អង្គការអន្តរជាតិចំនួនបី បានបង្កើតញត្តិអនឡាញដើម្បីប្រមូលការគាំទ្រឱ្យមានការដោះលែងសកម្មជនមាតាធម្មជាតិចំនួន៥នាក់ដែលកំពុងជាប់ឃុំ ក្រោយតុលាការបានកាត់ទោសឱ្យពួកគេជាប់ពន្ធនាគារ ម្នាក់ៗចន្លោះពី៦ ទៅ ៨ឆ្នាំ ពីបទ «រួមគំនិតក្បត់» និង «ប្រមាថអង្គព្រះមហាក្សត្រ»។
ញត្តិដែលត្រូវបានបង្កើតឡើងតាមរយៈគេហទំព័រ Rainforest Rescue បានទាមទារឱ្យមានការដោះលែងសកម្មជនបរិស្ថានទាំង១០រូប និងអំពាវនាវឱ្យប្រជាពលរដ្ឋទូទាំងពិភពលោកចូលរួមចុះហត្ថលេខាគាំទ្រ។
ក្នុងញត្តិនេះបានសរសេរថា៖ «សកម្មជនមាតាធម្មជាតិបានស៊ូទ្រាំនឹងការយាយី ការគំរាមគំហែង និងការចោទប្រកាន់ពីបទឧក្រិដ្ឋជាច្រើនឆ្នាំ។ ពួកគេបានធ្វើយុទ្ធនាការដោយសន្តិវិធីដើម្បីការពារធម្មជាតិពីគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលបំផ្លិចបំផ្លាញ ដូចជាការបូមខ្សាច់ក្នុងខេត្តកោះកុង និងការអភិវឌ្ឍលើកោះនៅកោះកុង»។
លោកស្រី Marianne Klute នាយកនៃអង្គការសង្គ្រោះព្រៃឈើដែលជាអ្នកបង្កើតញត្តិនោះ ប្រាប់ Newsroom Cambodia នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ថា ញត្តិនេះត្រូវបានបង្កើតឡើងដោយអង្គការចំនួន៣ស្ថាប័ន រួមមានអង្គការសង្គ្រោះព្រៃឈើ (RR) អង្គការសិទ្ធិមនុស្សដែលផ្តោតលើសិទ្ធិទទួលបានអាហារ (FIAN) និង Asienhaus ដែលជាមូលនិធិ រួមទាំងក្រុមជាច្រើនដែលតាមដានការវិវត្តនៅអាស៊ី។
អ្នកស្រីថា រហូតមកដល់ត្រឹមថ្ងៃទី៩ ខែកក្កដា ញត្តិនេះមានការចុះហត្ថលេខាគាំទ្រចំនួន ១០០,៥៤១នាក់ ហើយនឹងមិនមានការបិទបញ្ចប់ទេ ប្រសិនបើសកម្មជនមាតាធម្មជាតិមិនត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញ។
យុវជនដែលបានចូលរួមគាំទ្រញត្តិ កញ្ញា សុខនី អ៊ីណាត់ និស្សិតឆ្នាំទី១ នៃសាកលវិទ្យាល័យអេស៊ីលីដា យល់ឃើញថា ការកាត់ទោស ឱ្យសកម្មជនមាតាធម្មជាតិជាប់ពន្ធនាគារចន្លោះពី ៦ ទៅ ៨ឆ្នាំ ជារឿងមិនប្រក្រតី និងមិនបានបង្ហាញពីភស្តុតាងគ្រប់គ្រាន់នោះទេ ។
កញ្ញាបានលើកឡើងថា៖ «ដោយសារតែខ្ញុំមើលឃើញភាពមិនប្រក្រតីអំពីសាវនាការដែលបានកាត់ទោសឱ្យពួកបងៗដែលនៅក្នុងក្រុមមាតាជាតិត្រូវជាប់ទោសពី ៦ ទៅ ៨ឆ្នាំ ហើយដោយសារតែខ្ញុំអត់ឃើញអំពីហេតុផលអ្វីដែលគេចោទពួកគាត់។ គេចោទពួកគាត់ដោយអត់សមហេតុផល និងអត់មានភស្តុតាងគ្រប់គ្រាន់»។
កញ្ញា ស៊ុយ សុមិនា និស្សិតឆ្នាំទី១ នៃសាកលវិទ្យាល័យន័រតុន យល់ថា ចំនួននៃការចូលរួមគាំទ្រញត្តិដ៏ច្រើនគឺបង្ហាញឱ្យឃើញពីការគាំទ្ររបស់ប្រជាជនខ្មែរមកលើសកម្មជនបរិស្ថាន ព្រមទាំងបង្ហាញពីការមិនពេញចិត្តទៅសេចក្តីសម្រចរបស់តុលាការ។
