ខណៈដែលយុវជនខ្លួនឯងផ្ទាល់មានទំនាស់ជាមួយខ្លួនឯង ហើយអ្នកនយោបាយមានទំនាស់ជាមួយអ្នកនយោបាយ អ្នកនយោបាយមានទំនាស់ជាមួយនឹងប្រជាពលរដ្ឋ ក្រុមមានទំនាស់ជាមួយក្រុម សហគមន៍មានទំនាស់ជាមួយសហគមន៍ គ្រួសារមានជាទំនាស់ជាមួយគ្រួសារ។ ប៉ុន្ដែងាកមកយុវជន និងប្រជាពលរដ្ឋ ហាក់បីដូចជាមិនសូវមានការចាប់អារម្មណ៍ជាមួយនឹងជំនាញនៃការដោះស្រាយទំនាស់នោះទេ។
ខាងក្រោមនេះគឺជាកិច្ចសម្ភាសន៍រវាងលោកឈាង ឫទ្ធី មន្រ្តីគម្រោងការពង្រឹងសិទ្ធិអំណាចយុវជនដើម្បីសុខដុមរមនាសង្គមនៃអង្គការអភិវឌ្ឍន៍ធនធានយុវជន (YRDP) ជាមួយនឹងព្រះតេជគុណ ជីម ឆៃលន់ សិក្ខាកាមមកពីញូវសន៍រូមខេមបូឌា (Newsroom Cambodia)៖
Q: ចម្រើនពរលោក ឈាង ឫទ្ធី!
A: ករុណាព្រះអង្គ!
Q: ជាដំបូងអាត្មាសុំសួរថា តើការដោះស្រាយទំនាស់សំដៅលើអ្វី?
A: ករុណាព្រះអង្គ! ជារួមការដោះស្រាយទំនាស់មានរូបភាពច្រើន ដែលយើងមើលឃើញមានទាក់ទងនឹងការទប់ស្កាត់ ធ្វើការគ្រប់គ្រង ការដោះស្រាយ និងការបំប្លែងទំនាស់ផងដែរ ដែលមាននៅក្នុងវិស័យការកសាងសន្តិភាព។ នៅក្នុងហ្នឹងការដោះស្រាយទំនាស់នេះមិនដឹងថាព្រះអង្គចង់សំដៅទៅចំណុចមួយណាទេ តែជាទូទៅភាគច្រើនគេបានយល់ដឹងថា ការដោះស្រាយទំនាស់ថាជាការធ្វើឲ្យស្រុះស្រួលត្រូវរូវគ្នាវិញរវាងភាគីទំនាស់ពីរ ឬក៏ក្រុមហ្នឹងកម្រិតបុគ្គល ឬក៏ក្រុម។ តែបើនិយាយលើសពីការដោះស្រាយទំនាស់ទៅទៀត ឈានទៅដល់ការបំប្លែងទំនាស់ទៅវិញ ពាក់ព័ន្ធនឹងការផ្លាស់ប្ដូរប្រព័ន្ធនៅក្នុងសង្គម រៀបចំប្រព័ន្ធសង្គមឡើងវិញដើម្បីឲ្យប្រជាពលរដ្ឋ ឬក៏យុវជន មានចំណេះដឹងក្នុងការជជែកដោះស្រាយទំនាស់ ហើយបំប្លែងវា នៅក្នុងទម្រង់មួយល្អប្រសើរ ដែលអត់មានអំពើហិង្សានៅក្នុងហ្នឹង។
Q: ជាបន្តអាត្មាសុំសួរថា តើទំនាស់នៅកម្ពុជាជាទូទៅកើតឡើងក្រោមរូបភាពបែបណាខ្លះ?
