តុលាការ​នៃ​សាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រមក្នុងរឿងក្ដីព្រហ្មទណ្ឌប្រឆាំងនឹងប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល នៅចុងខែកក្កដា ខាងមុខនេះ។

កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ តុលាការ​ បានបើកសវនាការ​លើសំណុំរឿង​របស់​លោក ទាវ វណ្ណុល ពាក់ព័ន្ធនឹងបទ «បរិហាកេរ្តិ៍ជាសាធារណៈ» ក្រោមបណ្តឹងរបស់​មេធាវីតំណាងរាជរដ្ឋាភិបាល។ ប្រធានគណបក្សប្រឆាំងរូបនេះ បានរងបណ្តឹង ក្រោយពីរូបលោកបានថ្លែង​​ជា​មួយ​​ប្រព័ន្ធ​​ផ្សព្វផ្សាយ​នៅ​ប្រទេស​ជប៉ុន​ថា​ លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​កាន់​តែចុះ​ខ្សោយ​ក្រោម​ការ​ដឹកនាំ​របស់​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន ​គឺ​លោក ​ហ៊ុន ម៉ាណែត​។

ប្រធានគណបក្ស​ភ្លើងទៀន លោក ទាវ វណ្ណុល បានថ្លែងនៅថ្ងៃទី០៩ ខែកក្កដានេះថា ក្នុងសវនាការនោះ​ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក ឆាង ហុង និងមេធាវីដើមបណ្ដឹង បានសួរដេញដោលរូបលោក អំពីការផ្តល់បទសម្ភាសន៍ជាមួយនឹងសារព័ត៌មាន​ Nikkei Asia របស់ជប៉ុន ថាតើ​ជាការពិតឬយ៉ាងណា ដែលក្នុងបទសំភាសន៍នោះលោកបាន​និយាយ​ប្រៀប​ធៀប​លំហប្រជាធិបតេយ្យ រវាងអាណត្តិរបស់នាយករដ្ឋមន្ត្រីបច្ចុប្បន្ន លោក ហ៊ុន ម៉ាណែត​ និងអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន និងការលើកឡើងដែលថា​រដ្ឋាភិបាល​បាន​​ការ​ដាក់កាមេរ៉ាឃ្លាំមើលនៅមុខផ្ទះ​ថ្នាក់​ដឹក​នាំ​កំពូលៗ​របស់​គណបក្ស​ភ្លើង​ទៀន។

លោក ទាវ វណ្ណុល បន្តថា រូបលោកបានប្រាប់អង្គសវនាការថា ខ្លឹមសារបទសម្ភាសន៍​របស់លោក​ជាមួយប្រព័ន្ធផ្សព្វផ្សាយជប៉ុននោះ មិនត្រឹមត្រូវ១០០ភាគរយនោះទេ ដោយក្នុងនោះខ្លឹមសារត្រឹមត្រូវមានតែ៨០ភាគរយទេ ដោយលោកថា ទំនងជាមានការខ្វះចន្លោះ​ក្នុងការ​​​​​បកប្រែ​យកទៅ​សរសេរ​របស់​អ្នកកាសែត​នៅ Nikkei Asia ។

អ្នកនយោបាយបក្សប្រឆាំងរូបនេះ បានអះអាងថា រាល់អ្វីដែលលោកបាននិយាយនៅក្នុងកិច្ចសម្ភាសន៍​ជាមួយកាសែតជប៉ុននោះ គ្រាន់តែជាការបញ្ចេញមតិរបស់លោក​ ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប ដែលនេះជាការអនុវត្តសិទ្ធិបញ្ចេញមតិ​ ដែលមានចែងក្នុងច្បាប់របស់ប្រទេសកម្ពុជា។

