នាយកដ្ឋានប្រឆាំងបទលើ្មសបច្ចេកវិទ្យា ប្រាប់ឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះការប្រើប្រព័ន្ធសាកថ្ម ឬគ្រឿងអេឡិចត្រូនិចផ្សេងៗនៅទីកន្លែងសាធារណៈដែលមិនមានប្រភពច្បាស់លាស់ ដើម្បីចៀសវាងការលួច និងប្រើប្រាស់ទិន្នន័យពីជនអនាមិក។
យោងតាមសារដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់នាយកដ្ឋានប្រឆាំងបទលើ្មសបច្ចេកវិទ្យាកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ បញ្ជាក់ថា ជូស៍ ជេឃីង (Juice Jacking) ជាបច្ចេកទេសដែលជនអនាមិកប្រើប្រាស់ដើម្បីចូលមើល និងលួចទិន្នន័យពីឧបករណ៍អេឡិចត្រូនិចដោយប្រើប្រាស់ប្រព័ន្ធសាកថ្ម ឬភ្ជាប់ទៅនឹងឧបករណ៍អេឡិចត្រូនិចផ្សេងៗក្នុងទីសាធារណៈ ឬឧបករណ៍អេឡិចត្រូនិចគ្មានប្រភពច្បាស់លាស់។
នាយកដ្ឋានប្រឆាំងបទលើ្មសបច្ចេកវិទ្យាបន្ថែមថាគោលបំណងនៃការប្រើប្រាស់បច្ចេកទេសនេះ គឺដើម្បីលួចព័ត៌មានផ្ទាល់ខ្លួន ដុចជាអ៊ីមែល អ៊ីនឌឺណិត ឯកសារ រូបភាព និងវីដេអូ។ លួចព័ត៌មានហិរញ្ញវត្ថុ ដូចជាគណនីធនាគារ ឬព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងសេវាហិរញ្ញវត្ថុ និងដំឡើងមេរោគ (Malware)ដើម្បីត្រួតពិនិត្យឧបករណ៍របស់អ្នកប្រើប្រាស់នៅពេលក្រោយ។
ដើម្បីចៀងវាងបញ្ហាខាងលើ នាយកដ្ឋានប្រឆាំងបទលើ្មសបច្ចេកវិទ្យាអំពាវនាវឱ្យអ្នកប្រើប្រាស់កន្លែងសាកថ្ម ឬភ្ជាប់ជាមួយគ្រឿងអេឡិចត្រូនិចដែលជឿជាក់បាន និងមកពីក្រុមហ៊ុនដែលទទួលស្គាល់។ អនុវត្តការការពារ និងចាក់សោរឧបករណ៍ទូរស័ព្ទ ចៀសវាងការភ្ជាប់ឧបករណ៍អេឡិចត្រូនិចទៅនឹងកន្លែងសាកថ្ម ឬគ្រឿងអេឡិចត្រូនិចផ្សេងៗនៅទីសាធារណៈ និងប្រើខ្សែសាកមានតួនាទីសាកថ្មតែប៉ុណ្ណោះ។