A: ទំនាស់នៅកម្ពុជាមានច្រើន បើនិយាយពីកម្រិតតូចទៅ គឺពីកម្រិតបុគ្គលខ្លួនឯង ក្នុងម្នាក់ៗក៏ទាស់ជាមួយខ្លួនឯង រវាងបុគ្គលម្នាក់ និងបុគ្គលម្នាក់ក៏ទាស់ កម្រិតក្រុម សហគមន៍ក៏មានទំនាស់កើតឡើងនៅក្នុងប្រទេសកម្ពុជា។ បើនិយាយដល់កម្រិតក្នុងសង្គមនយោបាយក៏មានការទាស់ទែងគ្នា រវាងអ្នកនយោបាយ និងអ្នកនយោបាយ ប្រជាពលរដ្ឋ សហគមន៍ នៅក្នុងហ្នឹង។ បើលើសពីនេះ គឺប្រទេស និងប្រទេស។ កម្ពុជាយើងក៏មានទំនាស់ក្នុងការទំនាក់ទំនងជាមួយប្រទេសជិតខាង ពីអតីតកាលកន្លងមករវាង កម្ពុជា វៀតណាម និងថៃក៏មានទំនាស់ជាមួយគ្នាផងដែរ។
អ៊ីចឹងតាំងពីកម្រិតបុគ្គលរហូតដល់ជាតិ គឺយើងមានទំនាស់ច្រើន ការស្អប់ រើសអើង ការប្រកាន់វណ្ណៈពូជសាសន៍រវាងអ្នកមាន អ្នកក្រ អំពើអយុត្តិធម៌នៅក្នុងសង្គម សុទ្ធតែរូបភាពនៃទំនាស់ដែលកើតមានឡើងនៅក្នុងសង្គមយើង ហើយភាគច្រើនកើតឡើងគឺរឿងដីធ្លី។
Q:សំណួរបន្ទាប់ទៀតចង់សួរលោកថា តើលោកយល់ឃើញយ៉ាងម៉េចដែរចំពោះកម្រិតនៃការយល់ដឹងអំពីការដោះស្រាយទំនាស់របស់យុវជនកម្ពុជា?
A: កម្រិតនៃការយល់ដឹងការដោះស្រាយទំនាស់របស់យុវជនកម្ពុជាតាមជ្រុងមួយដែលខ្ញុំករុណារស់នៅ និងធ្វើការងារ ភាគច្រើនយុវជនអត់សូវមានការយល់ដឹងទាក់ទងការដោះស្រាយទំនាស់បានទៅតាមនីតិវិធីគេត្រឹមត្រូវទេ ប៉ុន្តែមិនមានន័យថា យុវជនប្រជាពលរដ្ឋទាំងអស់អត់មានចំណេះដឹងសោះទេ។ បើសិនជាពិនិត្យមើលទៅពួកគាត់មានការដោះស្រាយតាមរបៀបរបស់គាត់ដែរ គ្រាន់តែថាការដោះស្រាយនោះខ្លះមានទម្រង់ហិង្សាលាយឡំចូលគ្នា ហើយគាត់យល់ថា ការដោះស្រាយ ការគ្រប់គ្រង ឧទាហរណ៍ការចិញ្ចឹមកូន ប្រសិនជាមិនប្រើអំពើហិង្សាទេកូន ឬអ្នកដទៃអត់ស្ដាប់ អត់គោរពទេ។
អ៊ីចឹងការយល់ដឹងទាក់ទងនឹងការដោះស្រាយទំនាស់នៅកម្ពុជាយើងនៅមានកម្រិតទាប ដោយសារយើងមើលពីប្រព័ន្ធអប់រំកម្ពុជាយើងក៏អត់សូវបញ្រ្ជាបមេរៀនទាក់ទងនឹងការដោះស្រាយទំនាស់ដែរ ដែលពីមុនមានអង្គការសង្គមស៊ីវិលព្យាយាមបញ្ចូលនូវមេរៀនដោះស្រាយទំនាស់ដូចជា ការអប់រំសន្តិភាព ប៉ុន្តែហាក់បីដូចជាអត់សូវយកទៅប្រើប្រាស់បញ្រ្ជាបទៅក្នុងប្រព័ន្ធអប់រំបានទូលំទូលាយទេ។
កន្លងមកថ្មីៗនេះឃើញមានមេរៀនចូលច្រើនដែរ ប៉ុន្តែសួរថា ការបង្រៀនរបស់គ្រូមានគុណភាពកម្រិតណាទៅទៀត។ ជារួមមកគឺមានកម្រិតតិចតួច លាយឡំទម្រង់ហិង្សាច្រើនបែបបង្ខំ អ៊ីចឹងការដោះស្រាយហ្នឹងវាអាចបង្កជាហិង្សាបន្តគ្នា មិនមែនជាការដោះស្រាយទេ ប៉ុន្តែគ្រាន់តែជាការគ្រប់គ្រងទំនាស់នៅឡើយទេ មានន័យថាធ្វើឲ្យមនុស្សឈប់វាយគ្នាសិន។
A: សំណូរបន្ទាប់។ តើការយល់ដឹងអំពីការដោះស្រាយទំនាស់សម្រាប់យុវជនមានសារៈសំខាន់ដូចម្ដេចខ្លះ?
