ភ្នំេពេញ៖ មួយសប្តាហ៍ក្រោយ អភិបាលខេត្តតាកែវ ចេញសេចក្តីជូនដំណឹងអំពីការរុះរើស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរ និងគ្រឿងស្រវឹងគ្រប់ប្រភេទនៅក្នុងខេត្តតាកែវ អាជ្ញាធរបញ្ជាក់ថាខេត្តនេះលែងមានការដាក់តាំងប៉ាណូផ្សព្វផ្សាយនៅតាមដងផ្លូវនិងលើចិញ្ចើមផ្លូវសាធារណៈទៀតហើយ។ នេះបើតាមការបញ្ជាក់ពីលោក លោក វុី សំណាង អភិបាលខេត្តតាកែវ។
អភិបាលខេត្តតាកែវ លោក វុី សំណាង បញ្ជាក់ថាមិនមានផ្ទាំងស្រាបៀរណាមួយនៅសល់ទេក្នុងនោះកន្លែងខ្លះអាជ្ញាធរជាអ្នកចុះទៅរុះរើដោយផ្ទាល់ ហើយកន្លែងខ្លះអាជីវករជាអ្នករុះរើដោយខ្លួនឯង។
លោកបញ្ជាក់ថា យុទ្ធនាការនៃការរុះរើនេះមិនមានការបដិសេធពីម្ចាស់ក្រុមហ៊ុន រឺអាជីវករណាមួយឡើយ ហើយផែនការអភិវឌ្ឍន៍សំរាប់ខេត្តតាកែវនៅតែមានជាបន្តបន្ទាប់។
លោកបន្តទៀតថា៖ «មានរឿងពីរដែលយើងត្រូវពិចារណា។ ទី១ទាក់ទងកន្លែងខ្លះត្រូវមើលថាវាប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ គឺអាជ្ញាធរគាត់ធ្វើដោយផ្ទាល់ ទី២កន្លែងខ្លះដែលយើងត្រូវចំណាយថវិកាច្រើនគឺជូនដំណឹងទៅឱ្យម្ចាស់ក្រុមហ៊ុនគាត់ធ្វើការទំលាក់ដោយខ្លួនគាត់»។
រដ្ឋបាលខេត្តតាកែវ បានកំណត់ឲ្យម្ចាស់អាជីវករ ភោជនីយដ្ឋាន អាហារដ្ឋាន ភេសជ្ជដ្ឋាន និងក្រុមហ៊ុនចែកចាយស្រាបៀរ និងគ្រឿងស្រវឹងគ្រប់ប្រភេទដែលបានដាក់តាំងប៉ាណូផ្សព្វផ្សាយនៅតាមដងផ្លូវនិងលើចិញ្ចើមផ្លូវសាធារណៈ ត្រូវធ្វើការរុះរើចេញជាបន្ទាន់ ក្នុងរយៈពេល ០១សប្ដាហ៍គិតតាំងពីថ្ងៃទី១២មក។ នេះបើយោងតាមសេចក្ដីជូនដំណឹងរដ្ឋបាលខេត្តតាកែវចេញថ្ងៃទី១២ ខែកក្ដដា ឆ្នាំ២០២៤។
លោក លួង ហៃ ជាអ្នកលក់ភេសជ្ជៈគ្រប់មុខម្នាក់ នៅសង្កាត់រការ ក្រុងដូនកែវ ខេត្តតាកែវ បានប្រាប់ Newroom Cambodia ថាស្លាកស្រាបៀរ រឺផ្ទាំងប៉ាណូគឺត្រូវបានរុះរើទាំងអស់ ដោយមានអាជ្ញាធរជាអ្នកចុះមកផ្ទាល់ដើម្បីធ្វើការរុះរើស្លាក រឺផ្ទាំងប៉ាណូទាំងនោះ។ ចំណែកការលក់ដូរស្រាបៀរ លោកថានៅដំណើរការធម្មតា។
លោកថ្លែងថា៖ « ឡូវគេរើអស់ហើយនៅតែដែកដែលដាក់ប៉ាណូទទេហ្នឹង[…] អាជ្ញាធរគេមកម៉ង់ អាជ្ញាធរក្រុងគេដើររុះដើររើគ្រប់ទីគ្រប់កន្លែងពេញមួយក្រុង មិនថាផ្ទះអ្នកណា មិនថាទីកន្លែងណា មិនថាប៉ាណូណាឱ្យតែពាក់ព័ន្ធលើស្រាបៀរ មិនថាស្រាបៀរប្រភេទអីទេឱ្យតែស្រាបៀរគេរើទាំងអស់[…]»។
លោកបន្ថែមថា៖ «លក់ដូរធម្មតាគេអត់បិទគេអត់ឃាត់ទេ អ្នកហូប អ្នកផឹកក៏នៅធម្មតា គ្រាន់តែគេអត់ឱ្យដាក់ផ្លាកផ្សាយពាណិជ្ជកម្មតែប៉ុណ្ណឹងទេ»។
