អង្គការ​​តម្លាភាព​​អន្ដរជាតិ​​បាន​​ចេញ​​ផ្សាយ​​ពី​​​ សន្ទស្សន៍​​នៃ​​ការ​​​​យល់​ឃើញ​​ពី​​អំពើ​​ពុក​​រលួយ​​ប្រចាំ​​ឆ្នាំ​​២០២៣​​​ ដោយ​​បង្ហាញ​​ថា​​កម្ពុជា​​ទទួល​​បាន​​ពិន្ទុ​​២២​​​ លើ​​ពិន្ទុ​​អតិបរមា​​១០០​​ ដោយ​ប្រើ​មាត្រ​ដ្ឋាន​ពី​ពិន្ទុ​ ០​ (​​ពុករលួយ​ខ្លាំង​) ១០០​(ស្អាត​ស្អំ​ខ្លាំង​)​ថយ​ចុះ​២​ពិ​ន្ទុ​ធៀប​នឹង​ឆ្នាំ​២០២២​។ ខណៈ​ពេល​ដែល​កម្ពុជា​ស្ថិត​នៅ​បាត​តារាង​ក្នុង​តំបន់​អាស៊ា​ន​ ប្រសើរ​ជាង​តែ​មីយ៉ាន់ម៉ា​មួយ​តែ​ប៉ុណ្ណោះ​។ អត្រា​​ដ៏​​ខ្ពស់​​នៃ​​អំពើ​​ពុករលួយ​នៅ​កម្ពុជា​​នេះ​​​​នឹង​​ធ្វើ​​ឲ្យ​​ប៉ះ​​ពាល់​​យ៉ាង​​ខ្លាំង​​លើ​​ការ​អភិវឌ្ឍ​​សង្គម​​​ សេដ្ឋកិច្ច​​​​កម្ពុជា​​។​

ខាងក្រោមនេះជាកិច្ចសម្ភាសន៍​​រវាង​លោក អឹប ខេណែត សិក្ខាកាម​សារព័ត៌មាន Newsroom Cambodia និង​លោក​ អ៊ឹម​​ នរិន្ទ​ នាយកកម្ម​វិធី​​អ​​ង្គការ​តម្លាភាព​កម្ពុជា​៖

Q:​ ជម្រាប​សួរ​លោក​ អ៊ឹម​ នរិន្ទ!​

A:​ បាទ​ជម្រាប​សួរ​!

Q​: ​ជា​ដំបូង​ខ្ញុំ​ច​​ង់​សួរ​លោក​នរិន្ទ​ថា​ តើ​អ្វី​ជា​អំពើ​ពុករលួយ​?

A:​ តាម​ពិត​កា​រ​ឱ្យ​និយម​ន័យ​អំពើ​ពុក​រលួយ​វា​មាន​ការ​ឲ្យ​និយម​ន័យ​ខ្លះ​ទៅ​រាង​ចង្អៀត​ ខ្លះ​ទៀត​រាង​ទូ​លាយ​ចឹង​ណាស់​ ក៏​ប៉ុន្តែ​សំខាន់​និយមន័យ​ដែល​គេ​ប្រើ​ជា​ទូទៅ​ជា​ពិសេស​ដែល​អង្គការ​តម្លា​ភាព​គេ​ប្រើ​ជា​ទូ​ទៅ​នឹង​គឺ​ថា​ការ​ប្រើប្រាស់​តួនាទី​អំណាច​  ដែល​ផ្ដល់​ឱ្យដើ​​ម្បី​ផល​ប្រយោជន៍​ឯកជន​មាន​ថាកា​រ​ប្រើប្រាស់​តួនាទី​អំណាច​ដែល​គេ​ផ្ដ​ល់​ចំពោះ​ហើយ​បំពេញ​ផល​ប្រយោជន៍​ឯកជន​នឹង​ជា​និយមន័យ​ទូទៅ​ប្អូន​។​

Q:​ នៅ​កម្ពុជា​ តើអំ​​​​ពើ​ពុករលួយ​មាន​ទម្រង់​ ឬ​រូបភាព​បែប​ណា​?

