ក្រសួងសុខាភិបានៅថ្ងៃអង្គារនេះប្រកាសថា បុរសពីរនាក់រស់នៅខេត្តកំពង់ឆ្នាំង និងខេត្តឧត្តរមានជ័យបានស្លាប់ដោយសារការបរិភោគត្រីក្រពត។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ មានបុរសម្នាក់នៅខេត្តឧត្តរមានជ័យបានស្លាប់ បន្ទាប់ពីបរិភោគត្រីក្រពត ហើយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ មានបុរសម្នាក់បន្ថែមទៀត នៅខេត្តកំពង់ឆ្នាំងបានស្លាប់ បន្ទាប់ពីបរិភោគត្រីក្រពតផងដែរ។
បើតាមសេចក្តីប្រកាស ក្រសួងសុខាភិបាលសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទអំពាវនាវ និងក្រើនរំឮកដល់ពលរដ្ឋគ្រប់រូប ត្រូវបន្តប្រុងប្រយ័ត្ន ចៀសវាងការបរិភោគត្រីក្រពតដែលមានជាតិពុល ពីព្រោះជាតិពុលនៅក្នុងខ្លួនត្រី អាចបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរ ឬស្លាប់។
ក្រសួងបញ្ជាក់ក្នុងសេចក្តីប្រកាសទៀតថា៖ «ក្រសួងសុខាភិបាលសូមលើកទឹកចិត្ត ឱ្យបងប្អូនពលរដ្ឋគ្រប់រូបអនុវត្តតាមដំបូន្មានខាងលើ និងសូមបន្តផ្សព្វផ្សាយសារអប់រំនេះដល់ក្រុមគ្រួសារ សាច់ញាត្តិ មិត្ត ដើម្បីការពារអ្នកនិងក្រុមគ្រួសារ ចៀសផុតពីការឈឺ និងស្លាប់ដោយសារការបរិភោគត្រីក្រពតដែលមានជាតិពុលទាំង៥ប្រភេទនេះ»។
កាលពីថ្ងៃទី៥ ខែកក្កដា មនុស្សចំនួន៧នាក់ រស់នៅខេត្តកំពង់ឆ្នាំង បានពុលត្រីក្រពត ប៉ុន្តែពួកគេត្រូវបានបញ្ជូនទៅសង្គ្រោះទាន់ពេលវេលា។
បើតាមក្រសួងសុខាភិបាល នៅកម្ពុជាមានត្រីក្រពតចំនួន៩ប្រភេទ ក្នុងនោះ៥ប្រភេទមានជាតិពុល រួមមាន ត្រីក្រពតភ្នែកក្រហម ត្រីក្រពតអុចធំ ត្រីក្រពតកូសាំងស៊ីន ត្រីក្រពអុចបៃតង និងត្រីក្រពតហ្លូវៀធីលីស។ ជាតិពុលរបស់ត្រីក្រពតទាំង៥ប្រភេទនេះ មានកម្រិតជាតិពុលនៅក្នុងខ្លួនត្រីខ្ពស់បំផុតនៅក្នុងរដូវត្រីពង។
សម្រាប់រោគសញ្ញាពុលមានដូចជា ក្នុងរយៈពេលពី២០នាទី ទៅ២ម៉ោង មានរមាស់ចាក់ៗនៅបបូរមាត់ ឈឺក្បាល វិលមុខ រមាស់ចាក់ៗក្នុងអវៈយវៈ ពិបាកនិយាយ បាត់លំនឹងដងខ្លួន ខ្សោយសាច់ដុំ ខ្វិន ស្លឹកចុងដៃចុងជើង ក្អួត រាក ល្ហិតល្ហៃ រឹងថ្គាម ឬអាចបណ្ដាលឱ្យស្លាប់៕