សង្គមស៊ីវិល ពលរដ្ឋ​ ​ព្រះសង្ឃ​ និង​​​អ្នកនយោបាយមួយចំនួន​ ប​ន្ត​ទាម​ទារ​​ឱ្យ​រដ្ឋាភិបាល​ និង​តុលាការ​​ ​ស្វែងរកអ្នកពាក់ព័ន្ធក្នុងករណីឃាតកម្មទៅលើ​លោកបណ្ឌិត កែម ឡី​ ដើម្បីផ្តល់យុត្តិធម៌ដល់​លោកបណ្ឌិត និង​ក្រុមគ្រួសារ ព្រមទាំង​អំពាវនាវ​​ឱ្យ​ដោះលែង​​​សកម្មជន​ចលនាមាតាធម្មជាតិ សហជីព និង​​សមាជិកបក្សប្រឆាំងដែលកំពុង​ជាប់​ឃុំ​។

ការ​ទាមទារ​នេះ បានធ្វើឡើង​នៅក្នុងថ្ងៃរំលឹកខួប ៨ឆ្នាំ នៃករណីឃាតកម្មទៅលើលោក​បណ្ឌិត កែម ឡី អ្នកវិភាគ និងស្រាវជ្រាវ​ការអភិវឌ្ឍសង្គម នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ នៅស្តារម៉ាតនៃ​ការ៉ាស់​សាំង​កាល់​តិច ស្តុប​បូកគោ រាជធានីភ្នំពេញ។

ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ដែលបានចូលរួម​ពិធីរំលឹកខួបនេះ មានប្រសាសន៍​​ថា រយៈពេល​៨ឆ្នាំមកនេះ មហាជន និងក្រុមគ្រួសារលោក​បណ្ឌិត កែម ឡី នៅមិនទាន់អស់ចិត្តនៅឡើយ ចំពោះ​ការ​ករណីឃាតកម្មទៅលើលោកបណ្ឌិត កែម ឡី ដោយពួកគេ​បាន​ទទូចឱ្យអាជ្ញាធរ​រក​នូវ​ឃាតករពិត និងអ្នកពាក់ព័ន្ធ​ក្នុងករណី​ឃាតកម្ម​​នេះ​ឱ្យខានតែបាន។

លោកបន្តថា៖ «ត្រូវតែរកឃាតករពិត រកអ្នកណាពាក់ព័ន្ធនៅពីក្រោយខ្នងរឿងឃាតកម្មនេះ[…] ការសម្លាប់នេះ ជាការបិទសំឡេង​អ្នកហ៊ាន​និយាយការពិត​នៅក្នុងសង្គម អ្នកហ៊ានវិភាគរឿងក្តៅៗ រឿងស៊ីជម្រៅក្នុងសង្គម តែយើងនៅចាំសារបណ្តាំរបស់លោកបណ្ឌិត គឺជូតទឹកភ្នែកហើយបន្តដំណើរទៅមុខទៀត អញ្ចឹង​យើងជូតទឹកភ្នែក​ហើយធ្វើ​ដំណើរទៅមុខទៀត ដើម្បីជាតិ ដើម្បីសង្គម ដើម្បីសិទ្ធិមនុស្ស ដើម្បីលិទ្ធិប្រជាធិបតេយ្យ ដើម្បីយុត្តិធម៌សង្គមសម្រាប់ប្រជាជាតិខ្មែរទាំងមូលផងដែរ»។

លោក សាន់ ម៉ាឡា ប្រធានកម្មវិធីបណ្ដាញ និងតស៊ូមតិ នៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន​និង​​ការអភិវឌ្ឍ មានប្រសាសន៍​ថា វីរភាពលោកបណ្ឌិត កែម ឡី គឺការ​និយាយនូវ​ការ​ពិត​ដោយ មិន​ខ្លាច​រអារ​ ហើយ​ទោះបី​ជា​គាត់​បាន​បាត់បង់ជីវិតរយៈពេល ៨ឆ្នាំមកហើយក្តី ក៏​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់​វណ្ណៈ​ នៅ​តែង​តែ​នឹក​រលឹក និង​ចងចាំនូវទស្សនៈរបស់គាត់ជានិច្ច។

លោកថា៖ «ជាក់ស្តែងយើងមានជាសារមានជាកម្រងទស្សនៈរបស់លោកបណ្ឌិត កែម ឡី នៅជាប់ខ្លួនជានិច្ច[…]មាន​ពីរ ពាក្យទី១ ខ្ញុំនឹង​​និយាយនូវអ្វីដែរអ្នកផ្សេងមិនហ៊ាននិយាយ ទី២ ទឹកកាន់តែថ្លា​កាន់​តែមើលឃើញត្រីធំ កំពុង​ស៊ីត្រីតូច​យ៉ាង​សាហាវ ពាក្យនេះកំពុងតែឆ្លុះបញ្ចាំង​អំពី​ទិដ្ឋភាព​នៅក្នុងសង្គមកម្ពុជាផងដែរ»។