កញ្ញាបានលើកឡើងថា៖ «ការកើនឡើងនៃចំនួនអ្នកគាំទ្ររហូតដល់ជាង១០ម៉ឺននាក់ហ្នឹង វាបង្ហាញឱ្យឃើញពីការគាំទ្ររបស់ប្រជាជនខ្មែរមកលើសកម្មជនបរិស្ថាន ហើយនិងបង្ហាញពីការមិនពេញចិត្តរបស់ពួកគាត់ទៅលើសាលក្រមដែលចេញចាប់ខ្លួនពួកគាត់ហ្នឹងដែរ»។
កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ តុលាការរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសសកម្មជនបរិស្ថានមាតាធម្មជាតិ ចំនួន១០រូប ឱ្យជាប់ពន្ធនាគារម្នាក់ៗចន្លោះពី៦ ទៅ ៨ឆ្នាំ ពីបទ «រួមគំនិតក្បត់» និង «ប្រមាថអង្គព្រះមហាក្សត្រ»។ យុវជន៥នាក់ក្នុងចំណោមនោះ ដែលរួមមានលោក លី ចាន់ដារ៉ាវុត លោក ថុន រដ្ឋា លោក យឹម លាងហ៊ី កញ្ញា ឡុង គន្ធា និងកញ្ញាភួន កែវរស្មី ត្រូវបានចាប់ខ្លួនភ្លាមៗទាំងបង្ខំ ក្រោយការប្រកាសសាលក្រម។
អ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា បានប្រាប់ Newsroom Cambodia ថា កម្ពុជាគឺជារដ្ឋអធិបតេយ្យ និងផ្អែកលើរដ្ឋធម្មនុញ្ញដែលបានចែងយ៉ាងច្បាស់ពីការបែងចែកអំណាចរួមមានអំណាច នីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ។ លោកថា មានតែតុលាការមួយប៉ុណ្ណោះដែលមានឆន្ទានុសិទ្ធិក្នុងការកាត់ក្តី ឬដាក់ទោសនរណាម្នាក់។
លោកបានលើកឡើងថា៖ «មានតែស្ថាប័នតុលាការតែមួយគត់ដែលមានឆន្ទានុសិទ្ធិក្នុងការកាត់សេចក្តី ឬក៏ដាក់ទោសនរណាម្នាក់ អ៊ីចឹងទេអត់មានស្ថាប័នណា សូម្បីតែស្ថាប័ន នីតិបញ្ញត្តិ នីតិប្រតិបត្តិរបស់រាជរដ្ឋាភិបាលក៏អត់មានសិទ្ធិបង្គាប់បញ្ជាតុលាការដែរ។ អ៊ីចឹងទេគ្មានអង្គការណាដែលមានសិទ្ធិមកបង្គាប់បញ្ជាតុលាការទេ ប៉ុន្តែអ្វីដែលគេធ្វើក៏ធ្វើទៅជាសិទ្ធិរបស់គេ»។
សកម្មជនមាតាធម្មជាតិទាំង៥រូប ត្រូវបានបញ្ជូនទៅឃុំក្នុងពន្ធនាគារផ្សេងៗគ្នា រួមមាន លោក យីម លាងហ៊ី នៅពន្ធនាគារខេត្តកំពង់ស្ពឺ លោក លី ចាន់ដារ៉ាវុត នៅពន្ធនាគារខេត្តកណ្តាល លោក ថុន រដ្ឋា នៅពន្ធនាគារខេត្តត្បូងឃ្មុំ កញ្ញា ភួន កែវរស្មី នៅពន្ធនាគារខេត្តពោធិ៍សាត់ និងកញ្ញា ឡុង គន្ធា នៅពន្ធនាគារខេត្តព្រះវិហារ។
ក្រោយពីមានការចាប់ខ្លួនសកម្មជនបរិស្ថានមាតាធម្មជាតិ គេឃើញអង្គការជាតិ និងអន្តរជាតិ ព្រមទាំងបណ្តាប្រទេសប្រជាធិបតេយ្យធំៗបានរិះគន់ និងថ្កោលទោស។ ពួកគេក៏បានទាមទារឱ្យតុលាការទម្លាក់បទចោទ និងដោះលែងសកម្មជនមាតាធម្មជាតិទាំង ៥រូបដោយឥតលក្ខខណ្ឌ៕