រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា ណែនាំឱ្យអភិបាលរាជធានី-ខេត្តគាំទ្រ និងទាក់ទាញវិនិយោគបង្កើតមណ្ឌលបន្សាបគ្រឿងញៀន ដើម្បីសង្គ្រោះជនរងគ្រោះ និងបណ្តុះបណ្តាលពួកគេឱ្យចេះប្រកបរបរចិញ្ចឹមជីវិតក្រោយពេលចូលសហគមន៍វិញ។
ទំព័រហ្វេសប៊ុកក្រសួងមហាផ្ទៃ ផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ លោក ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានលើកឡើងថា ការវិនិយោគបង្កើតមណ្ឌលបន្សាបគ្រឿងញៀននឹងពិបាកលេចចេញជារូបរាង ប្រសិនបើអ្នកវិនិយោគរំពឹងខ្ពស់តែលើប្រាក់ចំណេញហើយ មិនមានការសម្បទានគាំទ្រពីរដ្ឋ។
លោក ស សុខា បានលើកឡើងថា៖ «ការបង្កើតមណ្ឌលព្យាបាល បន្សាប និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន គឺជាការផ្ដល់ដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ដើម្បីស្រោចស្រង់ និងសង្គ្រោះជនរងគ្រោះ ពីព្រោះយន្តការនេះមានភាគរយខ្ពស់បំផុតក្នុងការប្រែក្លាយជនរងគ្រោះឱ្យផ្ដាច់បានដោយជោគជ័យពីគ្រឿងញៀន និងថែមទាំងទទួលបានការអប់រំ និងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដើម្បីប្រើប្រាស់ និងប្រកបរបរចិញ្ចឹមជីវិត ក្រោយពីការធ្វើសមាហរណ៍ចូលទៅក្នុងសហគមន៍វិញ»។
ទំព័រហ្វេសប៊ុករបស់ក្រសួងមហាផ្ទៃបន្ថែមថា លោក ស សុខា ក៏បានលើកឡើងអំពីការជួញដូរគ្រឿងញៀនរបស់ឧក្រិដ្ឋជនថា កន្លងទៅសមត្ថកិច្ចបង្ក្រាបបានត្រឹមកម្រិតរាប់សិបគីឡូ ឬត្រឹមរយគីឡូ ប៉ុន្តែក្នុងរយៈពេលកន្លះឆ្នាំ២០២៤នេះ មានដល់ទៅជាង ៥ពាន់គីឡូ។
គិតពីខែមករា ដល់ឧសភាឆ្នាំ២០២៤នេះ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបង្ក្រាបបានគ្រឿងញៀនចំនួន ៤.៧១តោន កើន២៩ភាគរយក្នុ ងរយៈពេលដូចគ្នាពីឆ្នាំ២០២៣៕