ក្រុមសង្គមស៊ីវិល និងយុវជននឹងជួបជុំគ្នានៅស្តុបបូកគោនៅព្រឹកថ្ងៃទី១០ ខែកក្កដានេះ ដើម្បីរំឮកវិញ្ញាណក្ខន្ធ និងរំឮកដឹងគុណចំពោះវិរភាពរបស់លោកបណ្ឌិតកែម ឡី ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពី៨ឆ្នាំមុន។
យោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីអំពីការរំលឹកវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី ខួបលើកទី៨ ចេញនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ បញ្ជាក់ថា ក្រុមសមាគម អង្គការ សហជីព ដែលធ្វើការក្នុងវិស័យសិទ្ធិការងារ វិស័យអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ សិទ្ធិមនុស្ស ប្រជាធិបតេយ្យ បរិស្ថាន និងយុវជន នឹងជួបជុំនៅស្តុបបូកគោ ដើម្បីជួបជុំក្នុងការរៀបចំពិធី។
សេចក្តីប្រកាសព័ត៌មានដដែលបន្ថែមថា កម្មវីធីរំឮកវិញ្ញាណក្ខខន្ធលោកបណ្ឌិត កែម ឡី នឹងធ្វើឡើងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នៅវេលាម៉ោង ៨៖០០ ព្រឹក មានទីតាំងជួបជុំគ្នា នៅស្តូបបូកគោនៅទីដែលខ្មាន់កាំភ្លើងបានបាញ់សម្លាប់លោកបណ្ឌិត កែម ឡី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់តាមន័យដើមថា៖ «ការជួបជុំនេះធ្វើឡើងក្នុងស្មារតីសាមគ្គីភាព និងអហិង្សា ដើម្បីភាពអង់អាចក្លាហានរបស់លោកបណ្ឌិត កែម ឡី ក្នុងបេសកកម្មនិយាយការពិត និងលើកស្ទួយឱ្យប្រជាពលរដ្ឋខ្មែរមានសកម្មភាពតាមដានក្នុងកិច្ចការងារសង្គម នយោបាយ តាមរយៈការចូលស្ដាប់ រៀនវិភាគថ្លឹងថ្លែង ព្រមទាំងអនុវត្តសេរីភាពរបស់ខ្លួនដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ»។
គួរបញ្ជាក់ថា លោកបណ្ឌិត កែម ឡី ជាអ្នកវិភាគនយោបាយឯករាជ្យ ត្រូវបានឃាតករ បាញ់សម្លាប់ចំនួនបីគ្រាប់នៅក្នុងស្តារម៉ាត របស់ស្ថានីយចាក់សាំងកាល់តិច ស្តុបបូកគោកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦៕