លោក តូ ឡឹម ប្រធានរដ្ឋវៀតណាមនឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា នៅថ្ងៃទី១២-១៣ សប្តាហ៍នេះ ដោយនឹងចូលគាល់ព្រះមហាក្សត្រ និងជួបជាមួយមន្រ្តីជាន់ខ្ពស់កម្ពុជាមួយចំនួន។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់នាយកដ្ឋានព័ត៌មាននៃក្រសួងការបរទេសកម្ពុជា ចេញកាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ បញ្ជាក់ថា តូ ឡឹម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមដែលទើបឡើងកាន់តំណែង នឹងមកបំពេញទស្សនកិច្ច នៅថ្ងៃទី១២-១៣ ខែកក្កដា ឆ្នាំ២០២៤នេះ តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី។
យោងសេចក្ដីប្រកាសព័ត៌មានដដែលបន្ថែមថា៖ «ឯកឧត្ដម តូ ឡឹម នឹងចូលក្រាបបង្គំគាល់ និងព្រះរាជសវនាការដាច់ដោយឡែកជាមួយ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅព្រះបរមរាជវាំង»។
អំឡុងពេលដំណើរទស្សនកិច្ចនេះ លោក តូ ឡឹមក៏គ្រោងនឹងជួបជាមួយលោកហ៊ុន សែន ប្រធានព្រឹទ្ធសភា លោកស្រី ឃួន សុដារី ប្រធានរដ្ឋសភា និងលោកនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែតផងដែរ។ ជំនួបនេះធ្វើឡើងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍រួម។
លោក សេង វ៉ាន់លី អ្នកតាមដានភូមិសាស្ដ្រនយោបាយនៅតំបន់អាស៊ីប៉ាស៊ីហ្វិកប្រាប់ Newsroom Cambodia ថា ដំណើរទស្សនកិច្ចមកកម្ពុជានេះ ជាការបង្ហាញខ្លួនដំបូងរបស់លោក តូ ឡឹម បន្ទាប់ពីឡើងកាន់ដំណែងជាប្រមុខរដ្ឋ។ លោកថា ដំណើរទស្សនកិច្ចនេះនឹងលើកយកបញ្ហាសំខាន់ៗមកពិភាក្សា ដូចជាបញ្ហាព្រែកជីកហ្វូណន បញ្ហាព្រំដែន បញ្ហាសមុទ្រចិនខាងត្បូងផងដែរ។
លោកថា៖ «ទស្សនកិច្ចនេះតាមពិតជាការបង្ហាញខ្លួនសម្រាប់ប្រទេសដែលមានទំនាក់ទំនងជិតដិត ដូចជាកម្ពុជា និងឡាវព្រមទាំងប្រទេសដទៃទៀត [..] ផ្នែកមួយដែលជំរុញឱ្យប្រធានាធិបតីថ្មីរបស់វៀតណាមសម្រេចចិត្ដធ្វើដំណើរទស្សនកិច្ចមកកាន់កម្ពុជា [..] បញ្ហាព្រំដែន ការកំណត់ព្រំដែនឱ្យបញ្ចប់រួចរាល់ដើម្បីការពារជម្លោះ ឬក៏ជាចំណុចប្រទាំងប្រទះណាមួយដែលអាចកើតមាននាពេលអនាគត»។
លោកបន្តថា ពេលជួបជាមួយនាយករដ្ឋមន្ដ្រី និងប្រធានព្រឹទ្ធសភាអាចនឹងពិភាក្សាលើបញ្ហាសន្តិសុខអ៊ីនធឺណិត ការឆបោកតាមប្រព័ន្ធអនឡាញ ការជួញដូរគ្រឿងញៀន ជាពិសេសបញ្ហាការចាត់ចែងប្រព័ន្ធហិរញ្ញវត្ថុឲ្យមានតម្លាភាព។
លោក សេង វ៉ាន់លី បន្ថែមថា ដំណើរទស្សនកិច្ចនេះមានសារសំខាន់ខ្លាំងរវាងប្រទេសទាំងពីរ ក្នុងការពង្រីកវិស័យនិយោគ និងកិច្ចសហប្រតិបត្ដិការផ្នែកសេដ្ឋកិច្ច ពង្រីកសក្ដានុពលវិស័យទេសចរណ៍។
គួរបញ្ជាក់ថា លោក តូ ឡឹម ត្រូវបានគណៈកម្មាធិការមជ្ឈិមតែងតាំងជាប្រធានាធិបតីទី១៣ របស់វៀតណាម នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ បន្តពីលោក វ៉ូ វ៉ាន់ធឿង ដែលបានលាលែងពីតំណែងក្នុងខែមីនា ឆ្នាំ២០២៤ ដោយសារយុទ្ធនាការប្រឆាំងអំពើពុករលួយ៕