ក្រុមយុវជន និងសង្គមស៊ីវិលលើកឡើងថា ការបញ្ឈប់ការជួបជុំធ្វើសិក្ខាសាលារបស់យុវជននៅខេត្តបាត់ដំបង ជាការរឹតត្បិតសិទ្ធិសេរីភាពរបស់យុវជនក្នុងការបញ្ចេញមតិ និងការចូលរួមការងារសង្គម។
លើទំព័រហ្វេសប៊ុករបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ បានផ្សាយថា កាលពីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ អាជ្ញាធរមូលដ្ឋានបានបញ្ឈប់កម្មវិធីជួបជុំរបស់ក្រុមយុវជនប្រមាណជា៦០នាក់ ដែលធ្វើឡើងនៅរមណីយដ្ឋានមួយកន្លែងក្នុងក្រុងបាត់ដំបង ដើម្បីពិភាក្សាលើប្រធានបទ «ការលើកកម្ពស់ស្រ្តីក្នុងការចូលរួមកិច្ចការងារសង្គម» ក្រោមហេតុផលមិនបានសុំការអនុញ្ញាតពីអាជ្ញាធរជាមុនសម្រាប់ការជួបជុំ។
កញ្ញា ឆឹង ស្រីទូច មកពីក្រុមយុវជនស្នាមញញឹមដែលជាក្រុមរៀបចំសិក្ខាសាលានោះ ប្រាប់ Newsroom Cambodia នៅថ្ងៃទី២២ ខែកក្កដានេះថា ក្នុងការធ្វើសិក្ខាសាលានោះ ក្រុមរបស់កញ្ញាបានដាក់លិខិតទៅខាងមន្ទីរកិច្ចការនារីខេត្តបាត់ដំបងដោយសារតែប្រធានបទទាក់ទងនឹងការលើកកម្ពស់ស្ត្រីក្នុងការចូលរួមការងារសង្គម ប៉ុន្តែមិនបានដាក់លិខិតទៅខាងសាលាក្រុងនោះទេ។
កញ្ញា ស្រីទូច បន្ថែមថា៖ «ដោយសារតែអាជ្ញាធរគាត់លើកឡើងថា យើងអត់បានជូនដំណឹងទៅខាងក្រុង ប៉ុន្តែជាក់ស្តែងខ្ញុំធ្វើរឿងលើកកម្ពស់ស្ត្រីក្នុងការចូលរួមការងារសង្គម ខ្ញុំបានដាក់លិខិតស្នើជូនមន្ទីរកិច្ចការនារីខេត្តបាត់ដំបង ដើម្បីឱ្យស៊ីនឹងប្រធានបទ ប៉ុន្តែយើងអត់បានដាក់លិខិតទៅសាលាក្រុងមែន ប៉ុន្តែដោយសារតែយើងជាក្រុមយុវជន ចឹងតាមច្បាប់ក៏អត់មានច្បាប់ណាដែលចងឱ្យក្រុមយុវជនជូនដំណឹងទៅខាងសាលាក្រុងអីដែរ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ប៉ុន្តែប្រសិនបើក្រុមខ្ញុំជាសមាគមអូខេ ខ្ញុំទទួលស្គាល់ ប៉ុន្តែនេះពួកខ្ញុំជាក្រុមយុវជនធម្មតាទេ»។
កញ្ញា ស្រីទូច បន្ថែមថា មុនពេលរៀបចំកម្មវិធីខាងសាលាក្រុងក៏បានប្រាប់មិនឱ្យរៀបចំជួបជុំផងដែរដោយសារអត់មានលិខិតអនុញ្ញាតពីសាលាក្រុង។