Q: បើនិយាយអំពីការដោះស្រាយទំនាស់នេះគឺជាជំនាញមួយដែរ ក្រៅពីជំនាញដែលយើងរៀននៅសាលា សាកល ទាក់ទងរឿងគណនេយ្យ គ្រប់គ្រង ការដោះស្រាយទំនាស់ក៏ជាជំនាញមួយដែរ ហើយជាជំនាញជីវិតក្នុងការជួយឲ្យយើងរស់នៅមានសុខដុមរម្យនាទាំងអស់គ្នា។
មនុស្សទាំងអស់គ្នារស់នៅក្នុងសង្គមអត់នរណាម្នាក់ចង់រស់នៅក្នុងរូបភាពមួយដែលទាស់ទែងគ្នា ស្អប់គ្នា ហិង្សាដាក់គ្នានោះទេ ប៉ុន្តែមនុស្សមិនសូវរៀនរស់ជាមួយគ្នាដោយសារតែ អត់មានជំនាញក្នុងការដោះស្រាយទំនាស់។
ជំនាញដោះស្រាយទំនាស់មានន័យថាឲ្យយើងចេះរៀនរស់ជាមួយអ្នកដទៃពេលដែលមានបញ្ហាគឺយើងចេះរកឫសគល់នៃបញ្ហា ឬក៏ផលប៉ះពាលនៃទំនាស់ដែលអត់បានដោះស្រាយ មានន័យថា ជួយឲ្យយើងអាចកសាងទំនាក់ទំនងសារឡើងវិញ កាត់បន្ថយ ឬទប់ស្កាត់បាននូវអំពើហិង្សា ទាំងកម្រិតបុគ្គលខ្លួនឯង គ្រួសារ និងកម្រិតសង្គម។
Q: ប្រសិនបើយុវជន ឬប្រជាពលរដ្ឋមិនមានចំណេះដោះស្រាយទំនាស់ តើនឹងមានផលប៉ះពាល់អ្វីខ្លះដល់សង្គម?
A: ពេលមនុស្សកើតមកអត់មានរៀនទាក់ទងនឹងការដោះស្រាយទំនាស់ទេ មានន័យថាមនុស្សទាស់គ្នាអត់ចេះដោះស្រាយ អ៊ីចឹងគឺបែកបាក់ទំនាក់ទំនង ហើយអាចឈានដល់អំពើហិង្សាកើតឡើងច្រើននៅក្នុងសង្គម ដូចយើងឃើញរាល់ថ្ងៃនេះនៅតាមដងផ្លូវ ចរាចរណ៍ផ្សេងៗ ឬក៏ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនឬអជ្ញាធរ ភាគច្រើនគឺប្រើអំពើហិង្សា ពេលប្រើអំពើហិង្សា ទំនាស់ក៏មិនបានដោះស្រាយ ហើយមានតែខាតបង់ទ្រព្យសម្បត្តិលុយកាក ក៏ដូចជាអាយុជីវិតអ៊ីចឹងទៅ ឬក៏មានការបាញ់សម្លាប់គ្នាទៅវិញទៅមក។
Q: នៅអង្គការអភិវឌ្ឍន៍ធនធានយុវជនមានវគ្គបណ្ដុះបណ្ដាលស្ដីពីការដោះស្រាយទំនាស់ តើមានភាគីពាក់ព័ន្ធណាខ្លះដែលមានកាតព្វកិច្ចក្នុងការជំរុញឲ្យយុវជនមានការយល់ដឹងអំពីការដោះស្រាយទំនាស់?
