ពលរដ្ឋដែលរស់នៅក្នុងខេត្តភាគនីរតី ចាត់ទុករបាយការណ៍ស្រាវជ្រាវ ចេញដោយរដ្ឋបាលខេត្តព្រះសីហនុ ដែលរកឃើញភាពក្រីក្រធ្លាក់១,៦៨ភាគរយនៅក្នុងឆ្នាំ២០២៣ និងបានជំរុញឱ្យខេត្តមួយនេះនាំមុខដោយកំណើនសេដ្ឋកិច្ចកើនឡើងក្នុងរង្វង់៦,៤ភាគរយថាជារបកគំហើញនេះ ដែលមិនបានឆ្លុះបញ្ចាំងពីការពិត អំពីជីវភាព និងសេដ្ឋកិច្ចរបស់ពលរដ្ឋនៅខេត្តជាក់ស្តែងនោះទេ។
លោក ម៉ន ស៊ីណា រស់នៅខេត្តព្រះសីហនុ ដែលបានផ្តល់បទសម្ភាសន៍ឱ្យគេហទំព័រ Newsroom Cambodia ក្នុងចំណោមពលរដ្ឋមនុស្ស១០នាក់ផ្សេងទៀត ហើយអះអាងថាជាជនរងគ្រោះក្នុងវិវាទដីធ្លីរយៈពេល១៤ឆ្នាំមកហើយ និយាយថា របាយការណ៍ដែលចេញដោយរដ្ឋបាលខេត្តនេះ គឺផ្ទុយពីការពិតដែលពលរដ្ឋគ្មានប្រាក់ចំណូលណាមួយ ដែលជួយឱ្យមានកំណើនសេដ្ឋកិច្ចបែបនេះទេ។លោកបន្តថាជាក់ស្តែងក្រុមគ្រួសាររបស់លោក និងសហគមន៍ដែលលោកកំពុងរស់នៅ ត្រូវប្រឈមមុខសបគ្រប់ ដូចជាមានការគំរាមកំហែងឱ្យចេញពីទីតាំងរស់នៅ ដើម្បីឱ្យគេបានដីនោះយកទៅគ្រប់គ្រង ហើយករណីនេះធ្វើឱ្យរូបលោក មិនហ៊ានរស់នៅក្នុងផ្ទះជាប្រចាំដូចពីមុនព្រោះបារម្ភពីសុវត្តិភាព។
លោកបន្តថា៖ «ខ្ញុំមករស់នៅកាលពីមុនបានសុខសប្បាយគ្មានបញ្ហាអីទេ ទើបតែឆ្នាំ ២០១០ ហ្នឹងហាសដែលមានអ្នកមានលុយមានអីហ្នឹងគេមកថាដីរបស់គេចឹងហាស ហ្នឹងហើយដល់ពេលទៅគេមានការគំរាមកំហែងឱ្យរុះរើផ្ទះចេញ […] ខ្ញុំនៅទីតាំងដដែលមានផលលំបាកច្រើនចឹងខ្ញុំសុខចិត្តដូចថាផ្ទះខ្ញុំនៅហ្នឹងខ្ញុំនៅខ្ញុំសុខចិត្តឱ្យបងប្អូនខ្ញុំនៅ យូរៗខ្ញុំមកដេកទីនេះម្តង ដេកនោះម្តងចឹងខ្ញុំអត់នៅអចិន្ត្រៃយ៍បានទេព្រោះខ្ញុំគិតពីហានិភ័យដែរ »។
មិនមែនមានតែលោក ម៉ន ស៊ីណា ម្នាក់ទេ ដែលកំពុងប្រឈមផ្នែកសេដ្ឋកិច្ច ក្រោយរងគ្រោះដោយបញ្ហាដីធ្លីនេះ និងត្រូវប្រឈមមុខធ្លាក់ចុះចំណូលក្នុងគ្រួសារ។លោក ហ៊ុំ ធឿន ប្រធានសហគមន៍ដីធ្លីក្នុងឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ប្រាប់គេហទំព័រ Newsroom Cambodia ថាទំនាស់ដីធ្លីរបស់ប្រជាជនចំនួន៤៥ គ្រួសារក្នុងសហគមន៍លោក នៅមិនទាន់ទទួលបានដំណោះស្រាយនៅឡើយដែរ។លើសពីនេះទៅទៀត ពួកគេត្រូវប្រឈមមុខនឹងគំរាមកំហែងក្នុងលក្ខខណៈធ្ងន់ធ្ងរពីអាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុន ក្រុមសហគមន៍ត្រូវបង្ខំចិត្តចាកចេញទាំងដោយគ្មានជម្រើស។មួយវិញទៀត ការដែលធ្លាក់ចុះនៃភាពក្រីក្រ នៅក្នុងខេត្តព្រះសីហនុ នេះលោកថាដោយសារគ្រួសារទាំងនោះ ត្រូវគេបណ្តេញចេញពីផ្ទះសំបែងអស់ជាថ្នូរនឹងការយកដីដែលជាកម្មសិទ្ធិរបស់ពួកគេទៅលក់ឱ្យឈ្មួញ ហេតុនេះបានជាមិនឃើញអ្នកក្រីក្រ ដូចមុនទៀត។
លោកបន្តថា៖ «អត់ទាន់មានដំណោះស្រាយទាំងអស់ ៤៥គ្រួសារ […] ក្នុងសហគមន៍ខ្ញុំមួយទេ បើសហគមន៍គេផ្សេងគេដូចថាគេមកបណ្តេញចេញប៉ុន្តែគ្រាន់ថាប្រជាជនគេ គេរឹងគេអត់បានចេញចឹងទៅណា ដូចខ្ញុំគេរងការទន្រ្ទានខ្លាំងគេដាក់សម្ពាធខ្លាំងចឹងយើងប្រជាជនគ្នាអត់ហ៊ាននៅចឹង ចាកពីលំនៅដ្ឋានហ្នឹងអស់ទៅ»។
ហាក់មិនខុសគ្នាទេ អាជីវករជួលទូកសម្រាប់ភ្ញៀវទេសចរនៅខេត្តព្រះសីហនុ ដែលថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ និយាយថាសេដ្ឋកិច្ចប្រចាំថ្ងៃរបស់គាត់មិនមានការកើនឡើងគួរឱ្យកត់សម្គាល់នោះទេ ហើយភ្ញៀវទេសចរជួលទូកស្ទូចត្រីក៏មិនសូវសម្បូរដូចមុនទៀតដែរ ដោយភាគច្រើនមានតែជនជាតិចិនជាអ្នកជួលទូកទៅកំសាន្ត។
លោកបន្តថា៖ «វាអត់កើនឡើងទេវាធម្មតាអ៊ីចឹងហាស គ្រាន់ថាភ្ញៀវភាគច្រើនជាជនជាតិចិនគាត់ឧស្សាហ៍ទៅស្ទូចច្រើនជាងខ្មែរយើង[…]និយាយទៅវាអត់មានអីកើនឡើងឬថយចុះទេនិយាយទៅម៉ារស់»។
ប្រហាក់ប្រហែលគ្នានេះដែរ ស្រ្តីជាម្ចាស់អាជីវកម្មទេសចរណ៍ម្នាក់ទៀត ដែលថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ និយាយថាសេដ្ឋកិច្ចប្រចាំថ្ងៃរបស់គាត់មិនមានការកើនឡើងនោះឡើយ។អ្នកស្រីបន្តថា មួយរៈពេលកន្លងទៅនេះ រូបខ្លួនរកចំណូលមិនសូវបានទេ ហើយអ្នកទេសចរក៏ហាក់ផ្អាក់ធ្វើដំណើរកំសាន្តដែរ មិនដឹងមកពីមូលហេតុអ្វីឡើយ។
អ្នកស្រីបន្តថា «វាស្ងាត់ជាងមុន បញ្ហាអាកាសធាតុទីពីរដូចថាភ្ញៀវទេសចរបើក្នុងរយៈពេលប្រហែលជាបីខែអាចចូលថាបីខែពីរខែចុះវាធ្លាក់ចុះខ្លាំង[..] ជីវភាពប្រចាំថ្ងៃពួកខ្ញុំរកមួយថ្ងៃហូបមួយថ្ងៃ ចឹងបើថាឱ្យរីកចម្រើនក៏អត់ដែរ »។
ការត្អូញត្អែរបស់ពលរដ្ឋនេះ នៅបន្ទាប់ពី រដ្ឋបាលខេត្តព្រះសីហនុ បានចេញរបាយការណ៍បង្ហាញថាសេដ្ឋកិច្ចនៅក្នុងខេត្តនីរតីមួយនេះកើនឡើង៦,៤ ភាគរយដែលជំរុញឱ្យភាពក្រីក្ររបស់ខេត្តនេះត្រូវធ្លាក់ចុះ ១,៦៨ ភាគរយក្នុងឆ្នាំ២០២៣ ខណៈសង្គមស៊ីវិល និងពលរដ្ឋក្នុងខេត្តព្រះសីហនុថាបញ្ហាជម្លោះដីធ្លីរបស់ពួកគេ ដែលជាចំណុចស្នូល និងនាំឱ្យជួបវិបត្តិផ្នែកសេដ្ឋកិច្ចគ្រួសារ នៅតែជាបន្ទុកដោះមិនចេញដែលបញ្ហានេះធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ពួកគេសព្វថ្ងៃ។
បើទោះជាយ៉ាងនេះក្តី លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ លើកឡើងថាស្ថានភាពសេដ្ឋកិច្ចខេត្តព្រះសីហនុកើនឡើងដែលជំរុញឱ្យពលរដ្ឋអាចរកចំណូលបានជាមធ្យមក្នុងម្នាក់៤.៦០២ ដុល្លារអាមេរិក ក្នុងមួយឆ្នាំសម្រាប់ឆ្នាំ២០២៣នេះ។លើសពីនេះទៀត កំណើននេះបានជួយឱ្យពលរដ្ឋក្នុងខេត្តមួយនេះអាចដំណើរការអាជីវកម្ម និងមានឱកាសការងារច្រើន ដែលវាជាកត្តាជំរុញមកពីការកើនឡើងនៃវិស័យទេសចរ វិស័យឧស្សាហកម្ម វិស័យសេវាកម្សាន្ត វិស័យកសិឧស្សាហកម្ម វិស័យដឹកជញ្ជូន និងកត្តាសន្តិភាព ស្ថេរភាព សន្តិសុខ សុវត្តិភាព និងម៉ាក្រូសេដ្ឋកិច្ចដែលរដ្ឋាភិបាលគ្រប់គ្រងបាន។
លោកបន្តថា៖«ដូចយើងបានដឹងថាក្នុងខេត្តព្រះសីហនុគឺជាខេត្តមួយដែលបច្ចុប្បន្ននេះជាខេត្តដែលមានសក្តានុពលទៅលើវិស័យទេសចរណ៍ និងវិស័យឧស្សាហកម្មកម្សាន្ត ក៏ដូចជាការអភិវឌ្ឃន៍ផ្នែកកសិឧស្សាហកម្ម ហើយដែលយើងឃើញថា ប្រជាពលរដ្ឋគឺរកចំណូលបានតាមរយៈសេវាកម្មនៅក្នុងវិស័យទេសចរណ៍ វិស័យដឹកជញ្ជូន »។
លោកបន្តថា៖«ចំណូលអំពីប្រជាពលរដ្ឋនេះហើយដែលមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសក្រោយកូវីត១៩ ក្រោយពេលដែលយើងចាប់ផ្តើមស្តារសេដ្ឋកិច្ច និងសង្គមឡើងវិញនេះយើងឃើញថាវាបានចូលរួមចំណែកជួយទៅដល់ការកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋដែលយើងឃើញថា GDP របស់ប្រជាពលរដ្ឋរបស់យើងសព្វថ្ងៃគឺមានប្រមាណជាង ៤៥០០ដុល្លារ ទៅ ៤៦០០ដុល្លារ រួចទៅហើយសម្រាប់ខេត្តព្រះសីហនុ »។
បើតាមអ្នកនាំពាក្យរូបនេះ កត្តាដែលជំរុញឱ្យសេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុកើនឡើងនៅដើមឆ្នាំ២០២៤ នេះគឺដោយសារតែមានការកើនឡើងនៃចំនួនភ្ញៀវជាតិ និងអន្តរជាតិ ដែលធ្វើឱ្យមានប្រជាជនស្នើរសុំអាជ្ញាប័ណ្ណរកស៊ីជាច្រើន និងការស្នើរបើកអាជីវកម្មផ្សេងៗដែលមានសន្ធុះកើនឡើងខ្លាំង។មិនតែប៉ុណ្ណោះ ខេត្តព្រះសីហនុ គឺជាខេត្តមួយដែលមានសក្តានុពល និងការវិនិយោគទៅលើវិស័យឧស្សាហកម្ម និងកសិឧស្សាហកម្មដែលធ្វើឱ្យតំបន់សេដ្ឋកិច្ចពិសេសមួយនេះអាចផ្តល់ឱកាសការងារសម្រាប់ប្រជាជនក្នុងតំបន់។
លោកបន្តថា៖ «យើងឃើញនៅតាមពេលបុណ្យទានកន្លងមក ថ្ងៃឈប់សំរាក បុណ្យជាតិផ្សេងៗក៏ដូចជាចុងសប្តាហ៍ ឃើញថាភ្ញៀវជាតិ និងអន្តរជាតិមានការកើនឡើងរួមទាំងភ្ញៀវទេសចរណ៍ពីបស្ចឹមប្រទេសក៏ឃើញថាមកច្រើនដែលភាគច្រើនគឺសំដៅទៅរកការកម្សាន្តដើរលំហែ នៅតាមបណ្តាកោះឆ្នេរដែលខេត្តព្រះសីហនុយើងមានសក្តានុពលល្អក្នុងការទាក់ទាញអ្នកទេសចរ ចឹងយើងឃើញថាចរន្តសេដ្ឋកិច្ចមានការងើបឡើងគួរឱ្យកត់សម្គាល់ដែរ។រោងចក្ររាប់រយនេះគឺថាផ្តល់នូវការងារធ្វើប្រមាណជាជាងជិត៣ម៉ឺននាក់ ថា៣ម៉ឺននាក់ទៅចុះដែលបានអំពីការធ្វើការនៅក្នុងផ្នែកវិស័យឧស្សាហកម្មនេះហើយក៏ដូចជាខាងកសិឧស្សាហកម្មដែលបច្ចុប្បន្ននេះគឺមួយផ្នែកមានក្រុមហ៊ុននៅក្នុងស្រុកសហការជាមួយក្រៅស្រុកក្នុងការធ្វើដំណាំកសិផលមួយចំនួនហើយនឹងធ្វើខាងវេចខ្ចប់ទាំងអស់នេះគឺសុទ្ធតែប្រភពចំណូលនៃអ្វីដែលប្រជាពលរដ្ឋយើងរកបាននៅក្នុងខេត្តព្រះសីហនុ »។
ជុំវិញរឿងនេះ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក គី សេរីវឌ្ឍន៍ យល់ឃើញថាកំណើនសេដ្ឋកិច្ចនៅប្រទេសកម្ពុជាសម្រាប់ឆ្នាំ ២០២៣ កើនឡើងក្នុងរង្វង់ ៥ភាគរយជាង ហើយការកើនឡើងនេះមានការប្រែប្រួលខុសគ្នាទៅតាមបណ្តាខេត្តនានា។ចំណែកសេដ្ឋកិច្ចខេត្តព្រះសីហនុគឺមានការកើនឡើង ដោយសារតែមានកត្តាជំរុញធំៗចំនួនពីរ គឺឧស្សាហកម្មនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស និងវិស័យសេវាកម្ម។
លោកបន្តថា៖ «ខេត្តព្រះសីហនុ មានឧស្សាហកម្មធំពីរសំខាន់ៗ ឧស្សាហកម្មទីមួយ គឺឧស្សាហកម្មនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ផលិតនាំចេញ ឧស្សាហកម្មហ្នឹងធំណាស់មានជាង ១០០រោងចក្រ នៅខេត្តព្រះសីហនុ ទីពីរ យើងឃើញមានវិស័យមួយទៀតគេហៅថាវិស័យសេវាកម្មទេ សេវាកម្មក្នុងការដឹកជញ្ជូនកំពង់ផែ កំពង់ផែស្វយ័តព្រះសីហនុនេះឆ្នាំ២០២៣ គឺការដឹកជញ្ជូនរបស់គាត់មានការកើនឡើងក្នុងរង្វង់ ៦,៥ ភាគរយ អ៊ីចឹងការកើនឡើង ៦,៥ ភាគរយ មកពីឧស្សាហកម្មនៅក្នុងស្រុកហ្នឹង មានផលិតនាំចេញវាបានកើនផង ហើយវាមានការនាំចូលផងចឹង វាចំណូលពីកំពង់ផែក៏មានកំណើន ហើយចំណូលពីឧស្សាហកម្មនៅក្នុងតំបន់សេដ្ឋកិច្ចមានកំណើន »។
បើតាមអ្នកជំនាញសេដ្ឋកិច្ចរូបនេះ ចំណូលជាមធ្យមក្នុងខេត្តព្រះសីហនុសម្រាប់មនុស្សម្នាក់ចំនួន ៤ ៦០២ដុល្លារ ក្នុងមួយឆ្នាំគឺជាទិន្នន័យត្រឹមត្រូវដោយហេតុថាខេត្តព្រះសីហនុការចំណាយក្នុងការរស់នៅខ្ពស់ជាងបើធៀបនឹងបណ្តាខេត្តផ្សេងទៀត។
លោកបន្តថា៖ «ក្រសួងផែនការក៏លោកបានធ្វើការវាយតម្លៃអំពី GDP គេហៅថាចំណូល GDP Capital តាមខេត្តនីមួយៗដែលឃើញថាខេត្ត ព្រះសីហនុ មានតម្លៃខ្ពស់ ទីមួយគឺដោយសារថ្លៃអចលនទ្រព្យមានថ្លៃខ្ពស់ ទីពីរការចំណាយផ្សេងៗក៏មានថ្លៃខ្ពស់ដែរដែលធ្វើឱ្យ ចំណូលហ្នឹងខ្ពស់ »។
លោកបន្តថា៖ «ចំណែកកម្មកររោងចក្រវិញ គឺជាកម្លាំងពលកម្មដែលអត់ជំនាញក៏គាត់បានប្រាក់ខែចន្លោះពី ៣២០ ទៅ ៣៥០ដុល្លារ ក្នុងខណៈដែលគាត់ថែមម៉ោងអ៊ីចឹងចំណូលនេះយើងយកមកគុណទៅចែករកមធ្យមភាគទៅវាក្នុងរង្វង់ ៤ ០០០ ដុល្លារជាង ជិត ៥ ០០០ដុល្លារ ក្នុងមួយឆ្នាំ នេះគឹជា average ចំណូលក្នុងខេត្តព្រះសីហនុយើងគ្រាន់តែគុណចំណូលកម្មកររោងចក្រទេនៅមានចំណូលអ្នកធ្វើជំនួញ ចំណូលអ្វីផ្សេងៗជាច្រើនទៀត »។
ស្របពេលដែលរដ្ឋបាលខេត្តព្រះសីហនុ ចេញរបាយការណ៍ពីការធ្លាក់ចុះនៃភាពក្រីក្រ ហើយរុញឱ្យសេដ្ឋកិច្ចក្នុងខេត្តភាគនិរតីមួយនេះ ងើបឡើង ពលរដ្ឋមួយចំនួនដែលទទួលបានផលពីការវិនិយោគ នៅក្នុងខេត្តព្រះសីហនុ គាំទ្រការរកឃើញពីភាពធ្លាក់ចុះ នៃភាពក្រីក្រីនេះដែរ។
កញ្ញា ចាន់ នី ជានិយោជិកក្នុងរោងចក្រមួយកន្លែងនៅក្នុងខេត្តព្រះសីហនុ ទទួលស្គាល់ថា កំណើនសេដ្ឋកិច្ចពិតជាបានរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជននៅក្នុងខេត្តនេះ បានច្រើនដូចអ្វីដែលរដ្ឋបាលខេត្តព្រះសីហនុ ចេញរបាយការណ៍ពិតមែន។ប្រភពបន្តថា ជាក់ស្តែងរូបគេអាចរកចំណូលបានពីវិស័យរោងចក្រកាត់ដេរ ប្រហែលជិតមួយពាន់ដុល្លារដែរ ក្នុងមួយខែៗ។
កញ្ញាបន្តថា៖ «សម្រាប់ខ្ញុំវាអត់មានផលលំបាកអីទេដោយសារតែខ្ញុំមានការងារផ្ទាល់ខ្លួន អ៊ីចឹងវាអត់ជាបញ្ហាពិបាកអីខ្លាំងទេ[…] ពួកខ្ញុំជាកម្មករនិយោជិក អ៊ីចឹងពួកខ្ញុំធ្វើការប្រាក់ខែក៏វាមានឡើងតាមឆ្នាំ តាមអ៊ីចឹងដែរហើយណាមួយពួកខ្ញុំក៏មានលុយអត្ថប្រយោជន៍អីផ្សេងៗទៀតដែរអ៊ីចឹងពាក់ព័ន្ធហ្នឹងប្រាក់ចំណូលដែលខ្ញុំទទួលបានហើយហ្នឹងការចំណាយរបស់ខ្ញុំវាសមាមាត្រគ្នា ក្នុងមួយខែខ្ញុំរកចំណូលបានជាង ៦០០ ទៅ ៧០០ (ដុល្លារ) »។
ដូចគ្នានេះដែរ លោក កែវ រតនា ជាបុគ្គលិកកំពុងបម្រើការនៅក្នុងភោជនីដ្ឋានមួយ ក្នុងខេត្តព្រះសីហនុ បានប្រាប់គេហទំព័រ Newsroom Cambodia ថាដោយសារតែកំណើននៃភ្ញៀវទេសចរកើនឡើង ធ្វើឱ្យលោករកប្រាក់ចំណូលបានច្រើនជាងមុនបើធៀបនឹងសម័យកូវីត ហើយអាចទ្រទ្រង់ជីវភាពបានគ្រប់គ្រាន់។
លោកបន្តថា៖«ប្រចាំខែយើង(ខ្ញុំ)អាចរកបានពី ចាប់ពី ៣០០ ទៅ ៤០០ ដុល្លារ តែពេលខ្លះយើង(ខ្ញុំ)អាចឈានទៅលើសនឹងទៀត »។
យ៉ាងនេះក្តី អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម លោកបណ្ឌិត មាស នី ទទួលស្គាល់ថាសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជាមានការលូតលាស់ពិតមែន។បើទោះជាបែបណា សម្រាប់អ្នកស្រាវជ្រាវការអភិវឌ្ឍន៍រូបនេះ នៅតែយល់ឃើញថា កំណើនសេដ្ឋកិច្ចនេះ មិនបានជួយឱ្យគម្លាតរវាងអ្នកមានជីវភាពក្រោមមធ្យម អាចទទួលបានផលចំណេញ ពីកំណើននៃសេដ្ឋកិច្ចនេះបានទេ។ផ្ទុយទៅវិញ និន្នាការនេះបានរុញឱ្យមានគម្លាតកាន់តែឆ្ងាយជាងមុនបន្ថែមទៀត។មិនតែប៉ុណ្ណោះ តាមរយៈសន្ទស្សន៍នៃការរកឃើញពីការធ្លាក់ចុះ នៃភាពក្រីក្រនេះ ក៏មិនបានឆ្លុះបញ្ចាំងពីភាពពិតជាក់ស្តែង នៃសេដ្ឋកិច្ចគ្រួសាររបស់ពលរដ្ឋម្នាក់ៗ ដែលស្ថិតក្រោមមធ្យមនៅឡើយដែរទេ។
លោកបន្តថា «ពេលដែល ជីឌីភី (GDP) យើងកើនឡើងកាន់តែខ្ពស់គម្លាតរវាងអ្នកមានអ្នកក្រនៅក្នុងស្រុកយើងហ្នឹងគឺវាកាន់តែឆ្ងាយគ្នាដែរ។អ៊ីចឹងសម្រាប់ការអះអាងរបស់រដ្ឋាភិបាលហើយអាជ្ញាធរក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បើប្រៀបធៀបហ្នឹងអ្វីដែលជាទិដ្ឋភាពជាក់ស្តែងដែលយើងឮពីកសិករ ឮពីអាជីវករអីនោះក៏វាមិនខុសគ្នាពីជំនោរជាទូទៅដែលឃើញថាការលូតលាស់សេដ្ឋកិច្ចនៅស្រុកយើងថ្នាក់ជាតិឡើង […] បានន័យថាអ្នកក្រមិនអាចតោងយកបាននូវភាពមានបានដោយសារតែការលូតលាស់សេដ្ឋកិច្ច ៕