លោក​ថា៖ «លទ្ធផលយ៉ាងម៉េចខ្ញុំអត់ដឹងទេ ខ្ញុំសង្ឃឹមថា គេទម្លាក់ការចោទមកលើរូបខ្ញុំ ពីព្រោះអ្វីដែលខ្ញុំបានសម្ភាសន៍​ជាមួយនឹងកាសែត Nikkei Asia វាគ្រាន់តែជាការបញ្ចេញមតិទៅលើរបបប្រជាធិបតេយ្យរបស់យើង ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរ​ នៅក្នុងច្បាប់រដ្ឋធម្មនុញ្ញជំពូក៤១ គឺខ្ញុំមានសិទ្ធិបញ្ចេញមតិ នេះគ្រាន់តែជាមតិរបស់ខ្ញុំទេ»។

បើតាមលោក ទាវ វណ្ណុល ក្រោយបញ្ចប់ការសួរដេញដោល​រួច​ លោក ហុក ពៅ ចៅក្រមជំនុំជម្រះបានប្រាប់អង្គសវនាការថា សាលក្រមនៃសំណុំរឿង​​​នេះ នឹងប្រកាសនៅព្រឹកថ្ងៃទី​២៥ ខែ​កក្កដា ឆ្នាំ២០២៤។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ មានប្រសាសន៍យ៉ាងខ្លីថា៖ «ជាទូទៅ លោកចៅក្រម គាត់នឹងពិនិត្យមើលអង្គហេតុ អង្គច្បាប់ និងភស្តុតាងផ្សេងៗ និងសម្រេចតាមច្បាប់ចែង»។

ចំណែក មេធាវី​តំណាងរាជរដ្ឋាភិបាល លោក ម៉ម ចាន់ណែត មានប្រសាសន៍ថា៖ «ពាក់ព័ន្ធនឹងខ្លឹមសារបែបណា ស្ថិតលើភស្តុតាងដែលមានក្នុងសំណុំរឿង ហើយដែលស្ថិតក្នុងសមត្ថកិច្ចរបស់តុលាការ[…] សុំឱ្យ​[តុលាការ]អនុវត្តគោលការណ៍នីត្យានុកូលភាព ពោលគឺ ច្បាប់»។

នាយក​ទទួល​បន្ទុក​កិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត​ មានប្រសាសន៍​​ថា កន្លង​មក​នេះ អ្នកជំនាញ​​អង្គការ​សិទ្ធិ​មនុស្សជា​តិ និង​អន្តរជាតិ និងសហគមន៍អន្តរជាតិ បានលើកឡើង​ស្រដៀង​គ្នា​ថា សេរីភាពក្នុងការបញ្ចេញមតិនៅកម្ពុជា​ មានការរឹត​ត្បិត​ ដោយ​សារ​អ្នក​ដែល​ហ៊ាន​បញ្ចេញ​មតិ​តាម​បណ្តាញ​សង្គម និង​​ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន​ បាន​រងនូវ​អំពើ​ហិង្សា រងបណ្តឹង និងការចាប់ខ្លួន ពាក់ព័ន្ធនឹង​បទញុះញង់ និង​បទ​បរិហាកេរ្តិ៍​ជា​សាធារណ: ជាដើម ។

លោកបន្តថា៖ «ដូច្នេះបញ្ហាដែលកើតឡើងទាំងនេះ ជាទឡ្ហីករណ៍ [ដែលបង្ហាញថា​]សេរីភាពក្នុងការបញ្ចេញមតិ គឺស្ថិត​ក្នុង​រូបភា​ព​រឹតត្បិត ដែលធ្វើឱ្យប៉ះពាល់ដល់សេរីភាពជាមូលដ្ឋាន និងគោលការណ៍គ្រឹះនៃដំណើរការលទ្ធិប្រជាធិបតេយ្យ»។

