ភ្នំពេញ៖ ក្រសួងព័ត៌មាននឹងប្រកាសឱ្យអ្នកសារព័ត៌មានទាំងអស់អនុវត្តធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានដែលជាមូលដ្ឋានគ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ដើម្បីរៀបចំសណ្តាប់ធ្លាប់ក្នុងវិស័យព័ត៌មាន និងទប់ស្កាត់ និងប្រឆាំងព័ត៌មានក្លែងក្លាយ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មានចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។
សេចក្តីជូនដំណឹងសរសេរ៖«ដើម្បីបន្តពង្រឹងសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មានលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ ក៏ដូចជាទប់ស្កាត់និងលុបបំបាត់ក្រុមជនខិលខូចមួយចំនួន ដែលយកអាជ្ញាបណ្ណពីក្រសួងព័ត៌មានបានផ្តល់ជូនទៅស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនផ្ទុយពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងផ្ទុយពីច្បាប់ស្តីពីរបបសារព័ត៌មាន[…]»។
ក្រសួងព័ត៌មាន ក៏បានអំពាវនាវអោយអ្នកសារព័ត៌មាន អ្នកប្រើប្រាស់បណ្តាញសង្គម និងអ្នករកប្រាក់តាមអនឡាញទាំងអស់អោយមានស្មារតីទទួលខុសត្រូវដោយចែកចាយព័ត៌មានពិត និងគោរពតាមក្រមសីលធម៌វិជ្ជាជីវៈដែលមានចែងក្នុងច្បាប់ស្តីពីរបបសារព័ត៌មានផងដែរ។
ក្រៅពីនេះ ក្រសួងព័ត៌មានបានជូនដំណឹងដល់សាធារណជនអោយជូនដំណឹងមកកាន់ក្រសួងព័ត៌មានប្រសិនបើមានការគំរាមកំហែងពីអ្នកសារព័ត៌មាន។
លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានប្រាប់ Newsroom Cambodia តាមរយៈតេឡាក្រាមថាក្រសួងព័ត៌មានយកចិត្តទុកដាក់លើក្រមសីលធម៌វិជ្ជាជីវៈនិងលើកកម្ពស់សេរីភាពសារព័ត៌មាន និងការបញ្ជេញមតិ ព្រមទាំងលើកទឹកចិត្តអោយស្ថាប័នពាក់ព័ន្ធសហការក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ។
ក្រៅពីគ្រោងដាក់ឱ្យអនុវត្តធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានហើយនោះ ក្រសួងព័ត៌មានក៏នឹងដឹកនាំយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងពេលឆាប់ៗខាងមុខ ដើម្បីទប់ស្កាត់ការចែកចាយព័ត៌មានក្លែងក្លាយនៅក្នុងសង្គម លើកកម្ពស់ការយល់ដឹងរបស់សាធារណៈជន។ នេះបើតាមបញ្ជាក់របស់លោក លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន។
លោកអស្នារិទ្ធបញ្ជាក់ថា៖«[…] បញ្ជ្រាបអំពី អ្វីជាព័ត៌មានក្លែងក្លាយ ប្រភេទព័ត៌មានក្លែងក្លាយ អំពីគ្រោះថ្នាក់ និងផលវិបាកដែលកើតចេញពីព័ត៌មានក្លែងក្លាយ ក៏ដូចជាវិធានការទប់ស្កាត់និងការពារពីគ្រោះថ្នាក់ព័ត៌មានក្លែងក្លាយនេះ។ គោលដៅនៃយុទ្ធនាការនេះផ្តោតលើការផ្លាស់ប្តូរឥរិយាបទរបស់ប្រជាជន ដែលជាអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយទំនើប ដើម្បីចូលរួមទប់ស្កាត់ការរីកសាយភាយនូវព័ត៌មានក្លែងក្លាយក្នុងសង្គមកម្ពុជា»។
លោកអស្នារិទ្ធក៏បន្ថែមផងដែរថាប្រទេសនៅក្នុងតំបន់អាស៊ានបាន និងកំពុងអនុវត្តប្រឆាំងព័ត៌មានក្លែងក្លាយយ៉ាងសកម្មផងដែរ ជាពិសេសក្នុងយុគសម័យនៃបច្ចេកវិទ្យា រាប់បញ្ចូលទាំងបច្ចេកវិទ្យាAi ផងដែរ។
លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចាឲ្យដឹងថាការរៀបចំបង្កើតធម្មនុញ្ញសារព័ត៌មានជារឿងល្អ ប៉ុន្តែខ្លឹមសារនៃធម្មនុញ្ញគួរតែត្រូវបានរៀបចំឡើងដោយអ្នកសារព័ត៌មានជាជាងក្រសួងព័ត៌មាន ព្រោះអ្នកសារព័ត៌មានជាអ្នកអនុវត្តផ្ទាល់។
លោក ណុប វី បង្ហាញក្តីបារម្ភថា ខ្លឹមសារនៃធម្មនុញ្ញដែលរៀបចំដោយក្រសួងព័ត៌មាន អាចជាសម្ពាធដល់អ្នកសារព័ត៌មាន។
