នៅព្រឹកថ្ងៃទី១០ កក្កដា ឆ្នាំ២០២៤ ដែលត្រូវជាខួប៨ឆ្នាំនៃការធ្វើឃាតលោកបណ្ឌិត កែម ឡី ក្រុមយុវជន ប្រជាពលរដ្ឋ និងសង្គមស៊ីវិលប្រមាណជា១០០នាក់ បានជួបជុំគ្នារំឮកវិញ្ញាណក្ខន្ធដើម្បីទាមទារយុត្តិធម៌ជូនលោកបណ្ឌិត កែម ឡី និងសកម្មជនជាច្រើនទៀតដែលកំពុងជាប់ឃុំ។
នៅព្រឹកនោះ ក្រុមយុវជនខ្លះដើរពីទីតាំងផ្សេងៗគ្នា ដោយមានស្លៀកស ចងក្រណាត់ខ្មៅនៅដើមដៃ ដើរដោះស្បែកជើង ខ្លះកាន់រូបថត និងបដា តម្រង់ទៅកាន់ការ៉ាសសាំងស្តុបបូកគោ ជាទីដែលលោកបណ្ឌិត កែម ឡី ត្រូវបានបាញ់សម្លាប់កាលពី៨ឆ្នាំមុន។ អ្នកដែលចូលដែលមានពញរះសង្ឃផង បានសូត្រមន្ត ដាក់កម្រងផ្កា និងផ្កាឈូកដើម្បីឧទ្ទិសកុសលជូនវិញ្ញាក្ខន្ធរបស់លោកបណ្ឌិត កែម ឡី។
អ្នកចូលរួមក៏បានថ្លែងសារនានា ជាពិសេសទាមទារឱ្យមានការរកឃាតករពិតដែលធ្វើឃាតលោកបណ្ឌិត កែម ឡី និងទាមទារឱ្យមានការដោះលែងលោក កើត សារ៉ាយ ប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ ព្រមទាំងដោះលែងសកម្មជនបរិស្ថាន អ្នកទោសមនសិការផ្សេងៗទៀត។
ព្រះតេជគុណ ស្រ៊ុន សុភឿក ជានិស្សិតឆ្នាំទី៤ជំនាញរដ្ឋបាលសាធារណៈ មានសង្ឃដីការថា ព្រះអង្គចូលរួមរំឮកខួប៨ឆ្នាំរបស់លោកបណ្ឌិត កែម ឡី ដើម្បីទាមទារឱ្យមានការដោះលែងលោកកើត សារ៉ាយ និងមិនទទួលស្គាល់ការចោទប្រកាន់ទៅលើសកម្មជនមាតាធម្មជាតិដែលត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃទី២ កក្កដា ឆ្នាំ២០២៤កន្លងទៅនេះ។
ព្រះតេជគុណបន្ថែមថា៖ «ពេលណាដែលប្រជាពលរដ្ឋ ឬក៏ញាតិញោមគាត់រងទុក្ខនូវភាពអយុត្តិធម៌ ឆ្នាំងបាយរបស់គាត់ត្រូវបានបែក អីចឹងព្រះសង្ឃមិនអាចអង្គុយស្ងៀមបានទេ ក្នុងនាមជាព្រះសង្ឃ ព្រោះព្រះសង្ឃរាល់ថ្ងៃរស់ដោយសារពុទ្ធបរិស័ទ បានបាយដោយសារពុទ្ធបរិស័ទ នៅពេលណាដែលពុទ្ធបរិស័ទជួបទុក្ខរងគ្រោះ សួរថាព្រះសង្ឃអាចសិងស្រណុក ដេកលក់គងអន្ទាក់ខ្លាកើតអត់ គឺអត់បានទេយើងត្រូវចូលរួមឈឺឆ្អាលទាំងអស់ ហើយបញ្ហាទាំងអស់នេះដែលគាត់យកសាច់ស្រស់ ឈាមស្រស់យកមកបូជាមិនមែនដើម្បីតែខ្លួនគាត់ មិនមែនដើម្បីតែកូនចៅគាត់ មិនមែនដើម្បីតែគ្រួសារគាត់ទេក៏ប៉ុន្ដែគាត់ធ្វើនេះដើម្បីជាតិមាតុភូមិដើម្បីប្រជាជនទាំងមូល»។
