ក្រសួងសុខាភិបាលជូនដំណឹងដល់សាធារណជនពីការហាមឃាត់ការចែកចាយ លក់ ឬទទួលទានស្រាថ្នាំចំនួន៣ប្រភេទ ដែលមានផ្ទុកសារធាតុ SILDENAFIL ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរ និងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។
ក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលចេញថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ បញ្ជាក់ថា ស្រាថ្នាំចំនួនបីប្រភេទដែលត្រូវហាមឃាត់ មានដូច Royal Health Wine EST:2005 ចំណុះ 500ml ស្រាថ្នាំ Royal Health Wine EST:2005 ចំណុះ 100ml និងស្រាសុខភាពធម្មជាតិ CHL ចំណុះ 150ml ផលិតដោយសិប្បកម្មផលិតស្រាថ្នាំនៃក្រុមហ៊ុនធានឆាវជៀវយៀក អ៊ីមផត អិចផត ឯ.ក ស្ថិតនៅភូមិជប់ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
ក្រសួងបន្ថែមថា ស្រាថ្នាំទាំងបីប្រភេទនេះមានផ្ទុកសារធាតុ SILDENAFIL (សារធាតុបង្កើនផ្លូវភេទ) កម្រិតខ្ពស់ ដែលអាចធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរបស់អ្នកទទួលទាន និងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។
សេចក្ដីជូនដំណឹងដដែលបន្តថា មន្រ្តីជំនាញនៃក្រសួងសុខាភិបាល បានសហការជាមួយអង្គភាព និងអាជ្ញាធរពាក់ព័ន្ធចុះធ្វើនិយ័តកម្មនៅសិប្បកម្មផលិតស្រាថ្នាំរបស់ក្រុមហ៊ុនធានឆាវជៀវយៀក អ៊ីមផត អិចផត ឯ.ក នៅខេត្តស្វាយរៀង និងទីតាំងលក់ស្រាថ្នាំស្ថិតនៅរាជធានីភ្នំពេញ ដោយបានចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនពាក់ព័ន្ធ៕