ភ្នំពេញ៖ កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៤ ព្រះតេជៈគុណ សាំង រិទ្ធី ត្រូវបានចៅអធិការវត្តដំរីស ព្រះនាម ផុន សុខគា បណ្តេញចេញទាំងយប់ក្រោយពេលព្រះអង្គបានចូលរួមដើរធម្មយាត្រាផ្សព្វផ្សាយសីល៌ប្រាំ ក្នុងថ្ងៃរំលឹកខួបលោក បណ្ឌិត កែម ឡី។ ព្រះចៅអធិការវត្តទុករយៈពេល៣ថ្ងៃដើម្បីឲ្យ ព្រះតេជៈគុណ សាំង រិទ្ធីរើអ៊ីវ៉ាន់ចាកចេញ និងកំណត់ថាព្រះតេជៈគុណ សាំង រិទ្ធីដាច់ខាតត្រូវតែចាកចេញពីវត្តត្រឹមយប់ម្សិលមិញ។
ព្រះតេជៈគុណ សាំង រិទ្ធី មានសង្ឃដីកាប្រាប់ Newsroom Cambodia ក្នុងថៃ្ងទី១៦ ខែកក្កដា ឆ្នាំ២០២៤ ថា ព្រះចៅអធិការវត្តយល់ឃើញថាសកម្មភាពធ្វើធម្មយាត្រារបស់ព្រះអង្គគឺជាសកម្មភាពបម្រើឱ្យគណបក្ស។
ព្រះតេជៈគុណបានលើកឡើងថា៖«ព្រះសង្ឃលោកបានបណ្តេញចេញ ឃើញអាត្មាបានដង្ហែរធម្មយាត្រានឹង លោកគិតថាបម្រើជាបក្សទៅវិញពរ ហើយលោកមិនបានគិតវែងឆ្ងាយទេ លោកគិតផលអវិជ្ជមានសម្រាប់អាត្មា ហើយក៏បានបណ្តេញអាត្មាចេញ»។
ព្រះតេជៈគុណបន្តទៀតថា ខ្លួននឹងនៅតែបន្តទាមទារយុត្តិធម៌ និងសិទ្ធិសេរីភាពរបស់ព្រះអង្គមកវិញ ខណៈពេលដែលព្រះតេជៈគុណថាព្រះចៅអធិការបានរំលោភសិទ្ធិរបស់ព្រះអង្គ។
ព្រះអង្គបានលើកឡើងថា៖«អាត្មានៅបន្តវិធានការទាមទារយុត្តិធម៌ សិទ្ធិសេរីភាពសម្រាប់អាត្មា លោកបានរំលោភសិទ្ធិលើអាត្មាជាច្រើន ហើយបានចោទប្រកាន់អាត្មាថាធ្វើទៅខុសច្បាប់នេះ ខុសច្បាប់នោះ ទាំងអត់មានច្បាប់ជាសំអាងពរ អាត្មាត្រូវទាមទាររកសិទ្ធិសេរីភាពអាត្មាមកវិញ»។
Newsroom Cambodia មិនអាចទាក់ទងសុំការបកស្រាយបំភ្លឺពីចៅអធិការ វត្តដំរីស ព្រះតេជៈគុណ ផុន សុខគា បានទេនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ។
ជុំវិញរឿងនេះ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការលីកាដូ យល់ឃើញថាជារំលោភសិទ្ធិរបស់ព្រះសង្ឃ ព្រោះព្រះសង្ឃក៏មានសិទ្ធិដូចប្រជាពលរដ្ឋដទៃ ព្រមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំទូន្មានប្រជាពលរដ្ឋតាមបែបព្រះពុទ្ធសាសនា។
លោកបានលើកឡើងថា៖«យើងមើលទៅគឺជាបំពានរឺរំលោភសិទ្ធិសេរីភាពរបស់ព្រះសង្ឃ ជាការចូលរួមនៅក្នុងសង្គម ពីព្រោះព្រះសង្ឃដើរតួនាទីសំខាន់នៅក្នុងសង្គម ព្រះសង្ឃអាចអប់រំប្រជាពលរដ្ឋឱ្យដើរតាមផ្លូវល្អតាមបែបព្រះពុទ្ធសាសនា ព្រះសង្ឃដើរតួនាទីជាគំរូសម្រាប់ប្រជាពលរដ្ឋហើយព្រះសង្ឃក៏មានសិទ្ធិ មានសេរីភាពដូចប្រជាពលរដ្ឋដទៃ មានសិទ្ធិនៅក្នុងការគោរព ការស្រលាញ់ហើយ និងចូលរួមសកម្មផ្សេងៗនៅក្នុងសង្គម»។