ព្រះអង្គពិតជាមានការឈឺចាប់យ៉ាងខ្លាំងទៅលើភាពអយុត្តិធម៌ក្នុងសង្គមដែលធ្វើឱ្យបាត់បង់នូវធនធានមនុស្ស និងលើកទឹកចិត្តឱ្យយុវជនគ្រប់រូបក្លាហានក្នុងការនិយាយការពិត»។
កញ្ញា ឡុង សុខលីន និស្សិតផ្នែកនីតិសាស្រ្ត ឆ្នាំទី៤ បានគូរឆ្នូតលើមាត់បង្ហាញពីការបំបិទសិទ្ធិសេរីភាពបញ្ចេញមតិ លើកឡើងថា សកម្មជនចលនាមាតាធម្មជាតិ សកម្មជនចលនាដីធ្លីដែលបានប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងការតស៊ូមតិបែរជាត្រូវបានអាជ្ញាធរ និងតុលាការចោទប្រកាន់ថាក្បត់ជាតិ បង្កភាពអសន្តិសុខ និងញុះញង់ទៅវិញ។
កញ្ញានិយាយថា៖ «ការកាត់ក្តីគឺអយុត្តិធម៌ធ្ងន់ធ្ងរណាស់ទៅដល់សកម្មជននឹងអ្នកការពារសិទ្ធិមនុស្សដែលគាត់ការពារបរិស្ថានបែរជាត្រូវបានចោទប្រកាន់ជារឿងរួមគំនិតក្បត់ ការប្រមាថអង្គព្រះមហាក្សត្រជាដើម ដែលមិនមែនជាការពិតរាល់ភស្តុតាងដែលលើកបង្ហាញនៅក្នុងសវនការដែលមិនមានស្ថានទម្ងន់ទោសអ្វីដែលត្រូវចោទប្រកាន់អ្នកទោសទាំងនោះ»។
កញ្ញាស្នើឱ្យរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធបើកលំហសេរីភាពសម្រាប់ពលរដ្ឋឡើងវិញ។
កញ្ញាបញ្ជាក់ថា៖ «សូមស្នើទៅដល់តុលាការ អាជ្ញាធរ និងរាជរដ្ឋាភិបាលជាដើម ឱ្យបើកលំហនូវសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋដែលនិយាយពីបញ្ហាបរិស្ថាន បញ្ហាសិទ្ធិមនុស្ស បញ្ហាក្នុងសង្គម និងរឿងនយោបាយ ដែលសុទ្ធតែជាសិទ្ធិរបស់មនុស្សគ្រប់គ្នាដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ដូច្នេះសូមបើកលំហសិទ្ធិទាំងអស់នេះឱ្យដូចអ្វីដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ និងឱ្យដូចអ្វីដែលចែងមានឈ្មោះថាជាលទ្ធិប្រជាធិបតេយ្យ»។
លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិលើកឡើងថា ករណីឃាតកម្មលើបុគ្គលសកម្ម និងល្បីជាច្រើន ដូចជាលោក ជា វិជ្ជា លោក ឈុត វុទ្ធី លោក កែម ឡី ព្រមទាំងអ្នកសិល្បករផ្សេងៗមកដល់ពេលនេះ មិនទាន់ឃើញមានការចាប់ខ្លួនឃាតករពិត និងអ្នកពាក់ព័ន្ធយក មកផ្តន្ទាទោសនៅឡើយ។
លោកបន្តទៀតថា៖ «ចំពោះសេរីភាពបើយើងចាប់គិតឆ្នាំ២០១៧ ក្រោយពីរំលាយគណបក្សសង្រ្គោះជាតិ គឺមានការធ្លាក់ចុះយ៉ាងគំហុកមកដល់ពេលនេះ ហើយការចាប់សកម្មជននយោបាយ ក៏ដូចជាសកម្មជនសង្គមមេសហជីពនៅតែបន្ត ជាពិសេសថ្មីៗនេះដែលចាប់ក្រុមយុវជនបរិស្ថានជារឿងមួយភ្ញាក់ផ្អើល ហើយឃើញថាអន្តរជាតិមានការប្រតិកម្មខ្លាំង»។
