ក្រុមសង្គមសង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាលរិតបន្តឹងបន្ថែមទៅលើការគ្រប់គ្រងអាវុធជាតិផ្ទុះបន្ទាប់ពីសង្កេតឃើញថាបញ្ហាអសន្តិសុខនៃការគ្រប់គ្រងអាវុធមួយនៅតែបន្តកើតឡើងក្នុងសង្គមដែលអាចនឹងនាំឱ្យសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋកាន់តែធ្លាក់ចុះ។

ការអំពាវនាវនេះ ធ្វើឡើងក្រោយពីមានករណីបាញ់សម្លាប់មនុស្សឆៅៗ ក្រៅប្រព័ន្ធច្បាប់បន្តកើតឡើងមិន​​ឈ​ប់​ឈរ ក្នុងរយៈពេលចុងក្រោយនេះ។កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ អតីតឧញ៉ា ស្រី ស៊ីណា បា​ន​បាញ់សម្លាប់មនុស្សពីរនាក់ដែលត្រូវជាគូដណ្តឹងនឹងគ្នា នៅក្នុងបុរី ប៉េង ហួត បឹងស្នោរ។ ករណីនេះកើតឡើ​ងដោយសារទំនាស់ស្នូរហាលខោអាវ។

អនុក្រិត្យស្តីពីនីតិវិធី និងលក្ខណ្ឌនៃការគ្រប់គ្រង ការប្រើប្រាស់អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវរបស់កងយុទ្ធពលខេមៈភូមិន្ទ កងកម្លាំងនគបាល​ជា​តិ​ និងស្ថាប័នសាធារណៈ បានកំណត់នៅក្នុងបញ្ញត្តិមាត្រា៨ ដែលនិយាយថាជនដែលត្រូវបានអនុញ្ញាតច្បាប់មានដែលកំពុងមានឋានៈ តួនាទី កាន់កាប់ប្រើប្រាស់អាវុធខ្លី យ​ក​តាមខ្លួន​ម្នា​ក់មួយដើម និងគ្រាប់មិនលើសពី ០២បង់ តាមការកំណត់។ផ្ទុយទៅករណី ដែលទើបតែកើតឡើងថ្មីៗន បង្ហាញថា ការប្រើប្រាស់អាវុធរបស់ជនត្រូវចោទ មានអនុភាពលើសពីច្បាប់បានកំណត់។

ករណីដាច់ឡែកមួយផ្សេងទៀត កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ លោក កង តារាវិឆៃ ជាមន្រ្តីនគរបាល បានបា​ញ់គ្រាប់ពិតចំនួន ២០០គ្រាប់ នៅលើឧទ្យានជាតិភ្នំគិរីរម្យ។ការបាញ់ក្នុងស្ថានភាពដូចភ្លៀងស្រោចបែបនេះ ធ្វើឡើងនៅចំថ្ងៃខួបកំណត់របស់ខ្លួន ដែលជំរុញឱ្យមានការរិះគន់ថា ការគ្រប់គ្រងអាវុធគ្មានសណ្ឋាប់ធ្នា​ប់ និងអនាធិបតេយ្យ។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព(PDP) លោក យង់ គិមអេង មើលឃើញថា កា​រគ្រប់គ្រងអាវុធជាតិផ្ទុះនៅកម្ពុជា ត្រូវតែមានការកែលម្អបន្ថែមទៀត ដោយត្រួតពិនិត្យនៅឃ្លាំងអាវុធ ក​ន្លែ​ងទុកដាក់អាវុធទៅតាមអង្គភាពនីមួយៗឱ្យប្រាកដថាអាវុធនោះគ្រប់ចំនួនទេ ឬត្រូវយកចេញ លួ​ចយកដោយប្រកាណាមួយ  ដើម្បីជៀសវាងធ្លាក់ចូលទៅក្នុងដៃជនអាក្រក់ដែលអាចបង្ករវិនាសកម្មដល់សង្គម។