លោក យង់ គីមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិឌ្ឍន៍ និងសន្តិភាពយល់ឃើញថាការធ្វើធម្មយាត្រា ការផ្សព្វផ្សាយសីល៌ប្រាំគឺជារឿងដែលព្រះសង្ឃមានសេរីភាពក្នុងការធ្វើ និងគួរតែទទួលបានការលើកទឹកចិត្ត ។
លោកបានលើកឡើងថា៖«ការធ្វើធម្មយាត្រាការផ្សាយលីស៌ប្រាំ រឿងអស់នឹងគឺជារឿង អឺជារឿងដែលព្រះសង្ឃលោកគួរតែមានសេរីភាពធ្វើ ហើយមួយវិញទៀតអ្នកដែលស្វែងរកយុត្តិធម៌សម្រាប់សង្គម អ្នកដែលទាមទារសេរីភាពសម្រាប់សង្គមអីនឹងក៏មិនមែនជារឿងខុសឆ្គងអីដែរបាទ ខ្ញុំថានេះគឺជារឿងមួយសំខាន់ដែលព្រះសង្ឃឬក៏អាជ្ញាធរគួរតែផ្តល់ការការពារ។ លោកថា លើសពីនេះទៅទៀតគួរតែមានការលើកទឹកចិត្តចំពោះព្រះសង្ឃដែលស្រលាញ់យុត្តិធម៌ មានការផ្សព្វផ្សាយពីមេត្តាធម៌ សីល៌ប្រាំអីនឹង គឺថាត្រូវទទួលបានការស្វាគមន៍ និងការសាទរបាទ»។
ព្រះតេជៈគុណ សំ ដារ៉ូ អតីតសមណៈសិស្សពុទ្ធិកៈសកលវិទ្យាល័យសីហនុរាជ យល់ឃើញថា ការបណ្តេញព្រះសង្ឃចេញពីវត្តបែបនេះជារឿងមិនត្រឹមត្រូវ ហើយព្រះចៅអធិការបានក្បត់នូវទោស៣ប្រការ ពោលគឺទោសទី១ បំបែកសង្ឃ ទោសទី២ ក្បត់សាសនា និងទោសទី៣គឺ ទោសក្បត់រដ្ឋធម្មនុញ្ញ។
ព្រះអង្គបានលើកឡើងថា៖«អាត្មាភាពយល់ឃើញថា ការបណ្តេញចេញរបស់ព្រះសង្ឃនៅវត្តដំរីស វាជាការមិនត្រឹមត្រូវ ទីមួយដោយហេតុជាការបំបែកសង្ឃធ្វើឱ្យសង្ឃភ័យ ធ្វើឱ្យសង្ឃខ្លាច ធ្វើឱ្យសង្ឃមិនហ៊ានហាស្តីដោយខ្លាចអំណាចនៃព្រះគ្រូចៅអធិការពរ ទីពីរដោយហេតុក្បត់នឹងព្រះពុទ្ធសាសនាព្រោះថាសាសនាមិនដែលបានហាមទេ ប៉ុន្តែគ្រូចៅអធិការមកហាម ទីបីទោសក្បត់នឹងរដ្ឋធម្មនុញ្ញ ទង្វើបែបនេះមិនសាកសមនឹងគ្រងចីវររបស់ព្រះសម្មាសម្ពុទ្ធទេណា មិនសាកសមទេអាត្មាភាពយល់ឃើញបែបនឹង»។
កញ្ញា ញាម មុនីរស្មី ជាយុវជននៅខេត្តបាត់ដំបង បានសម្តែងនូវការសោកស្តាយចំពោះការសម្រេចចិត្តរបស់ព្រះចៅអធិការវត្តដែលបានបណ្តេញព្រះសង្ឃឱ្យចាកចេញពីវត្តទាំងយប់។ កញ្ញាបានបន្តទៀតថា ការចូលរួមរបស់ព្រះសង្ឃគឺមិនបានខុសនឹងច្បាប់ទេ ពោលគឺធ្វើឡើងស្របទៅនឹងច្បាប់ ។