ក្នុងថ្ងៃប្រារព្ធខួប៨ឆ្នាំនៃការស្លាប់របស់លោកបណ្ឌិត កែម ឡី នេះដែរ ក្រុមយុវជនចលនាមាតាធម្មជាតិប្រមាណ ១០នាក់ ក៏បាននាំគ្នាដើរហែក្បួនចេញពីទីតាំងក្បែរ​វិទ្យាល័យបាក់ទូក ក្នុងខណ្ឌ៧មករា ទៅកាន់​ស្តុបបូកគោផងដែរ​ ដោយក្នុងដៃរបស់ពួកគេ​​មានកាន់បដាសរសេរនូវពាក្យថា «យុត្តិធម៌សម្រាប់លោក កែម ឡី» «យុត្តិធម៌ត្រូវតែមានសម្រាប់អ្នកនិយាយការពិត» និង​ខ្លឹមសារមួយចំនួន​ទៀត ផ្តោតលើការ​​​ទាមទារឱ្យដោះលែងក្រុមសកម្មជនចលនាមាតាធម្មជាតិ។​​

កញ្ញា មាន លីសា សកម្មជនចលនាមាតាធម្មជាតិ មានប្រសាសន៍ថា ការដើរហែក្បួន និងប្រមូលផ្តុំគ្នានៅមុខស្តារម៉ាតកាល់តិច ក្បែរស្តុបបូកគោនោះ ធ្វើឡើង​ក្នុងគោលបំណងរំលឹក​ខួប និង​កាន់ទុក្ខចំពោះមរណភាពរបស់​លោកបណ្ឌិត កែម ឡី ដែល​ជា​អ្នកហ៊ាននិយាយ​នៅ​ការពិតពីតថភាពសង្គម និង​ទាមទារឱ្យមានការ​ដោះលែង​សកម្មជន​ចលនាមាតាធម្មជាតិទាំង៥រូប ដែលកំពុងជាប់ឃុំ។

កញ្ញាថ្លែងថា៖ «ខ្ញុំសុំឱ្យរដ្ឋាភិបាលយកចិត្តទុកដាក់ជាងនេះ ហើយដាច់ខាតត្រូវតែជួយអន្តរាគមន៍ឱ្យមានការដោះលែងសកម្មជនបរិស្ថានទាំង៥រូបហ្នឹងជាបន្ទាន់ ហើយអត់មានលក្ខខណ្ឌណាដែលត្រូវមកឡូក​ឡំ​ទេ»។

អនុប្រធានទី៤នៃ​សមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA) កញ្ញា រៀម ស្រីពេជ្រ​រតនា បាន​ថ្លែងដែរ​​​ថា ទោះបីក​ញ្ញាមិន​ដែល​ស្គាល់​លោក​បណ្ឌិត កែម ឡី ប៉ុន្តែរាល់ពាក្យពេចន៍ និង​សំណេរ​របស់គាត់​ទាំង​ប៉ុន្មាន បានបង្ហាញពីឆន្ទៈ និងមនសិកាស្នេហាជាតិ ដែលធ្វើឱ្យកញ្ញា​ចងចាំមិនភ្លេច នូវវីរៈភាពរបស់លោកបណ្ឌិត។

កញ្ញាថ្លែងថា៖ «ទោះបីខ្ញុំមិនដែលស្គាល់លោកបណ្ឌិត កែម ឡី មិនដែលសូម្បីតែជួបនិយាយ ប៉ុន្តែរាល់ពាក្យពេចន៍ រាល់​ការ​សរសេរបស់លោកបណ្ឌិតទាំងប៉ុន្មាន ហាក់ដូចមានដូងវិញ្ញាណជាតិ នៃអ្នកស្នេហាជាតិ បាន​ចូលមកសន្ធិតមកលើពួកយើង និងធ្វើឱ្យមានឆន្ទៈមានមនសិកា ដើម្បីសង្គមជាតិមួយនេះ»។

ជាមួយគ្នានេះ កញ្ញា រតនា ក៏បាន​អំពាវនាវ​ដល់រដ្ឋាភិបាល និងតុលាការ ផ្តល់ភាពយុត្តិធម៌ ដោយ​ស្វែងរកនូវឃាតករពិត និងអ្នកនៅពីក្រោយនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ព្រមទាំងដោះលែង និងទម្លាក់ចោលនូវការចោទប្រកាន់​នានា ទៅលើលោក កើត សារ៉ាយ ប្រធាន​សមាគម​សម្ពន្ធនិសិ្សតបញ្ញវន្តខ្មែរ​ សកម្មជនបរិស្ថាន​នៃអង្គការចលនាមាតាធម្មជាតិ និង​សកម្ម​ជនផ្សេងទៀតដែលកំពុងជាប់ឃុំនៅពន្ធនាគារ​ ឱ្យមានសេរីភាពឡើងវិញផងដែរ។​