លោកបន្ថែមថា៖«បញ្ហានេះត្រូវមានការបញ្ជាក់ ធ្វើការកែលម្អរឡើងវិញ អំពីការគ្រប់គ្រងអាវុធជាតិផ្ទុះ ដូចជាការកែលម្អរក៏ដូចជាពិនិត្យមើលឡើងវិញទៅលើកាផ្តល់ អាវុធ ឬការគ្រប់គ្រងអាវុធ នៅក្នុងឃ្លាំងឬក៏មានការលក់ដូរនៅទីផ្សារងងិតឬយ៉ាងណា បានធ្វើឱ្យបញ្ហាអាវុធនេះធ្លាក់ទៅក្នុងដៃអ្នកដែលគ្មានសម្ថកិច្ចក្នុ​ងការប្រើប្រាស់អាវុធ យកអាវុធនោះមកធ្វើបាប ប្រជាពលរដ្ឋ យកមកបាញ់បោះ បង្ករឱ្យមានការភ៏យ​ខ្លា​ច​ ធ្វើឱ្យអសន្តិសុខនៅក្នុងសង្គម»

នាយកអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ លើកឡើងថា រដ្ឋាភិបាលគួរតែមានវិធានការបន្ថែមទៀតក្នងការគ្រប់គ្រងអាវុធជាជាតិផ្ទុះហើយក្រសួងដែលពាក់ព័ន្ធគួតែមានការវាយតម្លៃស្ថា​​នភាព សុខភាពផ្លូវចិត្ត របស់អ្នកប្រើប្រាស់ទាំងអស់ អំពីស្ថានភាពសតិអារម្មណ៍ ឬប្រើប្រាស់គ្រឿងស្រវឹងជាប្រចាំ ចិត្តឆេវឆាវ ពុះកញ្ជ្រោលឬយ៉ាងណា ប្រសិនបើស្ថិតក្នុងស្ថានភាពទាំងនេះត្រូវដកហូតអាវុធចេញពីបុគ្គលនោះ។

លោកបន្តថា៖«យើងដឹងហើយថាករណីថ្មីៗឧញ៉ា បានបាញ់សម្លាប់គូដណ្តឹងមួយគូនេះវាជារឿងមួយដែលរដ្ឋាភិបាលមិនគួនៅស្ងៀមទាក់ទងនិងការគ្រប់គ្រងអាវុធ និងការគ្រប់គ្រងទៅលើឥរិយាបទអ្នកដែលមានសិទ្ធកាន់កាប់អាវុធនោះទេ »

លោក សេក សុជាតិ អ្នកប្រឹក្សាយោលបល់ផ្នត់គំនិត និងការស្រាវជ្រាវ សង្កេតឃើញថាការគ្រប់គ្រងអាវុធនៅកម្ពុជាសព្វថ្ងៃគឺនៅមានកម្រិត ដោយសារតែអំពើពុករលួយ និងកត្តាមួយចំនួនទៀតដែលនៅតែជាឧ​ប​ស​​គ្គក្នុងការរារំាងបញ្ហានេះ។

លោកបន្តថា៖«ទាក់ទងជាមួយការគ្រប់គ្រងអាវុធជាតិផ្ទុះនៅកម្ពុជារាល់ថ្ងៃហ្នឹងយើងមើលឃើញហើយថាកម្ពុជាមានភាពធូររលុង វាពិបាកនៅក្នុងការគ្រប់គ្រងគ្រឿងអាវុធជាតិផ្ទុះដោយសារតែអំពើពុករលួយឬក៏បក្សពួកដែលធ្វើឱ្យមានបញ្ហានៅក្នុងការគ្រប់គ្រងអាវុធជាតិផ្ទុះមិនបានល្អ ហើយការគ្រប់គ្រងអាវុធជាតិផ្ទុះមិនបានល្អនេះវាបង្កើតឱ្យមានអំពើហិក្សាឧក្រិដ្ឋកម្មដោយសារតែការប្រើប្រាស់អាវុធហើយនិងការធ្វើសកម្មភាពផ្សេងៗទៀតដែលអាចធ្វើឱ្យប៉ះពាល់ទៅដល់សន្តិសុខនិងសណ្តាប់ធ្នាប់ក្នុងសង្គម»

លោកស្នើឱ្យរដ្ឋាភិបាលចាត់វិធានការដើម្បីទប់ស្កាត់បន្ថែមទៅលើបញ្ហានៃការគ្រប់គ្រងអាវុធ​ដោយលោកច​ង់​ឱ្យមានការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងក៏ដូចជាការត្រួតពិនិត្យ បណ្តុះបណ្តាលទាក់ទងនឹងការគ្រប់គ្រងអា​វុ​ធនិងបង្កើតការតាមដានបន្ថែម។

