ក្រសួងសុខាភិបាលបានប្រកាសថា មានក្មេងស្រីអាយុ៥ឆ្នាំម្នាក់ទៀតនៅខេត្តតាកែវបានកើតជំងឺផ្តាសាយបក្សីប្រភេទហាស់៥អិន១ (H5N1)ដោយសាររស់នៅផ្ទះជាមួយនឹងប្អូនប្រុសជីដូនមួយអាយុ៣ឆ្នាំដែលបានកើតជំងឺនេះកាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤បានឱ្យដឹងថា នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ មានក្មេងស្រីអាយុ៥ឆ្នាំម្នាក់ទៀតនៅខេត្តតាកែវបានកើតជំងឺផ្តាសាយបក្សី ប្រភេទហាស់៥អ៊ិន១(H5N1) បន្ទាប់ពីបានរស់នៅផ្ទះជាមួយនឹងប្អូនប្រុសជីដូនមួយអាយុ៣ឆ្នាំដែលមានកើតជំងឺនេះកាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅ។
បើតាមសេចក្តីប្រកាសព័ត៌មាន អាជ្ញាធរកំពុងអង្កេតស្រាវជ្រាវយ៉ាងសកម្មលើការកើតឡើងនូវជំងឺផ្តាសាយបក្សី និងធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រ និងពិធីសារបច្ចេកទេស បន្តការស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងបន្តស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀតក្នុងសហគមន៍ ព្រមទាំងចែកជូនឱសថតាមីហ្លូ (Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតមានហេតុខាងលើ។
ក្រសួងបញ្ជាក់ក្នុងសេចក្តីប្រកាសទៀតថា៖«សូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋយើង ហើយក៏សូមជម្រាបដល់បងប្អូន ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ហៀរសំបោរ ឬពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺ ឬស្លាប់ក្នុងអំឡុងពេល១៤ថ្ងៃ មុនថ្ងៃចាប់ផ្តើមមានរោគសញ្ញា សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន និងត្រូវស្វែងរកការ ពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅតាមមូលដ្ឋានសុខាភិបាល ដែលនៅជិតលោកអ្នកបំផុតឱ្យបាន ឆាប់ទាន់ពេលវេលា»។
កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ក្មេងប្រុសអាយុ៣ឆ្នាំម្នាក់នៅខេត្តតាកែវបានកើតជំងឺផ្តាសាយប្រភេទនេះដោយសារអ្នកផ្ទះបានយកមាន់ទាងាប់មកធ្វើម្ហូបបរិភោគ ហើយក្មេងប្រុសបានប៉ះពាល់និងកាន់មាន់ងាប់។ បច្ចុប្បន្នស្ថានភាពអ្នកជំងឺបានធូរស្រាល និងកំពុងទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ៕