ក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការក្រុងភ្នំពេញបានផ្ដន្ទាទោស​ប្រធាន​គណបក្ស​ភ្លើង​ទៀន​​ពី​បទ​បរិហា​​​​រ​កេរ្តិ៍​​ ជា​​​​សាធារណៈ​ដោយពិន័យជាប្រាក់ជាច្រើនលានដុល្លារអាមេរិក ខណៈដែលភាគីចុ​ង​​បណ្តឹ​​ង​​នៅ​​ក្នុង​​សំណុំ​​រឿង​​ព្រហ្មទណ្ឌនេះ ជំទាស់នឹងសាលក្រមដោយចាត់ទុកថា ជាការផ្តល់ភាព​អយុត្តិធម៌ និ​​ង​​ជាការប​​ង្កើត​​ការ​​ឈឺ​ចា​​ប់​​សម្រាប់ជនរងគ្រោះ។

នៅក្នុងអង្គសវនាការ កាលពីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នេះ លោក ហុក ពៅ ជា​ក្រុមប្រឹក្សា​​ជំនុំ​ជ​​ម្រះ​ នៃ​សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្ដន្ទាទោស ប្រឆាំងលោក ទាវ វណ្ណុល ដោ​​យ​​​ពិ​ន័​យជាប្រាក់ជាច្រើនម៉ឺនដុល្លារអាមេរិកពីបទ «​បរិហារ​កេរ្តិ៍​ជា​សាធារណៈ »​ ។

 តាមរយៈការប្រកាសសាលក្រមនេះ លោក ហុក ពៅ បានលើកឡើងពី​​បញ្ញត្តិមាត្រា​៣​០​៥​ ​នៃ​ក្រមព្រហ្មទ​ណ្ឌ​ ដោយបង្គាប់ឱ្យប្រធានគណបក្សជំទាស់រូបនេះ​បង់សង​ជំងឺចិត្ត​ទៅ​រដ្ឋាភិបាល​ចំនួន​ ​៦​,០​០​០​,​០​០​០​,០​០​០​ ​លាន​រៀល​ ឬស្មើនឹង​​១​,​៥​ ​លាន​ដុល្លា​រអាមេរិក ​និង​ពិន័យ​ចំនួន​ ​១​០​,០​០​០​,​០​០​០​០​ ​លាន​រៀល​ ឬស្មើនឹង ​២​,​៥​០​០​ ដុល្លារ​អាមេរិក បង់ចូលថវិការដ្ឋ​​។

មេធាវីរបស់ប្រធានគណបក្សភ្លើងទៀន លោក ជូង ជូងី  ប្រាប់គេហទំព័រ Newsroom Cambodia នៅថ្ងៃទី២៥ កក្កដានេះថា ការដែលសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្ដន្ទាទោសលោក ទាវ វណ្ណុល នេះជារឿងអយុត្តិធម៌ ព្រោះក្នុងច្បាប់ការលើកឡើងពីការពិត និងការបង្ហាញទស្សនៈមិនមានពិរុទ្ធឡើយ ហើយលោកថាលោកនឹងរៀបចំបែបបទប្តឹងបន្តរទៅសាលាឧទ្ធរណ៍ភ្នំពេញទៀត ប្រឆាំងសាលក្រមនេះ។

លោកមានប្រសាសន៍ថា៖ «ខ្ញុំយល់ថាអយុត្តិធម៌ខ្លាំងណាស់ សម្រាប់ឯកឧត្ដម ទាវ វណ្ណុល ពីព្រោះអ្វីដែលឯកឧត្ដម ទាវ វណ្ណុល បានលើកកន្លងមក គឺជាការពិត មានកាមេរ៉ាសុវត្ថិភាពដាក់នៅមុខផ្ទះគាត់មែន ហើ​​យ​ពាក់ព័ន្ធទៅនឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាហ្នឹង គឺគាត់និយាយអំពីទស្សនៈយល់ឃើញរបស់គាត់ ដូ​​ច្នេះ​​​តាមស្មារតីច្បាប់កាលណាអ្វីដែលគាត់លើកឡើងជាការពិត ហើយ និងអ្វីជាការសម្ដែងទស្សនៈ អត់មានអត់មានកំហុសទៅតាមផ្លូវច្បាប់ទេ ហើយខ្ញុំនឹងរៀបចំបែបបទប្តឹងឧទ្ធរណ៍ជូនគាត់»

ចំណែកឯអ្នកនាំពាក្យគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ ក៏យល់ដូចគ្នានឹងមេធាវីការពារក្ដីរបស់លោ​ក ទាវ វណ្ណុល ដែរដោយថាការសម្រេចនេះអយុត្តិធម៌សម្រាប់ប្រធានគណបក្សភ្លើងទៀនដោយសារលោ​​ក ទាវ វណ្ណុល បានប្រើប្រាស់សិទ្ធិរបស់ខ្លួនស្របតាមច្បាប់ ក្នុងការបញ្ចេញមតិដើម្បីស្ថាបនា វាមិនមែ​ន​​ជាបទល្មើ​ស​​ទេ​​​​។

លោកមានប្រសាសន៍ថា៖ «ខ្ញុំយល់ថាការពិន័យបែបនេះគឺជាការពិន័យដ៏ធ្ងន់ធ្ងរហើយវាអយុត្តិធម៌សម្រាប់លោកប្រធាន ទាវ វណ្ណុល ដែលគ្រាន់តែការបញ្ចេញមតិក្នុងន័យស្ថាបនា ផ្ទុយទៅវិញត្រូវបានពិន័យយ៉ាងចាស់ដៃ យ៉ាងធ្ងន់ធ្ងរលើគាត់។ ការបញ្ចេញមតិរបស់គាត់ ការបញ្ចេញយោបល់របស់គាត់គឺគ្មានចេតនាណា​មួយធ្វើឱ្យមានហ្វឹកវរក្នុងសង្គម ឬក៏គ្មានចេតនាធ្វើឱ្យនរណាម្នាក់ទទួលនូវភាពអាម៉ាស់ ឬក៏គ្មានចេ​​តនាបង្កឱ្យមានការខូចខាតដល់នរណាម្នាក់ទេ ការបញ្ចេញមតិរបស់កាត់គឺក្នុងន័យស្ថាបនាតែប៉ុណ្ណោះ ហើ​​យ​ការបញ្ចេញមតិបង្ហាញការសង្កេត ការយល់ឃើញរបស់គាត់ក្នុងនាមជាអ្នកនយោបាយម្នាក់ ជាប្រធានគណបក្សជំទាស់បែបប្រជាធិបតេយ្យម្នាក់»

អ្នកនាំពាក្យរូបនេះបានបន្ថែមថា ការសម្រេចដាក់ទោសលោក ទាវ វណ្ណុល នេះបានធ្វើឱ្យអ្នកនយោបាយឯទៀត និងសកម្មជននានាមានការភ័យខ្លាចក្នុងការបញ្ចេញមតិដើម្បីស្ថាបនា ដែលការនេះធ្វើឱ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ។

លោកបន្តថា៖ «ការពិន័យដ៏ធ្ងន់ធ្ងរនេះមិនត្រឹមតែអយុត្តិធម៌សម្រាប់គាត់ ក៏ប៉ុន្តែវាធ្វើឱ្យមានការរួញរអារ ភ័​យ​រអារដល់អ្នកនយោបាយផ្សេងៗទៀត ឬក៏សកម្មជនសង្គមផ្សេងៗទៀតដែលគាត់ចង់បញ្ចេញមតិក្នុងន័យ​​ស្ថាបនាលើបញ្ហាណាមួយ។អាហ្នឹងវាប៉ះពាល់ដល់ដំណើរការក្នុងការពង្រឹងប្រជាធិបតេយ្យជាពិសេ​​​សសេរីភាពក្នុងការបញ្ចេញមតិដែលជាមូលដ្ឋានគ្រឹះមួយក្នុងចំណោមមូលដ្ឋានគ្រឹះទាំងឡាយនៃគោលការប្រជាធិបតេយ្យ»

ចំណែក អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ និយាយថា ការការលើកឡើងថាការសម្រេចរប​​ស់​តុលាការមានភាពអយុត្តិធម៌នោះគឺជាការយល់ឃើញរបស់ពួកគេ។លើសពីនេះទៀត ប្រសិនបើសា​មី​ខ្លួន ឬមេធាវីតំណាងដោយអាណត្តិយល់ឃើញថា នីតិវិធីនៅតុលាការដំបូងមិនអស់ចិត្ត ភាគីនៅក្នុង​សំណុំ​​រឿងអាចប្តឹងបន្តទៅតុលាការជាន់ទីពីរទៀតបាន។

លោកបន្តថា៖ «ចំពោះអ្នកលើកឡើងអាហ្នឹងជាការយល់ឃើញរបស់គាត់ ប៉ុន្តែការសម្រេចរបស់ចៅក្រមជំនុំជម្រះគឺបានសម្រេចហើយ បានសម្រេចផ្តន្ទាទោសពិន័យជាប្រាក់ចំពោះគាត់១០លានរៀល ហើយនិងបង្គាប់ឱ្យសងទៅដល់រាជរដ្ឋាភិបាល៦០ពាន់លានរៀលនេះជាសេចក្ដីសម្រេចរបស់តុលាការជាន់ទាបរបស់យើង ហើយបើសិនជាគាត់មិនសុខចិត្តយ៉ាងណានោះគឺគាត់អាចដាក់ពាក្យបណ្ដឹង គាត់មានសិទ្ធិទៅសាលាជម្រះក្ដីជាន់ខ្ពស់»។

