សមត្ថកិច្ចខេត្តសៀមរាបចាប់ខ្លួនសមាជិកគណៈកម្មការអចិន្ត្រៃយ៍ និងជាប្រធានក្រុមការងារគណបក្សកែទម្រង់កម្ពុជាខេត្តសៀមរាប លោក ប៉ែន វុទ្ធី ដោយមិនទាន់ដឹងអំពីមូលហេតុ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់គណបក្សកែទម្រង់កម្ពុជា។
ក្នុងសេចក្ដីថ្លែងការណ៍របស់គណបក្សកែទម្រង់កម្ពុជាចេះនៅថ្ងៃទី២១ ខែកក្ដដា ឆ្នាំ២០២៤បានឲ្យដឹងថា លោក ប៉ែន វុទ្ធី សមាជិកគណៈកម្មការអចិន្ត្រៃយ៍ និងជាប្រធានក្រុមការងារគណបក្សត្រូវបានអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួននៅក្បែរផ្សាររាត្រីក្នុងសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប កាលពីយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។ សេចក្ដីការណ៍ដដែលបន្ថែមថា ក្រុមការងារគណបក្សពុំទាន់ទទួលបានដំណឹងពីអាជ្ញាធរមានសមត្ថកិច្ចថា ការចាប់ខ្លួននេះពាក់ព័ន្ធនឹងបទល្មើសអ្វី ហើយគេក៏មិនដឹងឃុំខ្លួនគាត់នៅទីណាដែរ។
លោក អ៊ូ ចាន់រ័ត្ន សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា បានប្រាប់ Newsroom Cambodia នៅថ្ងៃចន្ទនេះថា លោកនៅមិនទាន់បានដឹងមូលហេតុនៅពីក្រោយការចាប់ខ្លួនលោក ប៉ែន វុទ្ធីនៅឡើយទេ។
លោក អ៊ូ ចាន់រ័ត្ន ថ្លែងថា៖ «ខ្ញុំអត់ទាន់ដឹងរឿងអីនៅពីក្រោយហ្នឹងទេ ព្រោះមកដល់ពេលនេះមិនមានអីខុសពី កាលដែលយើងចេញសេចក្ដីថ្លែងការណ៍នោះទេ ដឹងតែចាប់ខ្លួន មកដល់ពេលនេះអត់មានព័ត៌មានទេ»។
លោកបន្ថែមថា អាជ្ញាធរមិនអនុញ្ញាតឱ្យអ្នកដែលទៅជាមួយលោក ប៉ែន វុទ្ធីថតរូបនៃការចាប់ខ្លួនលោក ប៉ែន វុទ្ធីនោះទេ ប្រសិនបើថតអាចឈានទៅដល់មានការចាប់ខ្លួន។
លោកបានថ្លែងបន្ថែមថា៖ «ទីមួយយើងថតមិនបានទេអ្នកដែលទៅជាមួយគាត់ ដើរជាមួយគាត់គេហាមមិនឲ្យថត តែថតគេអាចនឹងចាប់ខ្លួនអ្នកដែលទៅជាមួយគ្នា។ ហើយទី២ក្រោយដែលចាប់ខ្លួនហើយយើងបានបញ្ជូនមនុស្សទៅកាន់ស្នងការ ខាងស្នងការថាគេអត់បានឃើញទេ គេអត់ដឹងទេហើយគេថាប្រហែលជានៅសាលាក្រុង ហើយពេលទៅដល់សាលាក្រុង សាលាក្រុងគេថាគេអត់បានទទួលមនុស្សទេ ចឹងយើងទៅដល់ប៉ុស្ដិ៍សង្កាត់ ហើយទៅដល់សង្កាត់គេថា គេចាប់បញ្ជូនមកភ្នំពេញហើយ មកភ្នំពេញដោយសារអីយើងអត់ដឹង គេយកទៅដាក់កន្លែងណាយើងអត់ដឹង»។
Newsroom Cambodia មិនអាចសុំការបំភ្លឺពីស្នងការខេត្តសៀមរាប
Newsroom Cambodia មិនអាចសុំការបំភ្លឺពីសមត្ថកិច្ចដែលទទួលទូរស័ព្ទនៅស្នងការខេត្តសៀមរាបបានទេនៅថ្ងៃទី២២នេះ ដោយខាងស្នងការបានប្រាប់ថាឲ្យរងចាំការបំភ្លឺពីមេរបស់គាត់។ ចំណែកប្រធានលេខាធិការដ្ឋានសាលាដំបូងខេត្តសៀមរាប លោក យិន ស្រាង សុំមិនអត្ថាធិប្បាយតាមទូរស័ព្ទ ដោយប្រាប់ឲ្យទម្លាក់សំណួរតាមតេលេក្រាម ប៉ុន្តែមិនឃើញលេខតេលេក្រាមរបស់លោកលើបណ្តាញសង្គមតេលេក្រាម៕