ចំណែក លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ដែលបានចូលរួមពិធីរំលឹកខួបនៃការស្លាប់របស់លោកបណ្ឌិត កែម ឡី បានលើកឡើង​ដែរថា សមត្ថកិច្ច​គួរស្រាវជ្រាវរកឃាតករដែល​សម្លាប់​លោក​បណ្ឌិត កែម ឡី និងអ្នកនៅពីក្រោយ​ឃាតករនោះ ដោយ​មិន​ត្រូវ​អូសបន្លាយ​ទៀត​នោះ​ទេ។

លោកបន្ត​ថា៖ «ការយឺតយ៉ាវរបស់អាជ្ញាធរកម្ពុជា បង្ហាញការមិនបានយកចិត្តទុកដាក់អំពីការវែកមុខឃាតករ និងអ្នកពាក់​ព័ន្ធ​យក​មកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់នៅឡើយ ទុកឱ្យឃាតករ និងអ្នកពាក់ព័ន្ធនៅមានសេរីភាពរហូតដល់សព្វថ្ងៃនេះ។ យើងឃើញថា វាជារឿងមួយមិនត្រូវគួរអូសបន្លាយពេលវេលារហូត៨ឆ្នាំនោះទេ ត្រូវតែវែកមុខរកឃាតករ និងអ្នកនៅ​ក្រោយ​ខ្នងឃាតករ ដើម្បីយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ ជាពិសេស កម្ពុជាយើងមិនត្រូវទុកឱ្យអំពើនិទណ្ឌភាពបន្តកើតមាននៅកម្ពុជាបន្តទៅទៀតនោះទេ»។

ស្របពេលជាមួយគ្នានេះ លោក រ៉ុង ឈុន ក៏អំពាវនាវ​ឱ្យមានការ​​ដោះលែងសកម្មជន​ចលនាមាតាធម្មជាតិ សមាជិក​និងថ្នាក់ដឹកនាំបក្សប្រឆាំង ព្រមទាំងសហជីពដែលកំពុងជាប់ឃុំឱ្យ​មាន​សេរីភាពវិញ ដើម្បីទទួលបានការអនុគ្រោះពន្ធ EBA និង GSP ពីសហភាពអឺរ៉ុប និងសហរដ្ឋ​អាមេរិក​មកវិញ។

លោកថា៖ «ក្នុងឱកាសខួប៨ឆ្នាំរបស់លោកបណ្ឌិត កែម ឡី ក៏ខ្ញុំឆ្លៀតឱកាសនេះផងដែរ ទាក់ទងទៅនឹងអាជ្ញាធរចាប់ខ្លួន​ក្រុម​យុវជនបរិស្ថាន ឬយើងហៅថាក្រុមយុវជនមាតាធម្មជាតិ​យ៉ាងអយុត្តិធម៌បបំផុត កាលពីថ្ងៃ២ខែកក្កដាទៅ​​នេះ ហើយ​សុំឱ្យអាជ្ញាធរកម្ពុជា ពិនិត្យមើលឡើងវិញ ហើយនិងផ្ដល់លទ្ធភាពដោះលែងពួកគាត់ឱ្យមានសេរីភាពឡើងវិញ រួមទាំងអ្នកជាប់ឃុំមនសិកា ដូចជា ករណីលោក កឹម សុខា លោក ថាច់ សេដ្ឋា លោក ស៊ុន ចន្ធី លោក កាក់ គុំភា កញ្ញា សេង ធារី កញ្ញា ឈឹម ស៊ីថរ លោកប្អូន កើត សារ៉ាត លោក ម៉ម រិទ្ធី ប្រធានសហជីព ឱ្យមានសេរីភាពឡើងវិញ ដើម្បីស្រូបទាញនូវប្រព័ន្ធអនុគ្រោះពន្ធ EBA និង GSP ត្រឡប់មកកម្ពុជា ដើម្បីទាក់ទាញនូវអ្នកវិនិយោគទុន​ ក៏ដូចជា​ថែ​រក្សាអ្នកវិនិយោគទុនបន្តវិនិយោគ​ទុនបន្តទៅទៀត»។