លោក ណុប វីថ្លែងថា៖ «ប៉ុន្តែចំណុចសំខាន់យើងធ្វើម៉េចអោយខ្លឹមសារនៃធម្មនុញ្ញសម្រាប់ព័ត៌មានគឺជាចំណែកមួយដែលឆ្លុះបញ្ចាំងអំពីតម្រូវការជាក់ស្តែងរបស់អ្នកសារព័ត៌មានហើយគួរតែមានការរៀបចំឡើងដោយអ្នកសារព័ត៌មានជាជាងការរៀបចំឡើងដោយក្រសួង ឬក៏មន្ត្រីរបស់ក្រសួង។ បើសិនជាខាងក្រសួងលោករៀបចំធម្មនុញ្ញសារព័ត៌មាននេះដែលយើងមានការព្រួយបារម្ភថាក្រសួងអាចនឹងដាក់នូវខ្លឹមសារដែលវាអាចនឹងមានសម្ពាធ ឬក៏គាប់សង្កត់ទៅដល់ការអនុវត្តការងាររបស់អ្នកសារព័ត៌មាន»។
ទាក់ទងនឹងប្រកាសអោយសាធារណជនរាយការណ៍មកកាន់ប្រសួងព័ត៌មានពីការគាប់សង្កត់របស់អ្នកសារព័ត៌មានលើសារធារណជន លោក ណុប វីមានប្រសាសន៍ថាគួរតែជាតួនាទីរបស់ស្ថាប័នឯករាជ្យដូចជាក្រុមប្រឹក្សាសារព័ត៌មានជាអ្នកទទួលពាក្យបណ្តឹងពីសារធារណជនធ្វើអោយមានភាពប្រសើរឡើង ជាជាងដាក់បន្ទុកការងារទៅកាន់ក្រសួងព័ត៌មានដែលអាចធ្វើអោយអ្នកសារព័ត៌មានភាពភ័យខ្លាច។
លោក ណុប វីបញ្ជាក់៖ «ការដាក់បន្ទុកទៅលើក្រសួងព័ត៌មានដើម្បីអោយចាត់វិធានការលើអ្នកសារព័ត៌មានវាអាចនឹងធ្វើអោយអ្នកសារព័ត៌មានគាត់មានការភ័យក្លាច គាត់ព្រួយបារម្ភចំពោះការអនុវត្តសេរីភាពរបស់ពួកគាត់។ យើងទទួលស្គាល់ថាក្នុងពេលបច្ចុប្បន្ននេះការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈនៅមានចំណុចខ្វះខាតច្រើន ចឹងហើយយើងគិតថាវាគួរតែជាផ្នែកមួយដែលស្ថាប័នឯករាជ្យ ឧទាហរណ៍ដូចជាក្រុមប្រឹក្សាសារព័ត៌មានយើងហៅថា Press council គួរតែមានភារកិច្ចនៅក្នុងការធ្វើកិច្ចការងារនេះរួមទាំងការទទួលបានពាក្យបណ្តឹងពីសាធារណជនទូទៅ ហើយធ្វើកិច្ចការងារដើម្បីមានភាពប្រសើរឡើង»។
អ្នកស្រី ឆន សុគន្ធា ជានាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានប្រាប់ Newsroom Cambodia ថាក្រសួងគួរតែពិនិត្យមើលច្បាប់ស្តីពីរបបសារព័ត៌មានឡើងវិញ មិនគួរណាបង្កើតធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានបន្ថែមនោះទេ។
អ្នកស្រី សុគន្ធាថ្លែងថា៖«ក្រសួងគួរផ្តោតអាទិភាពទៅការកែសម្រួលច្បាប់ស្តីពីរបបសារព័ត៌មាន ដែលអនុវត្តតាំងពីឆ្នាំ១៩៩៥ មិនគួរបង្កើតធម្មនុញ្ញវិជ្ជាជីវៈសារពត័មានបន្ថែមទៀត»។
អ្នកស្រីបញ្ជាក់ថា អ្នកស្រីមិនទាន់បានដឹងអំពីចំពោះខ្លឹមសារនៃធម្មនុញ្ញសារព័ត៌មាននៅឡើយទេ ដោយអ្នកស្រីរង់ចាំពិនិត្យមើលខ្លឹមសារមើលថ្ងៃសិក្ខាសាលាប្រឹក្សាយោបល់របស់ក្រសួងនាសប្តាហ៍ក្រោយ។
លោកស្រីបញ្ជាក់ថា៖«ចំពោះខ្លឹមសារក៏មិនទាន់ដឹងយ៉ាងម៉េចដែរ ចាំមើ់លរួមគ្នានៅថ្ងៃសិក្ខាសាលា តើខាងអង្គការសង្គមស៊ីវិល អ្នកសារព័ត៌មានមានឱកាសក្នុងការផ្តល់ធាតុចូលបានប៉ុណ្ណា និងមានពេលវេលាគ្រប់គ្រាន់ក្នុងការផ្តល់ធាតុចូលដែរទេ ពិសេសធាតុចូលទាំងអស់នោះនឹងទទួលយកឬអត់?»។
កាលពីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៨ ក្នុងពិធីបញ្ចុះបឋមសិសា កសាងសារមន្ទីរតម្កល់វត្ថុបុរាណ នៅវត្តរាជបូណ៍ ខេត្តសៀមរាប លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានចាត់អោយលោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ត្រួតពិនិត្យតាមដានមើល ដកអាជ្ញាបណ្ណ និងដាក់ក្នុងបញ្ជីខ្មៅចំពោះក្រុមអ្នកសារព័ត៌មានដែលប្រព្រឹត្តិខុសក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន។
ក្រសួងព័ត៌មាននឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង«ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» ដែលនឹងប្រព្រឹត្តិឡើងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤៕