ភ្នំពេញ៖ លោក ដូណាល់ ត្រាំ (Donald Trump) រងរបួសពីការប៉ុនប៉ងធ្វើឃាត ខណៈរូបលោកកំពុងឈរថ្លែងសុន្ទរកថានៅក្នុងទីក្រុង Butler នៃរដ្ឋ Pennsylvania កាលពីថ្ងៃសៅរ៍ ទី១៣ ខែកក្កដាកន្លងមក។ ប៉ុន្ដែរូបលោកគ្រាន់តែរងរបួសត្រង់ត្រចៀក ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។
Newsroom Cambodia បានសម្ភាសនិស្សិតសាកលវិទ្យាល័យ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ស្ថាប័នក្រៅរដ្ឋាភិបាលផ្នែកសិទ្ធិមនុស្ស និងអ្នកនាំពាក្យពីស្ថានទូតអាមេរិកប្រចាំនៅប្រទេសកម្ពុជាជុំវិញហេតុការណ៍នេះ។
លោក អោក សុភី អាយុ២៥ឆ្នាំ ជានិស្សិតផ្នែកទំនាក់ទំនងអន្តរជាតិឆ្នាំទី៣ យល់ឃើញថាការប៉ុនប៉ងធ្វើឃាតលើលោកដូណាល់ ត្រាំ មិនមែនជារឿងចម្លែកនោះទេ ដោយហេតុថា នៅសហរដ្ឋអាមេរិកធ្លាប់មានករណីប៉ុនប៉ង និងបានបាញ់សម្លាប់អតីតប្រធានាធិបតីជាច្រើនមកហើយ ដូចជាករណីបាញ់សម្លាប់អតីតប្រធានាធិបតីទី៣៥លោក John F Kennedy កាលពីឆ្នាំ១៩៦៣ជាដើម។
លោកថា សហរដ្ឋអាមេរិកជាបណ្ដុំជាតិសាសន៍ចម្រុះ ដោយការដឹកនាំអាចមានទាំងអ្នកពេញចិត្ត និងមិនពេញចិត្ត។
លោកបន្ដទៀតថា៖ ‹‹កម្ពុជាអាចរៀនសូត្រពីករណីបាញ់ប្រហារនេះបានគឺពង្រឹងនីតិរដ្ឋធ្វើយ៉ាងណាឱ្យស្ថាប័នទាំងបីរបស់កម្ពុជាមាន ស្ថាប័ននីតិបញ្ញាត្តិ ប្រតិបត្តិ និង ប្រព័ន្ធតុលាការឱ្យមានការត្រួតពិនិត្យ និងមានតុល្យភាព››។
កញ្ញា ឈួន លីសា អាយុ ២០ឆ្នាំ ជានិស្សិតផ្នែកទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យកម្ពុជា។ ដើមឡើយកញ្ញាយល់ថា ការវាយប្រហារទៅលើលោក ដូណាល់ ត្រាំនេះ អាចជាការបង្កើតព្រឹត្តិការណ៍ដើម្បីទាក់ទាញចំណាប់អារម្មណ៍តែប៉ុណ្ណោះ ព្រោះលោកកំពុងតែឈរឈ្មោះជាបេក្ខភាពឲ្យគណបក្សសាធារណរដ្ឋ។ ប៉ុន្តែក្រោយមក កញ្ញាយល់ថាមកពីកងកម្លាំងការពារនៅមានការធ្វេសប្រហែសទើបធ្វើឱ្យជនល្មើសមានឱកាសលបបាញ់អតីតប្រធានាធិបតីរូបនេះបាន។
កញ្ញាបានបន្ថែមទៀត៖ ‹‹ម្យ៉ាងនៅតំបន់ Pennsylvania គឺជាតំបន់ខៀវភាគច្រើនជាអ្នកគាំទ្រទៅលើគណក្សប្រជាធិបតេយ្យរបស់បក្សកាន់អំណាចដែលមិនមែនជាតំបន់ក្រហមគាំទ្រទៅលើគណបក្សសាធារណរដ្ឋឡើយ អ៊ីចឹងអាចនិយាយបានថាមកពីជម្លោះនយោបាយដែរ ដែលសកម្មជនមានការមិនពេញចិត្តទៅលើសុន្ទរកថារបស់លោក ដូណាល់ត្រាំ ដែលធ្វើឱ្យមានការបាញ់ប្រហារកើតមានឡើង››។
កញ្ញាបានបន្ដទៀតថា៖ ‹‹សម្រាប់ការបាញ់ប្រហារលើអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ អាចធ្វើឱ្យការថ្លែងសុន្ទរកថារបស់នាយករដ្ឋមន្រ្តីនៅកម្ពុជាមានការប្រុងប្រយ័ត្នជាងមុន ព្រោះមិនអាចមើលដឹងបានទេថាសកម្មជនដែលប្រកាន់បក្សនិយមជ្រុលអាចធ្វើការវាយប្រហារបាន ហើយឱ្យកងអង្គរក្សការពារមានការប្រុងប្រយ័ត្នខ្ពស់ទៅលើនាយករដ្ឋមន្រ្តី ឬថ្នាក់ដឹកនាំ››។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានលើកឡើងពីករណីបាញ់ប្រហារនេះថា ជាហិង្សានយោបាយដែលកើតចេញពីគំនិតជ្រុលនិយម ការប្រកួតប្រជែងដើម្បីដណ្ដើមកាន់អំណាច នៅក្នុងប្រទេសមួយផ្អែកលើឆន្ទៈរបស់ប្រជាជន។