កញ្ញាបន្ថែម៖ «ខាងសាលាក្រុងបានចុច [ខល] មកខ្ញុំដែរ គាត់ថាគាត់អត់ឱ្យធ្វើសកម្មភាពហ្នឹងទេ ប៉ុន្តែយើងនៅតែបន្ត ព្រោះអីដូចដែលខ្ញុំបានបញ្ជាក់ចឹងឯង ខ្ញុំជាក្រុមយុវជនចឹងយើងអត់ចាំបាច់ចុះអីទេ […] គាត់ថាដោយសារអត់មានការអនុញ្ញាត អត់មានលិខិតអឺចឹង លិខិតអនុញ្ញាតពីខេត្ត គាត់ឱ្យខ្ញុំទៅសុំពីខេត្ត»។
ក្រោយការបិទសិក្ខាសាលារបស់ក្រុមស្នាមញញឹមយុវជនពីសំណាក់អាជ្ញាធរ កញ្ញា ស្រីទូច ប្រាប់Newsroom Cambodia ថា វាជាការបិទសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋក្នុងការបញ្ចេញមតិ និងការជួបជុំ។
កញ្ញានិយាយថា៖ «វាគឺជាការរឹតត្បឹតសេរីភាពរបស់ពលរដ្ឋគ្រប់រូបក្នុងការចូលរួមក្នុងកិច្ចការងារសង្គមពីព្រោះអីក្នុងមាត្រា៤១ ដូចយើងដឹងហើយយើងមានសិទ្ធិក្នុងការបញ្ចេញមតិ មានសិទ្ធិក្នុងការជួបជុំ ប៉ុន្តែហេតុអ្វីបានជាពួកយើងត្រូវបានគេរឹតត្បិត ទាំងដែលយើងអត់មានទៅធ្វើវាទាក់ទងទៅនឹងនយោបាយ វាត្រឹមតែជាប្រធានបទការលើកកម្ពស់ស្ត្រីឱ្យយល់ដឹងពីសិទ្ធិក្នុងការចូលរួមកិច្ចការងារសង្គមសោះ ចឹងមានអារម្មណ៍ថាវាពិតជាពិបាកទទួលយកមែនទែន ព្រោះអីសូម្បីតែកន្លែងក៏យើងជួលទីតាំងគេសម្រាប់ធ្វើសោះ យើងអត់ធ្វើលើទីតាំងសាធារណៈផង ក៏យើងត្រូវបានគេហាមឃាត់ដែរ ចឹងមានន័យថាសិទ្ធិសេរីភាពរបស់យើងត្រូវបានគេរឹងត្បឹតខ្លាំង»។
កញ្ញា ស្រីទូច ប្រាប់ថា ការបញ្ឈប់ការជួបជុំអាចប៉ះពាល់ដល់យុវជនក្នុងការទទួលបានឱកាសរៀនសូត្រពីសិទ្ធិសេរីភាពក្នុងការចូលរួមការងារសង្គម និងធ្វើឱ្យយុវជនមានការភ័យខ្លាចក្នុងការចូលរួមកម្មវិធីសិក្ខាសាលាផ្សេងៗ។
លោក ហួន ផន អ្នកសម្របសម្រួលគម្រោងនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លើកឡើងថា ការបញ្ឈប់សិក្ខាសាលារបស់យុវជនបង្ហាញពីការរិតត្បឹតសិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពនៃការជួបជុំរបស់យុវជន និងជាផ្នែកមួយនៃការច្រានចោលការយល់ឃើញ និងការព្រួយបារម្ភរបស់យុវជន។
លោកបញ្ជាក់ថា៖ «យើងឃើញថាជាផ្នែកមួយដែលបង្ហាញឱ្យឃើញអំពីការរួមតូចនៃសេរីភាពបញ្ចេញមតិ សេរីភាពនៃការជួបជុំ ជាពិសេសការចូលរួមរបស់យុវជនជាផ្នែកមួយដែលយើងឃើញថានៅពេលដែលយុវជនបង្ហាញឱ្យឃើញ អំពីទុក្ខកង្វល់របស់ខ្លួន អំពីភាពមិនស្មើគ្នានៃការចូលរួមរបស់ស្ត្រីក្នុងកិច្ចការសង្គម ប៉ុន្តែអាជ្ញាធរមកបង្អាក់ការងារទាំងអស់នេះ យើងឃើញថានេះជាផ្នែកមួយនៃការច្រានចោលនៃការយល់ឃើញ និងការព្រួយរបស់យុវជនចំពោះការងារសង្គម»។
លោក ហួន ផន បន្ថែមថា រដ្ឋាភិបាលគួរបើកទូលាយក្នុងការទទួលយកនូវគំនិត ឬទស្សនៈផ្សេងៗដែលមានសារៈសំខាន់សម្រាប់តាក់តែងគោលនយោបាយ និងគោលការណ៍ច្បាប់របស់ខ្លួនជាដើម។
លោក សឿម ប៊ុនរិទ្ធ អ្នកនាំពាក្យសាលាខេត្តបាត់ដំបងប្រាប់ថា លោកទទួលបានការរាយការណ៍ថា អាជ្ញាធរមិនបានបញ្ឈប់កម្មវិធីជួបជុំនោះទេ គឺម្ចាស់ទីតាំងជាអ្នកបញ្ឈប់ដោយសារក្រុមយុវជនមិនមានលិខិតអនុញ្ញតឱ្យមានការជួបជុំពីអាជ្ញាធរ ហើយក្រុមយុវជនមិនបានចុះបញ្ជីជាមួយក្រសួងមហាផ្ទៃ។
លោក ប៊ុនរិទ្ធ បញ្ជាក់៖ «ខ្ញុំឭព័ត៌មានដែលគេរាយការណ៍ឱ្យខ្ញុំថា ម្ចាស់កន្លែងគេជាអ្នកដែលទៅរំសាយ ខ្ញុំឭគេរាយការណ៍ឱ្យខ្ញុំចឹង ដោយសារម្ចាស់ទីតាំងគេសួរនាំទៅថាគាត់អត់ច្បាប់អត់មានទំលាប់អ្វីទាំងអស់ ហើយអង្គការគាត់ [ក្រុមយុវជន] នឹងអត់មានបានចុះបញ្ជីក្រសួងមហាផ្ទៃ អត់មានអ្វីទាំងអស់ និយាយរួមអង្គការដាក់ឈ្មោះខ្លួនគាត់ [ក្រុមយុវជន] បង្កើតខ្លួនគាត់»។
ទាក់ទងនឹងសេរីភាពលោក ប៊ុនរិទ្ធ បន្ថែមថាលោកសុំមិនបញ្ចេញការយល់ឃើញ ប៉ុន្តែលោកប្រាប់ថាប្រទេសមានច្បាប់ ហើយប្រជាពលរដ្ឋទាំងអស់ស្ថិតនៅក្រោមច្បាប់។
គួរបញ្ជាក់ថា ក្រសួងមហាផ្ទៃបានចេញសេចក្តីណែនាំមួយចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ស្តីពីការធ្វើសកម្មភាពរបស់សមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានានៅមូលដ្ឋាន ដោយសមាគម អង្គការមិនមែនរដ្ឋាភិបាលដែលបានចុះបញ្ជីត្រឹមត្រូវស្របតាមច្បាប់ ព្រមទាំងសហគមន៍នានានៅមូលដ្ឋានមានសិទ្ធិសេរីភាពពេញលេញក្នុងការធ្វើសកម្មភាពរបស់ខ្លួនក្នុងប្រទេសកម្ពុជាស្របតាមច្បាប់ និងលិខិតបទដ្ឋានគិតយុត្តនានាជាធរមាន ព្រមទាំងលក្ខន្តិកៈរបស់ខ្លួនដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ ដោយពុំចាំបាច់ជូនដំណឹងដល់អាជ្ញាធរមូលដ្ឋានមុនពេលចាប់ផ្តើមធ្វើសកម្មភាពនោះឡើង៕