A:​ តាម​ពិត​ទៅ​ទម្រង់​ ឬ​រូបភាព​នៃ​អំពើ​ពុករលួយ​វា​អត់​សូវ​ខុស​គ្នា​ប៉ុន្មាន​ទេ ​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ គ្រាន់​ថា​ពី​ប្រទេស​អ្នក​មាន​ទៅ​ប្រទេស​អ្នក​ក្រ​អាច​មាន​រូបភាព​ខុសគ្នា​ដែរ​។ ​បើ​នៅ​ប្រទេស​ក្រីក្រ​អំពើ​ពុករលួយ​អាច​មាន​រូបភាព​ច្បាស់ៗ​ច្រើន​ ការ​កិប​កេង​ថវិកា​ររដ្ឋ​ កិប​កេង​ថវិការ​ជាតិ​ ការ​សូក​ប៉ាន់​ ការ​ស៊ី​សំណូក​ ការ​បង្វែរ​ធនធាន​របស់​រដ្ឋ​មក​ជា​ធនធាន​ឯកជន​តាម​រូប​ភាព​ផ្សេងៗ​ មាន​ការ​លួច​បន្លំ​អីនឹង​ អាហ្នឹ​ង​វា​ជា​រូបភាព​ដែល​ការ​លាង​លុយ​កខ្វក់​អីហ្នឹង​​ជា​រូបភាព​ដែល​ច្រើន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​ ហើយ​យើង​ច្រើន​តែ​មើល​ឃើញ។​

ហើយ​ដល់​ប្រទេស​អ្នក​មានអ៊ី​ចឹង​ទៅ​រូបភាព​នៃ​អំពើ​ពុករលួយ​ហ្នឹង​អាច​មាន​ក្នុ​​​ង​រូបភាព​គេ​ហៅ​ការ​វិវត្ដមួយ​កម្រិត​ទៀត​តាម​រយៈ​ការ​ប្រើ​បច្ចេក​វិទ្យា​ដូច​ជា ​ការ​គេ​ហៅ​ថា​កា​រ​គេច​វេះ​ ការ​លាង​លុយ​តាម​រូបភាព​​ដូច​ជា​ការ​ស៊ុំ​គ្រ​លុំ​ ការ​បង្វែរ​ទ្រព្យ​ទៅ​​ទុក​កន្លែង​សុវត្ថិភាព​អីផ្សេងៗ។ ហ្នឹង​ជា​រូបភាព​នៃ​ការ​ប្រព្រឹត្ដ​អំពើពុករលួយ​ដែរ​ គ្រាន់​តែ​ក្នុង​ប្រភេទ​នៃ​ទម្រង់​នៃ​ការ​ប្រព្រឹត្ដហ្នឹង​អាច​ថា​ស្មុគស្មាញ​​អាច​មាន​ការ​ផ្សារ​ភ្ជាប់​ច្រើន​តាម​បច្ចេកវិទ្យា​ច្រើន​។​

ប្រទេស​កំពុង​អភិវឌ្ឍ​ ឬ​ប្រទេស​ក្រីក្រ​អំពើពុករលួយ​ក៏​អាច​មាន​ទម្រង់​បែប​នេះ​ដែរ​ ប៉ុន្តែ​​ភាគ​​ច្រើន​​កើត​​មាន​​ជាក់​ស្ដែង​​ដូច​ជា​​តាម​​រយៈ​​​កិប​កេង​​លុយ​ ឬ​ក៏​សូ​​កប៉ាន់​ ស៊ីសំណូក​អីចឹងណាស់​ ចឹង​ឃើញ​ជាក់ស្ដែង​តែម្ដង​។

Q:​ ​តើលោ​ក​មើល​ឃើញ​ពី​អំពើពុករលួយ​នៅ​ប្រទេសកម្ពុជា​មាន​ស្ថានភាព​បែប​ណា​ដែរ​?

A:​ ទាក់ទង​ការ​សិក្សា​ស្រាវជ្រាវ​ យើង​យោង​ទៅ​តាម​ការ​វាយ​តម្លៃ​អំពើ​ពុក​រលួយ​នេះ​ វា​នៅ​ស្ថាន​ភាព​មួយ​ដែរ​មិន​ទាន់​ប្រសើ​នៅ​ឡើយ​ទេ​។ បើ​យើង​យក​តាម​គេ​ហៅ​​ស៊ីភីអាយ (CPI) សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​ពី​អំពើ​ពុករលួយ​ កម្រិត​នៃ​អំពើ​ពុករលួយ​នៅ​ក្នុង​ស្ថាប័ន​សាធារណៈ​យើង​ទទួល​បាន​ពិន្ទុ​ទាប​២២​ លើ​១០០​ បើ​១០០​ បាន​ន័យ​ថា​ស្អាត​ស្អំ​ ហើយ​យើង​បាន​តែ​២២​ទេ​ បើ​យើង​ធ្វើ​ការ​ប្រៀប​ធៀប​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន​ទៀត​សោត​នឹង​ យើង​ប្រសើរ​ជាង​តែ​មី​យ៉ានម៉ា​ទេ​។​

យើង​មើល​ប្រទេស​ទាំង​មូល​នឹង​ឃើញ​ថា​ប្រសើរ​ជាង​តែ​មីយ៉ានម៉ា​ កូរ៉េ​ខាង​ជើង​ និង​អាហ្គានីស្ថាន​ទេ​ ចឹង​មាន​ន័យ​ថា​ជា​រួម​អំពើ​ពុករលួយ​នៅ​ក្នុង​ប្រទេស​យើង​មិន​ទាន់​មាន​ភាព​ប្រសើរ​ឡើង​ច្រើន​នៅ​ឡើយ​ទេ​។ ក្នុង​ន័យ​នឹង​យើង​អាច​និយាយ​បាន​ថា​មាន​លក្ខណៈ​ខ្លះ​ដែល​យើង​អាច​ឃើញ​ច្បាស់​ថា ​ក្នុង​ន័យ​នឹង​​និយាយ​ជា​រួម​ថា​ស្ថាន​ភាព​វា​ធ្ងន់ធ្ងរ​អំពើ​ពុក​រលួយ​ទ្រង់ទ្រាយ​​​ធំ​គេ​ហៅថា ​(Great Corruption)​ ​ប្រើប្រាស់​ឥទ្ធិពល​ ការ​ប្រើប្រាស់​អំណា​ច​ដើម្បី​​​​​​​​​​​​​បង្វែរ​ធនធាន​រដ្ឋ​ទៅ​ផល​ប្រយោជន៍​ឯកជន​។

ទោះ​បី​យ៉ាង​ណា​យើង​ក៏​ឃើញ​មាន​សញ្ញា​វិជ្ជមាន​មួយ​ចំនួន​ទាក់ទង​នឹង​អំពើ​ពុករលួយ​ ជា​ពិសេស​អំពើ​ពុករលួយ​ខ្នាត​តូច​ទាក់ទង​នឹង​ការ​ផ្ដល់​សេវា​នៅ​មូលដ្ឋាន​ដល់​ប្រជាជន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ក្រោយ​នេះ​។ ការ​ផ្ដល់​សេវា​ហ្នឹង​អាច​ថា​រំកិល​ជិត​​ប្រជាពលរដ្ឋ​ឃើញ​ថា​ការ​បើក​ចំហ​ព័ត៌មាន​អំពី​សេវា​មាន​​ច្រើន​ជាង​មុន​។ ប្រជាពលរដ្ឋ​​គាត់​ឃើញ​មាន​សេវា​គេ​យ​ក​លុយ​ ឬ​អត់ ​បើ​គេ​យក​គេ​យក​ប៉ុន្មាន​ ហើយ​គេ​ត្រូវ​ការ​ឯក​សារ​អ្វីខ្លះ​ ហើយ​ត្រូវ​ចំណាយ​ពេល​ប៉ុន្មាន​ទទួល​បាន​សេវា​នឹង​គឺ​គេ​មាន​បិទ​បង្ហាញ​នៅ​កន្លែង​​។ ក្នុង​ន័យ​ហ្នឹង​មិនមែន​មាន​ន័យថា​គ្មាន​អំពើ​ពុករលួយ​ទេ​ យើង​យល់​ថា​នៅ​ក្នុង​បរិប​ទ​ប្រទេស​យើង​មាន​បញ្ហា​ច្រើ​​ន​ពេល​ខ្លះ​គាត់​មិន​ទារ​ទេ​ តែ​គិត​គួរ​ទឹក​តែ​អញ្ចឹង​ទៅ​សម្រាប់​ញ៉ាំ​បាយ​ញ៉ាំ​អី​អញ្ចឹង​ទៅ​។ អញ្ចឹង​ទើប​មាន​វប្បធម៌​បែប​ហ្នឹង​អញ្ចឹង​ទៅ ​គ្រាន់​តែ​ជា​រួ​ម​ទៅ​ការ​ផ្ដល់​សេវា​នៅ​មូលដ្ឋាន​ហ្នឹង​យើង​ឃើញ​មាន​ភាព​ប្រសើរ​ឡើង​គួរ​ឱ្យ​គាត់​សម្គាល់​។
Q:​ មូល​ហេតុអ្វី​ដែល​បណ្តាល​ឲ្យ​កើត​មាន​អំពើ​ពុករលួយ​ ជា​ពិសេស​ក្នុង​បរិបទ​កម្ពុជា​?​

​A:​ តាម​ពិត​ទៅ​ដូ​​​ច​ជា​យើង​ជា​ទូទៅ​មិន​ខុស​អី​ពី​រឿ​ង​ផ្សេងៗ​ទៀត​ទេ ​រឿង​ដែល​សំខាន់​ដែល​យើង​ត្រូវ​គិត​គួរ​យើង​ត្រឡប់​មក​មើល​រឿង​ដើម​វិញ​។ រឿង​សំខាន់​ជាងគេ​គឺ​ទាក់ទង​នឹង​ការ​អនុវត្ត​ច្បាប់​យើង​ដឹង​ថា​ប្រទេសកម្ពុជា​ក្រប​ខណ្ឌ​​ច្បាប់​ ក្រប​ខណ្ឌស្ថា​ប័ន​ ក្រប​ខណ្ឌ​ច្បាប់​ក៏​មាន​សម្បូរ​បែប​វា​មាន​ច្បាប់​ វា​មាន​គោល​នយោបាយ​ យើង​មាន​យុទ្ធសាស្រ្ត​ មាន​ស្ថាប័ន​ទទួលខុសត្រូ​វ​ ប៉ុន្តែ​មាន​ប៉ុន្តែ​ការ​អនុវត្ត​យើង​អត់​ទាន់​អាច​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព​នៅ​ឡើយ​ទេ​។

កន្លង​មក​នេះ​ ក្នុង​ករណី​អំពើ​ពុក​រលួយ​ពិសេស​អំពើ​ពុករលួយ​ធំៗ​ដែល​អនុវត្ត​ដោយ​បុគ្គល​មាន​ឥទ្ធិពល​មាន​ អំណាច​ជា​ដើម។ ​ហើយ​ទី​ពី​រ​​ ស្ថានភាព​ប្រទេស​យើង​ក៏​មិន​សូវ​ផ្ដល់​អំណោយ​ផល​ទៅ​ដល់​ប្រជាពលរដ្ឋ​ដែល​រាយការណ៍​ពី​អំពើ​ពុករលុយ​ដែរ​។ យើង​អត់​មាន​ច្បាប់​ការពារ​អ្នក​រាយការណ៍​ក្នុង​ការ​ទប់​​ស្កាត់​​អំពើ​ពុករលួយ​យើង​អត់​មាន​ច្បាប់​ការពារ​អ្នក​រាយការណ៍​ហើយ​ធានា​ថា​ពេល​គាត់​រាយ​ការណ៍​ហើយ​មាន​សុវត្ថិភាព​ រាយ​ការណ៍​ហើ​យ​គេ​យក​ចិត្ត​ទុក​ដាក់​ រាយ​ការ​ណ៍  ​ហើយ​ការពារ​គាត់​កុំឱ្យ​គាត់​មាន​ការ​ព្រួយ​បារម្ភ​លើក​ទឹក​ចិត្ត​ចឹង​យើ​ង​មាន​ការ​ខ្វះ​ចន្លោះ​ច្រើន​។