លោកបន្តថា៖«ដូច្នេះរាជរដ្ឋាភិបាលគួរតែពិចារណាឡើងវិញចំពោះចំណាត់ការរបស់ខ្លួន ធ្វើយ៉ាងណាដើ​​ម្បី​ទប់ស្កាត់បញ្ហាហ្នឹងដោយ ទីមួយអនុវត្តច្បាប់ឱ្យបានតឹងរឹងមិនត្រូវផ្តល់អាវុធទៅឱ្យជនស៊ីវិលឬអ្នកមា​​ន​ទ្រព្យ​សម្បត្តិណាមួយនោះទេ។ […]ទីពីរទាក់ទងនឹងការបណ្តុះបណ្តាលត្រួតពិនិត្យទៅលើទៅលើការប្រើប្រាស់អាវុធរបស់កងកម្លាំងយើងត្រូវដឹងថាកងកម្លាំងប្រភេទណាដែលអាចប្រើប្រាស់អាវុធបានហើយគាត់មានកាយសម្បទានិងសតិសប្បញ្ញគ្រប់គ្រាន់អត់[…]មួយទៀតបង្កើនការតាមដាន យកចិត្តទុកដាក់ជនទាំ​ង​ឡាយណាដែលទទួលបានអាវុធជាតិផ្ទុះគ្រប់ប្រភេទ»

លោកបន្ថែមថា៖«ហើយមួយទៀតរាជរដ្ឋាភិបាលក៏គួរតែបង្កើននូវយន្តការជំរុញអប់រំសាធារណៈជនឱ្យយ​ល់​អំពីហានិភ័យនៃការប្រើប្រាស់អាវុធជាតិផ្ទុះ ហើយដាក់ចេញនូវបទបញ្ជាទៅដល់កងកម្លាំងទាំងអស់ទប់ស្កាត់នូវការប្រើប្រាស់អាវុធគ្រប់ប្រភេទក្នុងប្រទេសរបស់យើង ហើយចុងក្រោយគឺធ្វើការសហការជា​មួយដៃ​គូរពាក់ព័ន្ធដើម្បីស្វែងរកដំណោះស្រាយកណ្តាលមួយដើម្បីធានាទៅដល់ការអនុវត្តច្បាប់ប្រកបទៅដោយគុណវុធ្ធមានប្រសិទ្ធិភាពដើម្បីធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋ»

ចំណែក លោកមេធាវី សុខ សំអឿន ប្រធានការិយាល័យមេធាវី នៃក្រុមអ្នកច្បាប់អមរិន្រ្ទ មានប្រសាសន៍ប្រា​ប់ គេហទំព័រ Newsroom Cambodia ថាដើម្បីគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវនៅកម្ពុជាឱ្យមា​ន​ប្រសិទ្ធិភាព អ្នកដែលមានសិទ្ធិក្នុងការប្រើប្រាស់អាវុធត្រូវទទួលបានការបណ្តុះបណ្តាលជាមុនសិន។

លោកបន្តថា៖«មុននឹងអនុញ្ញាតគួរតែឱ្យជននោះធ្លាប់បានទទួលការហ្វឹកហ្វឺនពីច្បាប់ពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធជាមុនសិន»។

ឆ្លើយតបករណីនេះលោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឆ្លើយតបថាកន្លងមកសមត្ថកិច្ច និ​ង​​​រដ្ឋាភិបាលមិនដែលព្រងើយកន្តើយចំពោះបញ្ហានេះឡើយ។ផ្ទុយទៅវិញក្រសួងតែងយកចិត្តទុក​ដា​ក់ដោ​យ​​ហ្មត់ចត់ទៅលើរឿងនេះ។

លោកបន្តថា៖«ក្រៅពីនេះជាការអនុវត្តកន្លងទៅបច្ចុប្បន្ននិងអនាគតយើងនឹងបន្តពង្រឹងការដាក់គោលដៅត្រួតពិនិត្យនៅតាមទីតាំងសំខាន់ៗនិងចល័តពេលយប់ទាំងការពិនិត្យជាតិស្រវឹងទាំងការពិនិត្យករណីគ្រឿ​ងញៀនទាំងការពិនិត្យអាវុធរួមគ្នាតែម្តងនេះគឺជាអ្វីដែលយើងធ្វើជាចាំបាច់មិនមែនមានន័យថាព្រងើយក​ន្តើ​យទេ»

បន្ថែមពីលើនេះ លោកបន្តថាបទល្មើសដែលកើតឡើងក្នុងសង្គមគឺអាចមកពីកត្តាធម្មជាតិមនុស្ស និងធម្មជា​តិសង្គមដែលតែងតែកើតមានឡើងគ្រប់ប្រទេស និងសង្គម។