លោក អំ សំអាត ជានាយកទទួលបន្ទុកកិច្ចការទូរទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូលើកឡើងថា ការរំឮកវិញ្ញាណក្ខន្ធលោក បណ្ឌិត កែម ឡី ដើម្បីនឹករឮក និងឧទ្ទិសកុសលជូនលោក ដើម្បីជាព្រលឹងយុវជន ក៏ដូចជាប្រជាពលរដ្ឋជានិមិត្តរូបនៃសេរីភាពក្នុងការបញ្ចេញមតិ។ លោកថា កម្មវិធីនេះ ក៏ជាការសំណូមពរដល់អាជ្ញាធរ និងតុលាការឱ្យផ្តល់យុត្តិធម៌ពេញលេញសម្រាប់លោកបណ្ឌិត កែម ឡី ជាពិសេស គឺជំរុញឱ្យមានការស៊ើបអង្កេតទៅលើសំណុំរឿងរបស់លោក។
លោក អំ សំអាត បានបន្តថា៖ «រឿងលោកបណ្ឌិត កែម ឡី ដែលយើងប្រារព្ធខួប ៨ឆ្នាំនៃការបាញ់សម្លាប់គាត់ ទី១គឺជាការរំឮកវិញ្ញាណក្ខន្ធសំរាប់គាត់ដើម្បីឧទ្ទិសឱ្យគាត់បានទៅកាន់សុគតិភព ទី២គឺយើងនៅតែចងចាំនូវវីរភាពជាស្នាដៃរបស់គាត់ […] ជានិមិត្តរូបនៃសេរីភាពក្នុងការបញ្ចេញមតិរបស់លោកបណ្ឌិត កែម ឡី ទី៣ទាមទារឱ្យអាជ្ញាធរក៏ដូចជាតុលាការផ្ដល់យុតិ្តធម៌ពេញលេញសំរាប់លោកបណ្ឌិត កែម ឡី»។
លោកបណ្ឌិត កែម ឡី ជាអ្នកវិភាគអំពីបញ្ហាសង្គម និងនយោបាយដ៏ល្មីឈ្មោះមួយរូប។ លោកត្រូវបានឃាតករបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ អាជ្ញាធរបានចាប់ខ្លួន និងការទោសខ្មាន់កាំភ្លើងម្នាក់ ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ដែលអះអាងថា ខ្លួនសម្លាប់លោក កែម ឡី ដោយសារលោក កែម ឡី ជំពាក់លុយ៣០០០ដុល្លារ។
ក្រោយការកាត់ទោស អឿង អាង ទាំងមជ្ឈដ្ឋានជាតិ និងអន្តរជាតិ បានបង្ហាញការមន្ទិលសង្ស័យ ថា អឿត អាង មិនមែនជាឃាតករពិត។ ពួកគេតែងជំរុញឱ្យរដ្ឋាភិបាលកម្ពុជាបើកការស៊ើបអង្កេតឡើងវិញដើម្បីស្វែងរកយុត្តិធម៌ជូនលោកបណ្ឌិត កែម ឡី។
លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលបដិសេធមិនធ្វើអត្ថាធិប្បាយ ដោយប្រាប់ឱ្យទៅសួរក្រសួងយុត្តិធម៌។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌មិនឆ្លើយតបនឹងសំណួររបស់ Newsroom Cambodia តាមរយៈបណ្តាញសង្គមតេឡេក្រាម។
ក្រោយការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី អស់រយៈពេល៨ឆ្នាំហើយដែលក្រុមសង្គមស៊ីវិល និងអ្នកឃ្លាំមើលសង្គម នយោបាយ បានចាត់ទុកថា មិនទាន់មានពន្លឺយុត្តិធម៌៕