់ថា លោកបណ្ឌិតកែម ឡី ជាអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និង​ជាអ្នកវិភាគ​នយោបាយ​ឯករាជ្យនៅកម្ពុជា។ លោកត្រូវបានឃាតករ​បាញ់​​ចំនួនបីគ្រាប់​បណ្តាល​ឱ្យ​ស្លាប់​នៅក្នុងស្តារម៉ាតរបស់ស្ថានីយចាក់សាំងកាល់តិច (Caltex) ស្តុបបូកគោ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦៕