ដើមកោងកាងគឺជារុក្ខជាតិមួយប្រភេទដែលជាជីវៈចម្រុះ ក្នុងការជួយទប់ស្កាត់ទឹកជំនន់ ឬការកើនឡើងកម្ពស់ទឹកសមុទ្រ និងទប់ស្កាត់ដើម្បីកុំឱ្យមានការបាក់ច្រាំង ជាពិសេសជួយស្រូបជាតិពុលនៃការបំពុលបរិស្ថាន និងបម្លែងទៅជាអុកស៊ីសែន។ មិនតែប៉ុណ្ណោះ ដើមកោងកាងមានពណ៌បៃតងស្រស់ដែលដុះនៅតាមតំបន់សមុទ្រមានប្ញសច្រើន និងជាទីប្រសព្វជាមួយទឹកសាបដែលមានប្រភពពីឆ្នេរដីគោក ក៏បានជួយផ្គត់ផ្គង់ចំណូលសម្រាប់ជីវភាពប្រចាំថ្ងៃរបស់អ្នកនេសាទផងដែរ។
ខាងក្រោមនេះគឺជាកិច្ចសម្ភាសរវាងលោក ស៊ឹម ហ៊ីម ជាប្រធានសហគមន៍ត្រពាំងសង្កែ ជាមួយកញ្ញា ស្អាត បុទុំម៉ា សិក្ខាកាមមកពីញូវសន៍រូមខេមបូឌា (Newsroom Cambodia)៖
Q: ជម្រាបសួរលោក ស៊ឹម ហ៊ីម!
A: បាទ ជម្រាបសួរ!
Q: ជាដំបូងនាងខ្ញុំសុំសួរថា តើការដាំដើមកោងកាងទទួលបានអត្ថប្រយោជន៍អ្វីខ្លះ?
A: សម្រាប់ការដាំដើមកោងកាងបើនិយាយពីប្រយោជន៍កោងកាងផលប្រយោជន៍ផ្ទាល់តែម្តង សម្រាប់អ្នកនេសាទគឺជាជម្រកជីវៈចម្រុះ បានន័យថាព្រៃកោងកាងគឺជាផ្ទះរបស់ជីវៈចម្រុះ អ៊ីចឹងបើសិនជាយើងមានព្រៃកោងកាងអ្នកនេសាទគាត់មានមុខរបរ គាត់មានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរបស់គាត់បាន។
ទីពីរព្រៃកោងកាងអាចជួយទប់ស្កាត់បាននៅពេលដែលមានទឹកជំនន់ ឬទឹកសមុទ្រឡើង ទប់ស្កាត់នូវការហូរបាក់ច្រាំង ឬបាក់ដី។ មួយវិញទៀតព្រៃកោងកាងគឺអាចជួយស្រូបជាតិពុល ការបំពុលបរិស្ថាននៅក្នុងទឹក វាស្រូបជាតិពុលបម្លែងទៅជាអុកស៊ីសែនវិញ ហើយព្រៃកោងកាងដែលមាននៅក្នុងទំហំផ្ទៃដីទំហំ១ហិកតា អាចស្រូបជាតិពុលបំពុលតាមអាកាសធាតុមួយ១តោនជាតិពុល ហើយបម្លែងអុកស៊ីសែន១តោន។ អ៊ីចឹងព្រៃកោងកាងគឺសំខាន់សម្រាប់អ្នកនេសាទផ្ទាល់ ហើយក៏សំខាន់សម្រាប់មនុស្សទូទៅផង។
Q: តើដើម្បីបណ្ដុះកូនកោងកាងបាន គេយកអ្វីមកផ្សាំទើបអាចយកទៅដាំបាន ហើយតើត្រូវប្រើរយៈពេលប៉ុន្មានទើបអាចយកកូនដើមកោងកាងទៅដាំបាន?
A: សម្រាប់កោងកាងគឺយើងយកផ្លែវាមកបណ្ដុះហើយទាក់ទងនឹងការបណ្ដុះ គឺយើងយកផុសដែលមានជាតិជីយកមកច្រកក្នុងថង់ប្លាស្ទិក ហើយយើងដោតផ្លែកោងកាងនៅក្នុងថង់មួយភាគបីនៃផ្លែកោងកាង ហើយការដាក់ផ្លែនៅក្នុងថង់គឺរយៈពេលមួយខែម្ភៃប្រាំបីថ្ងៃទើបចាប់ផ្ដើមដុះ ប៉ុន្ដែបើសិនជាយើងយកមកផ្អាប់ទុកបីយប់ហើយបានយើងយកវាទៅដោត តែមួយខែម្ភៃថ្ងៃចាប់ផ្ដើមចេញពន្លកហើយ។ ហើយសម្រាប់ការដាំគឺចាប់ពីថ្ងៃដែលបណ្ដុះផ្លែទៅដល់ពេលយកទៅដាំគឺរយៈពេលប្រាំបីខែទើបអាចដាំបាន ហើយការបណ្ដុះយើងមិនត្រូវការស្រោចទឹកទេ ដោយសារកន្លែងដែលយើងត្រូវបណ្ដុះគឺទឹកសមុទ្រជោរនាច។ ជោរដល់ហើយនាចទៅវិញដាច់ៗ ពេលល្ងាចគឺគោកពេលជោរមកគឺលិចបាត់អស់មិនបាច់ប្រើជីទេ ព្រោះពេលដែលទឹកចាប់ផ្ដើមឡើងមកគឺនាំជាតិជីមកបាត់ទៅហើយ។
Q: តើក្នុងមួយឆ្នាំសហគមន៍ត្រពាំងសង្កែបានដាំ និងបណ្ដុះកូនកោងកាងបានចំនួនប៉ុន្មានដើម?
A: សម្រាប់សហគមន៍ត្រពាំងសង្កែនៅក្នុងមួយឆ្នាំគឺយើងដាំបាន៤០,០០០ដើម ហើយបណ្ដុះក៏៤០,០០០ដែរ ដោយសារទាក់ទងនឹងការបណ្ដុះនេះគឺយើងបណ្ដុះរយៈពេលពី៦ ទៅ៨ខែយើងអាចដាំបាន ប៉ុន្ដែបើនិយាយពីរឿងដាំរយៈពេល៦ខែយើងអាចដាំនៅក្នុងព្រៃរេចរឹល ប៉ុន្ដែ បើទៅដាំនៅតំបន់ដែលវាលមិនធ្លាប់មានព្រៃកោងកាង៨ខែ គឺមានន័យថា៦ខែដើមខ្ចី៨ខែគឺដើមរឹង អ៊ីចឹងទាក់ទងនឹងការដាំគឺយើងបណ្ដុះ៤០,០០០ដើមក្នុងមួយឆ្នាំ គឺយើងដាំ៣ ទៅ៤ខែទើបដាំអស់ ហើយដល់ឆ្នាំទីពីបានយើងចាប់ផ្ដើមបណ្ដុះទៀត បានន័យថា ការដាំរបស់យើងគឺយើងដាំបាន៤០,០០០ដើមនៅក្នុងមួយឆ្នាំ ហើយក៏បណ្ដុះ៤០,០០០ដើមដែរក្នុងមួយឆ្នាំ។
Q: តើក្នុងសហគមន៍ត្រពាំងសង្កែអាចរកចំណូលពីការដាំ និង បណ្ដុះកូនកោងកាងបានដែរ ឬទេ? បើបាន តើបានជួយអ្វីខ្លះដល់សហគមន៍?
A: សម្រាប់ចំណូលយើងបានមកពីការបណ្ដុះកោងកាងគឺយើងលក់ឱ្យភ្ញៀវ បើភ្ញៀវជាតិយើងលក់មួយដើម២,៥០០រៀល ហើយសម្រាប់ភ្ញៀវបរទេសយើងលក់ឱ្យមួយដើម៤,០០០រៀល ប៉ុន្ដែនៅក្នុងការលក់គឺយើងចំណេញប្រហែល៣០ភាគរយទេ ដោយសារការបណ្ដុះគឺយើងចំណាយទៅលើការទិញសម្ភារៈសម្រាប់បណ្ដុះ ចំណាយទៅលើសាំងដែលបេះផ្លែកោងកាងមកឆ្ងាយ។ ហើយទាក់ទងនឹងចំណូលដែលបានមកគឺយើងឱ្យកម្លាំងពលកម្មទៅសមាជិកដែលគាត់ចូលរួមបណ្ដុះ ហើយសល់មួយចំនួនទៀតគឺយើងប្រើប្រាស់ទៅលើកញ្ចប់ជួយដល់ចាស់ជរា ស្រ្ដីមេម៉ាយដែលគាត់រស់នៅក្នុងគ្រួសារក្រីក្រមានបញ្ហាគ្រួសារ ហើយមួយផ្នែកទៀតយើងជួយទៅលើក្មេងៗដែលគាត់បោះបង់សាលាដែលគាត់រស់នៅក្នុងគ្រួសារក្រីក្រ គាត់ឈប់រៀនដោយសារគាត់ខ្វះសម្ភារៈសិក្សា អ៊ីចឹងយើងចែករំលែកឱ្យ ប៉ុន្ដែយើងមិនមែនយកតែចំណូលពីដើមកោងកាងមួយទេ គឺយើងយកចំណូលពីសេវាកម្មទេសចរណ៍ផ្សេងៗទៀតទៅជួយ។
ប៉ុន្ដែទាក់ទងនឹងចំណូលពីសេវាកម្មទេសចរណ៍ហ្នឹង គឺយើងចំណាយទៅលើច្រើនផ្នែក ទីមួយយើងចំណាយទៅលើការចុះល្បាតទប់ស្កាត់បទល្មើស ទីពីការពង្រីកសេវាកម្មទេសចរណ៍ ចំណាយទៅលើការជួសជុលសមិទ្ធផល ហើយចំណាយទៅលើទឹកភ្លើង បានន័យថាគ្រប់សេវាកម្មទេសចរណ៍ទាំងអស់គឺយើងចំណាយទៅលើច្រើនផ្នែក។ ប៉ុន្ដែនៅក្នុងហ្នឹងគឺមានផ្នែកមានមួយចំណែកដែលនៅក្នុងចំណូលពីព្រៃកោងកាងយើងប្រើទៅលើកញ្ចប់មនុស្សធម៌។
ខ្ញុំសូមសំណូមពរដល់រាជរដ្ឋាភិបាលក៏ដូចជាស្ថាប័នពាក់ព័ន្ធ ជួយគាំទ្រតំបន់ដែលមានសហគមន៍គ្រប់គ្រងជួយគាំទ្រ និងជួយស្វែងរកម្ចាស់ជំនួយដើម្បីអភិវឌ្ឍសហគមន៍ទៅលើការអភិរក្សសហគមន៍ ហើយក៏សូមសំណូមពរដល់ភ្ញៀវជាតិ និង ភ្ញៀវអន្តរជាតិឱ្យជួយគាំទ្រសហគមន៍ក៏ដូចជាមកកម្សាន្ដ យើងប្រើប្រាស់សេវាកម្មផ្សេងៗដើម្បីបានប្រាក់ចំណូលដើម្បីសហគមន៍យកទៅអភិវឌ្ឍសហគមន៍ក៏ដូចជាជួយដល់ចាស់ជារា និងក្មេងក្រីក្រដែលគាត់កំពុងជួបបញ្ហា។
Q: ហេតុអ្វីបានជាការដាំដើមកូនកោងកាងមានសារៈសំខាន់សម្រាប់សហគមន៍?
A: ទាក់ទងនឹងរឿងកោងកាងនេះអ្វីដែលសំខាន់ខ្ញុំមិនបានរៀនពីសាលាទេ ហើយអ្វីដែលសំខាន់គឺយើងបានឃើញផ្ទាល់នឹងភ្នែក គឺទាក់ទងនឹងរឿងសហគមន៍អ្នកនេសាទនៅតំបន់យើងមានការចំណាកស្រុកច្រើន ដោយសារមានការបាត់បង់ព្រៃកោងកាង ទាក់ទងនឹងការបាត់បង់ព្រៃកោងកាងនេះ ដោយសារមានការទន្រ្ទានយកដីព្រៃកោងកាងក៏ដូចជាដែននេសាទធ្វើជាកម្មសិទ្ធិពីជនខិលខូចមួយចំនួនដែលគាត់មានលុយមានអំណាចមួយចំនួនតូចទេ។ អ៊ីចឹងគេក៏ចាប់ផ្ដើមធ្វើសកម្មភាពទៅលើរឿងទាំងអស់ហ្នឹងហើយគាត់ចាប់ផ្ដើមលុបតំបន់ទាំងអស់នោះ ហើយអ្នកនេសាទក៏ចាប់ផ្ដើមបាត់បង់ប្រាក់ចំណូលបើសិនជាបាត់បង់ជម្រកជីវៈចម្រុះអ្នកនេសាទបាត់បង់ប្រាក់ចំណូល ហើយគេក៏ចំណាកស្រុក ហើយការចំណាកស្រុករបស់អ្នកនេសាទគាត់មិនអាចស្របច្បាប់បានទេ គាត់ទៅតាមមេខ្យល់ដូចដឹងហើយថាលួចទៅជាក្រុមៗអ៊ីចឹងទេ។
អ៊ីចឹងពេលគាត់ទៅគាត់មិនអាចយកសមាជិកគ្រួសារទៅជាមួយបានទេ។ ជាពិសេសក្មេងៗដែលរស់នៅក្នុងគ្រួសារចំណាកស្រុកគឺគាត់ឈប់រៀនជំហានទីមួយ អ៊ីចឹងពេលគាត់ចាប់ផ្ដើមឈប់រៀនគាត់ត្រូវប្រើកម្លាំងពលកម្មដើម្បីរកប្រាក់ចំណូល។ ហើយទាក់ទងនឹងកោងកាងអ្វីដែលសំខាន់ យើងគិតហេតុអ្វីបានសំខាន់ សំខាន់ត្រង់ថាបើបាត់បង់ព្រៃកោងកាងអ្នកនេសាទចំណាកស្រុក ក្មេងៗបោះបង់សាលាចោលច្រើន ហើយបើសិនជាមានកោងកាង អ្នកនេសាទនឹងកាត់បន្ថយការចំណាកស្រុក ក្មេងៗក៏បានចូលរៀនក៏ច្រើន អ៊ីចឹងសម្រាប់ព្រៃកោងកាងគឺសំខាន់។
ប៉ុន្ដែសម្រាប់មនុស្សទូទៅ ដូចខ្ញុំបានបង្ហាញអ៊ីចឹង ដោយសារសព្វថ្ងៃនេះមានការប្រែប្រួលអាកាសធាតុខ្លាំងត្រូវក្ដៅៗ ត្រូវភ្លៀងៗអ៊ីចឹងទៅ មានទឹកជំនន់អ៊ីចឹងទៅ។ អ៊ីចឹងបើយើងមានការចូលរួមពីព្រៃកោងកាងគឺអាចចូលរួមបង្កើតនូវរបរនេសាទឱ្យបានច្រើនដើម្បីជួយមនុស្សទូទៅក៏ដូចជាទប់ស្កាត់ការហូរច្រោះដីផ្សេងៗ ដូច្នេះព្រៃកោងកាងនេះមានការចូលរួមចំណែកច្រើនមែនទែនសម្រាប់ការជួយដល់មនុស្សនិងហូរច្រោះដីផ្សេងៗ។
Q: ជាចុងក្រោយតើលោក ស៊ឹម ហ៊ីម មានជាសារលើកទឹកចិត្តអ្វីដល់យុវជនឱ្យចូលរួមដាំដើមកូនកាងដែរ ឬទេ?
A: សម្រាប់ខ្ញុំ ខ្ញុំសូមអំពាវនាវដែរទៅដល់ក្រុមយុវជន ព្រោះសហគមន៍ត្រពាំងសង្កែយើងគឺមិនមែនជាសហគមន៍មួយដែលជាកម្មសិទ្ធិរបស់សហគមន៍របស់ត្រពាំងសង្កែទេ គឺជាកម្មសិទ្ធិរបស់មនុស្សទូទៅ ពិសេសក្រុមយុវជនយើង ក្រុមយុវជនដែលពួកគាត់ចូលរួមការដាំ ណាមួយទាក់ទងនឹងការដាំកោងកាងកន្លងមក គឺមិនមែនជាត្រពាំងសង្កែអ្នកដាំតែម្ដងទេ មិនមែនសមាជិកដាំទាំងស្រុងទេ ដោយយើងមានការចូលរួមពីក្រុមយុវជន។
អ៊ីចឹងទាក់ទងនឹងការចូលរួមដាំកោងកាងនេះ គឺសំខាន់យើងបានជួយសឹងគ្រប់ជីវិតអ្នកនេសាទក៏ដូចជាយើង ជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុសម្រាប់មនុស្សទូទៅ។ អ៊ីចឹងជាទូទៅក៏ខ្ញុំនៅតែអំពាវនាវសូមឱ្យមានការចូលរួមមិនមែនតែយុវជនទេ សម្រាប់មនុស្សទូទៅ ព្រោះមនុស្សយើងត្រូវការរស់ដោយមានសន្ដិភាព រស់នៅត្រូវការជាតិអុកស៊ីសែនច្រើន ដែលយើងត្រូវការចូលរួមទប់ស្កាត់ទាំងអស់គ្នា មានតែយើងទាំងអស់គ្នាចូលរួមដើម្បីដាំកោងកាង។
គោលបំណងយើងមិនមែនសម្រាប់បម្រើផលប្រយោជន៏បុគ្គលណាមួយទេ គឺជាការងារសង្គម ហើយយើងបានចូលរួមរឿងនេះគឺយើងបានចូលរួមការងារសង្គមមួយយ៉ាងធំសម្រាប់មនុស្សទូទៅជំនាន់នេះ និងជំនាន់ក្រោយ។
Q: អរគុណលោក ស៊ឹម ហ៊ីម សម្រាប់ការផ្ដល់បទសម្ភាសន៍!
A: បាទ អរគុណ!៕