ជាច្រើនឆ្នាំមកនេះ ល្បែងអនឡាញកើតមានច្រើននៅកម្ពុជា ជាពិសេសក្នុងខេត្តព្រះសីហនុ។ បើតាមសារព័ត៌មានក្នុងស្រុក សមត្ថកិច្ចបង្ក្រាបទីតាំងល្បែងអនឡាញខុសច្បាប់នៅខេត្តព្រះសីហនុជាង៣ពាន់កន្លែង និងឃាត់ខ្លួនមនុស្សជាង១ម៉ឺននាក់។
ខាងក្រោមនេះជាកិច្ចសម្ភាសន៍រវាងលោកបណ្ឌិត យង់ ពៅ អ្នកជំនាញខាងភូមិសាស្រ្តនយោបាយ ជាមួយសិក្ខាកាម Newsroom Cambodia៖
Q: ជម្រាបសួរលោកបណ្ឌិត!
A: បាទជម្រាបសួរ!
Q: ជាដំបូងនាងខ្ញុំសូមសួរថា តើល្បែងអនឡាញជាអ្វី?
A: បើតាមការយល់ឃើញរបស់ខ្ញុំ ល្បែងអនឡាញគឺជាការលេងតាមប្រព័ន្ធបច្ចេកវិទ្យាដោយប្រើប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត។ អ្នកលេងអាចលេងជាសាកលបាន ហើយវាមានភាពរំខានទាំងពេលវេលា រំខានទាំងសមត្ថកិច្ចក្នុងការគ្រប់គ្រង និងចំណូលទាំងគាត់ រដ្ឋមិនអាចយកពន្ធពីពួកគាត់ ឬគ្រប់គ្រងបានទេ។
Q: តើល្បែងអនឡាញមានស្ថានភាពបែបណាដែរនៅក្នុងពេលបច្ចុប្បន្ននេះ?
A: វាមិនមានការសាយភាយអ្វីគួរឲ្យប្រាកដប្រជានោះទេ ក៏ប៉ុន្តែយើងឃើញថាល្បែងអនឡាញនៅកម្ពុជាយើងនេះ ឃើញថាសមត្ថកិច្ចឃើញថាបង្រ្កាប ប៉ុន្តែមិនតែទាន់មានប្រសិទ្ធភាពនៅឡើយ នៅតែមានការលេងល្បែងអនឡាញហ្នឹងជាហូរហែរ ហើយវាធ្វើឲ្យមានភាពអសន្តិសុខ និងប៉ះពាល់ដល់មុខមាត់នៅក្នុងប្រទេសនៅលើឆាកអន្តរជាតិទៀត។
Q: យើងឃើញថា កន្លងមករដ្ឋាភិបាលបានបិទការលេងល្បែងអនឡាញនេះមួយរយៈ ហេតុអ្វីបាននៅតែឃើញបន្តមាននៅកម្ពុជា?
A: ជាការយល់ឃើញរបស់ខ្ញុំ ល្បែងអនឡាញវាមិនមានតែនៅក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែប្រទេសផ្សេងទៀតក៏មានការលេងដូចគ្នាដែរ ប៉ុន្តែវាស្ថិតនៅក្រោមការគ្រប់គ្រងបានរបស់សមត្ថកិច្ច។ ដោយឡែកនៅក្នុងប្រទេសកម្ពុជាវិញ អាចថាដោយសារតែបច្ចេកវិទ្យានៃការគ្រប់គ្រងរបស់យើងនៅមានកម្រិតដូច្នេះហើយធ្វើឲ្យការអនុវត្តច្បាប់ក៏នៅមានកម្រិតអញ្ចឹងទៅធ្វើឲ្យមានចន្លោះប្រហោងបើកល្បែងអនឡាញ តែបើកមានច្រើនរូបភាពដែលធ្វើឲ្យសមត្ថកិច្ចមិនអាចគ្រប់គ្រងបាន ហើយក៏បណ្ដាលឲ្យមានការកើនឡើង។
Q: តើលោកបណ្ឌិតឃើញមានផលប៉ះពាល់ដូចម្ដេចខ្លះដល់ប្រទេសកម្ពុជា?
A: ខ្ញុំឃើញថាមានផលប៉ះពាល់ច្រើនដូចជាគ្រប់គ្រងមិនបានតាមរយៈច្បាប់ និងសមត្ថភាពបច្ចេកវិទ្យាព័ត៌មាន។ មួយវិញទៀតគេអាចប្រើបញ្ហានេះជាការលាងលុយ ការចាប់ជំរិតពីអន្តរជាតិជាហូរហែរ បង្ខាំងមនុស្សដោយខុសច្បាប់តាមរយៈល្បែងអនឡាញហ្នឹង។ អ្វីដែលសំខាន់នោះគឺខាតបង់ប្រយោជន៍សេដ្ឋកិច្ច ពេលវេលាធ្វើការ ហើយបង្កភាពអសន្តិសុខនៅក្នុងសង្គមថែមទៀត។
Q: តើរាជរដ្ឋាភិបាលកម្ពុជាគួរមានវិធានការដូចម្ដេចខ្លះដើម្បីទប់ស្កាត់បញ្ហានានាដែលបានកើតមានឡើងដោយសារតែល្បែងអនឡាញ ជាពិសេសនៅក្នុងរដូវកាលបាល់ទាត់នេះ?
A: រាជរដ្ឋាភិបាលគួរតែមានគោលនយោបាយជាក់លាក់ទៅលើការបង្ក្រាបល្បែងអនឡាញនេះ ទី១ ត្រូវតែបង្កើនសមត្ថភាពទៅលើឧក្រិដ្ឋកម្មទៅលើបច្ចេកវិទ្យានេះឲ្យមានប្រសិទ្ធភាព (Cyber Crime) ទើបអាចបង្ក្រាបល្បែងអនឡាញនេះបាន។ ទី២ បង្កើនសមត្ថភាពបច្ចេកវិទ្យាឲ្យខ្លាំងទើបអាចតាមទាន់នូវកិច្ចការទាំងអស់ហ្នឹង។ ទី៣ ត្រូវតែអនុវត្តច្បាប់ប្រាកដប្រជាជាក់លាក់ដោយមិនលើកលែង។ ទី៤ រាជរដ្ឋាភិបាលមិនអាចឲ្យល្បែងអនឡាញហ្នឹងបន្តទៀតបានទេដោយមានច្បាប់ច្បាស់លាស់ទៅលើការបង្ក្រាបនេះ។
Q: ច៎ា! សូមអរគុណលោកបណ្ឌិតដែលបានផ្ដល់បទសម្ភាស៍។
A: បាទសូមអរគុណ!៕