លោក ប៉ែន បូណា ប្រធានអង្គភាព​អ្នកនាំពាក្យរដ្ឋាភិបាល បានបដិសេធអត្ថាធិប្បាយជុំវិញករណីនេះ ដោយលោកបង្វែរសំណួរ​ឱ្យ​សួរ​ទៅ​កាន់​ក្រសួង​យុត្តិធម៌វិញ។

ចំណែក អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ប្រាប់ថា ជាប់រវល់។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃអ​ង្គការ​លីកាដូ លោក អំ សំអាត លើកឡើងថា ករណីឃាតកម្ម​ទៅលើលោកបណ្ឌិត កែម ឡី នាពេល​កន្លងមក ត្រូវបាន​តុលាការ​បំបែក​សំណុំ​រឿងជា​ពីរ ក្នុងនោះបើ​ទោះបីជាតុលាការ​បាន​ផ្តន្ទាទោស​លើ​ជនជាប់ចោទ លោក អឿត អាង ហៅ ជួប​ សម្លាប់ ដាក់ពន្ធនាគារអស់មួយជីវិតក៏ដោយ ប៉ុន្តែ​​សំណុំរឿងទី២ គឺអ្នកដែលពាក់ព័ន្ធការ​​លក់អាវុធ និង​ផ្តល់អាវុធឱ្យឃាតករ និងអ្នកពាក់ព័ន្ធ​ផ្សេងទៀត រហូតមកដល់ពេលនេះ នៅ​មិន​​ទាន់មានការវិវត្ត​អ្វីនៅឡើយ។

លោកបន្តថា៖ «លោកបណ្ឌិត កែម ឡី ក៏ជានិមិត្តរូប​នៃការបញ្ចេញ​មតិ ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ប៉ះពាល់​ធ្ងន់ធ្ងរណាស់សម្រាប់សង្គមជាតិយើង ទី១​បាត់បង់នូវបញ្ញាវ័ន្ត ទី២បាត់បង់នូវធន់ធានមនុស្ស ដ៏សំខាន់ហើយអ្នកដែលនិយមលោកបណ្ឌិត កែម ឡី មានរាប់លានអ្នក យើងមើលតែពេលហែសពរាប់លាននាក់តែម្តង អញ្ចឹងមាន​ការសោក​ស្តាយ​ណាស់ គ្រប់​គ្នាចង់​ឱ្យមាន​យុត្តិធម៌ពេញលេញស​ម្រាប់លោក​​បណ្ឌិត កែម ឡី ជាការលើក​កម្ពស់ឡើង​វិញ​នូវសេរី​ភាពក្នុងការបញ្ចេញ​មតិ លើកកម្ពស់ឡើងវិញនូវយុត្តិធម៌ក្នុងសង្គមឱ្យបានពេញលេញ និងបំបាត់មន្ទិលសង្ស័យផ្សេងទៀត»។

គួរជម្រាបជូនថា លោកបណ្ឌិត កែម ឡី អ្នក​សិក្សា​ស្រាវ​ជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នក​វិភាគ​នយោបាយ ត្រូវបានឃាតករបាញ់សម្លាប់នៅស្តារម៉ាតលក់កាហ្វេ និងទំនិញនៃ​ស្ថានីយ៍ប្រេងឥន្ធនៈកាល់តិចបូកគោ ក្នុង​ខណ្ឌចំការ​មន រាជធានីភ្នំពេញ កាលពី​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។

ក្រោយករណីឃាតកម្មនេះ អាជ្ញាធរបានចាប់បុរសម្នាក់ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ដែលត្រូវបានអះអាងថាជាឃាតករ ដោយជននោះ​​បានសារភាពថា ការបាញ់សម្លាប់នេះ ក៏ព្រោះ​តែ​លោក កែម ឡី ជំពាក់លុយខ្លួន។ ក៏ប៉ុន្តែក្រុមអង្គការសង្គមស៊ីវិលមួយចំនួន​ និងភរិ​យា​លោក កែម ឡី មិនបានទទួលយកនោះឡើយ ហើយទាមទារឱ្យ​មានចំណាត់ការលើអ្នកពាក់​ព័ន្ធ ដើម្បីផ្តល់យុត្តិធម៌ពេញលេញដល់លោក កែម ឡី។

ទោះយ៉ាងណា តុលាការគ្រប់ជាន់ថ្នាក់បានដំណើរការរឿងក្តីដ៏ចម្រូងចម្រាសនេះ ដោយទីបំផុត​អំណាច​នៃសាលដីកាតុលាការកំពូលបានផ្តន្ទាទោស ឈ្មោះ​ អឿត អាង ដាក់ពន្ធនាគារអស់មួយជីវិត កាលពីខែឧសភា ឆ្នាំ២០១៩ ក្រោមបទចោទ ឃាតកម្មគិតទុកជាមុន និងកាន់កាប់អាវុធខុសច្បាប់៕