និយោជិតបម្រើការងារផ្នែកកាត់ដេរមួយចំនួននៅកម្ពុជា នៅតែបន្តជួបប្រទះបញ្ហាប្រឈមនានាក្នុងពេលបម្រើការងារ។ បញ្ហាទាំងនោះ មានដូចជាការរំលោភសិទ្ធិការងារ ធ្វើការងារច្រើនម៉ោង ការរងសម្ពាធពីនិយោជក ព្រមទាំងប្រាក់ឈ្មួលមិនទាន់ឆ្លើយតបនឹងតម្រូវការចំណាយបច្ចុប្បន្នជាដើម។ កន្លងមក សហជីព និងកម្មករកម្មការនី តែងធ្វើការតវ៉ាទាមទារពីភាគីពាក់ព័ន្ធ ឲ្យមានការបើកលំហសេរីភាព និងអនុវត្តតាមច្បាប់ការងារក្នុងការដោះស្រាយបញ្ហានេះ។
ខាងក្រោមនេះជាកិច្ចសម្ភាសរវាងកញ្ញា ចិត្ត ស្រីយ៉ា សិក្ខាកាមសារព័ត៌មាន Newsroom Cambodia និងលោក អាត់ ធន់ អតីតប្រធានសហភាពការងារកម្ពុជា និងបច្ចុប្បន្នជាអនុប្រធានសម្ព័ន្ធសហជីព CCAWDU។
Q៖ ជម្រាបសួរលោក អាត់ ធន់!
A៖ បាទជម្រាបសួរ!
Q៖ តើកម្មករកម្មការិនីដែលធ្វើការងារផ្នែកវាយនភណ្ឌ ឬវិស័យកាត់ដេរនៅកម្ពុជាបច្ចុប្បន្ន មានស្ថានភាពបែបណា?
A៖ តាមពិតទៅកម្មករនិយោជិតដែលបម្រើការងារលើវិស័យវាយនភណ្ឌកាត់ដេរ និងដេរស្បែកជើងគឺថាបច្ចុប្បន្នគាត់ធ្វើការសកម្មណាស់ ព្រោះគាត់ងើបពីងងឹតមកធ្វើការងារម៉ោង៧ចឹងទៅហើយម៉ោង៤បានចេញ។ ជួនកាលថែមម៉ោង៦ឬម៉ោង៨ គាត់អាចធ្វើការពី១០ទៅ១២ម៉ោង។ ៨ឬក៏១០ទៅ១២ម៉ោងអាស្រ័យលើការថែមម៉ោងរបស់ពួកគាត់ ហើយពេលខ្លះគាត់ថែមម៉ោងថ្ងៃបុណ្យនិងថ្ងៃអាទិត្យទៅតាមកន្លែងគាត់តម្រូវ ហើយទោះបីជាគាត់ធ្វើការសកម្មច្រើន ប៉ុន្ដែប្រាក់ឈ្មួលដែលគាត់ទទួលបានវាមិនលើសពីអ្វីដែលយើងដឹងក្នុងរង្វង់ពី២៥០ ទៅ៣០០ [ដុល្លារ]។ ការចំណាយរស់នៅរបស់គាត់វាមិនស្រួលប៉ុន្មានទេដោយសារតែតម្រូវការ ឬក៏ស្ថានភាព ឬជីវីភាពចំណាយផ្សេងៗវាច្រើន ច្រើនជាងធម្មតា។
Q៖ តើកម្មករកម្មការិនីដែលបម្រើការងារលើវិស័យកាត់ដេរ ប្រឈមនឹងបញ្ហាអ្វីខ្លះ?
A៖ គាត់ធ្វើការក្នុងវិស័យនេះគាត់ធ្វើការយូរ មានបញ្ហាជាច្រើនគាត់អាចប្រឈម។ គាត់អាចឈឺ ឬក៏អាចមានបញ្ហាសុខភាពច្រើនដែរ ហើយអ្នកខ្លះក៏ស្លេកស្លាំង ចឹងបានយើងឃើញកន្លងមកមានសន្លប់អីជាហូរហែរ ដោយសារការងារច្រើនម៉ោង ហើយគាត់រាងហត់ព្រោះការងារហ្នឹងមួយម៉ោងៗ ឬក៏មួយថ្ងៃៗ គឺថាគាត់ហត់ គាត់មិនស្រួលប៉ុន្មានទេ នៅកន្លែងគ្រប់គ្រងអីគាត់ពិបាក។ ហើយប៉ុន្មានឆ្នាំចុងក្រោយសម្ពាធនៃការដាក់ចំនួនឱ្យគាត់ធ្វើច្រើនឬក៏បង្ខំច្រើន។
Q៖ តើបច្ចុប្បន្នកម្មករកម្មការិនីបម្រើការក្នុងវិស័យកាត់ដេរមានចំនួនប៉ុន្មាន? តើប៉ុន្មាននាក់កំពុងជួបបញ្ហាប្រឈមទាំងនោះ?
A៖ បច្ចុប្បន្នបើតាមយើងទទួលបានតួលេខកន្លងមកគឺថា កម្មករប្រមាណជា៨៣ម៉ឺននាក់ដែលធ្វើការលើវិស័យនេះ ហើយមាន១៣០០ក្រុមហ៊ុន។ ទិន្នន័យនេះវាមិនពិតទេវាប្រែប្រួលចុះឡើង វាអាចថាជាចំនួនលេខជាទូទៅទេនៅក្នុងរង្វង់ហ្នឹង។ បើនិយាយទៅ ក្រុមហ៊ុនធំៗក្រុមហ៊ុននាំចេញ លក្ខខណ្ឌការងារគឺអាចល្អ ប៉ុន្ដែបើក្រុមហ៊ុនតូចៗសប្បិកម្មកែច្នៃផ្សេងៗគាត់[និយោជិត]ប្រឈមច្រើន ប្រឈមកិច្ចសន្យាខ្លី ប្រឈមគេមិនផ្ដល់ផលប្រយោជន៍តាមច្បាប់ គេឱ្យធ្វើការងារច្រើនម៉ោង។
Q៖ យើងឃើញថាបញ្ហាប្រឈមទាំងនេះតែងត្រូវបានលើកឡើងជារឿយៗ ក៏ប៉ុន្តែបញ្ហាទាំងនេះដូចជាមិនទាន់មានដំណោះស្រាយ។ តើមូលហេតុអ្វីដែលបណ្តាលឱ្យបញ្ហាប្រឈមទាំងនោះនៅតែបន្តកើតមានលើកម្មករកម្មការិនី?
A៖ បាទជាការពិតបញ្ហាប្រឈម មិនមែនជារឿងថ្មី រឿងដដែលៗយូរហើយ កន្លែងខ្លះក៏ប្រសើរបន្តិចទៅ កន្លែងខ្លះក៏យាប់ជាងមុន។ ធម្មតាទេ បញ្ហាគឺរឿងពីរ។ រឿងទីមួយពាក់ព័ន្ធទៅនឹងស្ថានភាពផ្លូវច្បាប់ គឺការអនុវត្តច្បាប់នៅមានកម្រិត និយោជកខ្លះគាត់រំលោភសិទ្ធិចឹងទៅគាត់អត់មានទោស អត់មានអីចឹងទៅគាត់ចេះតែរំលោភទៅ។ ហើយខ្លះទៀតដោយសារតែកម្មករយើងអត់សូវមានជំនាញ មិនមានការងារធ្វើចឹងទៅគាត់[កម្មករ]ចេះតែធ្វើទៅទោះលំបាកម៉េចក៏ដោយក៏បង្ខំចិត្តធ្វើដែរ។
Q៖ តើបញ្ហាប្រឈមទាំងនោះបង្កផលប៉ះពាល់បែបណាខ្លះដល់កម្មករកម្មការិនី?
A៖ បាទ! កាលណាបញ្ហាប្រឈមច្រើនចឹងវាប៉ះពាល់ទាំងសិទិ្ធការងារ ទាំងសេរីភាព ទាំងប្រាក់ឈ្មួល ទាំងទឹកចិត្តដែរវារងPressure[សម្ពាធ]ខ្លាំងប៉ះពាល់ដែរ។
Q៖ តើរដ្ឋាភិបាល និងភាគីពាក់ព័ន្ធផ្សេងទៀតគួរមានដំណោះស្រាយបែបណា ដើម្បីឱ្យស្ថានភាពវិស័យកាត់ដេរនៅកម្ពុជាមានភាពល្អប្រសើរ?
A៖ តាមពិតទៅភាគីពាក់ព័ន្ធ និងរដ្ឋាភិបាលដឹងហើយរឿងហ្នឹង។ អ្វីដែលត្រូវធ្វើ គឺត្រូវពង្រឹងការអនុវត្តច្បាប់ឱ្យបានល្អដើម្បីឱ្យនិយោជកគាត់អនុវត្តច្បាប់។ ច្បាប់ការងារយើងល្អ ចឹងគាត់អនុវត្តច្បាប់ឱ្យបានល្អជាការស្រេច។ ទីពីរគឺផ្ដល់សេរីភាពសហជីពឱ្យកម្មករនិយោជិតមានសហជីពតំណាងពិតប្រាកដគាត់អាចតវ៉ាទាមទារនូវចំណុចដែលក្រុមហ៊ុនមិនអនុវត្ត ចឹងទៅ អាចជួយដល់ក្រសួងឬក៏រដ្ឋរកឃើញចំណុចខ្វះខាតហ្នឹងដែរ។
Q៖ ចាស!សូមអរគុណលោកអាត់ ធន់។
A៖ បាទ! អរគុណ៕
[កិច្ចសម្ភាសនេះ ត្រូវបានកែសម្រួលនិងតម្រឹម ដើម្បីប្រសិទ្ធិភាពនិងគុណភាពនៃអត្ថបទ]