លោកបន្ថែមថា ការធ្វើឃាតឥស្សរជនដែលជាបេក្ខជនប្រធានាធិបតី ឬជានាយករដ្ឋមន្ដ្រីដែលតែងតែកើតមានជារើយៗលើបណ្ដាប្រទេសលើពិភពលោក។
លោកថ្លែងថា៖ ‹‹ករណីបាញ់ប្រហារនេះថាជាមេរៀនក៏ថាបានមិនថាមេរៀនក៏ថាបាន ដូច្នេះហើយបានជារាជរដ្ឋាភិបាលគណបក្សប្រជាជនខិតខំណាស់ក្នុងការថែរក្សាសន្ដិភាពឱ្យបានរឹងមាំ ស្ថិរភាពនយោបាយ និងសណ្ដាប់ធ្នាប់សាធារណៈសង្គមឱ្យបានល្អ។ ទីមួយដើម្បីឱ្យសង្គមកម្ពុជាប្រជាជនកម្ពុជារស់នៅដោយសុខុដុមរម្យនា។ ទីពីមិនឱ្យកើតមានឡើងនូវអំពើហិង្សានយោបាយជ្រុលនិយមកើតឡើងនៅកម្ពុជាទេ ជាពិសេសដាច់ខាតមិនឱ្យកើតឡើងនូវរបស់អ្វីដែលហៅថាបដិវត្តពណ៌ដែលរំលោភគោលការណ៍លិទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា››។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ បានលើកឡើងថា ការប៉ុនប៉ងធ្វើឃាតពីការបាញ់ប្រហារលើអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ និងជាបេក្ខភាពអាណត្តិថ្មីរបស់គណបក្សសាធារណរដ្ឋជារឿងមួយដែលធ្វើឱ្យពិភពលោកមានការតក់ស្លុត។ លោកបន្តថាហេតុការណ៍នេះ បង្កឲ្យមានចំណាប់អារម្មណ៍ខ្លាំង និងបានបង្កឲ្យមានភាពភ័យខ្លាចទៅកាន់ពិភពលោកផងដែរ ហើយបានផ្តល់ជាមេរៀនដល់កម្ពុជា និងប្រទេសដទៃជាពិសេសកិច្ចការពារសុវត្ថិភាពចំពោះមេដឹកនាំសំខាន់ៗ។
លោកថា៖ ‹‹គឺមានភាពខុសគ្នាទិដ្ឋភាពកម្ពុជា និងសហរដ្ឋអាមេរិក បើនិយាយពីការបាញ់ប្រហារយើងឃើញថានៅស្រុកគេមានរឿងនេះកើតឡើង ប៉ុន្ដែឃាតករដែលប៉ុនប៉ងធ្វើឃាតត្រូវបានសមត្ថកិច្ចបង្រ្កាបភ្លាមៗតែម្ដង ហើយការស្រាវជ្រាវរបស់គេគឺមានភាពច្បាស់លាស់ខ្លាំង ហើយការទប់ស្កាត់ទោះបីជាមានការផ្ទុះអាវុធដែលធ្វើឱ្យស្លាប់ ឬរបួសដល់អតីតប្រធានាធិបតី ឬក៏បេក្ខជនក៏ដោយក៏យើងឃើញថាកងការពារគេមើលឃើញឃាតករភ្លាមៗ››។
លោក Wesley Holzer ជាមន្រ្តីការទូតសាធារណៈនៅស្ថានទូតអាមេរិកបានឆ្លើយតបតាមរយៈអ៊ីមែលថា៖ ‹‹ដូចដែលរដ្ឋមន្ត្រីក្រសួងការបរទេសបានសរសេរនៅលើបណ្តាញសង្គម X ដែលធ្លាប់បានគេស្គាល់ថាជា Twitter ថា “យើងមានការភ្ញាក់ផ្អើល និងសោកស្ដាយជាខ្លាំងចំពោះការបាញ់ប្រហារនៅក្នុងការជួបជុំរបស់អតីតប្រធានាធិបតី Trump និងបានធូរចិត្តដែលគាត់មានសុវត្ថិភាព។ ដូចដែលលោកប្រធានាធិបតី Joe Biden ថ្លែងថា“នៅសហរដ្ឋអាមេរិកមិនមានកន្លែងសម្រាប់អំពើហិង្សានយោបាយទេ ហើយវាផ្ទុយពីគោលជំហរប្រជាជាតិយើង” ›› ។
គិតចាប់ពីឆ្នាំ១៨៣៥មក ប្រធានាធិបតីអាមេរិកចំនួនបួនរូប ត្រូវបានគេធ្វើឃាត ក្នុងនោះរួមមាន លោក Abraham Lincoln នៅឆ្នាំ១៨៦៥ លោក James A. Garfield នៅឆ្នាំ១៨៨១ លោក William McKinley នៅឆ្នាំ១៩០១ និងលោក John F. Kennedy នៅឆ្នាំ១៩៦៣។ ហើយអតីតប្រធានាធិបតី ឬប្រធានាធិបតីបួនរូបផ្សេងទៀតបានរងរបួស ប៉ុន្តែបានរួចរស់ជីវិតពីការប៉ុនប៉ងធ្វើឃាត គិតទាំងលោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះផងដែរ។ នេះបើយោងតាមសារព័ត៌មានអន្តរជាតិ Reuters៕