លោកបន្ថែមថា កម្ពុជាគួរតែពិនិត្យ និងកែលំអរនូវអ្វីដែលនៅខ្វះចន្លោះ ឬមិនទាន់បានធ្វើទៅតាមអនុសាសន៍របស់អង្គការ​សិទ្ធិមនុស្ស​​ជាតិ និងអន្តរជាតិ ដើម្បីឱ្យកម្ពុជាទទួលបាននូវផលចំណេញក្នុងការអភិវឌ្ឍន៍​ប្រទេស​បន្ថែម​ទៀត និងមានសុខសន្តិភាព​ពេញលេញទាំងផ្លូវកាយ និងផ្លូវចិត្ត។ លោក​ក៏បានជំរុញដល់​​អ្នកនយោបាយទាំងអស់ គួរតម្កល់ឧត្តមប្រយោជន៍ជាតិ និង​ឧត្តមប្រយោជន៍​ប្រជាពលរដ្ឋ​ ជាធំ ដោយបន្តនូវវប្បធម៌សន្ទនាគ្នា និង​ដោះស្រាយនូវបញ្ហានយោ​បាយ សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍ប្រទេសជាតិ ដោយ​សន្តិវិធី។

កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤​ គណបក្សភ្លើងទៀន​បានបញ្ជាក់​ថា មេធាវីតំណាង​​រាជ​រដ្ឋាភិបាល​​បាន​​​ប្ដឹង លោក វណ្ណុល ពាក់ព័ន្ធនឹងការថ្លែងក្នុងបទសម្ភាសន៍​របស់លោក​​ជាមួយនឹងកាសែត Nikkei Asia និងត្រូវបានយកមកផ្សព្វផ្សាយ​បន្ត​​ដោយវិទ្យុ​បារាំង (RFI) អំឡុងពេលលោកទៅបំពេញទស្សនៈកិច្ចនៅប្រទេសជប៉ុន។

ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានជប៉ុន ដែលចុះផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ លោក ទាវ វណ្ណុល ថ្លែង​ថា រដ្ឋាភិបាលក្រោមការ​ដឹកនាំ​របស់​ លោក ហ៊ុន ម៉ាណែត បានរឹត​ត្បិត គ្រប់​គ្រង​​លើ​​​គូប្រជែង និង​ចាប់ខ្លួនអ្នកប្រឆាំងនយោបាយ ហើយលទ្ធិ​ប្រជាធិបតេយ្យនៅកម្ពុជា ​បាន​និងកំពុង​ដើរ​ថយ​ក្រោយ​ចាប់​តាំង​ពី​ លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ លោក​បានបង្ហាញ​ការ​ព្រួយបា​រម្ភអំពីសុវត្ថិភាពរបស់លោក ដោយនិយាយថា លោកត្រូវបាន«ឃ្លាំមើលដោយកាមេរ៉ា ២៤ម៉ោង​»។

ឆ្លើយតបចំពោះការលើកឡើងនេះ អង្គភាព​អ្នកនាំ​ពាក្យ​រាជរដ្ឋាភិបាលកម្ពុជា បានចេញសេច​ក្ដី​ថ្លែង​ការណ៍ ដោយ​ច្រានចោល​​ការ​អះអាងរបស់លោក​ វណ្ណុល ហើយចាត់ទុក​ការលើកឡើង​របស់លោក​ ថា​​មានចេតនាអាក្រក់ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរ​បស់​រាជរដ្ឋាភិបាល។ អង្គភាពនេះ បានបន្តចាត់ទុកថា ការថ្លែងរបស់លោក វណ្ណុល ជាភស្តុតាងមួយ​ដែលបញ្ជាក់ពី​ការ​បញ្ចេញមតិ ដោយរំលោភបំពានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសអ្នកដទៃដែលច្បាប់​រដ្ឋធម្មនុញ្ញ​បាន​ហាម​ឃាត់។

មេធាវី​រដ្ឋាភិបាល​បាន​ដាក់​ពាក្យ​បណ្ដឹង​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ដោយ​​ចោទ​លោក ទាវ វណ្ណុល ថា​បានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មាន Nikkei Asia របស់ជប៉ុន និង​វិទ្យុបារាំង​អន្តរជាតិ RFI ថា ​ធ្វើ​ឱ្យ​​ប៉ះពាល់ដល់កិត្តិយសប្រមុខរាជរដ្ឋាភិបាល និង​រាជរដ្ឋាភិបាល​កម្ពុជា៕