កញ្ញាបានលើកឡើងថា៖ «ខ្ញុំយល់ឃើញថាការដែរព្រះចៅអធិការបានបណ្តេញព្រះសង្ឃចេញពីវត្តទាំងយប់បែបនឹងគឺជារឿងមួយដែលមិនគួរឱ្យកើតឡើង ខ្ញុំគ្មានអ្វីច្រើនទេក្រៅពីពាក្យថាខ្ញុំមានការសោកសៅ ខ្ញុំមានការសោកសង្រែកចំពោះទឹកព្រះទ័យនឹងការសម្រេចចិត្តរបស់ព្រះចៅអធិការ លោកមិនគួរណាមានទឹកប្រទ័យបែបនឹងនោះទេ ដោយសារតែសកម្មភាពនៃការចូលរួម១០ កក្កដា ២០២៤ នឹងគឺមិនបានខុសជាមួយនឹងច្បាប់ទេគឺព្រះអង្គ រឹទ្ធី បានចូលរួមធ្វើធម្មយាត្រានឹងដោយវាស្របនឹងច្បាប់ជាតិ និងច្បាប់អន្តរជាតិ»។
កញ្ញាបានសំណូមពរទៅកាន់ភាគីពាក់ព័ន្ធ ជាពិសេសក្រសួងធម្មការ និងសាសនា ឱ្យមានការយកចិត្តទុកដាក់ចំពោះករណីដែលបានកើតឡើង។ កញ្ញាក៏មិនភ្លេចរំលឹកដែរថាប្រពៃណីចូលវស្សារបស់ព្រះសង្ឃក៏នឹងខិតចូលមកដល់ឆាប់ៗ ដូច្នេះកញ្ញាបានការព្រួយបារម្ភចំពោះព្រះសង្ឃថានឹងអាចពិបាករកកន្លែងស្នាក់នៅ ព្រមទាំងធ្វើឱ្យប៉ះពាល់ដល់ការសិក្សារបស់លោកផងដែរ។
កញ្ញាបានលើកឡើងថា៖«ការសំណូមពររបស់ខ្ញុំទៅកាន់ភាគីពាក់ពន្ធក៏ដូចជាក្រសួងធម្មការ និងសាសនា ឱ្យលោកយកចិត្តទុកដាក់ចំពោះរឿងគុណម្ចាស់ សាំង រឹទ្ធី ដែលត្រូវបានព្រះចៅះធិការបណ្តេញចេញពីវត្តបែបនេះ ដោយសារតែណាមួយពេលខាងមុខនៅក្នុងខែ៧របស់យើងនឹងគឺជិតចូលទៅដល់ព្រះវស្សាហើយចឹងព្រះសង្ឃគឺពិបាករកវត្តនៅក្នុងក្រុងសម្រាប់គង់នៅណាស់ ហើយមួយទៀតគឺវាប៉ះពាល់ទៅដល់ការសិក្សារបស់លោកខ្លាំងណាស់»។
បច្ចុប្បន្នព្រះតេជៈគុណ សាំង រិទ្ធី កំពុងគង់អាស្រ័យនៅក្នុង វត្តបច្ឆា ជាបណ្តោះអាសន្ន និងមិនទាន់អាចរកកន្លែងសម្រាប់គង់នៅថ្មីបាននៅឡើយទេ។
Newsroom Cambodia ក៏មិនអាចទាក់ទងសុំការបកស្រាយបំភ្លឺពីអ្នកនាំពាក្យ និងរដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា លោកសេង សុមុនីនៅឡើយទេត្រឹមរសៀលថ្ងៃអង្គារ៍នេះ ដោយលោកថាជាប់រវល់ប្រជុំ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ យុវជន និងព្រះសង្ឃប្រមាណជា ៤០នាក់ បានរួមគ្នាធ្វើធម្មយាត្រា ចេញពីសួនសម្តេច ក្រឡាហោម ស ខេង ឆ្ពោះទៅកាន់វិមានឯករាជ្យ ក្នុងគោលបំណង ផ្សព្វផ្សាយសីលប្រាំ លើកកម្ពស់សីល៌ធម៌សង្គម បណ្តុះបណ្តាលស្មារតីប្រជាពលរដ្ឋ យុវជន ព្រះសង្ឃ ឱ្យចូលរួមកិច្ចការងារសង្គម និងដើម្បីបង្សុកុលឧទ្ទិសកុសលជូនលោក បណ្ឌិត កែម ឡី និងវីរជនស្នេហាជាតិគ្រប់រូប ព្រមទាំងទាមទារឱ្យដោះលែងសកម្មជនផងដែរ៕