សង្គមស៊ីវិលស្នើឱ្យស្ថាប័នតុលាការទម្លាក់ចោលការចោទប្រកាន់លើលោក ជា ចាន់ថា ថ្នាក់ដឹកនាំសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ប្រចាំខេត្តស្វាយរៀងដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការផ្សព្វផ្សាយពីបេឡាជាតិសន្ដិសុខសង្គមហៅកាត់ថា ប.ស.ស។
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធលើកឡើងថា លោក ជា ចាន់ថា បានចុះទៅជួបអាជីវករ និងអ្នករត់រឺម៉កទេសចរណ៍នៅក្រុងបាវិតដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយគាំពារសង្គម និងប្រាប់អំពីអត្ថប្រយោជន៍នៃការចូលជាសមាជិកបេឡាជាតិសន្ដិសុខសង្គមហៅកាត់ថា ប.ស.ស សម្រាប់បុគ្គលស្វ័យនិយោជន៍ដើម្បីទទួលបានរបបថែទាំសុខភាព។ លោកថា ខណៈពេលកំពុងផ្សព្វផ្សាយ ប៉ូលីសបានហៅលោក ជា ចាន់ថា ទៅប៉ុស្តិ៍ប៉ូលិស ហើយឃុំខ្លួនលោកពីបទឆបោក និងបទធ្វើឱ្យច្រឡំមុខងារសាធារណៈនៃមន្រ្ដីរាជការ។
លោកបញ្ជាក់ថា៖ «សរុបសេចក្ដីមកយើងមើលឃើញថា លោក ជា ចាន់ថា មិនបានធ្វើអ្វីខុសទៅនឹងច្បាប់រដ្ឋទេ ជាការចូលរួមចំណែកក្នុងការជំរុញឱ្យការអនុវត្តគោលនយោបាយទាក់ទងនឹងរបបសន្តិសុខសង្គមឱ្យបានដល់គោលដៅ ហើយជាការធានាឱ្យរដ្ឋមាននូវថវិកាជាតិថែមទៀត ព្រោះកាលណាចូលជាសមាជិកប.ស.ស ត្រូវចូលជាវិភាគទាន អ៊ីចឹងរដ្ឋអាចនឹងបង្កើនប្រាក់ចំណូលសម្រាប់រដ្ឋខ្លួនឯងផងដែរ ហើយក៏ដូចជាជួយដល់អ្នកធ្វើការដល់សេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់មានរបបថែទាំសុខភាពក្នុងការចូលប.ស.ស»។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ លើកឡើងថា ករណីដែលលោក ជា ចាន់ថា បានចុះទៅផ្សព្វផ្សាយពីអត្ថប្រយោជន៍ប័ណ្ណប.ស.ស និង រឿងបម្រែបម្រួលអាកាសធាតុ គឺជារឿងល្អមួយសម្រាប់ប្រជាពលរដ្ឋដែលត្រូវយល់ដឹង និងមិនមានអ្វីដែសខុសច្បាប់នោះដែរ។
លោកបញ្ជាក់ថា៖ «នៅពេលដែលមានការចាប់ខ្លួនការចោទប្រកាន់ការឃុំខ្លួនប៉ះពាល់ទៅដល់សេរីភាពបញ្ចេញមតិ ព្រោះការផ្សព្វផ្សាយទាំងអស់នេះមើលទៅជាសេរីភាពក្នុងការបញ្ចេញមតិមិនមែនជាបទល្មើសដែលត្រូវចោទប្រកាន់ បើត្រឹមតែរឿងផ្សព្វផ្សាយពីរឿងកិច្ចគាំពារសង្គម ប័ណ្ណ ប.ស.ស និងបម្រែបម្រួលអាកាសធាតុ គឺជាសេរីភាពក្នុងការបញ្ចេញមតិហើយជាការជួយប្រជាពលរដ្ឋបានយល់ដឹងនោះទេ»។
លោកបន្ថែមថា៖ «ការចោទប្រកាន់នាំឱ្យមានការឃុំខ្លួននេះនាំឱ្យមានការរិះគន់ពីរឿងការរំលោភទៅលើសេរីភាពក្នុងការបញ្ចេញមតិ ឬក៏សេរីភាពរបស់សមាគម ការបង្កើតសមាគម ឬក៏អង្គការមិនមែនរដ្ឋាភិបាលធ្វើសកម្មភាពស្របទៅតាមលក្ខន្ដិកៈដែលមានតម្កល់នៅក្រសួងមហាផ្ទៃ គឺមានការរិះគន់។ យើងសង្ឃឹមថាចៅក្រមស៊ើបសួរលោកនឹងស៊ើបអង្កេតទៅលើរឿងនេះ ហើយផ្ដល់យុត្តិធម៌សម្រាប់លោក ជា ចាន់ថា»។
លោក ឈីវ អ៊ិចគង់ ព្រះរាជអាជ្ញារងសាលាដំបូងខេត្តស្វាយរៀង បាននិយាយថាតំណាងអយ្យការចោទប្រកាន់លោក ជា ពីរបទល្មលស គឺបទឆបោកតាម មាត្រា៣៧៧ និងមាត្រា៣៧៨ បទធ្វើសកម្មភាពបង្កើតឱ្យមានការយល់ច្រលំជាមួយការបំពេញមុខងារសាធារណៈមាត្រា៦១០ នៃក្រមព្រហ្មទណ្ឌ។ លោកថា ចំពោះនីតិវិធីយ៉ាងណាបន្តទៀត គឺអាចទាក់ទងសួរទៅកាន់អ្នកនាំពាក្យសាលាដំបូងខេត្តស្វាយរៀង លោក ទេព ផន វិញ។
លោកបញ្ជាក់ថា៖ «ការចាប់ខ្លួនលោកជា ចាន់ថា គឺសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដែលគាត់ទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋកាលពីថ្ងៃទី១៦ ខែកក្កដា ពីសកម្មភាពកំពុងដើរគៀរគរប្រជាពលរដ្ឋអ្នករត់កង់បី ម៉ូតូឌុប របស់លោកជា ចាន់ថា ដោយប្រមូលពីពួកគាត់ម្នាក់១៤,៦០០រៀល យកទៅធ្វើប័ណ្ណប.ស.ស និងមានភ្ជាប់ជាមួយការចូលជាសមាជិក ១៤,០០០រៀល»។
Newsroom Cambodia មិនអាចទាក់ទងសុំការអត្ថាធិប្បាយពីលោក ទេព ផន ទៅតាមលេខដែលផ្តល់ដោយលោក ឈីវ អ៊ិចគង់ បានទេ៕