ជុំវិញករណីនេះ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ លើកឡើងថា សាលក្រមនេះ គឺជាសាលក្រមចុងក្រោយបង្អស់ នៃទោសទណ្ឌប្រឆាំង​មេដឹកនាំគណបក្សជំ​​ទាស់​ ដែលបានបញ្ចេញមតិរិះគន់មួយចំនួនក្នុងនាមជាអ្នកនយោបាយដល់អ្នកសារព័ត៌មាន។

លោកបន្តថា៖ «តើវាអាចបទល្មើសដែរឬទេ នៅពេលដែលអ្នកនយោបាយប្រើវោហាសព្ទដើម្បីទាក់ទាញការគាំទ្រ?  តាមរដ្ឋធម្មនុញ្ញ និងបទដ្ឋានអន្តរជាតិស្តីពីសិទ្ធិមនុស្សដែលប្រទេសកម្ពជាបានទទួលស្គាល់ និងផ្តល់សច្ចាប័នដូចជាកតិកាសញ្ញាស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ គឺធានាថាប្រជាពលរដ្ឋទាំងអស់មានសិទ្ធិក្នុងការបញ្ចេញមតិដោយសេរីនូវកង្វល់ និងការរិះគន់គោលនយោបាយរបស់រដ្ឋនាៗដើម្បីកែលំអ»។

លោកបានបន្ថែមទៀតថា គ្រប់អ្នកនយោបាយទាំងគួរតម្កល់ឧត្តមប្រយោជន៍ជាតិ ឧត្តមប្រយោជន៍ពលរដ្ឋជាធំ និងបន្តវប្បធម៌សន្ទនាដើម្បីដោះស្រាយបញ្ហាជាមួយគ្នាដោយសន្តិវិធី ដើម្បីរួមគ្នាកែលំអ អភិវឌ្ឍន៍ប្រទេសជាតិ ដោយឈរលើគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស។

កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ តុលាការ បានបើកសវនាការលើសំណុំរឿងរបស់លោក ទាវ វណ្ណុល ពា​ក់​ព័ន្ធនឹងបទ «បរិហាកេរ្តិ៍ជាសាធារណៈ» ក្រោមបណ្តឹងរបស់មេធាវីតំណាងរដ្ឋាភិបាលដែលបានដា​ក់​ពា​​ក្យបណ្ដឹងកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយចោទលោក ទាវ វណ្ណុល ថាបានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មាន Nikkei Asia របស់ជប៉ុន និងវិទ្យុបារាំងអន្តរជាតិ RFI ថាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកា​​ន់តែ​​ចុះខ្សោយក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីបច្ចុប្បន្ន គឺលោក ហ៊ុន ម៉ាណែត ដែលការលើកឡើងនេះធ្វើឱ្យប៉ះពាល់ដល់កិត្តិយសមុខមាត់រដ្ឋាភិបាល។

តាមរយៈបទសម្ភាសន៍កាលពីខែកុម្ភៈ លោក ទាវ វណ្ណុល ថ្លែងថា រដ្ឋាភិបាលដែលដឹកនាំដោយ លោក ហ៊ុន ម៉ាណែត បានរឹតត្បិត គ្រប់គ្រងលើគូប្រជែង និងចាប់ខ្លួនអ្នកនយោបាយបក្សប្រឆាំង ហើយលទ្ធិប្រជាធិបតេ​​យ្យ​នៅកម្ពុជា កំពុងដើរថយក្រោយនៅពេលលោក ហ៊ុន ម៉ាណែត ឡើងជានាយករដ្ឋមន្ត្រី។ជាងនេះទៀ​​ត ​លោកបានបង្ហា​ញការព្រួយបារម្ភអំពីសុវត្ថិភាពរបស់ខ្លួន ដោយនិយាយថាលោកត្រូវបាន«ឃ្លាំមើលដោ​​យ​​កាមេរ៉ា ២៤ម៉ោង»។

នៅក្នុងបញ្ញត្តិមាត្រា៤១ នៃរដ្ឋធម្មនុញ្ញកំណត់ថាប្រជាពលរដ្ឋខ្មែរមានសេរីភាពនៃការបញ្ចេញមតិនៃគំនិតរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន ​សេរីភាពខាងបោះពុម្ភផ្សាយ សេរីភាពខាងការប្រជុំ។ជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះ ដោយរំលោភនាំឲ្យប៉ះពាល់ដល់កិត្តិយស របស់អ្នកដទៃ ដល់ទំនៀមទំលាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិបានឡើយ»៕