ការ​ទទួល​បាន​ព័ត៌មាន​ផ្សេងៗ​ហ្នឹង​ក៏​ជា​មធ្យោបាយ​អំពើ​ពុករលួយ​មាន​ភាព​មិន​ប្រក្រតី​តាមរយៈ​ការ​ទទួល​ព័ត៌មាន​ហ្នឹង​ ហើយ​​សំខាន់​​ការ​​ទទួល​​បាន​​ព័ត៌មាន​​ហ្នឹ​​ង​ខ្វះខា​​ត​​ច្រើន​​ចំណុច​​ខ្លះ​​ទៀត​​ក៏​​មាន​​ភាព​​ខ្វះ​ឱ្យ​​ខាត​ដែរ​។ ទាក់ទង​នឹង​ការ​អប់រំ​ប្រជាពលរដ្ឋ​ឱ្យ​យល់​អីហ្នឹង​ក៏​ជា​បញ្ហា​មួយ​ចម្បង​ដែរ​ ប្រជាពលរដ្ឋ​ខ្លះ​គាត់​នៅ​យល់​ដល់​។ ប្រជាពលរដ្ឋ​ខ្លះ​គាត់​នៅ​យល់​ឃើញ​ថា​គេ​មា​ន​បាន​អញ្ចឹង​ទៅ​លែង​ Question (លែងសួរ)​អា​ទ្រព្យ​ដែល​បាន​មក​ហ្នឹង​ទ្រព្យ​សុចរិត​ ឬ​ទុ​​ច្ច​រិត​អញ្ចឹង​បុគ្គល​ដែល​បាន​ទ្រព្យ​ដោយ​ទុច្ចរិត​ ដោយ​ការ​កិប​កេង​ថវិកា​រ​​ដ្ឋ​ហ្នឹង​គាត់​បែរ​ជា​សាទរ​វា​ដល់​ចំណុច​មួយ​ដែល​ថា​ប្រជាពលរដ្ឋ​ការ​យល់​របស់​គាត់​ហ្នឹង​ថា​អាច​នៅ​មាន​កម្រិត​ដែរ​។

​ការ​បណ្ដុះ​បណ្ដាល​ការ​អប់រំ​ក៏​ជា​ចំណែក​ដ៏​សំខាន់​ ហើយ​ការ​ធ្វើ​ការ​ជា​មួយ​ភាគី​ពាក់ព័ន្ធ​អីហ្នឹង​ក៏​ត្រូវ​ការ​ចាំបាច់​ដែរ​។ មិន​មែន​ចាំ​តែ​រដ្ឋាភិបាល​ទេ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ត្រូវ​ការ​ប្រជាពលរដ្ឋ​អង្គការ​សង្គម​ស៊ីវិល​ ស្ថាប័ន​ឯកជ​ន​ យើង​ត្រូវ​ការ​សហការ​ជាមួយ​ប្រទេស​ជាដៃ​គូទៀ​ត ​ឧបមាថា​ទាក់ទង​នឹង​ការលាង​លុយ​លាង​អី​ទៀត​ដែល​ឆ្លងប្រ​ទេស​។ ដូច្នេះ​ត្រូវ​ការ​សហការ​គ្នា​វា​ជា​វិធាន​ការ​ចាំ​បាច់​ក្នុង​ការ​ទប់​ស្កាត់​អំពើ​ពុករលួយ​។
Q: តើ​​អំពើ​ពុករលួយ​ធ្វើ​ឱ្យមាន​ផល​ប៉ះ​ពាល់​អ្វីខ្លះ​ដល់​សង្គម​ជាតិ​ ជា​ពិសេស​ការ​អភិវឌ្ឍ​?
A:​ អាច​និយាយ​សាមញ្ញ​ អំពើ​ពុករលួយ​វា​គឺ​ជា​ជំងឺ​មហា​រីក​នៅ​ក្នុង​សង្គម​​ អញ្ចឹង​វា​ប៉ះពាល់​ច្រើន​ ទីមួយ​ប៉ះ​ពាល់​ យើង​ត្រូវ​ដឹង​ថា​ការ​កិបកេង​ធនធាន​របស់​រដ្ឋ​ទៅ​ឯកជន​អាហ្នឹង​យើង​ដឹង​ថា​ជា​​​របស់​យើង​ទាំងអ​ស់​គ្នា​។ កិបកេង​យើង​ដឹង​​ថា​យើង​ជា​ប្រជាពលរដ្ឋ​នឹង​បាត់​ចំណែក​ដែល​ជា​របស់​​យើង​គួរ​តែ​យក​មក​អភិវឌ្ឍ​ប្រទេស​យើង​ទាំងអស់​គ្នា​ មក​​អភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ​​ សេវា​សាធារណៈ​ផ្សេងៗ​។

ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ការ​ផ្ដល់​សេវា​ប្រព័ន្ធ​ផ្លូវ​សាលារៀន​ មន្ទីរ​ពេទ្យ​ គុណភាព​នៃ​ការ​ផ្ដល់​សេវា​ គុណភាព​នៃ​អ្នក​ផ្ដល់​សេវា​ មន្ត្រី​ផ្ដល់​សេវា​ទាំង​គ្រូ​ពេទ្យ​ គ្រូ​បង្រៀន​អីហ្នឹង​។ ចឹ​ង​ប្រសិន​បើ​​មា​ន​អំពើ​ពុករលួយ​ទាំង​អស់​ហ្នឹង​វា​កើត​ឡើង​លុយ​ដែល​គាំទ្រ​វិស័យ​អប់រំ​ សុខាភិបាល​ហ្នឹង​អាច​ បាត់​ទៅ​កន្លែង​ណាមួយ​ លុយ​មក​គាំទ្រ​សេវា​នឹង​។​ ឧទាហរណ៍​ប្រសិន​បើ​ការ​រើស​បុគ្គលិក​មន្ត្រី​សុ​ខាភិបាល​ហ្នឹង​ដោយ​គ្មាន​សមត្ថភាព​ ហើយ​យក​មក​បម្រើ​ការ​សេវា​ជូន​ប្រជាពលរដ្ឋ​អញ្ចឹង​អាច​ប៉ះ​ពាល់​ដល់​ការ​ផ្ដល់​សេវា​ហ្នឹង​។

Q:​ តើ​​​លោក​គិត​ថា​ អ្នក​ពាក់ព័ន្ធ​ ជា​ពិសេស​រដ្ឋាភិបាល​គួរ​ធ្វើ​បែប​ណា​ដើម្បី​ទប់ស្កាត់​ និង​លុប​បំបាត់​អំ​ពើ​​ពុ​ក​រលួយ​នៅ​​កម្ពុជា​?

A:​ ទាក់ទង​នឹង​ការ​អនុវត្ត​ច្បាប់​យើង​ដឹង​ថា​ប្រទេស​កម្ពុជា​ក្រប​ខណ្ឌ​ច្បាប់​ ក្រប​ខណ្ឌ​ស្ថាប័ន​ ក្រប​ខណ្ឌ​ច្បាប់​ក៏​មាន​សម្បូរ​បែប​វា​មាន​ច្បាប់​ វា​មាន​គោល​នយោបាយ​ យើង​មាន​យុត្តិសាស្ដ្រ​ មាន​ស្ថាប័ន​ទទួល​ខុស​ត្រូវ​។ ​អប់រំ​ប្រជាពលរដ្ឋ​ឱ្យ​យល់​ពី​ផល​ប៉ះពាល់​នៃ​អំពើ​ពុករលួយ​ឱ្យ​ពួក​គាត់​ចូលរួម​រាយការណ៍​ពី​អំ​ពើ​ពុករលួយ​ យើង​ត្រូវ​បង្កើត​មាន​ច្បាប់​ការពារ​អ្នក​រាយ​ការណ៍​ក្នុ​​ង​ការ​ទប់​ស្កាត់​​អំពើ​ពុករលួយ​អីហ្នឹង​ក៏​ជា​បញ្ហា​មួ​យ​ចម្បង​ដែរ​។ អង្គការ​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​ផ្សព្វផ្សាយ​អប់រំ​ពី​ផល​ប៉ះពាល់​នៃ​អំពើ​ពុករលួយ​ដល់​ប្រជាពលរដ្ឋ​។ វិស័យ​ឯកជន​ក៏​សំខាន់​ដែរ​ត្រូវ​កាត់​បន្ថយ​អំពើ​ពុករលួយ​ដូចជា​ ការ​ឱ្យ​ប្រាក់​ទៅ​មន្ត្រី​ដើម្បី​អត្ថ​ប្រយោជន៍​ការដោះ​ដូរ​ការ​បាន​នៅ​កិច្ចស​ន្យា​ការពារ​ពី​រដ្ឋ​ ទទួលបាន​គម្រោង​ផ្សេងៗ​ពី​រដ្ឋ​ឱ្យ​មក​ស្ថាប័ន​របស់ខ្លួន​។ ស្ថាប័​ន​ពាក់ព័ន្ធ​ និង​រដ្ឋាភិបាល​ត្រូវ​សហការ​គ្នា​យ៉ាង​ជិត​ស្និត​ ដើម្បី​ចូល​រួម​ទប់​ស្កាត់​។

Q: ​ អរគុណ​លោក​នរិន្ទ​​សម្រាប់​ការ​ផ្តល់​សម្ភាសន៍!

A:​ ​បាទ​!​​ អរគុណ៕​ ​