A: ភាគីសំខាន់ដំបូងគេគឺរដ្ឋាភិបាល គឺត្រូវមើលឡើងវិញនូវប្រព័ន្ធអប់រំរបស់យើង ថាតើយើងអាចបញ្រ្ជាបមេរៀនអប់រំសន្ដិភាពចូលទៅក្នុងប្រព័ន្ធអប់រំបែបណាបានក្រៅពីចំណេះដឹងទូទៅដែលយុវជនអាចយកទៅប្រើចិញ្ចឹមជីវិត ប៉ុន្ដែត្រូវការជំនាញដោះស្រាយទំនាស់គឺត្រូវដាក់បញ្ចូលនូវមេរៀនទាំងអស់ហ្នឹង ជាពិសេសគឺមេរៀនអប់រំសន្ដិភាព ជាជំនាញដែលយុវជនអាចកសាងឥរិយាបថខ្លួនឯងឲ្យប្រសើរ អ៊ីចឹងរាជរដ្ឋាភិបាលជាតួអង្គសំខាន់មួយនៅក្នុងវិស័យអប់រំ។
តួអង្គសាសនាក៏សំខាន់ដែរ ដែលព្រះពុទ្ធជាតួអង្គសំខាន់ ព្រោះមានប្រវត្តិមកទាក់ទងនឹងការដោះស្រាយទំនាស់។ យើងត្រូវពង្រឹងឡើងវិញនៅក្នុងវិស័យអប់រំសាសនា ព្រោះជាច្រកមួយដែលងាយស្រួលបញ្រ្ជាបតាមរយៈធម្មទេសនារបស់ព្រះសង្ឃ ពេលមានបុណ្យទាន គឺព្រះសង្ឃមានតួនាទីយ៉ាងសំខាន់ក្នុងការបញ្ជ្រាបការអប់រំទាក់ទងនឹងការកសាងវប្បធម៌សន្ដិភាព ឲ្យមនុស្សចេះស្រឡាញ់គ្នា ចេះដោះស្រាយដោយសន្តិវិធី ហើយកាត់បន្ថយអំពើហិង្សា។
ហើយមួយទៀតគឺ តួនាទីរបស់បញ្ញវន្តដែលជាអ្នកចេះដឹងក៏សំខាន់ដែរ ដែលដើរតួនាទីជាគំរូភាពក្នុងការបញ្រ្ជាបការអប់រំ ការផ្សព្វផ្សាយ ទាក់ទងនឹងការផ្សះផ្សារជាតិ រវាងអ្នកនយោបាយ និងអ្នកនយោបាយ រវាងប្រជាពលរដ្ឋ និងអ្នកនយោបាយឲ្យចេះដោះស្រាយបញ្ហាដោយសន្តិវិធី។
Q: ជាចុងក្រោយតើលោករំពឹងថាកម្ពុជា នឹងទៅជាយ៉ាងណា ប្រសិនបើយុវជនមានការយល់ដឹងអំពីការដោះស្រាយទំនាស់?
A: ប្រសិនបើយុវជនមានការយល់ដឹងពីការដោះស្រាយទំនាស់មានន័យថា យុវជនយើងអាចកសាងវប្បធម៌សន្តិភាពឡើងវិញបាន គឺមនុស្សចេះរស់ដោយមានតម្លៃ ដែលរស់ក្នុងតម្លៃមួយរស់ក្នុងភាពជាមនុស្សដូចគ្នា មានឥរិយាបថគិតបែបអហិង្សា ដូច្នេះគាត់មិនអាចទៅប្រព្រឹត្តហិង្សា វាយដំ រំលោភបំពានទៅលើអ្នកដទៃទេ។ យើងអាចរៀនរស់ជាមួយគ្នាបានជាពិសេសគឺការគោរពឲ្យតម្លៃទៅអ្នកដទៃ ការគោរពសិទ្ធិមនុស្សជារឿងសំខាន់ ពេលដែលមានទំនាស់យុវជនចេះជជែកចេះដោះស្រាយ ហើយរក្សាទំនាក់ទំនងបាន បង្កើនសាមគ្គីភាពទាំងគ្រួសារខ្លួនឯង និងសង្គមជាតិទាំងមូល។
Q: អាត្មាសូមអរគុណសម្រាប់ការផ្តល់សម្ភាសន៍!
A: ករុណាអរព្រះគុណព្រះអង្គ៕