លោកបន្តថា៖«ទីមួយវាជាកត្តាធម្មជាតិៗរបស់មនុស្សគឺបានន័យថាវាមិនអាចគ្រប់គ្រងអារម្មណ៍បានមិនអាចសម្រួលគ្នាដោយប្រការណាមួយបានហើយសម្រេចចិត្តដោយប្រថុយប្រថានសម្រេចដោយកំហឹងអាហ្នឹងគឺជាកត្តាធម្មជាតិរបស់បុគ្គលម្នាក់ៗគឺចឹង។[…]មួយទៀតវាជាកត្តាធម្មជាតិរបស់សង្គមៗណាក៏ដោយគ្រប់ប្រទេសនៅលើពិភពលោកហ្នឹងហាសសួរថាតើប្រទេសណាមួយដែលមិនមានបទល្មើសកើតឡើង ប្រទេសគេបទល្មើសធំៗជាងយើងផង»

យ៉ាងណាមិញលោកបានបកស្រាយថាច្បាប់នៃការប្រើប្រាស់អាវុធរបស់ជនស៊ីវិលឬឧកញ៉ាដោយស្របច្បា​ប់​គឺមិនមានចែងក្នុងនិតិវិធីច្បាប់ឡើយ។ក្នុងករណីជនស៊ីវិលណាប្រើប្រាស់អាវុធដោយមិនបានសុំការអនុ​ញ្ញាតពីខាងអាជ្ញាធរ ឬសមត្ថកិច្ចជននោះគឺត្រូវប្រឈមទៅនឹងផ្លូវច្បាប់។

លោកបន្តថា៖«ឧកញ៉ាក៏ជនស៊ីវិលដែរតែគ្រាន់គាត់ទទួលបានគោរពមងាមួយដោយសារគាត់ចូលរួមចំណែ​​​កក្នុងសង្គមកន្លងទៅ[…]ប៉ុន្តែគ្មានច្បាប់ណាអនុញ្ញាតឱ្យប្រើប្រាស់អាវុធទេចឹងបើគាត់ប្រើប្រាស់អាវុធគឺ​​ខុសច្បាប់ គាត់ទៅបាញ់គេគឺអាបទល្មើសដែលគាត់ប្រព្រិត្តហ្នឹង គឺបទល្មើសមួយទៀត អាហ្នឹងឱ្យខាងព្រះរាជអាជ្ញាខាងតុលាការគេចាត់ចែងចុះ»

លោក ឆាយ គឹមឃឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថា ចំពោះការរឹតបន្តឹងការប្រើ​​​ប្រាស់អាវុធខុសច្បាប់នេះ គឺជាតួនាទីភារកិច្ចនៃអង្គភាពជំនាញក្នុងការរឹតបន្តឹងការប្រើប្រាស់អាវុធ ជា​តិ​​ផ្ទុះនេះ។

លោកបន្តថា៖«បច្ចុប្បន្ននេះ អង្គភាពជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិកំពុងតែបន្តយ៉ាងសកម្មក្នុងការរឹតបន្តឹងការគ្រប់គ្រងអាវុធជាតិផ្ទុះនេះ ដោយផ្អែកលើច្បាប់ ផ្អែកលើអនុក្រឹត្យ»

បញ្ញត្តិមាត្រា ២០នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវបានបញ្ញត្តិថា ជនណាដែលបំពាក់ដា​ក់​តាមខ្លួនកាន់កាប់ ប្រើប្រាស់ លក់ ទិញ ឱ្យខ្ចី ផ្ទេរ ចែកចាយ ជួល កែឆ្នៃ តម្លើង ជួសជុលនូវអាវុធគ្រឿ​​ង​ផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទដោយគ្មានការអនុញ្ញាត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ៦ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ៥០ម៉ឺនរៀល ដល់ ២លានរៀល ដោយពុំទាន់គិតពីបទល្មើសព្រហ្មទណ្ឌផ្សេងទៀត។

ចំណែក បញ្ញត្តិមាត្រា ២០០ មាត្រា២០៥ និងមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ កំណត់ថាគ្រប់បុគ្គលដែលនៅក្រៅលំនៅដ្ឋានរបស់ខ្លួន យកតាមខ្លួន ឬដឹកជញ្ជូននូវអាវុធ គ្រឿងផ្ទុះ ឬគ្រាប់រំសេវគ្រប់ប្រភេទ ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ ខែ ទៅ ៣ ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ទៅ ៦លានរៀល៕