អ្នកស្រី ពៅ មួយស៊ីម ជាអាជីវករម្នាក់ទៀត នៅឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ លើកឡើងថាអាជ្ញាធរបានចុះមករុះរើដោយផ្ទាល់ ក្នុងនោះឆ័ត្រដែលមានស្លាកសញ្ញាស្រាបៀរត្រូវបាញ់ថ្នាំព៌ណលុបបំបាត់ស្លាកស្រាបៀរ និងមានការរុះរើផ្ទាំងប៉ាណូស្របៀរ។ ក៏ប៉ុន្តែអ្នកស្រីថា ខ្លួនមិនបានទទួលដំណឹងពីការរុះរើនោះទេ។
អ្នកស្រីនិយាយថា៖ «ខាងអាជ្ញាធរគេមករុះរើម៉ង់ គេអត់មានតាំងប្រាប់យើងទៀត[…] ឆ្ងល់គេរុះអី មើលទៅដំបូល អុញគេកំពុងរុះស្លាក[…] សូម្បីតែឆ័ត្ររបស់ស្រាបៀរក៏គេឱ្យបាញ់លុបរូបស្រាបៀរដែរ។ សម្រាប់ការលក់គឺនៅធម្មតាទេអូន ហើយនៅឃុំច្របក ស្រុកបាទី រុះរើអស់ហើយអូនឃើញគេដើរបកគ្រប់កន្លែង»។
លោក យ៉ង់ គីមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានប្រាប់ Newsroom Cambodia ថាការរុះរើស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរ និងគ្រឿងស្រវឹងនានានៅខេត្ត និងរាជធានី គឺជាការល្អប្រសើរ។ លោកថា ការធ្វើបែបនេះគឺគិតគូរអំពី សង្គម យុវជន និងស្រ្ដី ជាពិសេសក្នុងការបំបាត់អំពើហិង្សា និងគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ។
លោកថ្លែងថា៖ «យើងដឹងហើយថាយុវ័យរបស់យើងគឺជាំក្រដាសស។ បើសិនយើងថ្ងៃណាក៏ឃើញផ្ទាំងផ្សាយពាណិជ្ជកម្មស្រា ថ្ងៃណាក៏ផ្សាយពាណិជ្ជកម្មស្រាបៀរ ថាតើយុវជននឹងក្លាយទៅជាអ្នកប្រមឹក រឺក៏ក្លាយទៅជាយុវជនសរសរទ្រូងដែលមានចំណេះដឹងសំរាប់កសាងជាតិមាតុភូមិទៅថ្ងៃក្រោយ»។
បើយើងចង់ឱ្យយុវជនជាទំពាំងស្នងឫស្សី ទំពាំងដ៏ល្អសំរាប់ស្នងឫស្សី ឬក៏ជាអ្នកកសាងច្នៃប្រឌិតអភិវឌ្ឍជាតិទៅថ្ងៃអនាគត ផ្ទាំងផ្សាយពាណិជ្ជកម្មស្រាគួរតែដកចេញ ហើយបើយើងទុកបែបនឹងកុំមកបន្ទោសយុវជនថាយុវជនពាលាអាវ៉ាសែ យុវជនមិនកើត យុវជនមិនគិតគូរអំពីជោគវាសនាអនាគត[…]»។
លោក យ៉ង់ គីមអេង កោតសរសើរដល់អាជ្ញាធរតាមខេត្តមួយចំនួនដែលបានទំលាក់ផ្លាកសញ្ញាស្រាបៀរគ្រប់ប្រភេទនៅខេត្តមួយចំនួន និងសំណូមពរឱ្យអាជ្ញាធរខេត្តដែលមិនទាន់ទំលាក់គួរតែអនុវត្តន៍ដូចខេត្តតាកែវដែរ។
លោកបន្ថែមថា៖ «[…]ការទំលាក់ផ្ទាំងផ្សាយពាណិជ្ជកម្មនេះជារឿងមួយសំខាន់ ហើយសង្ឃឹមថាអាជ្ញាធរខេត្ត និងស្រុកដទៃទៀតនឹងបន្តធ្វើដូចគ្នា ដើម្បីគិតគូរពីសុខភាពសាធារណៈដើម្បីលើកកំពស់សុខុមាលភាពសង្គមក៏ដូចជាការគិតគូរដល់ការអភិវឌ្ឍសេដ្ឋកិច្ចពីព្រោះថា កាលណាមនុស្សប្រើប្រាស់គ្រឿងស្រវឹងច្រើនគឺជាឧបសគ្គដល់ការអភិវឌ្ឍសេដ្ឋកិច្ច[…]»៕